មន្ត្រីរដ្ឋាភិបាលនិងក្រុមសង្គមស៊ីវិលសង្ឃឹមថា ច្បាប់ថ្មីនេះ នឹងជួយកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនៃប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។
គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យខាតផ្នែកសេដ្ឋកិច្ចប្រមាណជាង៣០០លានដុល្លារជារៀងរាល់ឆ្នាំ។ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏មានការកើនឡើងជាបន្តបន្ទាប់។
តួលេខពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា មនុស្សចំនួន២២៦៥ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ ២០១៥នេះ ដែលមានការកើនឡើងពី២១៤៨ កាលពីឆ្នាំ ២០១៤ ។
មន្ត្រីរដ្ឋាភិបាល បានផ្សព្វផ្សាយអំពីច្បាប់ថ្មីដែលពួកគេសង្ឃឹមថា នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ច្បាប់ចរាចរផ្លូវគោកថ្មីនេះ រួមបញ្ចូលការបង្កើនប្រាក់ពិន័យចំពោះអ្នកដែលជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ក្នុងនោះមាន អ្នកបើកបរនិងអ្នកជិះពីក្រោយ និងសម្រាប់អ្នកបើកបររថយន្តនិងអ្នកជិះរថយន្តមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផងដែរ។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយថា៖ «យើង បានផ្សព្វផ្សាយព័ត៌មានចាប់តាំងពីពេលច្បាប់ ត្រូវបានអនុម័ត។ ចាប់តាំងពីច្បាប់នេះ ត្រូវបានប្រកាសឲ្យអនុវត្ត យើងបានផ្សព្វផ្សាយព័ត៌មាន ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការក្នុងស្រុក»។
លោក បាននិយាយថា ច្បាប់ចរាចរណ៍តែមួយ មិនអាចនឹងធ្វើឲ្យស្ថានភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជាប្រសើរឡើងនោះទេ។ លោក ថាវាទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋ។
«វា ជាទម្លាប់អាក្រក់ដូចជាការជក់បារី។ អញ្ចឹងវានឹងមានបញ្ហាខ្លះ»។
ច្បាប់ដែលមាន៩២មាត្រានេះ ចែងថា ម៉ូតូ ត្រូវបានអនុញ្ញាតឲ្យមានតែមនុស្សជិះពីរនាក់និងក្មេងម្នាក់ប៉ុណ្ណោះ ហើយអ្នកដំណើរទាំងពីរនោះរួមទាំងកុមារផង ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
អ្នកបើកបរម៉ូតូនិងជិះពីក្រោយ នឹងត្រូវផាកពិន័យចំនួន ១៥០០០ រៀលប្រសិនបើ ពួកគេមិនពាក់មួកសុវត្ថិភាព។ ចំនួនទឹកប្រាក់នៃការផាកពិន័យនេះ កើនឡើងពី ៣០០០ រៀលពីច្បាប់ចរាចរចាស់។ អ្នកបើកបររថយន្តនិងអ្នកដំណើរមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ត្រូវតែបង់ប្រាក់២៥០០០ រៀលដែលចំនួននេះ កើនឡើងពី៥០០០ រៀលដែលកំណត់នៅក្នុងច្បាប់ចាស់។
ច្បាប់ថ្មីនេះ ចែងផងដែរថា ភាគីដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលគ្រាន់តែបណ្ដាលឲ្យខូចទ្រព្យសម្បត្តិ អាចធ្វើការចរចាគ្នាបាន ដោយមិនចាំបាច់ស្វែងរកអន្តរាគមន៍ពីមន្ត្រីប៉ូលិសចរាចរណ៍ឡើយ។
មាត្រាទី៣៦នៃច្បាប់ថ្មីនេះបានចែងថា៖ «បើគ្រោះថ្នាក់ កើតឡើងបណ្ដាលឲ្យខូចខាតតែទ្រព្យសម្បត្តិ ភាគីទាំងពីរ អាចសម្រួលគ្នាបាន ដោយមិនចាំបាច់សុំអន្តរាគមន៍ពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកឡើយ»។
លោក គឹមបញ្ញា នាយកនៃអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា បាននិយាយថា ការដោះស្រាយស្ថានភាពសុវត្ថិភាពផ្លូវថ្នល់ធ្ងន់ធ្ងរក្នុងប្រទេសមានសារៈសំខាន់យ៉ាងខ្លាំង ដោយគ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្សនៅក្នុងប្រទេសកម្ពុជាច្រើនជាងការស្លាប់ដោយជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់និងការផ្ទុះគ្រាប់មីនទៅទៀត។
ប៉ុន្តែ លោក បាននិយាយថា កំណត់ត្រាអាក្រក់ដ៏អាក្រក់នេះ គឺគេអាចជៀសវាងបាន។
«អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាង ៧០ភាគរយនៃអ្នកស្លាប់ជាអ្នកជិះម៉ូតូ។ ច្រើនជាង ៦០ ភាគរយ គឺគាត់ស្លាប់ដោយមានការប៉ះទង្គិចក្បាលនៅពេលដែលទទួលរងគ្រោះថ្នាក់»។
លោក បានបន្ថែមថា៖
«អ្វីដែលសំខាន់ជាងនឹង គឺនៅពេលដែលគេមើលពីអត្រាពាក់មួកក្នុងចំណោមជនរងគ្រោះគឺមានមិនដល់២០ភាគរយផងនៃជនរងគ្រោះដែលគាត់ស្លាប់ដែលពាក់មួក»។
អង្គការមូលនិធិបង្ការរបួសអាស៊ីដែលជាអង្គការមិនមែនរដ្ឋាភិបាល ធ្វើការងារដើម្បីផ្ដល់ចំណេះដឹងពីសុវត្ថិភាពចរាចរណ៍និងជំនាញទៅដល់បណ្ដាប្រទេសដែលមានប្រាក់ចំណូលមធ្យម បានធ្វើសិក្ខាសាលាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីសប្ដាហ៍មុននៅក្នុងក្រុងព្រះសីហនុដើម្បីផ្សព្វផ្សាយអំពីការប្រើប្រាស់មួកសុវត្ថិភាពពេលធ្វើដំណើរ។
លោក គឹម បញ្ញា និយាយថា៖ «យោងតាមការសិក្សាស្រាវជ្រាវជាអន្តរជាតិគេរកឃើញថា ប្រសិនបើយើង បានពាក់មួកសុវត្ថិភាពបានត្រឹមត្រូវហើយមួកសុវត្ថិភាពនឹងមានគុណភាព គឺយើងអាចកាត់បន្ថយហានិភ័យនៃការស្លាប់បានរហូតទៅដល់៤២ ភាគរយ »។
នេះមានន័យថាក្នុងចំណោមមនុស្ស១០០នាក់ មាន៤២នាក់ នៅអាចមានសង្ឃឹមរស់»៕