ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គនាយក​នៃ​អង្គការ WHO និយាយ​ថា​ការ​រាលដាល​មេរោគ​វីរុស​កូរ៉ូណា​នៅ​ក្រៅ​ប្រទេស​ចិន​ជា​កង្វល់​ធំបំផុត​របស់​ពិភព​លោក


លោក Tedros Adhanom Ghebreyesus បាន​មានប្រសាសន៍ នៅ​ក្នុង​សន្និសីទ​ព័ត៌មានអំពី​វីរុស​កូរ៉ូណាកាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Tedros Adhanom Ghebreyesus បាន​មានប្រសាសន៍ នៅ​ក្នុង​សន្និសីទ​ព័ត៌មានអំពី​វីរុស​កូរ៉ូណាកាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២០។

អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោកហៅ​កាត់ថា​WHO បានព្រមានកាលពី​ថ្ងៃព្រហស្បតិ៍​ថា​ការ​រាលដាលមេរោគ​វីរុស​កូរ៉ូណា​នៅ​ខាងក្រៅ​ប្រទេសចិន​នៅ​ពេល​នេះ​ជា​«កង្វល់ធំបំផុត»របស់​ពិភពលោក។​

លោក Tedros Adhanom Ghebreyesus បាន​មានប្រសាសន៍​ប្រាប់​ពួក​អ្នកកាសែត​នៅ​ក្នុងសន្និសីទកាសែត​ប្រចាំ​ថ្ងៃ​របស់លោក​ក្នុង​ក្រុង Geneve ថា​ «អ្វី​ដែលកំពុងកើតមាននៅ​ក្រៅ​ប្រទេស​ចិន​នៅពេលនេះ​ជា​កង្វល់ធំបំផុត​របស់​យើង»។

លោកអគ្គនាយក​រូបនេះនៃអង្គការ​ WHO បាន​និយាយ​ថាសហគមន៍​សាកល​ឋិត​នៅ«ចំណុចនៃ​ការ​ធ្វើសេចក្តី​សម្រេច​ធំមួយ»ក៏​ប៉ុន្តែ«ប្រសិនបើ​លោកអ្នក​ចាត់វិធានការខ្លាំងក្លា​នៅ​ពេលនេះ​លោកអ្នក​អាច​ទប់ទល់នឹង​មេរោគវីរុស​នេះ​បាន។

លោកអ្នក​អាច​បញ្ចៀស​កុំឱ្យ​មនុស្ស​មានជំងឺ​នេះបាន។​ លោកអ្នកអាចជួយ​ជីវិតមនុស្ស»។កាលពី​ថ្ងៃព្រហស្បតិ៍ ពួកមន្ត្រី​សុខាភិបាលកូរ៉េខាង​ត្បូង​បាននិយាយ​ថា​មានករណី​អ្នកជំងឺ​នេះ​៥០៥នាក់​ថែមទៀត​ដោយកើន​ឡើង​ទាំង​អស់ដល់១ពាន់៧រយ៦៦នាក់​ហើយ។

លោកនាយករដ្ឋមន្ត្រី​នៃប្រទេស​ជប៉ុន​ Shinzo Abe បាន​អំពាវ​នាវឱ្យ​បិទ​សាលារៀន​បួនប្រាំ​អាទិត្យ។ ការ​អំពាវនាវ​របស់លោក​ Abe មានឡើង​ក្រោយ​ពីរដ្ឋាភិបាល​ជប៉ុន​បានប្រាប់ប្រជារាស្ត្រ​ឱ្យ​ចៀស​វាង​កុំទៅ​កាន់​ការ​ប្រមូលផ្តុំគ្នា​ធំៗ​ហើយ​សមាគម​កីឡា​បានសម្រេច​ថា​ឱ្យលប់ចោលការ​ប្រកួត​ឬ​មួយធ្វើការ​ប្រកួត​ដោយ​គ្មាន​អ្នកទៅមើល​ដើម្បី​ខិតខំព្យាយាមបញ្ចៀស​កុំឱ្យមេរោគនេះរាល​ដាល​ថែម​ទៀត។

ប្រទេស​ជប៉ុនមានករណីអ្នកជំងឺនេះប្រមាណ២០០នាក់ ដោយមិនគិត​ករណីជាង៧០០​ពី​នាវាកម្សាន្ត​មួយគ្រឿងដែលបានត្រូវដាក់ឱ្យនៅដាច់ពីគេជា​ច្រើនសប្តាហ៍​នៅ​ក្នុង​ក្រុង​Yokohama៕

XS
SM
MD
LG