ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​មេរោគ​កូរ៉ូណាវីរុស​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ចិន ក៏ប៉ុន្តែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង


មនុស្ស​ពាក់​ម៉ាស់​ដើម្បី​រារាំង​ការ​ឆ្លង​វីរុស​កូរ៉ូណា ហើយ​កំពុង​តម្រង់​ជួរ​ដើម្បី​ទិញ​ម៉ាស់​នៅ​ហាង​លក់​ទំនិញ ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​២៧កុម្ភៈ ២០២០។
មនុស្ស​ពាក់​ម៉ាស់​ដើម្បី​រារាំង​ការ​ឆ្លង​វីរុស​កូរ៉ូណា ហើយ​កំពុង​តម្រង់​ជួរ​ដើម្បី​ទិញ​ម៉ាស់​នៅ​ហាង​លក់​ទំនិញ ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​២៧កុម្ភៈ ២០២០។

ករណី​មេរោគ​កូរ៉ូណាវីរុស​ថ្មី​បាន​ធ្លាក់​ចុះ​នៅ​ទី​កន្លែង​ផ្ទុះ​មេរោគ​នោះ​នៅ​ក្នុង​ប្រទេស​ចិន ​ក៏ប៉ុន្តែ​បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ​ដែល​ជា​ប្រ​ទេស​រង​ផល​ប៉ះ​ពាល់​ខ្លាំង​បំផុត​នៅ​ខាង​ក្រៅ​ប្រទេស​ចិន។

គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​បាន​រាយការណ៍​ពី​ករណី​ថ្មី​ចំនួន​៣២៧​និង​មនុស្ស​ស្លាប់​៤៤​នាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ដែល​ជា​ចំនួន​ទាប​បំផុត​នៃ​ករណី​ថ្មី​នៅ​ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​នេះ។

ក៏ប៉ុន្តែ ​ចំនួនករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង ​មាន​លើស​ពី​២​ពាន់​ករណី​ដោយ​មាន​ករណី​ថ្មី​ចំនួន​២៥៦​ ហើយ​ចំនួន​មនុស្ស​ស្លាប់​១៣​នាក់។ ​ករណី​ភាគ​ច្រើន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ថេហ្គូ ​ដែល​ជា​ទី​ក្រុង​ធំទី​៤​របស់​កូរ៉េ​ខាង​ត្បូង។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ពួក​មន្រ្តី​រាយការណ៍​ពី​ករណី​មេរោគ​កូរ៉ូណា​វីរុស​មិន​ស្គាល់​ប្រភពលើកដំបូង ​មាន​ន័យថា ​ស្រ្តីរងគ្រោះ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ាភាគ​ខាង​ជើង ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ខាង​ក្រៅ​សហរដ្ឋ​អាមេរិកឬ​មិន​បាន​ទាក់​ទិន​ជាមួយ​ជន​ណា​ដែល​បាន​ឆ្លង​មេរោគ​នោះ។

ថ្វី​បើ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​និយាយ​ថា​ ភាព​គ្រោះ​ថ្នាក់​នៃ​ការ​ឆ្លង​មេរោគ​នោះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​មាន​កម្រិត​ទាប​ក៏​ដោយ ​ពួក​មន្រ្តី​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ​និយាយ​ថា ​ពួកគេ​បាន​ចាប់​ផ្តើម​ការ​ខំ​ប្រឹង​ប្រែង​ទាក់​ទង​ជាមួយមនុស្ស​គ្រប់​ស្រទាប់​ទាំងអស់។ មេរោគ​កូរ៉ូណា​វីរុស​មាន​ការ​ឆ្លង​យ៉ាង​ខ្លាំង​ពី​មនុស្ស​ទៅ​មនុស្ស។

លោក​ Tedros Adhanom ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក ​និយាយ​ថា ​ការ​ផ្ទុះ​ឡើង​មេរោគ​នោះ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន ​ជា​ការ​ព្រួយ​កង្វល់​យ៉ាង​ធំបំផុត​មួយ។

លោក ​Tedros ​បាន​និយាយ​ថា៖​ «ប្រសិន​បើ​យើង​ចាត់​វិធានការ​ខ្លាំង​នៅ​ពេល​ឥឡូវ​នេះ ​យើង ​អាច​រាំងខ្ទប់​មេរោគ​នោះ។ យើង​អាច​ការពារ​មនុស្ស​កុំ​ឲ្យ​ឈឺ។យើង​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស»៕

XS
SM
MD
LG