ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សុខ ទូច៖ អាមេរិក​កម្ពុជា​រួម​គ្នា​អាច​ជួយ​ស្ត្រី​បាន​សិក្សា​កាន់​តែ​ច្រើន

  • ម៉ែន​ គឹមសេង

លោក​បណ្ឌិត សុខ ទូច សាកលវិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ក្នុង​ពេល​លោក​ជា​វាគ្មិន​នៅ​កម្មវិធី Hello VOA នៅ​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០១៥។

អ្នក​ជំនាញ​ខាង​ការ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​មើល​ឃើញ​ថា​ គំនិត​ផ្តួច​ផ្តើម​របស់​លោកស្រី​ Michelle Obama ​ភរិយា​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​ស្រ្តី​សិក្សាបាន​ខ្ពង់ខ្ពស់​នឹង​ជួយ​ជំរុញ​ឱ្យ​ស្ត្រី​កម្ពុជា​កាន់​តែ​មាន​ឱកាស​ក្នុង​ការ​សិក្សា​ថែម​ទៀត។

លោក​បណ្ឌិត​ សុខ ទូច ​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ​យល់​ថា​ រនាំង​ខណ្ឌ​ចែក​រវាង​បុរស​និង​ស្រី្ត​ក្នុង​ប្រទេស​កម្ពុជា​លែង​មាន​ទៀត​ហើយ​ ហើយ​ស្រ្តី​កម្ពុជា​មាន​សិទ្ធិ​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ទទួល​បាន​ការ​សិក្សា​អប់រំ។

លោក​បាន​បន្ថែម​ថា៖ «ស្រ្តី​ដើរ​តួនាទី​សំខាន់​ក្នុង​សង្គម​គ្រួសារ​ក៏​ដូច​ជា​ឆាក​នយោបាយ​ដែរ។ ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា​ចំណាប់​អារម្មណ៍​របស់​ស្រ្តី​បណ្តុះ​បណ្តាល​ស្រ្តី​របស់​លោកស្រី មីស្ហែល ​អូបាម៉ា ​គឺ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​នៅ​ពេល​ដែល​ប្រទេស​ពីរ​ដែលមាន​គំនិត​ប្រហាក់​ប្រហែល​គ្នា‍»។

លោក​ស្រី មីស្ហែល អូបាម៉ា នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃ​សុក្រ​ទី​២០​ខែ​មីនា ហើយ​ចាក​ចេញ​វិញ​នៅ​ថ្ងៃ​អាទិត្យ​ទី​២២​ខែ​មីនា ដើម្បី​ផ្សព្វផ្សាយ​គម្រោង​ «Let Girls Learn‍» ឬ ​«គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា»។ នេះ​ជា​គម្រោង​មួយ​ដែល​នឹង​ជួយ​ស្ត្រី​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​១១​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។

លោកស្រី​មីស្ហែល បាន​លើក​ឡើង​ថា ​គម្រោង​ជួយ​ស្ត្រី​ទាំង​នេះ​គឺ​មិន​មែន​ដាក់​ទៅ​ពី​ខាង​ក្រៅ​ទេ៖

«ខ្ញុំ​សូម​សង្កត់​ធ្ងន់​ថា​កម្មវិធី​នេះ​នឹង​ចេញ​មក​ពី​សហគមន៍​ហើយ​ដឹកនាំ​ដោយ​សហគមន៍​វានឹង​ផ្តោត​លើ​ដំណោះស្រាយ​ដែល​រៀបចំដោយ​មេដឹកនាំ​សហគមន៍​ ក្រុម​គ្រួសារ​ ហើយ​សូម្បី​តែ​សិស្ស​ស្រី​ខ្លួន​ឯង‍»។​

លោក​បណ្ឌិត ​សុខ ទូច​ យល់​ថា​ គំនិត​ផ្តួច​ផ្តើម​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ស្រ្តី​នៅ​ក្នុង​ប្រទេស​ក្រីក្រ។

«ខ្ញុំ​ជឿជាក់​ថា​ អ្វី​ដែល​ជា​ទស្សនវិជ្ជា​របស់​លោកស្រី​គឺ​បើ​ទោះបី​ជា​លោកស្រី មិន​បាន​ជួយ​ដល់​កម្រិត​ទាំង​អស់​ទេ​ ក៏​ប៉ុន្តែ​វា​ជា​ទស្សនៈ​មួយ​ជំរុញ។ ប៉ុន្តែ​ទស្សនៈ​នេះ​បើ​ដាក់​ទៅ​តំបន់​អាហ្វ្រិក​និង​តំបន់​បូព៌ា​ខ្ញុំ​ជឿជាក់​ថា​ មាន​ប្រសិទ្ធភាព​ណាស់»។​

លោក​បណ្ឌិត​ សុខ ទូច ​មើល​ឃើញ​ថា​ ស្រ្តី​ដែល​មាន​ការ​អប់រំ​ច្រើន​មាន​ការ​ទូន្មាន​ប្រៀន​ប្រដៅ​កូន​បាន​ប្រសើរ​ជាង​ស្ត្រី​ជា​មាតា​ដែល​មិន​ទទួល​បាន​ការ​អប់រំ​ជ្រៅជ្រះ។

«ស្ត្រី​ដើរ​តួនាទី​សំខាន់​ណាស់។ ស្រ្តី​គឺ​ជា​មាតា​ក្នុង​លោក។ ស្រ្តី​គឺ​ជា​ជាង​ចម្លាក់។ ហើយ​បើ​ស្រ្តី​អត់​ចេះ​ឆ្លាត ​កូន​កើត​មក​ខ្ញុំ​ជឿជាក់​ថា​លំបាក​នឹង​កែ​សង្គម​ណាស់‍»។

កម្ពុជា​ជួប​ប្រទះ​បញ្ហា​ធ្ងន់​ធ្ងរ​លើ​អត្រា​កុមារ​បោះបង់​ការ​សិក្សា​ចោល។ ក្នុង​ចំណោម​កុមារ​១០០​នាក់​ដែលបាន​ចូល​សិក្សា​តាំង​ពី​ថ្នាក់​ទី​មួយ​គឺ​មាន​តែ​កុមារ​២០​នាក់​ប៉ុណ្ណោះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​៩៕

XS
SM
MD
LG