ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើងទៀន៖ ​យុត្តិធម៌​មិន​មាន​ពេញ​លេញឡើយ​ ក្រោយ​បិទ​បញ្ចប់​ការ​ជម្រះ​ក្តី​នៅ​សាលាក្តី​ខ្មែរក្រហម


ស្រ្តីពីរ​នាក់​កំពុង​ឈរមើល​លលាដ៍ក្បាល​ជនរងគ្រោះ​នៅ​សារមន្ទីរជើង​ឯក​ក្នុង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ (កាន់ វិច្ឆិកា/វីអូអេ)
ស្រ្តីពីរ​នាក់​កំពុង​ឈរមើល​លលាដ៍ក្បាល​ជនរងគ្រោះ​នៅ​សារមន្ទីរជើង​ឯក​ក្នុង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ (កាន់ វិច្ឆិកា/វីអូអេ)

ថ្នាក់​ដឹកនាំ​ និង​សកម្មជន​របស់​គណបក្ស​ជំទាស់​ភ្លើងទៀន​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ពី​របប​ខោអាវ​ខ្មៅ​ខ្មែរក្រហម​មិន​មាន​គ្រប់គ្រាន់នោះ​ឡើយ​ បើ​ទោះបី​មាន​ការ​នាំ​ខ្លួន​មេ​ដឹកនាំ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​មក​កាត់​ទោស​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ហៅ​កាត់​ថា​ អ.វ.ត.ក.​ ឬ​សាលាក្តី​ខ្មែរ​ក្រហម។​

សាលាក្តី​ខ្មែរក្រហម​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​តុលាការ​កូន​កាត់​នោះ​ ​បាន​បិទ​បញ្ចប់​ដំណើរ​ការ​ជម្រះ​ក្តី​របស់​ខ្លួន​កាល​ពី​ខែកញ្ញា​ ឆ្នាំ​២០២២​ បន្ទាប់​ពីតុលាការនេះ​បាន​រក្សា​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ផ្តន្ទា​ទោស​លោក​ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ​ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​អង្គ​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​សាលាក្តីខ្មែរ​ក្រហម។​

លោក រ៉ុង ឈុន ថ្លែងក្នុងពិធីបង្សុកូលរំឮកវិញ្ញាណ​ក្ខន្ធ​ជនរងគ្រោះរបបខ្មែរក្រហមនៅ​សារមន្ទីរជើងឯក​ថ្ងៃ​ទី​១៧មេសា២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក រ៉ុង ឈុន ថ្លែងក្នុងពិធីបង្សុកូលរំឮកវិញ្ញាណ​ក្ខន្ធ​ជនរងគ្រោះរបបខ្មែរក្រហមនៅ​សារមន្ទីរជើងឯក​ថ្ងៃ​ទី​១៧មេសា២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

នៅ​ឯពិធី​សាសនា​មួយ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម​ថ្ងៃ​ទី​១៧​ មេសា ​ឆ្នាំ​១៩៧៥​ ដល់​ថ្ងៃទី​៧​ខែ​មករា​ ឆ្នាំ​១៩៧៩​ លោក ​រ៉ុង ឈុន​ អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន ​ដែល​រៀបចំ​ពិធី​នេះនៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ថ្លែង​ថា ​ ជនរងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហមមិន​បានទទួល​យុត្តិធម៌​ពេញ​លេញ តាម​រយៈ​ការ​ជំនុំជម្រះ​ក្តី​ដែល​មាន​កំហិត​នេះ​ទេ។​

លោក​បាន​ឱ្យ​ដឹង​ទៀតថា​ សាលា​ក្តី​ខ្មែរក្រហម​បាន​កំណត់​ដែន​សមត្ថកិច្ច​របស់​តុលាការ​ក្នុង​ការ​នាំ​ខ្លួន​ជន​សង្ស័យ​យក​មក​កាត់​ទោស​ និង​មិន​អនុញ្ញាត​ឱ្យមាន​ការ​ស៊ើប​អង្កេត​លើ​ប្រទេស​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​សម័យខ្មែរក្រហម។​

លោក​ថ្លែង​ថា៖​ «វិសាល​ភាព​នៃ​ច្បាប់​នោះ​ ហាក់​បី​ដូច​ជា​មាន​ដែន​កំណត់​ មិន​បាន​បើក​ឱ្យ​ទូលំ​ទូលាយ​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​ដល់​ប្រទេស​ដែល​ជាប់​ពាក់​ព័ន្ធ​ រឿង​បញ្ហា​របប​ខ្មែរ​ក្រហម​ដែល​ធ្វើ​ឱ្យ​ជន​រួម​ជាតិបាត់​បង់​រាប់​លាន​នាក់​នេះ»។​

លោក​បាន​បន្ថែម​ថា៖​ «ដូច្នេះ​ការណ៍ដែល​ផ្តល់​យុត្តិធម៌​ទៅ​ដល់​ជន​រងគ្រោះ​ ក៏​ដូច​ជា​សាច់​ញាតិ​ យើង​គិត​ថា ​មិន​ទាន់​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ ពី​ព្រោះ​ច្បាប់​បាន​កំណត់​បិទ​ផ្លូវ​មិន​ឱ្យ​តុលាការ​កូន​កាត់​នោះ ​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ស៊ី​ជម្រៅ»។​

លោក ​នល់ ពង្សធិរិទ្ធ ដែល​ជា​សកម្មជន​គណបក្ស​ភ្លើង​ទៀន​មួយ​រូប​ ប្រាប់​វីអូអេ​ថា​ យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​ឱ្យ​ត្រឹមត្រូវ​ទេ។ ​លោក​លើក​ហេតុផល​ថា​ មេ​ដឹកនាំ​នៃ​របប​នោះ​មួយ​ចំនួន​មិន​ព្រម​សារភាព​ទទួល​ទោស​កំហុស​របស់​ពួកគេ​ពេល​ចូលរួម​ការ​ជំនុំ​ជម្រះ​ក្តី​ តែ​បែរ​ជា​ព្យាយាម​ដាក់​បន្ទុក​ទៅ​លើ​ប្រទេស​ផ្សេង​ទៅ​វិញ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ពី​ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩។​

លោក​ថ្លែង​ថា៖ ​«ដូច​ខ្ញុំ​និយាយ​ដដែល​ត្រឡប់​មក​វិញ​ថា​ ពួក​គាត់​រុញ​ដាក់​គ្នា​ រុញ​ទៅ​វៀតណាម​ រុញ​ទៅ​ចិន អ៊ីចឹង​ទៅ​ណ៎ា!​ ហើយ​គាត់​ទទួល​នយោបាយ​ពី​ចិន​ គាត់​ទទួល​នយោបាយ​ពី​វៀតណាម​យក​មក​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ ហើយ​គាត់​ចោទ​ថា​ ២​ប្រទេស​ហ្នឹង​ជា​អ្នក​ទទួល​ខុសត្រូវ​ ដើម្បី​ឱ្យ​គាត់​បាន​រួច​ខ្លួន។​ ខ្ញុំ​អត់​ទទួល​យក។​ ធម្មតា​ស្ថិត​នៅ​ក្នុង​ផ្ទះ​អ្នក​ណា​ ឪពុក​ហើយ​និង​ម្តាយ​នៅ​ផ្ទះ​ហ្នឹងអ្នក​ត្រូវ​ទទួល​ខុសត្រូវ​ហើយ​ ដូច​គ្នា។ ​អ៊ីចឹង​ បើ​ជំនាន់​នោះ​របប​លោក​ឯង​ជា​អ្នក​កាន់កាប់​ របប​ហ្នឹង​គឺ​មាន​ការ​សម្លាប់​មនុស្ស ​គឺ​លោក​ឯង​ត្រូវ​ទទួល​ខុស​ត្រូវ»។ ​

ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន និង​អ្នកគាំទ្រកំពុង​រៀបចំ​ពិធី​បង្សុកូល​រំឮកវិញ្ញាណ​ក្ខន្ធ​ជនរងគ្រោះរបប​ខ្មែរ​ក្រហម (កាន់ វិច្ឆិកា/វីអូអេ)
ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន និង​អ្នកគាំទ្រកំពុង​រៀបចំ​ពិធី​បង្សុកូល​រំឮកវិញ្ញាណ​ក្ខន្ធ​ជនរងគ្រោះរបប​ខ្មែរ​ក្រហម (កាន់ វិច្ឆិកា/វីអូអេ)

អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម ​លោក​នេត្រ ភក្ត្រា​ ចាត់​ទុក​ថា ការ​អត្ថាធិប្បាយរបស់​ថ្នាក់​ដឹកនាំ​គណ​បក្ស​ជំទាស់​ជា​របៀបវារៈ​នយោបាយ​ដើម្បី​ទាញ​យក​ផល​ចំណេញ​ពី​វិញ្ញាណ​ក្ខន្ធ​របស់​ជន​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម។​

លោក​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា៖ ​«ការណ៍​ដែល​អ្នក​នយោបាយ​បាន​រៀបចំ​ ពិធី​នៅ​ថ្ងៃទី​១៧​ មេសា ​ដែល​ជា​ថ្ងៃ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម​កាល​ពី​៤៨​ឆ្នាំ​មុន​ វា​គ្រាន់​តែ​ជា​របៀប​វារៈ​នយោបាយ​មួយ​ដែល​គេ​រៀបចំ​ឡើង​ដើម្បី​ទាញ​យក​ផល​ចំណេញ​ពីវិញ្ញាណ​ក្ខន្ធ​នៃ​ជន​រង​គ្រោះ​ ដែល​ស្លាប់​បាត់​បង់​ជីវិត និង​អ្នក​ដែល​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម​ដែល​កំពុង​រួច​រស់​ជីវិត​តែ​ប៉ុណ្ណោះ។​ វា​ជា​ការ​ប្រមាថ​ទៅ​លើ​វិញ្ញាណ​ក្ខន្ធ​របស់​ជន​រងគ្រោះ»។ ​

លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ​ សាលាក្តី​ខ្មែរ​ក្រហម​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ផ្សះផ្សា​ជាតិ។​

លោក​បាន​បន្ថែម​ថា៖ ​«ការ​ជំនុំ​ជម្រះក្តី​នៅ​ចំពោះ​មុខ​តុលាការ​ខ្មែរ​ក្រហម​ គឺ​ជា​ដំណើរ​ការ​នីតិវិធី​ ស្រប​តាម​នីតិវិធី​ច្បាប់​ ដែល​បាន​ចូលរួម​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ផ្សះផ្សា​ជាតិ​ ផ្សះផ្សា​ផ្លូវ​ចិត្ត​ និង​ពង្រឹង​សន្តិភាព​នៅ​កម្ពុជា​របស់​យើង»។

គិត​ចាប់​តាំង​ពី​ការ​បង្កើត​សាលាក្តី​ខែ្មរក្រហម​នៅ​ឆ្នាំ​ ២០០៦​ ​សាលាក្តី​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​មួយ​នេះ​ ​បាន​ទទួល​ភ័ស្តុតាង​ពីជន​រង​គ្រោះ​ជាង​ ១០.៣០០នាក់ ​និង​បាន​ចេញ​សេចក្តី​សម្រេច​ជាង​ ១.៣៤៥ ​ហើយ​បាន​បង្កើត​កំណត់​ហេតុ​តាម​ផ្លូវ​តុលាការ​ និង​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា​ចំនួន​ ៣ ​លាន​ទំព័រ។​

ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន និង​អ្នកគាំទ្រកំពុង​រៀបចំ​ពិធី​បង្សុកូល​រំឮកវិញ្ញាណ​ក្ខន្ធ​ជនរងគ្រោះរបប​ខ្មែរ​ក្រហម (កាន់ វិច្ឆិកា/វីអូអេ)
ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន និង​អ្នកគាំទ្រកំពុង​រៀបចំ​ពិធី​បង្សុកូល​រំឮកវិញ្ញាណ​ក្ខន្ធ​ជនរងគ្រោះរបប​ខ្មែរ​ក្រហម (កាន់ វិច្ឆិកា/វីអូអេ)

មុន​នឹង​ការ​បិទ​បញ្ចប់​នៃ​ការ​ជំនុំ​ជម្រះ​ក្តី​នៅ​សាលាក្តី​ខ្មែរក្រហម​ ​មេ​ដឹកនាំ​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​ខ្មែរ​ក្រហម​ត្រូវ​បាន​នាំ​ខ្លួន​យកមក​កាត់ទោស​ក្នុង​នោះ​គឺ ​កាំង ហ្កេកអ៊ាវ ​ហៅ​ ឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង ​និង​នួន ជា ​ដែល​បាន​ស្លាប់​ និង​ខៀវ សំផន។​ លោក​ខៀវ សំផន ​អាយុ ​៩១​ ឆ្នាំ ​គឺជា​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​តែ​ម្នាក់​គត់​ ដែល​នៅ​រស់ ​ហើយ​ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​មួយ​ជីវិត​ជា​បន្ត​បន្ទាប់​ ពីបទ​ឧក្រិដ្ឋ​នានា​ពាក់ព័ន្ធ​នឹង​ការ​ប្រល័យ​ពូជ​សាសន៍​ក្នុង​របប​ដ៏​ឃោរ​ឃៅ​របស់​ខ្មែរ​ក្រហម​ ដែល​បាន​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ ​១ ​លាន ​៧ ​សែន​នាក់។​

ក្រៅ​ពី​មេ​ដឹកនាំ​ទាំង​៣​នាក់​នោះ ​ក៏​មាន​អតីត​មេ​ដឹកនាំ​ផ្សេង​ទៀត ​ដូច​ជា​អៀង ធីរិទ្ធ ​និង ​អៀង សារី ​បាន​ស្លាប់ ​ក្នុង​អំឡុង​ពេល​ដំណើរ​សវនាការ​របស់​តុលាការ​ខ្មែរ​ក្រហម​ផង​ដែរ៕​

XS
SM
MD
LG