ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាព​តាន​តឹង​ផ្ទុះ​ឡើង​​ពេល​​សាច់​ញាតិ​របស់​ជនរង្គ្រោះ​យន្តហោះ​ម៉ាឡេស៊ី​​ទាមទារ​ចម្លើយ


សមាជិក​ក្រុមគ្រួសារ​ម្នាក់​របស់​​អ្នក​ដំណើរ​ចិន​ដែល​នៅ​លើ​យន្តហោះ​​ដែល​បាត់​ ស្រែក​យំ​​នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​​ខណៈ​ដែល​អ្នក​ស្រី​កាន់​បដា​​សរសេរ​ថា៖ «យើង​ប្រឆាំង​នឹង​ការណ៍​​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​បិទ​បាំង​ការណ៍​ពិត​ដែល​ពន្យារ​ពេល​កិច្ចការ​ជួយ​សង្គ្រោះ។ សូម​ដោះលែង​ក្រុមគ្រួសារ​យើង​ដោយ​គ្មាន​លក្ខខណ្ឌ!»
ការ​ខក​ចិត្ត​លើ​បញ្ហា​ខ្វះ​ការ​ជឿនលឿន​ក្នុង​ការ​រុករក​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាន​បាត់​បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ឯ​សន្និសីទសារព័ត៌មាន​ប្រចាំ​ថ្ងៃ ​ដែល​នៅ​ទី​នោះ​ ​សាច់​ញាតិ​ជនជាតិ​ចិន​របស់​អ្នក​ដំណើរ​ដែល​កំពុង​បាត់​ខ្លួន ​បាន​ប្រឈម​មុខ​ជាមួយ​ពួក​មន្រ្តី​ម៉ាឡេស៊ី។

ក្រុម​គ្រួសារ​ដែល​កំពុង​មាន​ទុក ​បាន​ផ្ទុះ​កំហឹងនៅ​ក្នុង​បន្ទប់​ដែល​នៅ​ទី​នោះ​ការ​ថ្លែង​ព័ត៌​មាន​ខ្លីៗ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ ​បាន​ស្រែក​ហើយ​នឹង​កាន់​បដា​ទាមទារ​ឲ្យ​ពួក​អាជ្ញាធរ​ម៉ាឡេស៊ី​និយាយ​ការណ៍​ពិត​អំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​ដល់​យន្តហោះ​ដែល​បាន​បាត់​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ​ខែ​មីនា​មក។

ស្រ្តី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ចង្អុល​មុខ​ដាក់​មន្រ្តី​អាកាសចរណ៍​ម៉ាឡេស៊ី។
អ្នកស្រី​និយាយ​ថា៖ «រាល់​ថ្ងៃ ​ខ្ញុំ​បាន​ប្រឈម​នឹង​សំណួរ​ដ៏​ធុញទ្រាន់​របស់​លោក​ឯង ​ខ្ញុំប្រឈម​មុខ​ជាមួយ​អ្នកជា​រៀង​រាល់​ថ្ងៃ ​ខ្ញុំ​ឆ្អែត​ចិត្ត​ជាមួយបញ្ហា​នេះ​ហើយ។ ​ខ្ញុំ​ដឹង​ថា លោក​ឯង​មិន​អាច​ធ្វើ​អ្វី​បាន​ទាល់​តែ​សោះ​ក្រៅ​ពី​ធ្វើ​ឲ្យ​ខ្ញុំ​បញ្ចេញកំហឹង​និង​ស្រែក​យំ ​យើង​មិន​អាច​ធ្វើ​អ្វីលោក​ឯក​ទេ។ ​ក្រៅ​ពី​ការ​ភូត​កុហក ​បោក​ប្រាស់​ លោក​ឯង ​កំពុង​ធ្វើ​ខ្លួន​ដូច​អ្នក​លេង​អញ្ចឹង»។

អ្នក​ដំណើរ​២ភាគ៣​នៃ​អ្នក​ដំណើរ​ទាំងអស់​២២៧​នាក់នៅ​លើ​យន្ត​ហោះជា​ជន​ជាតិ​ចិន។ ​ក្រុម​គ្រួសារ​ជា​ច្រើន​មាន​ការ​ខឹង​សម្បារ​កាន់​តែ​ខ្លាំង​ឡើងអំពី​អ្វី​ដែល​ពួកគេ ​គិត​ថា ​ជា​ព័ត៌មាន​ច្របូកច្របល់ដែល​ម៉ាឡេស៊ី ​បាន​បញ្ចេញ។ ​ក្រុម​គ្រួសារ​ខ្លះ ​បាន​គំរាម​ធ្វើ​កូដកម្ម​បង្អត់​អាហារ។

កងកម្លាំង​សន្តិសុខ​ម៉ាឡេស៊ី ​បាន​បង្ខំ​ឲ្យ​សាច់​ញាតិ​ចិន​ទាំង​នោះ​ចេញ​ពី​បន្ទប់ហើយ​បាន​បិទផ្លូវ​ចេញ​ចូល​នៅ​ពេល​ដែល​បណ្តាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​និង​ជាតិ​បាន​ថត​យក​ឧបទ្ទវហេតុ​នេះ។

នៅ​ពេល​ដែល​សន្និសីទ​ ​បាន​ចាប់​ផ្តើម ​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ម៉ាឡេស៊ី​ Hishammuddin Hussein ​បាន​និយាយ​ថា ​ពួក​អាជ្ញាធរ​កំពុង​ប្រឹងប្រែង​អស់​ពី​សមត្ថភាពដើម្បី​ស្វែង​រក​យន្តហោះហើយ​បាន​ពង្រីក​តំបន់​រុករក ​ដែល​ឥឡូវ​នេះ​បាន​គ្រប​ដណ្តប់​ជាង​៧​លាន​គីឡូម៉ែត្រ​ការ៉េ​ហើយ។

លោក​រដ្ឋមន្រ្តី ​ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​អន្តរជាតិ​បាន​និយាយ​ថា ​លោក​យល់​ពី​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។ ​លោក​បាន​និយាយ​បន្ត​ទៀត​ថា ​ម៉ាឡេស៊ី ​កំពុង​បញ្ជូន​គណៈប្រតិភូ​ជាន់​ខ្ពស់​មួយ​ផ្សេង​ទៀត​ទៅ​កាន់​ទី​ក្រុង​ប៉េកាំងដើម្បី​ពន្យល់​ឲ្យ​បាន​លម្អិត​ពី​ការ​រុករក​យន្ត​ហោះ​នោះ៕

ប្រែសម្រួលដោយ ជឹង ប៉ូជីន
XS
SM
MD
LG