លោកស្រី Michelle Obama ភរិយារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃសុក្រ ដែលផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសនៅតំបន់អាស៊ីចំនួនពីរដើម្បីលើកកម្ពស់ការអប់រំរបស់ក្មេងស្រី។ លោកស្រីបានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដែលជាដៃគូនៃកម្មវិធីផ្តួចផ្តើមផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា ឬហៅថា Let Girls Learn Initiative។
ដំណើរទស្សនកិច្ចរបស់លោកស្រី Michelle Obama ទៅកាន់ប្រទេសកម្ពុជាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបង្អស់ ដែលភរិយារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានទៅទស្សនកិច្ចប្រទេសកំពុងអភិវឌ្ឍដ៏តូចមួយនេះក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកស្រី Michelle Obama ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ដំណើរទស្សនកិច្ចនេះគឺធ្វើឡើងក្នុងគោលបំណងពង្រឹងការអប់រំរបស់សិស្សស្រី ដែលជាផ្នែកមួយនៃគម្រោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា ឬហៅថា Let Girls Learn Initiative ដែលជាគំនិតផ្តួចផ្តើមរបស់សេតវិមាន។ ប្រទេសកម្ពុជាគឺជាប្រទេសមួយនៃប្រទេសចំនួន១១ ដែលកំពុងអនុវត្តកម្មវិធី Let Girls Learn ឲ្យសិស្សស្រីបានសិក្សា។
ក្នុងអំឡុងទស្សនកិច្ចនៅខេត្តសៀមរាបនៃប្រទេសកម្ពុជារយៈពេល២ថ្ងៃ លោកស្រី Michelle Obama បានជួបជាមួយសិស្សានុសិស្សរៀបរាប់ពីសារៈសំខាន់នៃគម្រោង Let Girls Learn នេះដែលអាចជួយពួកគេទទួលការអប់រំល្អ។ លោកស្រីនឹងថ្លែងសន្ទុរកថាទៅកាន់ក្រុមអ្នកស្ម័គ្រចិត្ត Peace Corpsរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។
លោក គីម តារា គឺជាប្រធានអង្គការ World Education ប្រចាំនៅកម្ពុជា ដែលជាអង្គការមិនយកប្រាក់កម្រៃ ដោយសហការជាមួយនឹងក្រសួងអប់រំ ដើម្បីផ្តល់ឱកាសឲ្យសិស្សានុសិស្សបានចូលរៀន។
លោក តារា បកស្រាយថា ក្មេងស្រីនៅកម្ពុជាប្រឈមនឹងបញ្ហាមួយចំនួន។ សាលាបឋមសិក្សាភាគច្រើនមានទីតាំងនៅក្នុងភូមិតែម្តង ក៏ប៉ុន្តែ សាលាអនុវិទ្យាល័យភាគច្រើនមានទីតាំងឆ្ងាយពីភូមិ ដែលចោទជាបញ្ហាសុវត្ថិភាពដល់ក្មេងស្រីក្នុងការធ្វើដំណើរទៅសាលារៀន។ ហើយបញ្ហាដ៏សំខាន់មួយទៀតនោះ គឺការខ្វះបង្គន់អនាម័យ និងសម្ភារៈសម្អាតនៅតាមសាលារៀនជាច្រើននៅតំបន់ជនបទ។
លោក គីម តារា និយាយថា៖ «បើសិស្សត្រូវការចូលបង្គន់អនាម័យ ពួកគេត្រូវទៅផ្ទះ ហើយនឹងមិនត្រឡប់មកសាលាវិញទេ។ បើករណីនេះកើតឡើងជាប្រចាំ នោះសិស្សអាចបាត់បង់ការផ្តោតលើការសិក្សា ហើយអាចនឹងបោះបង់ការសិក្សាចោល។ ដូច្នេះ គម្រោងនេះជួយឲ្យសាលារៀនដៅបញ្ហាដែលសិស្សជួបប្រទះ»។
ប្រទេសកម្ពុជាមានកុមារប្រមាណ ២កណ្តាក់សញ្ញា៩លាននាក់កំពុងរៀននៅសាលា ដែលក្នុងនោះមានជិតពាក់កណ្តាលជាក្មេងស្រី។ កម្មវិធី «Let Girls Learn» ឬ «គម្រោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា» ដែលរដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមក្នុងពេលថ្មីៗនេះ មានគោលបំណងមិនត្រឹមតែលុបបំបាត់របាំងនានាដែលរារាំងក្មេងស្រីប្រមាណ៦២លាននាក់នៅទូទាំងពិភពលោកមិនឲ្យបានចូលសាលារៀនប៉ុណ្ណោះទេ បន្ថែមលើនេះ កម្មវិធីនេះក៏មានបំណងជួយបង្ការមិនឲ្យក្មេងស្រីរាប់លាននាក់ឈប់រៀន ដោយធ្វើការតាមសហគមន៍។
ផលប៉ះពាល់ចំពោះក្មេងស្រីជំទង់មានភាពធ្ងន់ធ្ងរ ដោយសារតែការខាតបង់ដែលកើតចេញពីការណ៍ ដែលក្មេងស្រីទាំងនោះមិនបានចូលរៀនមានកម្រិតធ្ងន់ធ្ងរ។ ការសិក្សានានាបង្ហាញថា កាលណាស្រ្តីទទួលបានការអប់រំកាន់តែខ្ពស់ ប្រជាពលរដ្ឋក៏កាន់តែមានសុខភាពល្អ និងមានធនធានច្រើនជាងមុនដែរ។
លោក គីម តារា ថ្លែងថា ការផ្តល់អាហារូបករណ៍ដល់ក្មេងស្រីជាវិធីមួយ ដើម្បីបង្កើនឱកាសដល់ក្មេងស្រីទាំងនោះបានសិក្សាបន្ត។ លោក គីម តារា បន្ថែមទៀតថា បន្ទុកហិរញ្ញវត្ថុរបស់គ្រួសារក្រីក្រតាមជនបទជាកត្តានាំឲ្យក្មេងស្រីជាច្រើនឆាប់បោះបង់ការសិក្សា។
លោក ថា៖ «នៅក្នុងប្រពៃណីខ្មែរ គេចូលចិត្តឲ្យក្មេងស្រីនៅផ្ទះ ជាពិសេសដើម្បីជួយមើលប្អូនៗ ជាជាងឲ្យក្មេងប្រុសនៅផ្ទះ»។
ថ្វីបើរដ្ឋាភិបាលកម្ពុជាទំនងជាស្វាគមន៍ចំពោះយោបល់លោកស្រី Michelle Obama អំពីការអប់រំក្តី រដ្ឋាភិបាលនេះទំនងជានឹងមិនសាទរចំពោះការរាយការណ៍ ដែលថាលោកស្រីនឹងថ្លែងអំពីបញ្ហានយោបាយ និងសិទ្ធិមនុស្សនោះទេ។
រឿងដែលថាលោកស្រីនឹងមានគម្រោងថ្លែងអំពីបញ្ហាទាំងនេះត្រូវបានបញ្ជាក់ច្បាស់នៅក្នុងអំឡុងសន្និសីទកាសែតមួយនៅមុនការចាកចេញរបស់លោកស្រីពីសហរដ្ឋអាមេរិក។
លោក Evan Medeiros ប្រធានជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីនៅក្រុមប្រឹក្សាសន្តិសុខជាតិបានថ្លែងប្រាប់អ្នកកាសែតថា លោកស្រី Michelle Obama នឹងមានគម្រោងជួបជាមួយសមាជិកនៃអង្គការសង្គមស៊ីវិលកម្ពុជា «ដើម្បីពង្រឹងទស្សនៈរបស់សហរដ្ឋអាមេរិកអំពីសារៈសំខាន់នៃប្រព័ន្ធនយោបាយដែលបើកចំហរ និងរួមគ្នាមួយ ដើម្បីអនុញ្ញាតឲ្យសង្គមស៊ីវិលមានតួនាទីក្នុងការកិច្ចការអភិបាលកិច្ចល្អ»។
លោក Medeiros ថ្លែងថា លោកស្រី Michelle Obama ក៏មានគម្រោងនឹងថ្លែងជាសាធារណៈអំពីចំណុចមួយចំនួនទៀត ដែលមានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានការទទួលសិទ្ធិស្មើគ្នានៃផលប្រយោជន៍សេដ្ឋកិច្ច។
ដោយសារតែកម្ពុជាគឺជាប្រទេសដែលមានអំពើពុករលួយខ្លាំងបំផុតមួយនៅក្នុងពិភពលោក ចំណុចនេះអាចនឹងធ្វើឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញមិនសប្បាយចិត្ត ទោះបីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រាប់ VOA កាលពីថ្ងៃសុក្រថា លោកស្រីភរិយាប្រធានាធិបតីអាចលើកយកប្រធានបទដែលលោកស្រីចូលចិត្តណាមួយមកនិយាយក៏បាន។
ក៏ប៉ុន្តែសារៈសំខាន់របស់លោកស្រី Obama នឹងទាក់ទងបញ្ហាការធ្វើឲ្យប្រសើរដល់ការរៀនសូត្ររបស់ក្មេងស្រី។ លោក គីម តារា ជឿថា សារនេះនឹងមានសារៈសំខាន់ខ្លាំង។
លោក តារា បានលើកឡើងថា៖ «ដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់ប្រទេសកម្ពុជាគឺជាសារមួយទៅកាន់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសគឺលើកទឹកចិត្តដល់កេ្មងស្រីឲ្យបានចូលរៀន ហើយឲ្យក្មេងស្រីកម្ពុជាទាំងអស់ដឹងថា ពួកគេមានឱកាសចូលរៀនដូចក្មេងប្រុសដែរ។ ដូច្នេះ ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា នេះគឺជាលទ្ធផលដ៏វិជ្ជមានមួយ»។
លោកស្រី Michelle Obama នឹងបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជានៅព្រឹកថ្ងៃអាទិត្យ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត