ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ម៉ិកស៊ិក​បញ្ជាក់​ថា ​មាន​ការឆ្លង​មេរោគ​វីរុសកូរ៉ូណា​ជា​លើក​ដំបូង


អ្នក​ដំណើរ​កំពុង​បន្ត​នៅ​លើ​នាវា​ MSC Meraviglia នៅ​កោះ Cozumel ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ២០២០។ នាវា​ដឹក​មនុស្ស​៦,០០០​នាក់​ត្រូវ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​ប្រទេស​ហ្សាម៉ាអ៊ិក និង​កោះ Cayman បន្ទាប់​ពី​បុគ្គលិក​នាវា​ម្នាក់​រក​ឃើញ​មាន​ជំងឺ​ផ្ដាសាយ។
អ្នក​ដំណើរ​កំពុង​បន្ត​នៅ​លើ​នាវា​ MSC Meraviglia នៅ​កោះ Cozumel ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ២០២០។ នាវា​ដឹក​មនុស្ស​៦,០០០​នាក់​ត្រូវ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​ប្រទេស​ហ្សាម៉ាអ៊ិក និង​កោះ Cayman បន្ទាប់​ពី​បុគ្គលិក​នាវា​ម្នាក់​រក​ឃើញ​មាន​ជំងឺ​ផ្ដាសាយ។

អាជ្ញាធរ​សុខាភិបាល​ម៉ិកស៊ិក​ បានប្រកាស​កាល​ពីថ្ងៃ​សុក្រ​ថា ​ពួក​គេ​បានបញ្ជាក់ថា ​ពិត​ជា​មាន​ករណី​មេរោគ​វីរុស​កូរ៉ូណា​ចំនួន​ពីរ​នៅ​ដំណាក​ដំបូង​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក។​

បុរស​ម្នាក់​នៅ​ក្នុង​ក្រុង​ម៉ិកស៊ិក​ ដែល​បាន​ទៅ​ទស្សនា​ប្រទេស​អ៊ីតាលី​ កាលពី​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កាល​ពីថ្ងៃ​សុក្រ​ ហើយ​អ្នកជំងឺ​ម្នាក់​ទៀត​នៅ​ក្នុង​រដ្ឋ ​Sinaloa ត្រូវ​បាន​បញ្ជាក់​ថា​មាន​ផ្ទុក​មេរោគ​នេះ​មែន។ ក្រៅ​ពី​ប្រទេស​ម៉ិកស៊ិក​ ប្រទេស​ប្រេស៊ីល​ ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​ទ្វីប​អាមេរិកឡាទីន​ដែល​មាន​មេរោគ​វីរុសកូរ៉ូណា។​

មេរោគ​វីរុសកូរ៉ូណា​បាន​លេច​ឡើង​នៅ​ក្នុង​ប្រទេស​យ៉ាង​តិច​ណាស់​ប្រាំ​ទៀត​កាល​ពីថ្ងៃ​សុក្រ​គឺ​ប្រទេស​អាហ្សែបៃហ្សង់ បេឡារុស លីទុយអានី ​នូវែលសេឡង់ និង​នីហ្សេរីយ៉ា។

ករណី​នៅ​ក្នុង​ប្រទេសនីហ្សេរីយ៉ា​ ដែល​ត្រូវ​រក​ឃើញ​នៅ​ក្នុង​រដ្ឋធានី​សេដ្ឋកិច្ច ​Lagos ​ជា​ករណី​ទីមួយ​នៅ​ក្នុង​តំបន់​ខាង​ត្បូង​សមុទ្រ​ខ្សាច់​សាហារ៉ា​ហើយ​ជា​ករណីទី​បី​ត្រូវ​បញ្ជាក់​ថា​ពិត​ជា​មាន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។ ពួកមន្ត្រី​នីហ្សេរីយ៉ា​បាន​និយាយ​ថា ​ករណី​នេះ​មាន​ទាក់​ទិន​នឹង​ពលរដ្ឋ​អ៊ីតាលី​ម្នាក់​ដែល​បាន​ចូល​ក្នុង​ប្រទេស​នេះ​ក្នុង​សប្តាហ៍​នេះ។

នៅ​ក្នុង​ប្រទេស​អាហ្សែបៃហ្សង់​ ពលរដ្ឋ​រុស្ស៊ី​ម្នាក់​ដែល​បាន​ទៅ​ដល់​ទីនោះ​ពី​ប្រទេស​អ៊ីរ៉ង់ត្រូវ​បាន​បញ្ជាក់​ថា​ មាន​ផ្ទុកមេរោគ​វីរុស​នេះ។ នៅ​ក្នុងប្រទេស​បេឡារុស​ និស្សិត​អ៊ីរ៉ង់​ម្នាក់​ដែល​បាន​ទៅ​ដល់​ប្រទេស​នេះ​ពី​ប្រទេស​អាហ្សែបៃហ្សង់​ បានធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​។

ប្រទេស​លីទុយអានី​ ក៏​បាន​ប្រកាសកាល​ពីថ្ងៃ​សុក្រ​ដែរ​ថា ​ស្ត្រី​មា្នក់​ដែល​វិល​ត្រឡប់​ពី​ទស្សនកិច្ច​មួយ​ក្នុង​ប្រទេស​អ៊ីតាលី​ក្នុង​សប្តាហ៍​នេះ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន។​

ប្រទេស​នូវែសេឡង់​បាន​បញ្ជាក់​អំពី​ករណី​ទីមួយ​នៃ​មេរោគ​វីរុស​កូរ៉ូណា​កាល​ពីថ្ងៃ​សុក្រ​ដោយ​និយាយ​ថា ​មនុស្ស​ម្នាក់​ដែល​មក​ដល់​កាល​ពី​ពេល​ថ្មីៗ​នេះ​ពី​ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន។​

នៅ​ក្នុងប្រទេស​ហូឡង់​ ករណី​ទី​មួយ​បាន​ត្រូវ​បញ្ជាក់​ថា ​កើត​មាន​កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍​ហើយ​ករណី​មួយ​ទៀត​បាន​ត្រូវ​បញ្ជាក់​កាល​ពីថ្ងៃ​សុក្រ។ ជន​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ដំណើរ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​កាន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីតាលី។​

ចំនួន​នៃ​ករណី​មេរោគ​វីរុសកូរ៉ូណា​ថ្មីៗ​បាន​ចុះ​ថយ​នៅ​ក្នុងមជ្ឈ​មណ្ឌល​នៃ​ការ​រាលដាល​ជំងឺ​នេះ​គឺ​ប្រទេស​ចិន​ ក៏​ប៉ុន្តែ​បាន​កើន​ឡើង​ច្រើន​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង ដែល​មាន​អ្នក​ជំងឺ​នេះ​ច្រើន​ជាង​គេ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន។

គណៈកម្មការ​សុខាភិបាល​ជាតិ​នៃ​ប្រទេស​ចិន​បាន​រាយការណ៍​អំពីករណី​ថ្មីៗ​៣២៧​និង​មាន​មនុស្ស​ស្លាប់​៤៤​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ដែល​ជា​ចំនួន​ករណី​ថ្មីៗ​តិច​បំផុត​ក្នុង​ពេល​ជាង​មួយ​ខែ។ ក៏​ប៉ុន្តែ​ចំនួន​ករណី​នៃ​អ្នកជំងឺ​នេះ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​កើន​ដល់​២,៣៣៧​នាក់​ដោយ​មាន​ករណី​ថ្មីៗ​៥៧១​នាក់​និង​មាន​មនុស្ស​ស្លាប់​១៦​នាក់។ ភាគ​ច្រើន​នៃ​ករណី​ទាំង​នេះ​មាន​នៅ​ក្នុង​ក្រុង​ Daegu ដែល​ជា​ក្រុង​ធំទី​បួន​ក្នុង​ប៉ែក​ខាងត្បូង​ប្រទេស៕

XS
SM
MD
LG