ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​ពិភពលោក​ផ្តោត​លើ​ការ​ទប់​ទល់​​មិន​ឲ្យ​មេរោគ​កូរ៉ូណា​រាលដាល​បន្ត


ឱសថការីម្នាក់ពាក់ម៉ាសការពារប្រឆាំងនឹងការរីករាលដាលវីរុសកូរ់ូណា នៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
ឱសថការីម្នាក់ពាក់ម៉ាសការពារប្រឆាំងនឹងការរីករាលដាលវីរុសកូរ់ូណា នៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

មន្ត្រី​សុខាភិបាល​នៅ​ជុំវិញ​ពិភពលោក កំពុង​ផ្តោត​លើ​វិធានការ​នានា​ដើម្បី​បញ្ឈប់​ការ​រាលដាល​បន្ត​ទៀត​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​មក​ដល់​ពេល​នេះ​បាន​ឆ្លង​ដល់​មនុស្ស​យ៉ាង​តិច ៨២០០០​នាក់​នៅ​ប្រទេស​ជាង​៤០។

សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​សម្រេច​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម ហើយ​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19 ច្រើន​ជាង​គេ​បន្ទាប់​ពី​ប្រទេស​ចិន។

​មន្ត្រី​កូរ៉េខាង​ត្បូង​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាន​ការ​ឆ្លង​ថ្មី​ចំនួន​៣៣៤​ករណី ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​កូរ៉េ​ខាង​ត្បូង​កើន​ដល់​១៥៩៥​នាក់។

នៅ​ពេល​នេះ ការ​ផ្តោត​ជា​អន្តរជាតិ​ចំពោះ​មេរោគ​កូរ៉ូណា បាន​ផ្លាស់​ប្តូរ​ពី​ការ​ផ្តោត​ភាគ​ច្រើន​ទៅ​លើ​ករណី​ឆ្លង​នៅ​ក្នុងប្រទេស​ចិន ទៅ​ការ​ឆ្លង​មេរោគ​នៅ​ក្រៅ​ប្រទេស​ចិន​វិញ។ ក្នុង​សប្តាហ៍​នេះ​ ជា​លើក​ដំបូង​ដែល​ករណី​ឆ្លង​នៅ​ក្រៅ​ប្រទេស​ចិន​បាន​កើន​ឡើង​លើស​ចំនួន​ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​ចិន។

​ប្រទេស​ដាណឺម៉ាក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានរាយកាណ៍ពី​ករណី​ឆ្លង​មេរោគ​ Covid-19 ដំបូង​នៅ​ក្នុង​ប្រទេស​នេះ ដែល​បាន​កើត​លើ​បុរស​ម្នាក់​ដែល​ទើប​បាន​ត្រឡប់​ពី​ប្រទេស​អ៊ីតាលី​វិញ។

ការ​រាយការណ៍​របស់​ដាណឺម៉ាក​កើត​ឡើង​ក្រោយ​ពី​ ប្រទេស​ប្រេស៊ីល​បាន​រាយការណ៍​ពី​ករណី​ឆ្លងដំបូង​របស់​ខ្លួន​ដែរ ដែល​ជា​ករណី​ទី​១​នៅ​ទ្វីប​អាមេរិក​ឡាទីន ហើយ​ដែល​កើត​ឡើង​ចំពោះ​អ្នក​ទើប​ត្រឡប់​ពី​អ៊ីតាលី​ម្នាក់ដែរ។

​ប្រទេស​ថ្មីៗ​ទៀត​ដែល​ទើប​រាយករាណ៍​ពី​ករណី​ឆ្លង​ដំបូង​ដែរ​នោះ​រួម​មាន​ប្រទេស​រ៉ូម៉ានី ក្រិក ន័រវែស និង​ប៉ាគីស្ថាន៕

XS
SM
MD
LG