ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ជំទាវ​អូបាម៉ា​ផ្សព្វផ្សាយ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន


លោក​​ជំទាវ មីសែល អូបាម៉ា (Michelle Obama) នៃ​សហរដ្ឋ​អាមេរិក​ថ្លែង​​​នៅ​សាកវិទ្យាល័យ​ប៉េកាំង​ Peking University ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៤។
លោក​​ជំទាវ មីសែល អូបាម៉ា (Michelle Obama) នៃ​សហរដ្ឋ​អាមេរិក​ថ្លែង​​​នៅ​សាកវិទ្យាល័យ​ប៉េកាំង​ Peking University ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៤។
លោកជំទាវ មីសែល អូបាម៉ា (Michelle Obama) ​បាន​ទៅ​បំពេញ​ទស្សនៈ​កិច្ច​សាកលវិទ្យាល័យទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃសៅរ៍នៅ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​យ៉ាង​រហន់​របស់​លោក​ស្រី​ទូទាំង​ប្រទេស​ចិន។ នៅ​ថ្ងៃ​ទី​២​របស់​លោក​ជំទាវ​ក្នុង​ប្រទេស​ចិន លោក​ជំទាវ Michelle Obama ​បាន​ថ្លែង​ទៅ​កាន់​ពួក​និស្សិត​អាមេរិកាំង​និង​ចិន​នៅ​ឯ​សាកលវិទ្យា​ល័យ​ទីក្រុង​ប៉េកាំង​ដែល​ជា​សាកលវិទ្យាល័យ​ដ៏​ល្បី​ល្បាញ​មួយ។ លោក​ជំទាវ ​បាន​សង្កត់​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​សិក្សា​អប់រំ​និង​សិទ្ធិ​មនុស្ស​ រួម​ទាំង​ពី​សិទ្ធិ​មនុស្សដល់​សេរីភាព​នៃ​ការ​និយាយ​ស្តី។

លោក​ជំទាវ​ថ្លែង​ថា៖ «ពេល​វេលា​និង​ជាថ្មី​ម្តង​ទៀត យើង​បាន​ឃើញ​ថា ​ប្រទេស​នានា ​កាន់​តែ​ខ្លាំង​ឡើង​និង​កាន់​តែ​រីក​ចម្រើន​ឡើង​នៅ​ពេល​ដែល​សំឡេង​និង​មតិ​របស់​ពលរដ្ឋ​ប្រទេស​ទាំង​នោះ ​ត្រូវ​បាន​គេ​ឮ​នោះ»។

កាល​ពី​អតីត​លោក​ជំទាវ ហ៊ីឡារី គ្លីនតុន (Hillary Clinton) បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ លោក​ជំទាវ​បាន​រិះគន់​ចំៗ​ជាង​លោក​ជំទាវ​អូបាម៉ា។ ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​របស់​លោកជំទាវ​អូបាម៉ា ​នឹង​បញ្ចៀស​បញ្ហា​នយោបាយ​ដ៏​ស្មុគ្រ​ស្មាញ​ ​ហើយ​លោក​ជំទាវ ​នឹង​មិន​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​ពួក​អ្នក​កាសែត​ទេ។ ​តែ​ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ជំនួយការ​របស់​លោក​ជំទាវ​ និយាយ​ថា ​ពេលវេលា​របស់​លោក​ជំទាវ​ក្នុង​ប្រទេស​ចិន ​នឹង​ប្រើ​ដើម្បី​អនុវត្តិ​ការ​ទូត​ទន់​ (ត្រជាក់) soft diplomacyនិង​ទំនាក់ទំនង​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ។

លោក​ជំទាវ​អូបាម៉ា​និង​ម្តាយ Marian Robinson (ឆ្វេង) ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping និង​លោក​ជំទាវ Peng Liyuan (ស្តាំ) នៅ​ក្រោយ​ការ​ថត​រូប​នៅ​ផ្ទះសំណាក់​ជាតិ Diaoyutai នៅ​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៤។
លោក​ជំទាវ​អូបាម៉ា​និង​ម្តាយ Marian Robinson (ឆ្វេង) ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping និង​លោក​ជំទាវ Peng Liyuan (ស្តាំ) នៅ​ក្រោយ​ការ​ថត​រូប​នៅ​ផ្ទះសំណាក់​ជាតិ Diaoyutai នៅ​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៤។
កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​លោក​ជំទាវ Peng Liyuan របស់​ប្រធានាធិតបី​ចិន បាន​អម​ដំណើរ​លោក​ជំទាវ​អូបាម៉ា​ហើយ​និង​កូនស្រី​២​នាក់​របស់​លោកស្រី​អូបាម៉ា​ទៅ​កាន់​សាលារៀន​ចិន​មួយ​កន្លែង​ដែល​នៅ​ទី​នោះ ​លោក​ជំទាវ​ទាំង​២ បាន​ចូល​រួម​ថ្នាក់​សរសេរ​អក្សរ​ផ្ចង់​ហើយ​បាន​លេង​កីឡា​ប៉េងប៉ុង។ លោក​ជំទាវ​ទាំង​២ ក៏​បានដើរ​កម្សាន្ត​អតីត​រាជវាំង​កំបាំង (Forbidden City) របស់​ចិន​ផង​ដែរ។

ប្រធានា​ធិបតី​ចិន Xi Jinping ​ក៏​បាន​ទទួល​លោក​ជំទាវ​អូបាម៉ាកាល​ពី​យប់​ថ្ងៃ​សុក្រ​ដែរ ​ហើយ​បាន​មាន​ប្រសាសន៍​ថា ​លោក​សង្ឃឹម​នឹង​ជួប​លោក​ប្រធានាធិបតី​អូបាម៉ាក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ចនា​ពេល​ខាង​មុខ​ទៅ​កាន់​ប្រទេស​ហុល្លង់។

លោក​ជំទាវ​អូបាម៉ា ​កំពុង​ប្រើ​ប្រាស់ផ្នែក​មួយ​នៃ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ចនៅ​ក្រុង​ប៉េកាំង​ដើម្បី​សង្កត់ពី​សារៈ​សំខាន់​នៃ​ការ​សិក្សា​អប់រំហើយ​នឹង​ការ​សិក្សា​នៅ​បរទេស​។

«ការ​សិក្សា​នៅ​បរទេស​មិន​គ្រាន់​តែជា​ការ​សប្បាយ​រីករាយដើម្បី​ចំណាយពេល​ឆមាស​សិក្សា​ទេ។ វា​កំពុង​ក្លាយ​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ដើម្បីធ្វើ​ឲ្យ​ជោគ​ជ័យ​ដល់​សេដ្ឋកិច្ច​សាកលលោក​របស់យើង​ដែរ»។

និស្សិត​ចិន​២​សែន​នាក់ ​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ហើយ​និស្សិត​អាមេរិកាំង​២​ម៉ឺន​នាក់​សិក្សា​ក្នុង​ប្រទេស​ចិនជារៀង​រាល់​ឆ្នាំ។

មុន​ដំណើរ​បំពេញទស្សនៈ​កិច្ច​របស់​លោក​ជំទាវ​ទៅ​កាន់​ប្រទេស​ចិន ​លោក​ជំទាវ​អូបាម៉ា​បាន​សរសេរ​ចុះ​ផ្សាយ​ក្នុង​ប្លុក​ថា «ខ្ញុំ​នឹង​និយាយជាមួយ​ពួក​និស្សិតអំពី​ការ​រស់​នៅ​របស់​ពួកគេ​ក្នុង​ប្រទេស​ចិន​ហើយ​នឹង​និយាយ​ប្រាប់​ពួកគេ​អំពី​ប្រទេស​អាមេរិកនិង​តម្លៃ​ហើយ​នឹង​ប្រពៃណីដែល​យើង​គិត​គូ»។

បន្ទាប់​មក ​លោក​ជំទាវ ​អូបាម៉ា​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ស៊ីយ៉ាន (Xi'an) ​ដើម្បី​ទស្សនា​ចម្លាក់​ស្តេច​សង្គ្រាមធ្វើ​ពី​ដី​ឥដ្ឋ​ហើយ​នឹង​ទៅ​កាន់​ទីក្រុង Chengdu ​ដើម្បី​ទស្សនា​កន្លែង​ចិញ្ចឹម​សត្វ​ខ្លា​ឃ្មុំ​ពណ៌​ស Panda ដែល​មាន​ចំនួន​ប្រមាណ​៥០​ក្បាល៕​

ប្រែ​សម្រួល​ដោយ​ ​ជឹង ​ប៉ូជីន​
XS
SM
MD
LG