ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​នៅកូរ៉េ​ខ្លាច​ជំងឺ​កូវីដ-១៩​ ប៉ុន្តែ​មិន​ចង់​ទៅ​កម្ពុជា​វិញ​ទេ


ពលរដ្ឋនៅទីក្រុងថេហ្គូ (Daegu) តម្រង់ជួរទិញម៉ាស់នៅហាងលក់ទំនិញមួយកន្លែងក្នុងតំបន់ពាណិជ្ជកម្ម Dongseongro នៅទីក្រុងថេហ្គូ កូរ៉េខាងត្បូង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ពលរដ្ឋ​កម្ពុជាដែល​កំពុងរស់នៅ​និង​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មួយចំនួន​ ព្រួយ​បារម្ភ​នឹង​ជំងឺ​កូវីដ-​១៩​ (ឬវីរុសកូរ៉ូណា) ​ដែល​កំពុង​ឆ្លងរាលដាល​យ៉ាងឆាប់​រហ័ស​នៅ​ទីនោះ​ ហើយ​ពួកគេ​កំពុងតែ​ចាត់​វិធានការ​ថែរក្សា​សុខភាព​ផ្ទាល់​ខ្លួន ប៉ុន្តែ​មិន​ចង់​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជាវិញ​ទេ។

ប្រទេស​កូរ៉េ​ខាងត្បូង​មាន​អ្នកឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន​ជិត ​២.០០០​ករណី​ ដែល​ជា​ចំនួន​ច្រើន​ជាងគេ​ទីពីរ​បន្ទាប់​ពី​ប្រទេស​ចិន។ ភាគច្រើន​គឺ​ស្ថិត​នៅ​ទីក្រុង​ថេហ្គូ(Daegu) ​ដែល​ជា​កន្លែងមានការឆ្លង​រាលដាលយ៉ាងខ្លាំង។ ​ទីក្រុង​ដែល​មាន​ពលរដ្ឋ​ជិត ​២,៥លាន​នាក់​នេះ​ មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​ជិត​ ១០.០០០​នាក់ រស់នៅ​និងធ្វើការ​តាម​រោងចក្រ​នានា។

លោក ទឹម វណ្ណនី​ ដែលកំពុង​តែធ្វើការ​នៅ​រោងចក្រ​ផលិត​ដែកថែប​ ក្នុង​ទីក្រុង​ថេហ្គូ​ បាន​បញ្ជាក់​ថា​លោកព្រួយបារម្ភ​ខ្លះ​ដែរ ​ដោយសារតែ​ជំងឺ​កូវីដ-១៩​ បាន​ចម្លង​ទៅ​មនុស្ស​យ៉ាងច្រើន​និង​យ៉ាងរហ័ស។ ប៉ុន្តែ​ លោក​ជឿជាក់​លើវិធានការ​អនាម័យ​ ដែល​អាជ្ញាធរ​បាន​ដាក់ចេញ។

​លោក ​ទឹម វណ្ណនី​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖ «នៅក្នុង​រោងចក្រ​មាន​ទឹក​សម្រាប់​លាង​ដៃ​ហើយ​នឹង​ថ្នាំ​បាញ់​ការពារ​រោងចក្រ​ គឺជា​ថ្នាំទឹក​ដែល​បាញ់​ជុំវិញ​រោងចក្រ​ ហើយ​គេ​ឱ្យ​យក​ទឹក​លាងដៃ។ បើ​នៅផ្ទះ​យើង​វិញ​ខាង​អាជ្ញាធរ​ភូមិ​ឃុំ​ គេ​បាន​សេចក្តី​ប្រកាស​ណែនាំ​និងផ្ញើសារ​តាម​ទូរស័ព្ទ​ឱ្យ​យើង​គ្រប់ពេល​ទាំងអស់​ សឹងតែ​មួយម៉ោង​ម្តង​ ដើម្បី​ណែនាំ​យើង​ឱ្យ​អនុវត្តតាម​គោលការណ៍​របស់​គេ»។​

លោក ទឹម វណ្ណនី​ ដែល​មាន​ស្រុកកំណើត​នៅ​ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់ស្ពឺ​ បាន​បន្ថែម​ថា ​វិធានការ​របស់​អាជ្ញាធរ​ក៏មាន​ការ​ដាក់ពិន័យ​ដល់​អ្នកព្រងើយ​កន្តើយ​មិន​យកចិត្ត​ទុក​ដាក់​ការពារ​ផងដែរ។

«បើយើង​មើល​តាមវិធានការ​របស់​អាជ្ញាធរ​កូរ៉េ​ គឺ​យើង​មាន​អារម្មណ៍​ស្ងប់​ ហើយ​យើង​គិត​ថា​ វាមិន​អាច​ឆ្លង​តទៅទៀត​ទេ ​ពីព្រោះ​អី​វិធានការ​នេះ។ ហើយ​ឥឡូវ​រដ្ឋាភិបាល​គាត់​ចេញច្បាប់​ថ្មី​ទៀត​ ហើយ​ច្បាប់​នេះ​ បើអ្នកណា​មិន​អនុវត្ត​ទេ ​គឺត្រូវ​ជាប់​ពន្ធនាគារ​ទៀត​ ដោយសារ​តែ​ពេទ្យ​ពិនិត្យ​ឃើញ ​អ្នកមាន​វីរុស​កូរ៉ូណា​ហ្នឹង​ហើយ​ គឺ​ដោយសារ​តែ​មន្ទីរពេទ្យ​ក្នុង​តំបន់​ខ្ញុំ​នេះ​ពេញ​ អីចឹង​គាត់​ឱ្យ​នៅ​ក្នុង​ផ្ទះ ​ប្រសិន​បើ​យើង​មិន​អនុវត្ត​តាម​ទេ​ ហើយ​ដើរ​ចេញ​ទៅ​ក្រៅ​អាច​ឆ្លង​ដល់​គេ​ដល់ឯង​ គឺ​ខាង​រដ្ឋាភិបាល​គាត់​មាន​វិធានការ​ដាក់​ទោស​អ្នកនោះ»។​

ពលរដ្ឋ​ខ្មែរ​មួយ​រូប​ទៀត​ដែល​រស់នៅ​ក្នុង​ទីក្រុង​ថេហ្គូ​ជាមួយ​នឹង​ស្វាមី​ជនជាតិ​កូរ៉េ​ គឺ​អ្នកស្រី​ គឹម ម៉ារី​ បាន​បញ្ជាក់​ថា ​អ្នកស្រីនិង​ក្រុមគ្រួសារ​មិន​ហ៊ាន​ចាក​ចេញទៅកន្លែងណា​ទេ​អស់រយៈពេល​មួយ​អាទិត្យ​ហើយ ​និង​ព្រួយបារម្ភ​ដោយសារតែ​សន្ទុះ​នៃ​ការឆ្លង​លឿន​ពេក។​

អ្នកស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​អត់​បាន​ទៅណាទេ​ នៅ​តែផ្ទះ​មួយ​អាទិត្យ​ជាង​ហើយ​ តាមដាន​តែ​ព័ត៌មាន​ហើយ​មួយថ្ងៃៗ​ ឃើញតែ​សារគេ​ឱ្យ​ប្រយ័ត្ន​ប្រយែង​ពាក់​ម៉ាស​ពាក់អី​ថា​នៅ​តំបន់​នេះ​ឆ្លង​ នៅ​តំបន់​នោះ​ឆ្លង។ គេ​ប្រាប់​មក​រហូត។ បី​ម៉ោង​គេ​ឱ្យ​ព័ត៌មាន​ម្តង​ បីម៉ោង​គេ​ឱ្យ​ព័ត៌មាន​ម្តង»។​

អ្នកស្រី​ គឹម ម៉ារី ​សង្ឃឹម​ថា វិធានការ​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង បាន​ដាក់​ចេញ​មក​យ៉ាងតឹងរ៉ឹង​នេះ​ ដើម្បី​ធានា​ថា​ការចម្លង​ថ្មី​ត្រូវ​កាត់​បន្ថយ។

«សំខាន់ពេល​ដែល​ចេញក្រៅ​ត្រូវតែ​ពាក់ម៉ាស​ជាដាច់​ខាត ​ត្រូវលាងដៃ​ឱ្យ​ស្អាត ​ពេល​ចេញ​ទៅ​ក្រៅក៏​លាង​ ពេល​ចូលមក​វិញ​ក៏លាង​ ហើយ​មួយ​ទៀត​ បើ​សិន​ជា​គេ​សង្ស័យ​ថា​ យើង​កើត​ជំងឺកូរ៉ូណាហ្នឹង​ ហើយ​បើ​សិន​ជាយើង​អត់​ឱ្យ​ពេទ្យ​ពិនិត្យ​ គឺ​ប៉ូលិស​គេផាក​ពិន័យ​ជាលុយ។ ហើយ​ពេល​ពិនិត្យ​ទៅ​ឃើញ​ អត់ព្រម​ទៅ​ព្យាបាល ​អត់ព្រមទៅអី ​គឺ​គេ​ផាកពិន័យ​រាប់​លាន​ថែម​ពីលើ​ទៀត»។​

កូនពីរ​នាក់​របស់​អ្នកស្រី​ គឹម ម៉ារី​ មិន​ទៅរៀនទេ​ ដោយសារ​តែពេលនេះ​ចំពេល​ដែល​សាលា​រៀនបានបិទ​សម្រាក​វិស្សម​កាល​ តាំងពី​សប្តាហ៍​មុន ​ហើយនៅពេល​ដែល​មាន​បញ្ហា​ជំងឺ​កូវីដ-១៩​ នេះ​កើត​ឡើង ​ការសិក្សា​បន្ថែម​នៅពេល​សម្រាក​វិស្សមកាល​ក៏ត្រូវផ្អាក​ទាំងស្រុងផងដែរ។

វិធានការបាញ់ថ្នាំបង្ក្រាបមេរោគនៅស្ថានីយ៍ចតរថយន្តក្រុងមួយកន្លែងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
វិធានការបាញ់ថ្នាំបង្ក្រាបមេរោគនៅស្ថានីយ៍ចតរថយន្តក្រុងមួយកន្លែងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

មាន​ពលករ​កម្ពុជា​ចំនួន​ជិត​ ៥ម៉ឺន​នាក់​កំពុងតែ​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ​ប៉ុន្តែ​រដ្ឋាភិបាលកម្ពុជា​បាន​ប្រកាស​កាលពីដើម​សប្តាហ៍​នេះ​ថា​ នឹង​មិន​ជម្លៀស​ពលរដ្ឋ​ចេញ​ទេ ​ដោយសារតែ​ហេតុផល​មិត្តភាព​និង​សេដ្ឋកិច្ច។

លោក ទឹម វណ្ណនី បាន​បញ្ជាក់​ថា រោងចក្រដែល​លោក​ធ្វើការនៅ​ដំណើរ​ការល្អ​ទេ​ ប៉ុន្តែ​ខ្លះទៀត​បាន​បិទ ដោយសារតែ​ប៉ះពាល់ ​រីឯ​រោងចក្រ​ដែល​មិន​ប៉ះពាល់​ គឺនៅ​តែ​ដំណើរការ​តាម​ធម្មតា​ដដែល ​ប៉ុន្តែ​កាត់បន្ថយ​ម៉ោង។

«បើ​និយាយ​ទៅ​សេដ្ឋកិច្ច​កូរ៉េ​ពេលនេះ​ក៏ធ្លាក់​ដែរ​ ដោយសារ​តែ​វីរុស​កូរ៉ូណា​ហ្នឹង ​ហើយ​បើ​យើង​មើល​ទៅ​ប្រទេស​កម្ពុជា​យើង ​បើ​រដ្ឋាភិបាល​មិនចាត់​វិធានការ​បញ្ជូន​ទៅវិញ​ បើយើង​មើល​ទៅ​គឺ​វា​ជា​សុវត្ថិភាព​ទាំងសងខាង។ ណាមួយ​ពលករ​ទាំងអស់​គ្នា​មិន​បាន​ពិនិត្យ​មើល​ច្បាស់លាស់ថា​អ្នកណា​មាន​វីរុស​កូរ៉ូណា ​ឬ​ក៏អត់ទេ​ នៅពេល​ដែល​យើង​វិលត្រឡប់​ទៅវិញ​ ដោយ​មិន​បានពិនិត្យ​អីចឹង ​វា​អាច​មាន​គ្រោះថ្នាក់​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ»។​

ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​ខាងត្បូងបាន​បញ្ជាក់​ថា​ មិនមាន​ពលករ​ខ្មែរ​ណាម្នាក់​បាន​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ទេ​ ហើយ​បាន​ជំរុញ​ឱ្យ​ពួកគេ​ «ប្រកបរបរ​ទទួលទាន​ និង​ធ្វើការងារ​ប្រចាំ​ថ្ងៃ​ជា​ធម្មតា​តាម​ការកំណត់​របស់​រោងចក្រ​ សហគ្រាស ​កសិដ្ឋាន​ គ្រឹះស្ថាន​សិក្សា ​ឬ​ស្ថាប័ន​ផ្សេងៗ​ និង​ធ្វើ​តាម​ការណែនាំ​ពី​វិធី​ការពារ​របស់​អាជ្ញាធរ​កូរ៉េ»។ នេះបើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​កាលពីថ្ងៃ​អង្គារ។​

លោក​ យឹម ស៊ីណន ​ប្រធាន​ចលនា​យុវជន​បក្ស​សង្គ្រោះជាតិ​ នៅ​កូរ៉េ​ បញ្ជាក់​ថា លោក​តែងតែ​រំលឹក​ដោយ​ផ្ទាល់​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ឱ្យ​ប្រយ័ត្នប្រយែង​នឹង​ថែរក្សា​សុខភាពរបស់ពួកគេ។​

​លោក​ ស៊ីណន​ បន្ថែម​ថា ​ការចាត់​វិធានការ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​មាន​ភាព​រហ័សរហួន។ រីឯ​តារា​ចម្រៀង​និង​ក្រុមហ៊ុន​នានាក៏បាន​ចូលរួម​បរិច្ចាគ​ថវិកា​ដើម្បី​ចូលរួម​យុទ្ធនាការ​ជួយ​សង្គ្រោះផង​ដែរ។

«អីចឹង​ឃើញថា​មកទល់​បច្ចុប្បន្ន​នេះ​ យើង​សប្បាយចិត្ត​ដែលឃើញ​ថា​ បងប្អូន​របស់​យើង​ជាពិសេស​ពលរដ្ឋ​ខ្មែរ​មិនទាន់​មាន​អ្នកណា​ម្នាក់​ឆ្លង​នូវ​មេរោគ​កូរ៉ូណា​នេះ។ នេះ​ជារឿង​មួយ​ដែល​យើង​គួរតែ​ចូលរួម​ត្រេកអរ​ផង​ដែរ។​ ប៉ុន្តែ​យើង​ក៏​នៅ​សង្កេត​រង់ចាំ​សង្កេត​មើល​បន្ត​ទៀត​ ព្រោះ​ការរាតត្បាត​មាន​ភាព​ទូលំ​ទូលាយ​រាតត្បាត​ច្រើន​ប្រចាំ​ថ្ងៃ​បែប​នេះ»។​

លោក យឹម ស៊ីណន​ ​បន្ថែម​ថា គ្មាន​ពលរដ្ឋ​ខ្មែរម្នាក់​ចង់​ចាក​ចេញ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ ហើយ​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ​ទេ​ ដោយសារ​ពួកគេ​ទុកចិត្ត​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​ក៏​ដូចជា​ការ​គ្រប់គ្រង​នូវ​ការ​រាតត្បាត​នូវ​វីរុស​កូរ៉ូណា​នេះ​នៅ​ប្រទេស​កូរ៉េ។

លោក​ យឹម​ ស៊ីណន​ បាន​បន្ថែម​ថា៖ «អីចឹង​ជាទូទៅ​ដូចជា​មិនមាន​និន្នាការ​ណាមួយ​ដែល​ពួក​គាត់​ចង់​ចាក​ចេញ​ពី​កូរ៉េ​ ដើម្បី​ទៅ​កម្ពុជានោះ​ទេ​ ពីព្រោះ​គាត់​ថា​បើសិនជា​កម្ពុជា​មាន​ការឆ្លង​រាតត្បាត​ដែរ​ការ​ព្យាបាល​ក៏​ដូចជា​វិធានការ​ណាមួយ​ គឺ​កូរ៉េ​គេ​អាច​នឹង​បិទ​ជើង​ហោះ​ហើរ ​ឬ​ក៏​បិទ​ដំណើរ​វិលត្រឡប់​មក​វិញ ​គឺ​គាត់​ខាត​ការងារ​និង​ខាតប្រយោជន៍​ផ្សេងៗ។​ ដូច្នេះ​ជម្រើស​របស់​គាត់​គឺ​ទុកចិត្ត​ប្រព័ន្ធ​សុខាភិបាលរបស់កូរ៉េ ​ហើយ​ដូចយើង​ដឹង​ស្រាប់​នៅទីនេះ​ បើសិនជា​យើង​ឆ្លង​គឺ​គេមើល​យើង​ពីដើម​ដល់​ចប់​ហើយ​ការចំណាយ​ទៀត​សោត​គឺ​រដ្ឋាភិបាល​ជា​អ្នក​ចំណាយ»។​

រីឯអ្នកស្រី​ គឹម ម៉ារី ​ក៏​ទុកចិត្ត​លើ​ប្រព័ន្ធសុខាភិបាល​នៅកូរ៉េ​ជាជាង​វិលត្រឡប់​ទៅប្រទេស​កម្ពុជា​វិញ។

«ខ្ញុំ​មាន​អារម្មណ៍​ថា ​ខ្ញុំ​នៅទីនេះ​មានសុវត្ថិភាព​ជាង ​ពីព្រោះអី​ មិត្តភក្តិខ្ញុំ​ក៏ហៅមកដែរ​គឺ​គាត់​បបួល​ទៅ​ខ្មែរ​ គាត់ថា​គាត់​ចង់​ទៅខ្មែរ ​ពីព្រោះ​កូរ៉េឆ្លង​លឿនពេក ​ប៉ុន្តែ​ខ្ញុំ​គិត​ថា ​នៅ​កូរ៉េ​មាន​សុវត្ថិភាពជាង​ពីព្រោះ​អី​គេ​មាន​វិធី​ការពារ​ច្រើន​ប្រភេទ។ បើយើង​ទៅខ្មែរ​ យើង​អត់​ដឹង​ថា​ឈឺ​នៅ​ពេល​ណា​ ទៅ​ពិនិត្យ​នៅ​ឯណា​ ហើយ​របស់​ថែសុខភាព ​សូម្បី​តែ​ម៉ាស​នៅតាម​ស្រុក​ស្រែ​ក៏​អត់​មានពាក់​ដែរ​គេ​ប្រមូលទិញ​យក​ទៅ​លក់​អស់​ហើយ»។​

រហូតមក​ដល់​ពេល​នេះ ​មាន​អ្នកស្លាប់​ចំនួន​ ១៣នាក់ ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​ខណៈពេល​ដែល​នៅ​ទូទាំង​ពិភពលោក​ជំងឺកូវីដ-១៩​ បាន​សម្លាប់​មនុស្ស​ជាង​ ២.៨០០នាក់​ ហើយ​បាន​ចម្លង​ទៅ​មនុស្ស​ជាង​៨២.០០០នាក់។

នៅ​ប្រទេស​កម្ពុជា​មាន​ការឆ្លង​តែ​មួយ​ករណី​ប៉ុណ្ណោះ​ គឺ​លើ​ជនជាតិ​ចិន​កាល​ពី​ចុងខែ​មករា៕

ព័ត៌មានអំពីតួលេខនៃករណីស្លាប់ និងឆ្លងមេរោគកូវីដ-១៩ នៅជុំវិញពិភពលោក

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG