ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ត្រាំ​ថា​ សហរដ្ឋ​អាមេរិក​បាន ​«ប្រុងប្រៀប​ខ្លួន​ទាំង​ស្រុង‍»​សម្រាប់​ការ​រាលដាល​នៃ​មេរោគកូរ៉ូណា


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងជាមួយនឹងក្រុមអ្នកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump កាល​ពី​ថ្ងៃ​ពុធ​ថ្លែង​ថា​លោក​មិន​គិត​ថា​ ការ​ផ្ទុះ​រាលដាល​នៅ​សហរដ្ឋ​អាមេរិក នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៨០​.០០០​(៨​ម៉ឺន)​នាក់​ នៅ​ប្រទេស​យ៉ាង​ហោច​ណាស់​៣៧ ជា​រឿង​ដែល​មិនអាច​ចៀសវាង​បាន​នោះ​ទេ ក៏​ប៉ុន្តែ​លោក​បាន​សម្តែង​សុទិដ្ឋិនិយម​ថា រដ្ឋបាល​របស់​លោក​បាន​ត្រៀម​ខ្លួន​ហើយ​ប្រសិន​បើការ​រីករាលដាល​កើត​ឡើង។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​សេតវិមាន​កាល​ពី​យប់​ថ្ងៃ​ពុធ ដោយ​លោក​បញ្ជាក់បន្ថែម​ថា នៅ​ពេល​នេះ​ ការ​គំរាម​កំហែង​នៃ​មេរោគ​កូរ៉ូណា Covid-19 ចំពោះ​ពលរដ្ឋ​អាមេរិក​មាន​កម្រិត​«ទាប​ណាស់‍»។

​ប្រសាសន៍​របស់​លោក​ត្រាំ​កើត​មាន​មួយ​ថ្ងៃ​ក្រោយ​ពី​មន្ត្រី​នៃ​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​របស់​អាមេរិក​ហៅ​កាត់​ថា​ CDC ជឿជាក់​ថា​មេរោគ​ថ្មី​នេះ​នឹងរីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក គ្រាន់​តែ​ថា​ គេ​មិន​ដឹង​ថា​នៅ​ពេល​ណា​ហើយ​នឹង​ឆ្លង​ដល់​មនុស្ស​ប៉ុន្មាន​នាក់។

មក​ត្រឹម​ថ្ងៃ​ពុធ មាន​ការ​ឆ្លង​សរុប​៦០​ករណី​នៅ​សហរដ្ឋ​អាមេរិក ដោយ​អ្នក​ឆ្លង​បី​នាក់ជា​អ្នក​បាន​ត្រឡប់​ពី​ទីក្រុង​វូហាន​ប្រទេសចិន​ ដែល​ជា​ប្រភព​នៃ​ការ​ផ្ទុះ​រាលដាល​ដំបូង ហើយ​អ្នក​ឆ្លង​៤២​នាក់​ទៀត​ត្រូវ​បាន​គេ​ជម្លៀស​មក​សហរដ្ឋ​អាមេរិក​វិញ​ក្រោយ​ពី​ពួក​គេ​បាន​ស្ថិត​នៅ​លើ​នាវា​កម្សាន្តជាមួយ​មនុស្ស​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​គេ​ឃាត់​ឲ្យ​សំចត​ដាច់​ដោយ​ឡែក​ពី​គេ​ប្រទេស​ជប៉ុន។​

មន្ត្រី​សុខាភិបាល​អាមេរិក​បារម្ភ​ថា​អំពី​អ្វី​ដែល​គេ​ហៅ​ថា «ការ​ឆ្លង​ជា​សហគមន‍៍‍» ដែល​ជា​ករណី​នៃ​ការ​ឆ្លង​ដែល​គេមិន​ដឹង​ពី​ប្រភព​ឬ​របៀប​ឆ្លង។

ស្ថាប័ន CDC កាល​ពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​អំពីករណី​ដែល​អាច​ជា​ការឆ្លង​បែប​នេះ ដោយ​មាន​មនុស្ស​ម្នាក់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ថា​មាន​មេរោគ Covid-19 បើ​ទោះ​បី​ជន​នោះ​មិន​មាន​ប្រវត្តិ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​មាន​ការ​រាលដាល​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​ក្តី ឬ​បាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មាន​មេរោគ​នេះ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​សរសើរ​វិធានការ​ភ្លាមៗ​ និង​ចម្រូងចម្រាស់​របស់​រដ្ឋបាល​លោក​ក្នុង​ការ​ដាក់​បម្រាម​រិត​ត្បឹត​មិន​ជន​បរទេស​ដែលត្រឡប់ពី​ប្រទេសចិន​ចូលសហរដ្ឋ​អាមេរិក​ក្រោយ​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា ថា​ជា​មូលហេតុ​ដែល​មេរោគនេះ​មាន​កម្រិត​គ្រោះថ្នាក់​ទាប​នៅ​សហរដ្ឋ​អាមេរិក។ នៅ​ពេល​ត្រូវ​អ្នក​កាសែត​សួរ​ថា តើ​លោក​អាច​នឹង​ដាក់​បម្រាម​ចំពោះ​អ្នក​មក​ពី​ប្រទេស​អ៊ីតាលី​និង​កូរ៉េ​ខាង​ត្បូង ដែល​ទើប​មាន​ការ​រាលដាល​ខ្លាំង​នោះ​ទេ លោក​ឆ្លើយ​ថា លោក​អាច​ដាក់​បំរាម​ដូច​គ្នា​ដែរ ប៉ុន្តែ​ពេល​នេះ​មិន​ទាន់​ដល់​ពេល​ទេ។

កាល​ពី​ថ្ងៃ​ពុធ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បានបង្កើន​ការ​ណែនាំ​ពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដល់​កម្រិត​ទី​៣ ដោយ​ស្នើ​ឲ្យ​ពលរដ្ឋ​អាមេរិក​ពិចារណា​ឡើង​វិញ​នូវ​រាល់​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ៕​

XS
SM
MD
LG