ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ណែនាំ​សកម្មជន​គណ​បក្ស​ភ្លើង​ទៀន​ឱ្យ​ជូន​ដំណឹង​ពាក់​ព័ន្ធ​នឹង​ការ​ប្រមូល​ផ្តុំ​តវ៉ា​


ទិដ្ឋភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី ៥ ​របស់​គណបក្ស​ភ្លើងទៀន​ ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)
ទិដ្ឋភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី ៥ ​របស់​គណបក្ស​ភ្លើងទៀន​ ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ​បា​ន​កោះ​អញ្ជើញ​តំណាង​គណ​បក្ស​ភ្លើង​ទៀន​មក​សាក​សួរ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ពាក់​ព័ន្ធ​នឹង​ការ​ប្រមូល​ផ្តុំ​តវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​នយោបាយ ​កាល​ពី​សប្តាហ៍​មុន ​ដែល​អាជ្ញាធរ​ថា​ មិន​មាន​ការ​អនុ​ញ្ញាត។​

កាលពី​ថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ​២០២៣​ ​យុវជន​គណ​បក្ស​ភ្លើង​ទៀន​ជាង១០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ជួប​ជុំ​លើក​បដា​នៅ​ខា​ង​មុខ​ទីស្នាក់​ការ​គណ​បក្ស​ដើម្បី​ទាម​ទារ​ឱ្យដោះ​លែង​សកម្មជន​នយោបាយ​មួយ​ចំនួន។ ​

​នាយក​រដ្ឋ​បាល​ខណ្ឌ​សែនសុខ ​លោក ​ងួន ច័ន្ទឡុង ​បាន​កោះ​ហៅ​ប្រធាន​ស្នាក់​ការ​គណ​បក្ស​ភ្លើង​ទៀន​ មាន​ទីតាំង​ក្នុង​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែនសុខ​ ​មក​សាល​ប្រជុំ​សាលា​ខណ្ឌ​សែនសុខ​នៅថ្ងៃ​ទី១០​ ខែ​មេសា​នេះ​ ដើម្បី​បញ្ជាក់​ទាក់​ទង«ករណី​ប្រារព្ធ​ពិធី​នៅ​លើ​ផ្លូវ​សាធារណៈ​ ដោយ​គ្មាន​ការ​អនុញ្ញាត»។ ​នេះ​បើតាម​លិខិត​អញ្ជើញ​របស់​រដ្ឋ​បាល​ខណ្ឌ​សែនសុខ​ ចុះ​ថ្ងៃ​ទី​៧ ​ខែ​មេសា។​

លោក ​ថន ចន្ថា ​ប្រធាន​ស្ដីទី​ចលនា​យុវជន​គណ​បក្ស​ភ្លើង​ទៀន ​ដែល​បាន​ទៅ​ជួប​មន្ត្រី​ខណ្ឌ​សែនសុខ ​បាន​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​នេះ​ថា​ លោក​បាន​ជួបជា​មួយ​មន្ត្រី​ខណ្ឌ​សែនសុខ ​ប្រមាណ​កន្លះ​ម៉ោង​ ដោយ​មន្ត្រី​ខណ្ឌ​បាន​ស្នើ​សុំ​ឱ្យមាន​ការ​ជូន​ដំណឹង​មក​អាជ្ញាធរ​ នៅពេលដែល​មាន​ការ​ជួបជុំណា​មួយ​នៅ​ខាង​ក្រៅ​ស្នាក់​ការ​គណ​បក្ស​ភ្លើងទៀន ដើម្បី​ឱ្យ​អាជ្ញាធរបាន​ដឹង​ឮ ​និង​ងាយ​ស្រួល​បញ្ជូនកម្លាំងការពារ ​និង​រក​កន្លែង​រៀបចំជួប​ជុំឱ្យ។​

លោក​ថ្លែង​ថា៖​ «​ក្នុង​ករណី​ដែល​យើង​ធ្វើ​ការ​ជួបជុំលើក​បដា​តវ៉ា​អីហ្នឹង ​គឺ​ស្នើ​សុំ​ឱ្យ​យើង​ជូន​ដំណឹង​ទៅ​គាត់​ទៅ​ ដើម្បី​ទី​១ គាត់​រក​ទី​តាំង​ណា​ដែល​ទូលាយ​ឱ្យ​យើង​ធ្វើ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​កក់​ស្ទះ​ចរាចរណ៍​ និង​មួយ​ទៀត​ គឺបើ​សិនជា​អត់​មាន​ទីតាំង​ណា​សមរម្យ​ទេ​ គាត់​នឹង​ជួយ​សម្រួល​ចរាចរណ៍​ឱ្យ​មក​យើង»។​

​លោកបន្ត​ថា​ មូលហេតុ​ដែលកម្លាំង​មាន​សមត្ថ​កិច្ច​របស់ខណ្ឌ​សែនសុខ​ចុះ​មក​សួរ​នាំយុវ​ជន​គណ​បក្ស​ភ្លើង​ទៀន​ដែលប្រមូល​ផ្តុំ​កាល​ពីថ្ងៃទី​៧​ ខែ​មេសា ​គឺ​ដោយ​សារមានពល​រដ្ឋ​ប្តឹង​ទៅ​អាជ្ញាធរ​ខណ្ឌ​ថា​ កា​រ​ជួប​ជុំនៅ​ខាង​មុខ​ស្នាក់ការ​គណបក្ស​ភ្លើងទៀន​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែនសុខ ​មាន​ការបិទ​ផ្លូវ​ទាំង​ស្រុង។​

លោក​ថា​ អាជ្ញាធរ​ក៏​បាន​ឃើញ​ដោយ​ផ្ទាល់​ថា​ មិន​មាន​ការ​បិទ​ផ្លូវ​អ្វី​នោះ​ទេ ​នៅ​ថ្ងៃ​ជួប​ជុំ​លើក​បដា​នោះ។

​វីអូអេ​មិន​អាច​សុំ​ការអត្ថា​ធិប្បាយ​ពី​លោក ​ម៉ូវ ម៉ានិត​ អភិបាល​ខណ្ឌ​សែនសុខ​បាន​នៅ​ឡើយ​ទេ។​
វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពីអ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំពេញ​ លោក ​ម៉េត មាសភក្តី ​បាន​ដែរ។​

កាល​ពី​ថ្ងៃ​ទី៧ ​ខែ​មេសា ​ចលនា​យុវជន​គណ​បក្ស​ភ្លើង​ទៀ​ន​ទាំង​២៥​ខេត្ត​ក្រុង​ជាង១០០​នាក់ ​បាន​ប្រមូលផ្តុំ​ជួប​ជុំ​គ្នាលើក​បដា ​និង​ស្រែក​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក ​ខឿន វីរ៉ាត់ ប្រធាន​ចលនា​យុវ​ជន​គណ​បក្ស​ថ្នាក់​ជាតិ ​និង​ទាមទារ​ឱ្យដោះ​លែង​សកម្មជន​គណបក្ស​មួយ​ចំនួន​ទៀត ​ដែល​កំពុង​ជាប់​ពន្ធនាគារ។​ ពួកគេ​ក៏​ទាមទារ​ឱ្យ​ដោះ​លែង ​លោក ​ថាច់ សេដ្ឋា ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ផង​ដែរ។​ នេះ​បើ​តាម​លោក​ រ៉ុង ឈុន ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ដែល​ចូល​រួម​សកម្ម​ភាព​នោះ។​

បើ​តាម​លោក​ រ៉ុង ឈុន ​មូល​ហេតុ​ដែល​យុវជន​គណបក្ស​ភ្លើងទៀន​ជា​ង​១០០​នាក់​ ​ប្រមូល​ផ្តុំ​លើក​បដា ​នៅ​ខាង​មុខ​ស្នាក់ការ​គណ​បក្ស​ភ្លើង​ទៀន ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ​គឺ​ដោយ​សារ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​បដិសេធ​សំណើ​របស់​ប្រធាន​ស្តីទី​ចលនា​យុវជន​ ដោយមិន​អនុញ្ញាត​ឱ្យក្រុម​យុវ​ជន​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នៅ​ថ្ងៃ​ទី៧ ​ខែ​មេសា​នេះ​ ដើម្បី​សម្តែង​មតិ ​ទាម​ទារ​ឱ្យ​ដោះ​លែង​សកម្មជន​នយោបាយ។​

​លោក​ រ៉ុង ឈុន ​ចាត់​ទុក​ថា ​ការ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជួបជុំ​នេះ​គឺជាការ​រឹតត្បិត​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​សម្តែង​មតិ។​

លោក​ថ្លែង​ថា៖ ​«សាលា​ក្រុង​ត្រូវ​បាន​បដិសេដ​ ហើយ​យើង​មើល​ឃើញ​ការ​បដិសេធ​នេះ​មិន​បាន​បើក​លម្ហ​សេរី​ភាព​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ទូទៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​សម្តែង​មតិ។ ​យើង​ឃើញ​ថា ​វាជា​ការ​រឹត​ត្បិត​ថ្មី​មួយ​ទៀត​សម្រាប់​នៅ​កម្ពុជា​យើង»។​

លោក​ រ៉ុង ឈុន ​ក៏​បាន​ចាត់​ទុក​ថា​ ​ការ​រឹត​ត្បិត​ ការ​រារាំង​មិន​ឱ្យ​មាន​ការ​ជួបជុំ ​ការ​ប្រមូលផ្តុំ​សម្តែង​មតិ​របស់​ប្រជា​ពលរដ្ឋ​នេះ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​នេះ​ផង​ដែរ។ ​ដូច្នេះ​លោក​ស្នើ​ទៅ​រដ្ឋា​ភិបាល​ឱ្យ​បើក​លម្ហសេរីភាព​ឱ្យ​បាន​ទូលាយ​ទាក់ទងសិទ្ធិ​ជួប​ជុំ​ប្រមូល​ផ្តុំ​សម្តែង​មតិនេះ ​ដើម្បី​កុំ​ឱ្យមាន​ការ​រិះគន់​ពីសហ​គមន៍​អន្តរ​ជាតិ៕

XS
SM
MD
LG