ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សូម្បី​តែ​មុន​ពេល​ដែល​លោក​ជំទាវអូបាម៉ា​បាន​មក​ដល់​ទីក្រុង​ប៉េកាំង​ សេចក្តី​រាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​រដ្ឋ​ចិន​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​រួច​ទៅ​ហើយ។ ពួកគេ​បាន​ហៅ​ថា​នេះ​គឺ​ជា​ភាគ​បន្ត​នៃ​ការជួប​ជុំ​មិន​ផ្លូវ​ការ​កាលពី​ឆ្នាំ​មុន​នៅ​ដំណាក់​ Sunnylands រដ្ឋ​កាលីហ្វ័ញ៉ា​រវាង​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​និង​លោក​ស៊ី ជិនពីង (Xi Jinping) ​នៃ​ប្រទេស​ចិន។

ថ្ងៃ​ទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ​នឹង​ត្រូវ​ចំណាយ​ពេល​នៅ​ទីក្រុង​ប៉េកាំង​ជាមួយ​សមភាគី​ចិនគឺ​លោក​ជំទាវ​ទីមួយ​ Peng Liyuan ​ភរិយា​លោក​ប្រធានាធិបតី​ស៊ី។ លោក​ជំទាវ​ទាំង​ពីរ​នឹង​ទៅ​ទស្សនា​សាលារៀន​មួយ​និង​ទីក្រុង​ហាមឃាត់​ដែល​ជា​អតីត​ព្រះ​រាជវាំង​របស់​អធិរាជ​ចុង​ក្រោយ​នៃ​ប្រទេស​ចិន។​ លោកស្រី​ទាំងពីរ​ក៏ ​នឹង​ចូលរួម​ទស្សនា​ការសម្តែង​សិល្បៈ​រួម​គ្នា​នៅ​ក្រោយ​ពី​ពិធី​អាហារ​ល្ងាច​ផងដែរ។

សារព័ត៌មាន​ Beijing News ​ដ៏មាន​ប្រជាប្រិយ៍នៅ​ក្នុង​រដ្ឋ​ធានី​នេះ​បាន​និយាយ​រួច​ទៅ​ ហើយ​អំពី​«នយោបាយ​ការទូត​របស់​លោ​កជំទាវ​ទីមួយ»​ថា​អាច​នឹង​ដើរ​តួរ​នាទី​ដ៏​សំខាន់​ក្នុង​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​និង​ចិន។ សារព័ត៌មាន​នោះ​ក៏​កត់​សម្គាល់​អំពី​អ្វី​ដែល​ដំណើរ​ទស្សនកិច្ច​នោះ​ផ្ទុយ​គ្នាយ៉ាង​ខ្លាំងទៅ​នឹង​អ្វី​ដែល​គេហៅ​ថា​«បទដ្ឋាន​ពីរ»​នៃ​កិច្ច​សហប្រតិបត្តិ​ការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ផ្នែក​ប្រឆាំង​នឹង​ភេរវកម្ម​និង​ការ​ខ្វះ​សេចក្តី​ទុកចិត្ត​គ្នា​លើ​ជម្លោះ​ព្រំដែន​នៅ​សមុទ្រចិន​ខាង​កើត​និង​ខាង​ត្បូង។

អត្ថបទ​នោះ ​ក៏​និយាយ​ថា​លោកជំទាវ​អូបាម៉ា​នៅ​តែ​ធ្វើ​ទស្សនកិច្ច​សូម្បី​តែមិន​មាន​ការប្រសើរ​ឡើង​ណា​មួយ​ក្នុង​ផ្នែក​ជាច្រើន​ដូច​ជា​សិទ្ធិ​មនុស្ស​ជាដើម។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​កាលពី​សប្តាហ៍​មុន​ សកម្មជន​សិទ្ធិ​មនុស្ស​របស់​ចិន​ម្នាក់​ឈ្មោះ​ Cao Shunli បាន​ស្លាប់​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពន្ធនាគារ។ របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន​គ្រោង​នឹង​អនុម័ត​ដោយ​អង្គការ​ពិភពលោក​នេះ​នៅ​ក្នុង​ប្រទេស​ស្វ៊ីស​នៅ​ថ្ងៃពុធ។ ដំណើរ​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ព្រះសង្ឃ​ទីបេ​ពីរ​អង្គ​បាន​ដុត​ព្រះ​កាយ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការដឹកនាំ​របស់​ប្រទេស​ចិន។​

ថ្វីបើ​មាន​ការ​ខ្វែង​គំនិត​គ្នា​ ក៏​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​ព្យាយាម​កសាង​នូវ​ទំនាក់​ទំនង​ប្រភេទ​ថ្មី​មួយ​ រវាង​ប្រទេស​ដ៏​ធំ​ទាំង​ពីរ​នេះ។ លោក​ហុង​ឡី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​និយាយ​ថា​ប្រទេស​ទាំងពីរ​មើល​ឃើញ​ថា​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ចូលរួម​ចំណែក​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​នោះ។

«ដំណើរ​ទស្សនកិច្ច​នេះ​កើត​មាន​ឡើង​ចំពេល​ដែល​ប្រទេស​ទាំង​ពីរកំពុង​តែ​កសាង​នូវ​គំរូ​ថ្មី​មួយ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​យើង។ វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ»។​

កាសែត ​Youth Daily នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​គូស​រំលេច​ថា​តើ​ការ​អប់រំ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជា​ចំណុច​ផ្តោត​ការ​ចាប់​អារម្មណ៍​សំខាន់​យ៉ាង​ណា​នៃ​ទស្សនកិច្ច​នេះ ដោយ​សារ​មាន​ដំណើរ​ទៅ ទស្សនា​សាលារៀន​ចំនួន​បី​ក្នុង​នោះ ​មាន​សាកល​វិទ្យាល័យ​ក្រុង​ប៉េកាំង​ផង​ដែរ។

លោកស្រី​ Tina Tchen​ ប្រធាន​បុគ្គលិក​របស់​លោក​ជំទាវ​អូបាម៉ា​ និយាយ​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ​ទីមួយ​នេះ​នឹង​ផ្តោត​លើ​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​និង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​គាត់។

«បញ្ហា​ទាំង​នេះ ​យើង​គិត​ថា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ក្មេងៗ​ក្នុង​ពិភពលោក​ពេញ​ចិត្ត​មិន​ខាន។ ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ចេញ​មក​ពី​ត្រកូល​ធម្មតា ​មាន​ឪពុកម្តាយ​ដែល​មិន ​បាន ​សិក្សា​នៅ​មហាវិទ្យាល័យ​ តែ​ជា​អ្នកផ្តល់​តម្លៃ​ផ្នែក​ការអប់រំ​ដល់​លោក ជំទាវទី១​និង​បងប្រុស​ជានិច្ចកាល​នោះ​ វា​បាន​លើក​ទឹកចិត្ត​ដល់​ពួកគេ​ក្នុង​ការចាប់​យក​បញ្ហា​អប់រំ​ធ្វើ​ជា​ផ្លូវ​ដើម្បី​ជោគជ័យ​និង​ធ្វើ​ដំណើរ​ធ្ពោះ​ទៅមុខ»។

លោក​ជំទាវ​អូបាម៉ា​នឹង​ស្នាក់​នៅ​ទីក្រុង​ប៉េកាំង​រហូត​ដល់​ថ្ងៃ​អាទិត្យ​ទៅ​ទស្សនកិច្ច​កន្លែង​កម្សាន្ត​នៅ មហា​កំផែង​និង​ថ្លែង​សុន្ទរកថា​នៅ​មជ្ឈមណ្ឌល​ Stanford ​របស់​សាកលវិទ្យាល័យ​ប៉េកាំង​និង​មាន​សកម្ម​ភាព​ជាច្រើន​ទៀត។ នៅ​ថ្ងៃ​ច័ន្ទ​ លោក​ជំទាវ​ទីមួយ​និង​កូនស្រី​ទាំងពីរ​ព្រម​ទាំង​ម្តាយ​នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​ទីក្រុង​ Xian ​ដើម្បី​មើល​កំផែង​ក្រុង​Xian​ និង​ក្រុង​Chengdu។

ទោះបី​ជា​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​រៀបចំ​យ៉ាង​តឹង​តែង​និង​ម៉ដ្ឋចត់​ ក៏ ​បញ្ហា​រស៊ើប​មួយ​ចំនួន​អាច​នឹង​កើត​ឡើង​បាន​ដែរ។

អ្នក​សរសេរ​ប្លុក​ឈ្មោះ​ Michael Anti​ បាន​កត់​សម្គាល់​ថា​ថ្វី​បើ​ទីក្រុង​ Xian ​គឺ​ជា​កន្លែង​ឈប់​សំចត​ប្រវត្តិសាស្រ្ត ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​វាក៏​ជា​ទីកន្លែង​ដែល​មាន​ការ​វិវាទ​គ្នា​ក្នុង​ប្រទេស​ចិន​អំពី​កុមារ​នៅ​សាលា​មត្តេយ​សិក្សា​ដែល​ត្រូ​វ គេ​ផ្តល់​ថ្នាំ​ដែល​មាន​វេជ្ជ​បញ្ជា​ដោយ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ពី​ឱពុកម្តាយ​របស់​ពួកគេ​ដែរ។​

«រឿងនេះ​ជា​រឿង​ចាប់អារម្មណ៍​ខ្លាំង​ណាស់​នៅ​ពេល​មាន​ទស្សនកិច្ច​មកកាន់​ទី​ក្រុង Xian​ របស់​លោក​ជំទាវ​ទី១ ​Michelle ​ហើយ​ពិភាក្សា​អំពី​បញ្ហា​សំខាន់​ទាំង​ ស្រុង​ចំពោះ​កុមារ​សម្រាប់​ប្រទេស​ទាំងពីរ ​ហើយនឹង​វិធី​យ៉ាង​ណា​ដែល​ប្រព័ន្ធ​ អ៊ីនធឺនណិត​នឹង​ភ្ជាប់​រឿង​ទស្សនកិច្ច​ទៅ​នឹង​រឿង​អាស្រូវ​នោះ ​ព្រោះ​រឿង​នេះ​គេ​អាច​ភ្ជាប់​ត្រង់ៗ​តែម្តង។ ខ្ញុំ​គិត​ថា​រឿង​នេះ​នឹង​ជា​ពេល​លំបាក​សម្រាប់​ការរិតត្បិត​ផ្នែក​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​ចិន​ហើយ»។

អានទី​និយាយ​ថា​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជួយសម្រួល​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​នៅ​ខែ​មេសា​មក​ទ្វីប​អាស៊ី​គឺ​មិន​ចាំ​បាច់​មក​ប្រទេស​ចិន​ទៀត​ទេ៕​

ប្រែសម្រួល​ដោយ​ ម៉ែន គឹមសេង
XS
SM
MD
LG