រដ្ឋមន្រ្តីដែលកំពុងបំពេញតួនាទីបានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិ លេខរៀងខាងលើរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខនេះ។ នេះបើយោងតាមបញ្ជីឈ្មោះដែលផ្តល់ដោយអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន។
អ្នកតាមដានមើលឃើញថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងរៀបចំរដ្ឋមន្រ្តីវ័យក្មេងក្នុងជំនាន់ដែលមានអាយុស្របាលនឹងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលអាចនឹងក្លាយជានាយករដ្ឋមន្រ្តីបន្ទាប់ពីលោក ហ៊ុន សែន នាពេលណាមួយ។
បើយោងតាមសេចក្តីសម្រេចស្តីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលសម្រេចដោយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ឈរលេខរៀងទី២ ទី៣ និងទី៥សម្រាប់មណ្ឌលខេត្តកំពង់ចាម ដែលមាន១០អាសនៈ។ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងលោក ឌីត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ឈរលេខរៀងទី២ ទី៣ និងទី៦នៃមណ្ឌលខេត្តត្បូងឃ្មុំ ដែលមាន៨អាសនៈ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងអ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី៣ ទី៤ និងទី៥ សម្រាប់មណ្ឌលរាជធានីភ្នំពេញ ដែលមាន១១អាសនៈ។
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឈរជាបេក្ខជនពេញសិទ្ធិតែម្នាក់គត់សម្រាប់មណ្ឌលខេត្តកែប ដែលមានមួយអាសនៈ។ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឈរលេខរៀងទី១ជាបេក្ខជនពេញសិទ្ធិសម្រាប់មណ្ឌលខេត្តព្រះសីហនុ ដែលមាន៣អាសនៈ។
ចំណែកលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី២នៃមណ្ឌលខេត្តកំពង់ធំ ដែលមាន៦អាសនៈ។ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ នៃមណ្ឌលខេត្តក្រចេះ ដែលមាន៣អាសនៈ។ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី២នៃមណ្ឌលខេត្តកំពង់ឆ្នាំង ដែលមាន៤អាសនៈ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី៣ ទី៤ ទី៦ និងទី៧សម្រាប់មណ្ឌលខេត្តកណ្តាល ដែលមាន១១អាសនៈ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា ការសម្រេចថា តើរដ្ឋមន្រ្តីទាំងនោះនឹងធ្វើជាតំណាងរាស្រ្ត ឬបន្តតំណែងជារដ្ឋមន្រ្តី ត្រូវធ្វើឡើងក្រោយការបោះឆ្នោត។
លោកប្រាប់វីអូអេថា៖ «ក្រោយពេលដែលគ.ជ.ប [គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត] ប្រកាសលទ្ធផលបោះឆ្នោតជាស្ថាពរហើយ ឯកឧត្តមមួយចំនួន លោកអាចនៅជាតំណាងរាស្ត្រដូចដែលបានឈរឈ្មោះតាមមណ្ឌលនីមួយៗ អាហ្នឹងពេលហ្នឹង គឺតំណាងរាស្ត្រហ្នឹងគឺនៅធ្វើជាតំណាងរាស្ត្រ។ បើឯកឧត្តមមួយចំនួនអាចទទួលការចាត់តាំងឱ្យទៅធ្វើជារដ្ឋមន្ត្រី ឬមួយជាមន្ត្រីណាដែលនៅក្នុងជួររាជរដ្ឋាភិបាល អាហ្នឹងពេលហ្នឹងគាត់ចាកចេញ។ គាត់សុំលាពីតំណាងរាស្ត្រ ហើយអ្នកដែលមានលេខរៀងបន្ទាប់គាត់ហ្នឹង គឺឡើងមកជំនួសជាតំណាងរាស្ត្រ។ អាហ្នឹងតាមគោលការណ៍ច្បាប់បោះឆ្នោត ហើយនឹងគោលការណ៍បោះឆ្នោតតាមប្រព័ន្ធសមាមាត្រ»។
គណបក្សប្រជាជនកម្ពុជាក៏បានសម្រេចដាក់លោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ លេខរៀងទី១ សម្រាប់មណ្ឌលរាជធានីភ្នំពេញ ដែលនេះជាដំណើរការថ្មីមួយទៀត ដែលត្រូវគេគិតថាសម្រាប់លោកធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី នាពេលណាមួយ នៅពេលដែលគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត។
លោកបណ្ឌិត អ៊ា សុផល ព្រឹទ្ធបុរសរងនៃកម្មវិធីថ្នាក់បរិញ្ញាបត្រ និងការអភិវឌ្ឍនៃសាកលវិទ្យាល័យ Arizona State University ប្រាប់វីអូអេតាមសារអ៊ីមែលថា៖ «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកឈ្នះគ្រប់គ្នាក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យមានការផ្ទេរអំណាចដោយរលូន ប្រហែលជាក្នុងឆ្នាំ២០២៤។ លោកកំពុងតែរៀបចំគណៈរដ្ឋមន្រ្តីវ័យក្មេង ដែលជាជំនាន់កូនៗរបស់លោក ប៉ុន្តែវាត្រូវធ្វើឡើងបន្តិចម្តងៗ»។
លោកបន្ថែមថា ការផ្ទេរអំណាចកាន់តែលឿន គឺអាស្រ័យលើកាលៈទេសៈ។ ទោះជាយ៉ាងណា បើមានការផ្ទេរអំណាចក្នុងឆ្នាំ២០២៤ លោកមើលទៅដូចជា«ឆាប់ពេក ហើយវានាំឱ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន»។
លោក អ៊ា សុផល មើលឃើញថា មានឧបសគ្គដែលអាចមានការមិនពេញចិត្តនៅក្នុងគណបក្ស ដែលសំឡេងរបស់ពួកគេមិនអាចបញ្ចេញយូរណាស់មកហើយ។ លោកបន្ថែមថា ក្រៅពីក្នុងគណបក្ស ក៏មានការរំខានពីគណបក្សប្រឆាំង ដែលមិនទាន់ទៅណានៅឡើយ។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល ប្រាប់វីអូអេថា ការដាក់បេក្ខជនឈរឈ្មោះជាតំណាងរាស្រ្ត ជាការសម្របសម្រួលក្នុងគណបក្ស មិនមែនជាការប្រកួតប្រជែងគ្នាឡើយ។ លោកបន្ថែមថា រដ្ឋមន្រ្តីត្រូវបានដាក់ក្នុងលេខរៀងខាងលើ ដោយសារប្រជាពលរដ្ឋស្គាល់មន្រ្តីជាន់ខ្ពស់ទាំងនោះ។ ប៉ុន្តែពួកគេអាចលាឈប់ ក្រោយការបោះឆ្នោត។
លោកថ្លែងថា៖ «បើយើងនិយាយអំពីថា តើឈ្មោះនេះដាក់សម្រាប់ឱ្យគេស្គាល់ ឱ្យគេបោះឆ្នោត ការយល់ឃើញរបស់ខ្ញុំ វាអាចដែរ ដោយសាររដ្ឋមន្រ្តីមួយចំនួនហ្នឹងមែនទែនទៅ ប្រជាពលរដ្ឋគាត់អាចស្គាល់ ជាជាងបេក្ខជនមួយចំនួន ដែលកន្លងមកហ្នឹង [ប្រជាជន] មិនសូវស្គាល់ទេ»។
លោក សេង សារី អ្នកវិភាគនយោបាយ ថ្លែងថា វាជារឿងគួរឱ្យអបអរសាទរដែលមានរដ្ឋមន្រ្តីជំនាន់ថ្មី ប៉ុន្តែលោកថា វានៅតែមានការរិះគន់ ដោយសារតែពួកគេជាកូនបង្កើត ឬសាច់ញាតិរបស់មន្រ្តីជាន់ខ្ពស់។ លោកហៅថា «ជាការបន្តពូជ មិនមែនជាការបន្តវេន»។ លោកបន្ថែមថា អ្នកមានចំណេះដឹងគ្រប់គ្រាន់ក៏បានបាត់បង់ឱកាស ដោយសារពួកគេមិនមានសែស្រឡាយ។
បើតាមលោក សេង សារី ការផ្ទេរអំណាយទៅមនុស្សជំនាន់ថ្មីនឹងកើតឡើងក្រោយឆ្នាំ២០២៣ ហើយលោកលើកសេណារីយ៉ូមួយ គឺការបង្កើតក្រុមប្រឹក្សាជាតិ ដែលមនុស្សជំនាន់មុន នៅក្តោបក្តាប់ស្ថាប័ននីតិបញ្ញត្តិ និងដើរតួនាទីជា«ឆ្អឹងខ្នងដ៏សំខាន់» ក្នុងការផ្តល់ប្រឹក្សា និងពិគ្រោះយោបល់។
លោកប្រាប់វីអូអេថា៖ «មនុស្សជំនាន់ថ្មីទាំងអស់នោះនឹងដឹកនាំកិច្ចការងារប្រតិបត្តិ គឺនីតិប្រតិបត្តិទាំងស្រុង ហើយមនុស្សជំនាន់ចាស់នៅពីខាងក្រោយ មិនទាន់ប្រលែង ដូចសង្គមប្រជាធិបតេយ្យទូទៅទេ។ អានេះរបៀបនៅក្នុងការចែកទ្រព្យឱ្យកូន ហើយនៅមើលថា កូនចេះថែទ្រព្យ ចេះធ្វើម៉េចឱ្យទ្រព្យហ្នឹងមានការរីកចម្រើនដែរ ឬទេ?»
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា គណៈរដ្ឋមន្រ្តីវ័យក្មេងត្រូវបានត្រៀមរួចហើយ ដែលមានអាយុក្រោម៦០ឆ្នាំ៕