ប្រទេសម៉ិកស៊ិក កំពុងព្យាយាមធ្វើឲ្យរបបអាហារសម្រាប់ប្រជាជនរបស់ខ្លួនកាន់តែប្រសើរ ដោយបានយកពន្ធលើភេសជ្ជៈទាំងឡាយណាដែលមានជាតិស្ករ។ ការសិក្សាថ្មីមួយបានបង្ហាញថា ពន្ធលើផលិតផលមានជាតិស្ករទាំងនោះអាចជួយកាត់បន្ថយគ្រោះថ្នាក់នេះបានយ៉ាងច្រើន ក៏ដូចជាការស្លាប់ដោយជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមបេះដូង។
រដ្ឋាភិបាលម៉ិកសិក បានកំណត់យកពន្ធ១០ភាគរយលើភេសជ្ជៈដែលមានជាតិស្ករក្នុងឆ្នាំ២០១៤។ នេះជាការព្យាយាមលើកទឹកចិត្តឲ្យប្រជាជនជ្រើសយកជម្រើសផ្សេងទៀតដែលធ្វើឲ្យមានសុខភាពល្អ ដោយសារតែប្រទេសនេះមានការកើតឡើងខ្លាំងនៃករណីលើសទម្ងន់ រួមទាំងការរាតត្បាតនៃជំងឺទឹកនោមផ្អែម។
លោកស្រី Kirsten Bibbins-Domingo សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ California San Francisco បានដឹកនាំការសិក្សាមួយស្តីពីផលប្រយោជន៍ចម្បងចំពោះសុខភាពកើតចេញពីការការបង់ពន្ធ។ អ្នកស្រីនិយាយថា ការយកពន្ធនេះបានផ្តល់ផលដ៏ធំធេងរួចមកហើយ។
«ការជាវភេសជ្ជៈដែលមានជាតិស្ករបានធ្លាក់ចុះ ១២ ភាគរយនៅប្រទេសម៉ិកស៊ិក»។
ការសិក្សាជាច្រើនបានបង្ហាញថា ការកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមអាចធ្វើឲ្យសុខភាពមានភាពប្រសើរឡើង ជាពិសេសចំពោះជំងឺទឹកនោមផ្អែម។ លោកស្រីសាស្រ្តាចារ្យ Bibbins-Domingo និយាយថា លោកស្រីរំពឹងថាការកាត់បន្ថយជាតិស្ករក្នុងភេសជ្ជៈនេះនឹងកើតមាននៅប្រទេសម៉ិកស៊ិក។
«យើងរំពឹងថា ករណីជំងឺទឹកនោមផ្អែមប្រហែល២០០.០០០ករណីនឹងលែងកើតមានក្នុងរយៈពេល១០ឆ្នាំខាងមុខ ប្រសិនបើការបន្ថយការទទួលទានជាតិផ្អែមនៅតែបន្ត ដែលជាការរួមចំណែកដោយសារតែការតំឡើងពន្ធនេះ។ ហើយនេះក៏ជាប្រយោជន៍ដ៏ធំមួយចំពោះសុខភាព ថែមទាំងអាចសន្សំថវិកាបានច្រើនទៀតផង។ ថិវកាប្រហែល ១ពាន់លានដុល្លារ ទំនងជាត្រូវបានសន្សំ ដោយសារតែការកាត់បន្ថយការចំណាយសម្រាប់ថែទាំងសុខភាព»។
ប៉ុន្តែការដាក់ពន្ធលើទំនិញ មិនថានៅប្រទេសម៉ិកស៊ិក ឬនៅសហរដ្ឋអាមេរិកទេ គឺមិនសូវជាមានប្រជាប្រិយភាពឡើយ»។
លោកស្រីសាស្រ្តាចារ្យបានពន្យល់ថា៖ «ដូច្នេះ ការតវ៉ាប្រឆាំងនឹងការបង់ពន្ធនេះ ពិតជាកើតមានជាមិនខាន។ ប្រជាជនមិនចូលចិត្តបង់ពន្ធនោះទេ ហើយច្បាស់ណាស់ សមាគមភេសជ្ជៈអាមេរិក បានតវ៉ាប្រឆាំងនឹងពន្ធអាករនានាជាបន្តបន្ទាប់។ ប៉ុន្តែយើងគួរតែដឹងដែរថា អង្គការសុខភាពពិភពលោកក៏បានបញ្ចេញរបាយការណ៍មួយកាលពីប៉ុន្មានសប្តាហ៍មុននេះ ដែលបង្ហាញពីទីកន្លែងដែលបានអនុវត្តការយកពន្ធទាំងនេះ។ របាយការណ៍នោះបង្ហាញថា ការយកពន្ធបែបនេះជាឧបករណ៍សំខាន់ដើម្បីជួយពួកយើងទប់ទល់ការកើនឡើងនៃជំងឺទឹកនោមផ្អែមទូទាំងពិភពលោក»។
កិច្ចខិតខំប្រឹងប្រែងដើម្បីអនុម័តពន្ធលើភេសជ្ជៈសូដា ទទួលបានលទ្ធផលផ្សេងៗគ្នានៅតាមទីក្រុងនានាក្នុងសហរដ្ឋអាមេរិក។ ក្រុមអ្នករិះគន់ ជាពិសេសឧស្សាហកម្មភេសជ្ជៈនិយាយថា វាអាចផ្តល់ផលអាក្រក់ចំពោះសេដ្ឋកិច្ចក្នុងស្រុក។
លោកស្រីសាស្រ្តាចារ្យ Bibbins-Domingo បានព្រមានថា ជំងឺទឹកនោមផ្អែមប្រភេទទី២ មិនមែនត្រឹមតែជាបញ្ហារបស់ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។
«ជំងឺទឹកនោមផ្អែម គឺជាបញ្ហាសម្រាប់ពិភពលោកទាំងមូល។ អត្រានៃជំងឺនេះបានកើនស្ទើរតែគ្រប់ប្រទេសទាំងអស់លើសាកលលោក។ ប្រទេសម៉ិកស៊ិក ក៏កំពុងមានបញ្ហាខ្លាំងជាមួយនឹងជំងឺទឹកនោមផ្អែមនេះ។ ប្រទេសនេះមានអត្រាជំងឺទឹកនោមផ្អែមខ្ពស់បំផុតនៅទ្វីបអាមេរិក ហើយប្រទេសនេះក៏មានអាត្រាខ្ពស់បំផុតនៃការទទួលទានភេសជ្ជៈមានជាតិស្ករផងដែរ»។
កាលពីមុន នៅសហរដ្ឋអាមេរិក ក្នុងចំណោមយុវជន១១នាក់ មានម្នាក់មានកម្រិតជាតិស្ករខ្ពស់ដែលឈានទៅរកការកើតជំងឺទឹកនោមផ្អែម។ បច្ចុប្បន្ននេះ ចំនួនកុមារដែលមានជាតិស្ករខ្ពស់បានកើនដល់ម្នាក់ក្នុងចំណោមប្រាំនាក់។
លោកស្រីសាស្រ្តាចារ្យ Bibbins-Domingo បានពន្យល់ថា៖ «នេះគឺដោយសារតែឥរិយាបថរបស់បុគ្គលម្នាក់ៗ ហើយក៏ដោយសារតែបរិស្ថានជុំវិញដែរ ដូចជាបរិស្ថានចំណីអាហារដែលពួកយើងរស់នៅ ដែលជាបរិស្ថានសម្បូរទៅដោយអាហារកំប៉ុងមានជាតិស្ករខ្ពស់។ វាជាទំនួលខុសត្រូវរបស់សង្គមយើងទាំងអស់គ្នា។ នេះជាស្ថានភាពដែលយើងពិតជាអាចការពារបាន»។
ប្រទេសកាន់តែច្រើននៅជុំវិញពិភពលោកកំពុងយកតម្រាប់តាមរបបអាហារបែបបស្ចិមប្រទេស ដែលជារឿយៗសម្បូរទៅដោយជាតិស្ករ សារធាតុធ្វើឲ្យធាត់និងអំបិល។ អង្គការសុខភាពពិភពលោកនិយាយថា ទម្លាប់របបអាហារទាំងនោះបាននាំឲ្យមានជំងឺមិនឆ្លង បូករួមនិងកង្វះលំហាត់ប្រាណ ការប្រើប្រាស់ថ្នាំជក់និងការសេពគ្រឿងស្រវឹងលើសកម្រិត។ ជំងឺទាំងនោះរួមមាន ជំងឺទឹកនោមផ្អែម មហារីក ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺផ្លូវដង្ហើម។ ជំងឺទាំងនេះបានសម្លាប់មនុស្ស ៣៨លាននាក់ជារៀងរាល់ឆ្នាំ។
ជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលត្រូវបានគេស្គាល់ថាជាជំងឺទឹកនោមផ្អែមវ័យក្មេង កើតមាននៅពេលលំពែងអាចផលិតជាត់អាំងស៊ុយលីនបានតិចតួច ឬមិនអាចផលិតបានតែម្តង សម្រាប់ត្រួតពិនិត្យជាតិឃ្លុយកូស ដែលជាជាតិស្ករចម្បងសម្រាប់ផលិតថាមពល។ មូលហេតុពិតប្រាកដមិនត្រូវបានគេដឹងនោះទេ។ ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទនេះរួមមានការទទួលទានថ្នាំដែលមានសារធាតុអាំងស៊ុយលីនជារៀងរាល់ថ្ងៃ។
នៅសហរដ្ឋអាមេរិក ខែវិច្ឆិកា គឺជាខែដែលគេប្រារព្ធកម្មវិធីយល់ដឹងអំពីជំងឺទឹកនោមផ្អែម៕
ប្រែសម្រួលដោយ ទុំ ម្លិះ