ការជិះកង់ដើម្បីឆ្លងកាត់ដងផ្លូវនានាដ៏កកកុញនៅក្នុងទីក្រុងភ្នំពេញកំពុងទទួលបានការពេញនិយមកាន់តែខ្លាំងឡើង។ មិនមែនត្រឹមតែការជិះកង់នៅក្នុងទីក្រុងប៉ុណ្ណោះទេ អ្នកជិះកង់ខ្លះត្រូវបានប្រទះឃើញរហូតដល់តំបន់ជាយក្រុងទៅទៀតនាចុងសបា្តហ៍។
លោក ឃឹម សុផាណ្ណា អ្នកគ្រប់គ្រងកម្មវិធីមូលនិធិ Friedrich Naumann Stiftung បានបង្កើតក្រុមជិះកង់ Cycling for Freedom រយៈពេលបីឆ្នាំមកហើយ ដែលក្រុមនេះមានសមាជិកសកម្មចំនួន ៣០ នាក់។
លោកបាននិយាយថា៖ «រៀងរាល់មួយខែម្ដង ពួកយើងធាក់កង់ពី ៦០ទៅ៧០គីឡូម៉ែត្រ។ ហើយការជិះកង់នេះផងដែរ គឺដើម្បីសុខភាព ភាពសប្បាយរីករាយ ការពង្រឹងមិត្តភាព និងការពង្រីកបណ្តាញទំនាក់ទំនង ព្រោះអ្នកជិះសុទ្ធតែធ្វើការកន្លែងខុសៗគ្នា និងពិភាក្សាជជែកលេងអំពីការងារ និងព័ត៌មានផ្សេងៗជាដើម»។
យ៉ាងណាមិញ ដោយសារតែផ្លូវនៅទីក្រុងភ្នំពេញមិនទាន់មានផ្លូវសំរាប់អ្នកជិះកង់ ដូច្នេះអ្នកជិះកង់ទាំងឡាយអាចប្រឈមនឹងគ្រោះថ្នាក់ច្រើន។ បុរសវ័យ ៥៣ ឆ្នាំរូបនេះបានបន្តទៀតថា៖ « បើមានផ្លូវជិះកង់ខ្ញុំនឹងជិះជំនួសឡាន ព្រោះវាអាចជួយសុខភាព និងបរិស្ថានផងដែរ។
ហុង សុខឡេង មានអាយុ ៤០ ឆ្នាំជា អនុប្រធានជាន់ខ្ពស់ផ្នែកសាជីវកម្មនៃធនាគារកាណាឌីយ៉ា (Canadia) ក៏ជាអ្នកដែលស្រលាញ់ខាងជិះកង់ផងដែរ។ លោកគឺជា សមាជិកមួយរូបនៅក្នុងក្រុម Mekong Cycling Club ដែលសមាជិកទាំងអស់មានគោលដៅរួមក្នុងការជិះកង់ដើម្បីសុខភាព។ លោកបានប្រាប់ថា៖ «ការជិះកង់គឺស្រួល មិនតម្រូវពេលវេលា មិនតម្រូវទីតាំង»។
ដោយមើលឃើញអ្នកជំនាន់ក្រោយមានទេពកោសល្យក្នុងការជិះកង់ ក្រុមរបស់លោកក៏មានបំណងចង់បណ្តុះបណ្តាលឲ្យពួកគាត់មានឱកាស។ ដូចនេះ លោកបានសហការប្រមែប្រមូលថវិកាដើម្បីទិញកង់ សម្រាប់ឲ្យពួកគាត់ប្រើប្រាស់កង់ដើម្បីប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗ មានទាំងក្នុងស្រុក និងក្រៅប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្តថា ផ្លូវសម្រាប់ប្រើប្រាស់ក្នុងការជិះកង់ និងធ្វើដំណើរត្រូវបានយកទៅប្រើប្រាស់ក្នុងការលក់ដូរ និងចំណតផ្សេងៗ ដែលវាជាឧបសគ្គធំសម្រាប់អ្នកជិះកង់។ លោកនិយាយថា៖ « ប្រជាជនដែលមានគេហដ្ឋាន ឬហាងនៅតាមផ្លូវ គួរព្យាយាមទុកផ្លូវឲ្យអ្នកថ្មើរជើង និងសម្រាប់អ្នកជិះកង់ ហើយនេះជាអ្វីដែលយើងអាចជួយឲ្យប្រទេសយើងរីកចម្រើន ក៏ដូចជាលើកកម្ពស់សុខភាពសាធារណៈ»។
តាំងពីឆ្នាំ ២០១៣ សហភាពអឺរ៉ុបបានធ្វើយុទ្ធនាការមួយដើម្បីលើកកម្ពស់ការជិះកង់ លើប្រធានបទផ្សេងៗក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយផ្សែងពុល និងជួយផ្នែកសុខភាពជាដើម ។ លោកស្រី ពូន ប៉ុក អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជាបាននិយាយថា អ្នកចូលរួមដែលបញ្ចប់កម្មវិធីហើយ នៅតែបន្តការជិះកង់ ដើម្បីជួយបរិស្ថាន កាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់សុខភាពសាធារណៈ។
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ នាយកគ្រប់គ្រងគេហទំព័រ HealthCambodia.com និយាយថា កង្វះពលកម្មរាងកាយអាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព។ លោកនិយាយថា កីឡាសុទ្ធតែផ្តល់ផលប្រយោជន៍ទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្ត។
លោកបន្ថែមទៀតថា៖ «ខ្ញុំគិតថាសព្វថ្ងៃនេះ មិនមែនមានតែការជិះកង់ទេ ការហាត់ប្រាណរបស់ប្រជាពលរដ្ឋមានការកើនឡើង។ គាត់ចាប់ផ្តើមយល់ពីសារៈសំខាន់នៃសុខភាព»។
ទោះបីជាយ៉ាងណាក៏ដោយ ការជិះកង់មានការកើនឡើងដើម្បីសុខភាព ឬធ្វើការសង្គម ដែលផ្ទុយពីមុនយើងប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរ។ លោកបន្តថា៖ «យើងសង្កេតឃើញមានការជិះកង់កើនឡើងក្នុងន័យសុខភាព មិត្តភាព សង្គមជាដើម»។
ទេព ច័ន្ទសូលីកា វិស្វករនៅសហគ្រាសសង្គម Wetlands Work ធ្លាប់បានសិក្សានៅប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះនាងតែងតែឃើញប្រជាជនប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយការជិះកង់ ជាពិសេសសិស្សសាលា។ នាងបានខ្ចីកង់ពីមិត្តភក្តិរបស់នាងសម្រាប់ជិះពីកន្លែងមួយទៅកន្លែងមួយ។ បន្ទាប់ពីត្រលប់មកប្រទេសកម្ពុជាបានមួយឆ្នាំ នាងបានទិញកង់ផ្ទាល់ខ្លួន និងចាប់ផ្តើមជិះតាំងពីពេលនោះមក។
នាងនិយាយថា៖ «ផលវិជ្ជមានពីការជិះកង់ គឺមានផលប្រយោជន៍ដល់បរិស្ថាន ហើយក៏ជួយដល់សុខភាពយើងផងដែរ ប្រសិនយើងជិះរាល់ថ្ងៃ ហើយវានឹងក្លាយជារបស់កំសាន្តរបស់យើងផងដែរ»។