អ្នកទទួលទានកាហ្វេជំនាន់ថ្មី ដែលភាគច្រើនមានវ័យក្មេង ស្បែកខ្មៅ និង មានជីវភាពធូធារ កំពុងតែស្រូបក្លិនទឹកស៊ីរ៉ូដែលគ្មានពណ៌ហើយកំពុងសួររកនារីស្អាតៗ ដែលបរិយាកាសនេះបូកផ្សំជាមួយនឹងគ្រាប់កាហ្វេដែលនាំចូលពីប្រភពដើមតែមួយ។
លោក Sibanda និយាយបែបកំប្លែងនៅពេលដែលលោកឆុងកាហ្វេ Cappuccino ជាមួយនឹងគ្រាប់កាហ្វេថ្មីៗរួចលោករចនាដោយប្រើហ្វូមថា «ខ្ញុំធ្លាប់តែដាក់ស្ករ៦ដុំក្នុងកាហ្វេពីព្រោះខ្ញុំធ្លាប់ជឿថាកាហ្វេគឺល្វីង។ ប៉ុន្តែនៅពេលដែលខ្ញុំស្គាល់ពីកាហ្វេបានច្រើន ខ្ញុំចាប់ផ្តើមកាត់បន្ថយស្ករ រហូតមកដល់ថ្ងៃនេះ ឥឡូវខ្ញុំមិនដែលផឹកកាហ្វេជាមួយនឹងស្ករទៀតទេ។»
មិនមែនមានតែលោក Sibanda ទេដែលទើបតែដឹងពីការទទួលទានកាហ្វេដែលមានរសជាតិប្រសើរជាងមុន។
ក្រុមស្រាវជ្រាវទីផ្សារមួយ ឈ្មោះ Insight Survey បាននិយាយក្នុងរបាយការណ៏របស់ខ្លួនថា «អាហ្រ្វិកខាងត្បូងនឹងចូលរួមបដិវត្តន៏កាហ្វេហើយគេចចេញពីដើមកំណើតកាហ្វេដ៏គួរឲ្យអាម៉ាស់របស់ខ្លួន»។ ការសិក្សានោះបានកត់សម្គាល់ភាពរីកចម្រើនដ៏គួរឲ្យចាប់អារម្មណ៏របស់ហាងកាហ្វេនៅអាហ្រ្វិកខាងត្បូងក្នុងរយៈពេលពីរឆ្នាំមុន ដោយចំណូលបានលោតដល់៧ភាគរយ។
វាបានបង្ហាញកាន់តែច្បាស់នៅពេលហាងកាហ្វេដ៏ល្បីឈ្មោះ Starbucks បានបើកសម្ភោធហាងទី១របស់ខ្លួននៅអាហ្រ្វិកនៅទីក្រុង Johannesburg កាលពីខែ មេសា។ ប្រជាជនគ្រប់ពណ៌សម្បុរទាំងអស់បានរង់ចាំបន្តជួរហូរហែរាប់ម៉ោងសម្រាប់កែវកាហ្វេដែលមានពណ៌សលាយបៃតងនេះ។
លោក Wayne Burrows អ្នកលីងកាហ្វេនៃហាង Urban Grind ក្នុងទីក្រុង Johannesburg និយាយថាអ្នកទទួលទានកាហ្វេជំនាន់ថ្មីនៅអាហ្រ្វិកខាងត្បូងមានចំណាប់អារម្មណ៏យា៉ងខ្លាំងចំពោះអ្វីដែលមានក្នុងកែវនិងប្រភពរបស់វា។
លោកបន្តថានោះគឺជាអ្វីដែលធ្វើឲ្យបដិវត្តន៏កាហ្វេនៅអាហ្វ្រិកខាងត្បូងមានភាពខុសប្លែក។
«ខ្ញុំចង់ស្គាល់កសិករដែលប្រមូលផលនិងចំរាញ់កាហ្វេនេះ ដូច្នេះខ្ញុំអាចប្រាប់ដល់អតិថិជនដែលទទួលទានកាហ្វេនេះ។ ហេតុផលដែលខ្ញុំធ្វើបែបនេះដោយសារតែអតិថិជនសព្វថ្ងៃមានការវិនិច្ឆ័យកាន់តែល្អ។ ពួកគេចង់ភ្លក់និងស្គាល់រសជាតិកាហ្វេដែលឆ្ងាញ់ជាងមុន។ ពួកគេកំពុងតែសួរថា តើកាហ្វេនេះអាចនៅយូរអង្វែងបានប៉ុណ្ណា? តើយើងធ្វើការជាមួយនឹងកាហ្វេនេះយ៉ាងដូចម្តេច? ហើយនេះគឺជានិន្នាការថ្មីដែលកំពុងពេញនិយម»។
លោក Burrowsគឺជាអ្នកផ្សព្វផ្សាយកាហ្វេធ្វើដោយដៃ។ កាហ្វេពែងទី១នាពេលព្រឹករួមមានការថ្លឹងនិងកិនគ្រាប់កាហ្វេដែលទើបនឹងលីងថ្មី ដោយប្រុងប្រយ័ត្នក្នុងបីរបៀប។ លោកនិយាយថាដើម្បីទទួលបានកាហ្វេកាន់តែឆ្ងាញ់នោះ គួរតែច្រោះកាហ្វេ បន្ទាប់មក ឆុងតាមរបៀបរបស់ជប៉ុនដែលមើលទៅ ដូចជាឧបករណ៏គីមីវិទ្យា ហើយចុងក្រោយភ្លក់រសជាតិកាហ្វេដោយប្រុងប្រយ័ត្នដូចដែលអ្នកជំនាញភ្លក់ស្រាអ៊ីចឹង។
អ្នកនាង Jermina Kgole និយាយថានាងពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលនាងដឹងថាខ្លូននាងផ្ទាល់ក៏ផ្លាស់ប្តូរដែរ។
នាងនិយាយថា «ខ្ញុំធ្លាប់ញ៉ាំកាហ្វេកញ្ចប់ដែលឆុងបានភ្លាមៗ ដូចជាកាហ្វេ Ricoffee ឬ Nescafe ហើយខ្ញុំមិនអាចសូម្បីតែរកភាពខុសគ្នារវាងកាហេ្វទាំងពីរនេះ»។ សព្វថ្ងៃនេះ នាង Kgole ជាអ្នកគ្រប់គ្រងហាង The Perfect Cup ដែលជាហាងមួយក្នុងចំណោមហាងកាហ្វេដែលឆ្ងាញ់បំផុតក្នុងទីក្រុង Johannesburg។
នាងពិតជាស្រលាញ់គ្រាប់កាហ្វេណាស់។ នាងនិយាយថាកាហ្វេមានឥទ្ធិពលធ្វើឲ្យប្រជាជននៅក្នុងប្រទេសដែលបែកខ្ញែកនេះមករួបរួមគ្នា។ ដោយនាងបានធំដឹងក្តីនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងក្រោមរបបរើសអើងជាតិសាសន៍ កាហ្វេមិនធ្លាប់ជាផ្នែកមួយនៃវប្បធម៌របស់នាងទេ។ នាងនិយាយថាបច្ចុប្បន្ននេះ អតិថិជនរបស់នាងគឺជាជនជាតិស្បែកខ្មៅ ហើយជារឿយៗពួកគេស្នើសុំកាហ្វេដែលដាំដុះនៅអាហ្វ្រិក។
នាងបន្តថា «ខ្ញុំគិតថាវាបានផ្លាស់ប្តូរហើយ ពីព្រោះប្រជាជនស្បែកខ្មៅឥឡូវនេះចាប់ផ្តើមចូលចិត្តទទួលទានកាហ្វេហើយ»។
ដូចគ្នានេះដែរ អាជីព ជាអ្នកឆុងកាហ្វេនៅប្រទេសអាហ្រ្វិកខាងត្បូងកំពុងតែផ្លាស់ប្តូរ។ អ្នកជំនាញផ្នែកឆុងកាហ្វេ ៤រូប ក្នុងចំណោមអ្នកជំនាញបំផុត៦រូបនៅទីក្រុង Johannesburg គឺជាជនជាតិស្បែកខ្មៅ។
ប៉ុន្តែនាង Kgole និយាយថា នាងមិនបានគិតថា នឹងមានការផ្លាស់សង្គមនិងសេដ្ឋកិច្ចនោះទេនៅពេលដែលនាងបានភ្លក់កាហ្វេ Cappuccino ដែលមានពពុះជាលើកដំបូង។
វាមិនមែនគ្រាន់តែជាកាហ្វេមួយពែងនោះទេ ដោយនាងនិយាយថាវាបានផ្លាស់ប្តូរជីវិតរបស់នាង។
នាងបាននិយាយទាំងញញឹមថា «នៅពេលដែលអ្នកបានភ្លក់រសជាតិកាហ្វេពិតប្រាកដ អ្នកនឹងមិនអាចត្រឡប់ក្រោយឡើយ»៕
ប្រែសម្រួលដោយ ទុំ ម្លិះ