ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដំណើរ​និយម​​សេវា​ឡាន​ក្រុង​ភ្នំពេញ​ដែល​បរាជ័យ​ច្រើន​ដង​


អ្នក​ដំណើរ​ចុះ​ពី​រថយន្ត​ក្រុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
អ្នក​ដំណើរ​ចុះ​ពី​រថយន្ត​ក្រុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

យោង​តាម​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​​ ​អ្នក​ប្រើ​ប្រាស់​សេវា​ឡាន​ក្រុង​នៅ​​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​មាន​ចំនួន​​ជាង​​៦.២០០​នាក់​ក្នុង​នោះ​មាន​អ្នក​បង់​ប្រាក់​ចំនួន​៣.៩០០​នាក់។​

ជាង​មួយ​ឆ្នាំ​ក្រោយ​ពី​សេវា​ឡាន​ក្រុង​ក្នុង​ក្រុង​ភ្នំពេញ​បាន​ដំណើរការ​ ​អ្នក​ប្រើ​ប្រាស់សេវា​នេះ​នៅ​រាជធានី​ភ្នំពេញ​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់។​ ប្រជា​ពលរដ្ឋ​មួយ​ចំនួននៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ងាក​មក​ប្រើ​សេវា​ឡានក្រុង ​ដោយ​សារតែ​តម្លៃ​ថោក​សមរម្យ​និង​មាន​សុវត្ថិភាព​ជាង​ការ​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ទៀត។​

សេវា​រថយន្តក្រុង​ក្នុងរាជធានី​ភ្នំពេញ​ ​ដែល​មាន​អាយុ​ទើប​តែ​ជាង​១​ឆ្នាំ​ ​ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​រាជធានីដ៏​ចំណាស់​នេះ​ ដែល​មាន​ប្រជាជន​យ៉ាង​ហោច​ណាស់​២​លាន​នាក់។​

អ្នក​ដំណើរ​ភាគ​ច្រើន​បាន​ប្រាប់​ VOA ​ក្នុងសប្តាហ៍​នេះ​ថា មូល​ហេតុ​ចម្បង​ដែល​ពួក​គាត់​ចង់​ងាក​មក​ប្រើប្រាស់​ឡានក្រុង​ ​ជាសេវា​ដឹក​ជញ្ជូន​សាធារណៈដែល​មាន​បី​ខ្សែនេះ គឺដោយសារវា​មាន​តម្លៃ​ថោក​ ងាយ​ស្រួល​ និង​អាច​ចៀសផុតពីគ្រោះ​ថ្នាក់​ចរាចរណ៍​នេះ។​

សូម​ចុច​ទស្សនា៖

ដូច​អ្នក​ដំណើរ​ផ្សេងៗ​ដែរ ​លោក​ស្រី ​យឹម ផល្លា ​ដែល​រស់​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ ប្រើ​ប្រាស់​សេវា​ឡាន​ក្រុង​ខ្សែទី​១ជា​ប្រចាំ​ ​ដោយ​អ្នកស្រីបោះ​បង់​ចោល​ការ​បើក​បររថយន្ត​ផ្ទាល់​ខ្លួន។​ លោក​ស្រី​ធ្វើ​ដំណើរ​យ៉ាង​ហោច​ណាស់​៦​លើក​ក្នុង​១​ថ្ងៃ​តាម​រថយន្ត​នេះ​ ​ដើម្បី​ទទួល​ និង​ជូន​កូន​ស្រី​ទៅ​សាលារៀន​នៅកណ្តាល​ក្រុង ​ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ និង​អាច​ជួយ​កាត់​បន្ថាយ​ការ​ស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​ភ្នំពេញ។​

ពេលកំពុង​អង្គុយ​ក្នុង​រយន្ត​ក្រុង​ខ្សែ​ទី​១​ជាមួយ​កូន​ស្រី​ ​លោក​ស្រី​យឹម ផល្លា​បាន​ប្រាប់​ VOA ​យ៉ាង​ដូច្នេះ​ថា៖​

«ចា៎​ ​គំនិត​ខ្ញុំ​គិត​ដូចខ្ញុំ​និយាយពី​មុន​អញ្ចឹង​គឺ​ចង់​ឲ្យ​បន្ថែម​ត​ទៅ​ទៀត​ ហើយ​ចង់​ឲ្យ​ប្រជាជន​ទាំង​អស់​ហ្នឹងផ្លាស់​ប្តូរ​គំនិត​មក​ជិះឡាន​ក្រុង​ ព្រោះ​អីវា​ស្រួល​ ​ត្រជាក់​ស្រួល​ ស្រួល​ជាង​ឡាន​របស់​ខ្ញុំ​ទៀត​ ​ហើយ​វា​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​ ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ច្រើន។​ ពេល​ខ្លះខ្ញុំ​ឃើញ​អ្នក​ពោះ​ធំ​អី​ ​គាត់​ជិះ​ម៉ូតូឌុប ​មាន​កូន​មាន​អី​ គាត់​អត់​មាន​គំនិត​មក​ជិះ​ឡាន​ក្រុង​វិញ»។​

ដូច​គ្នា​នោះ​ដែរ​ អ្នក​ធ្វើដំណើរ​មួយ​រូប​ទៀត​គឺលោក​ស្រី ស៊ី ថន ​អាយុ​៣៥​ឆ្នាំ​និង​ជាគ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​ទឹក​ល្អក់​ ក៏ឈប់ជិះ​ម៉ូតូឌុប​ ​ហើយមក​ប្រើ​ប្រាស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​នេះ​ផង​ដែរ។​ អ្នកស្រីបា​នប្រាប់​ ​VOA​ ​ថា ​អ្នកស្រី​អាច​សន្សំ​ថវិកា​ប្រមាណជិត​១ម៉ឺន​រៀល​ក្នុង​ការ​ជិះមួយ​លើកៗ។ ​ ​ហើយ​អាច​ជៀសវាង​គ្រោះ​ថ្នាក់​ចរារចណ៍​ផង​ដែរ។​ ក៏​ប៉ុន្តែ​វាអាច​មាន​ការ​យឺតយ៉ាវ​បន្តិច។​

«ជិះ​ឡាន​ក្រុង​វា​មាន​សុវត្ថិ​ភាព​ជាង​ប្រើ​សេវា​ផ្សេងៗ ​ដូច​ជា​ជិះ​ម៉ូតូ​ឌុប​អី​ហ្នឹង។​ ហើយ​ឡាន​ក្រុង ​និយាយ​ឲ្យចំ​ គឺ​វា​ស្រួល។​ ពេល​ខ្លះ​យើង​ត្រូវ​ចាំ​យូរ​ដែរ​ ប៉ុន្តែ​បើ​យើង​ដឹង​ ​កំណត់​ម៉ោង​ឡាន​ចេញ ​ម៉ោង​ប៉ុន្មាន​អី​អញ្ចឹង​ មក​ចាំ​ក៏​វា​មិន​យូរ​ប៉ុន្មាន​ដែរ»។​

សាលា​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ផ្តើមបើក​សេវា​ឡានក្រុង​នេះ​សារ​ជាថ្មី​ចាប់​តាំង​ពីដើមឆ្នាំ​២០១៤​មក​ម្ល៉េះ​ ​បន្ទាប់​ពី​រាជធានី​នៃ​ប្រទេស​ដ៏​ក្រីក្រ​នេះ​ ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ច្រើន។ ប្រជាពល​រដ្ឋភាគ​ច្រើន​ ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​បែរ​មក​ប្រើ​សេវា​ដឹក​ជញ្ជូន​សាធារ​ណៈ​នេះ​ ជា​បន្តបន្ទាប់​ ដោយ​ចំណាយ​ត្រឹម​តែ១.៥០០​រៀល​តែ​ប៉ុណ្ណោះ។​ ​ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​មក​ដល់​ពេល​នេះ​ ​សេវា​រថយន្តក្រុង៣​ខ្សែ​នេះ​អាច​រក​ចំណូល​យ៉ាង​ហោច​ណាស់​១០​ម៉ឺន​ដុល្លារអាមេរិក​ក្នុង​១​ខែៗ។​

យោង​តាម​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​អ្នក​ប្រើ​ប្រាស់​សេវា​ឡាន​ក្រុង​នៅថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​មាន​ចំនួនជាង៦.២០០​នាក់​ក្នុង​នោះ​មាន​អ្នក​បង់​ប្រាក់​ចំនួន​៣.៩០០​នាក់។​

ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​ប្រើ​ប្រាស់​សេវា​រថយន្ត​ក្រុង​ខ្សែទី​១​ពី​ខណ្ឌ​ច្បារ​អំពៅ​ ​ទៅ​ជាយ​ម្ខាង​ទៀត​នៃ​រាជ​ធានី​ភ្នំពេញ​ក្នុង​សង្កាត់​ព្រែក​ព្នៅ។​

លោក​ស្រី ​ម៉ៅ ស្រីនិច ​អ្នក​បម្រើ​ការ​លើ​រថយន្ត​ បាន​ប្រាប់ ​VOA​ ​ឲ្យ​ដឹង​ថា ​ប្រជា​ពល​រដ្ឋ​ដែល​ប្រើ​ប្រាស់​សេវា​ដឹក​ជញ្ជូន​សារ​ធារណៈ​នេះ​ មាន​ការ​កើន​ឡើង​ជា​លំដាប់ ​ជា​ពិសេស​នាពេល​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ​ចេញ​ពីធ្វើ​ការ ​ដែល​ធ្វើ​ឲ្យអតិថិជន​ខ្លះ​ត្រូវ​ឈរ​ចាំ​រថយន្ត​ក្រុង។​

«វា​អត់​ទៀង​ និយាយ​រួម​បាន២០នាក់ឡើង។ ​ជួន​កាល​បានច្រើន​ដល់​ទៅ​ ​១០០​នាក់​ជាង។​ ​ ​ប៉ុន្តែ​មួយ​រយៈ​ហ្នឹង​គឺ​វា​ស្បើ​យ​ ចង់​និយាយ​ថា ​វា​ស្បើយ​មនុស្ស​ ​ដោយ​សារ​តែ​យើង​បន្ថែម​ឡាន​ច្រើន​ទៀត។​ កាល​មុន​ ឡាន​យើង​តិច​គឺ​បាន​មនុស្ស​ច្រើន​ ​តែ​ឥឡូវ​មាន​ឡាន​ច្រើន​ ​មួយ​ឡានៗ​ដាក់​មនុស្ស​បាន​ជាង​២០​ទៅ​៣០​នាក់​ ឬ​៤០​នាក់។​ ​ តែ​បើ​ល្ងាច​គឺ​បាន​មនុស្ស​ជិះ​ច្រើន​ »។​

កាល​ពី​ឆ្នាំ​២០០១​ សេវា​ដឹក​ជញ្ជូន​សាធារណៈនេះត្រូវ​បាន​ដាក់​ឲ្យ​សាក​ល្បង​ក្នុង​ក្រុង​ភ្នំពេញ​ ​តែ​ពុំ​ទទួល​បាន​ជោគ​ជ័យទេ​ ​ដោយ​សារ​អ្នក​ប្រើប្រាស់​សេវា​នេះ​មាន​ចំនួន​តិច។​ ​ ហើយ​គម្រោង​នា​នា​នៃ​ការ​បង្កើត សេវា​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​ក្រុង​ដ៏​ក្រីក្រ​នេះ​មិន​ត្រូវ​បាន​គេយក​មក​ពិភាក្សា​មួយ​រយៈ។​

លោក​ អៀរ ចរិយា​ ​អ្នក​វិភាគ​ឯករាជ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ បាន​ឃើញ​ពី​ចំណុចវិជ្ជមាន​នៃ​ការ​ប្រើ​ប្រាស់​សេវា​ដឹក​ជញ្ជូន​នេះ​ ​ព្រោះ​វា​អាចនឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​ ​បន្ថយ​ចំនួន​យានយន្ត​ដែល​ក្រុង​ភ្នំពេញ​កំពុង​តែ​ប្រឈម​ ​និង​គ្រោះ​ថ្នាក់ចរាចរណ៍​ជា​ដើម។​ ​ក៏​ប៉ុន្តែ​លោក​បាន​ស្តី​បន្ទោស​ថា​ ចំនួន​យាន​យន្តក្នុង​ក្រុង​ភ្នំពេញ​មាន​ការ​កើន​ឡើង​យ៉ាង​គំហុគ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គឺ​ដោយសារតែដំណើរការ​សេវា​នេះ​មាន​ការ​យឺតយ៉ាវ។​

«ការ​ដែរ​ទុក​ចោល​ ​ពន្យារ​ពេល​ការ​ប្រើប្រាស់​សេវានេះ​គឺ​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​យើង​មាន​ការ​កក​ស្ទះ​ធំ​ដូច​សព្វ​ថ្ងៃ​នេះ។​ ​បើសិន​ជា​ពេល​នោះ​ នា​ឆ្នាំ​២០០១​ ​បើ​សិន​សេវា​ឡាន​ក្រុង​មាន​តាំង​ពី​ពេល​នោះ ​ហើយ​ចេះ​តែ​រីក​ចម្រើន​ មាន​គ្រប់ទីក​ន្លែង ​ហើយ​មាន​ខ្សែ​គ្រប់​កន្លែង​ក្នុង​ក្រុង​ភ្នំ​ពេញ។ ខ្ញុំ​ជឿ​ជាក់​ថា​ ការ​កក​ស្ទះ​ក្នុង​រាជ​ធានី​ភ្នំពេញ​អាច​មាន​ការ​ធូរស្រាលជាង​ពេល​សព្វ​ថ្ងៃ​នេះ​ទៀត»។​

លោកអៀរ ចរិយាបាន​បន្ត​ថា ​សាលាក្រុង​ភ្នំពេញ​គួរ​តែ​រៀបចំ​ឲ្យ​មាន​ចំណត​យានយន្តក្បែរស្ថានីយ​ឡាន​ក្រុង​សាធារណៈ​ដើម្បី​សម្រួល​ដល់​អ្នក​ប្រើ​សេវា​នេះ​ ​និង​បង្កើត​ឲ្យ​មាន​ផ្លូវ​ថ្មើរ​ជើង​ឡើង​វិញ​ ​ដែល​សព្វថ្ងៃ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ធ្វើ​អាជីវកម្ម។​ ​ ​ជាង​នេះ​ទៀ​ត​ ​ត្រូវ​មាន​ចំណាត់​ការ​ចំពោះ​អ្នក​ដែល​ចត​យាន​យន្ត​ក្នុង​កន្លែង​ចំណត​ឡាន​ក្រុង​ផង​ដែរ។​

តាម​របាយ​ការណ៍​ដើម​ឆ្នាំ​២០១៥របស់ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា​ ចំនួន​យាន​យន្ត ​ដែល​បាន​ចុះ​បញ្ជីនៅក្រសួង​នេះ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​បាន​កើន​ឡើង​១៤​ភាគ​រយ ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៣។​ ចំនួន​យាន​យន្ត​សរុប​នា​ឆ្នាំ២០១៤​កើន​ឡើង​ដល់២,៧៨​លាន ក្នុង​នោះ​ម៉ូតូ​មា​ន​ចំនួន​២,៣៥​លាន​គ្រឿង។​

យ៉ាង​ណា​ក៏​ដោយ ​ប្រជាពលរដ្ឋ​ ដែល​ប្រើប្រាស់​សេវា​ឡាន​ក្រុង​ បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើន​សេវា​ឡានក្រុង​ ​និង​បន្ថែម​ចំនួន​ឡានក្រុង ​ដើម្បី​កាត់​បន្ថយ​ការ​រង់ចាំ​ឡាន៕

XS
SM
MD
LG