ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បរិភោគ​តាម​របប​អាហារ​អាច​ទទួល​បាន​ផល​អាស្រ័យ​តាម​ហ្សែន​របស់​មនុស្ស


ការ​គ្រប់គ្រង​របប​អាហារ​ ជាមួយ​នឹង​អាហារ​ដែល​មាន​ផល​ល្អ​សម្រាប់​សុខភាប អាច​ជួយ​អ្នក​ក្នុង​ការ​សម្រក​ទម្ងន់​បាន។
ការ​គ្រប់គ្រង​របប​អាហារ​ ជាមួយ​នឹង​អាហារ​ដែល​មាន​ផល​ល្អ​សម្រាប់​សុខភាប អាច​ជួយ​អ្នក​ក្នុង​ការ​សម្រក​ទម្ងន់​បាន។

ស្ទើរតែ​រាល់​សប្តាហ៍​ គេ​ឃើញ​មាន​វិធី​កំណត់​របប​អាហារ​ថ្មី​ ដែល​ធានា​ថា​នឹង​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​ និង​មាន​សុខភាព​ល្អ។​ ចំណី​អាហារ​នៅ​តំបន់​មេឌីទែរ៉ាណេ ឬ​អាហារ​មាន​ជាតិ​ស្ករ​ទាប​ ដែល​ជា​របប​អាហារ​ជប៉ុន​នោះ​ គឺ​គ្រាន់​តែ​ជា​ការ​និយម​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ។​ បច្ចុប្បន្ន​ ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ ហ្សែន​របស់​អ្នក​អាច​ដើរ​តួ​នាទី​សំខាន់​នៅ​ក្នុង​ការ​បញ្ជាក់​​ថា​តើ​​របប​អាហារ​បែប​ណា​ដែល​ត្រូវ​នឹង​អ្នក។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ពិសោធ​ទៅ​លើ​របប​អាហារ​ដែល​គេ​និយម​ផ្សេងៗ​ ដោយ​ប្រើ​ពពួក​សត្វ​កណ្តុរ​បង្កាត់​ពូជ​ពិសេស​ ដើម្បី​ឲ្យ​ដឹង​ថា​របប​អាហារ​ណា​ខ្លះ​មាន​ប្រសិទ្ធភាព​ឬ​គ្មាន​ប្រសិទ្ធភាព​ ហើយ​ថា​តើរបប​អាហារ​ជាក់​លាក់​ណា​មួយ​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ប្រើ​កណ្ដុរ​ពូជ​ពិសេស​ចំនួន​បួន​ប្រភេទ​ដែល​បង្កាត់​ចេញ​ពី​ហ្សែន​តំណាង​ឲ្យ​ពូជ​កណ្តុរ​ទូទៅ។

ក្រុម​អ្នក​អង្កេត​បាន​រក​ឃើញ​ថា​ របប​ចំណី​អាហារ​ខ្លះ​អាច​ធ្វើ​ឲ្យ​កណ្ដុរ​មួយ​ចំនួន​ស្រក​ទម្ងន់​ ប៉ុន្តែ​ សម្រាប់​កណ្ដុរ​មួយ​ចំនួន​ទៀត​ របប​អាហារ​នោះ​មិន​មាន​ផល​អ្វី​សោះ​ ឬ​ធ្វើ​ឲ្យ​សុខភាព​កាន់តែ​ចុះ​ខ្សោយ​ទៅ​វិញ។

លោក​ William Barrington ជា​អ្នក​ពន្ធុសាស្រ្ត​នៃ​សាកលវិទ្យាល័យ​រដ្ឋ ​North Carolina ​ដែល​បាន​ជួយ​ធ្វើ​ការ​ស្រាវជ្រាវ​នេះ​ បាន​និយាយ​ថា៖ «ភាគ​ច្រើន​ យើងបាន​មើលលើ​របប​អាហារ​ដ៏​ទូលំ​ទូលាយ​ក្នុង​ផ្លូវ​តែ​មួយ​ អស់​រយៈ​ពេល​មួយ​រយ​ឆ្នាំ​មក​ហើយ​ ដោយ​សន្មត​ថា​មាន​របប​អាហារ​ដ៏​ល្អ​ប្រសើរ​មួយ។ ប៉ុន្តែ​ អ្វី​ដែល​យើង​បាន​រក​ឃើញ​នោះ​គឺ​ថា ផល​ប៉ះ​ពាល់​នៃ​របប​អាហារ​មួយ​អាស្រ័យ​ទៅ​តាម​ហ្សែន​របស់​បុគ្គល​ដែល​បរិភោគ​អាហារ​នោះ»។

«អញ្ចឹង​ហើយ​ នៅ​ពេល​ដែល​មិត្តភក្តិ​របស់​អ្នក​ប្រាប់​អ្នក​ថា​ ខ្ញុំ​បាន​ព្យាយាម​យក​របប​អាហារ​ដ៏​ល្អ​នេះ ហើយ​វា​ល្អ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ ឯង​គួរតែ​ញ៉ាំ​សាក​ទៅ។ ប៉ុន្តែ​ជាក់​ស្តែង​វា​អាច​នឹង​អាច​មាន​ផល​ប៉ះពាល់​ផ្សេង​សម្រាប់​អ្នក​ទៅ​វិញ»។

ការ​ពិសោធ​លម្អិត

អស់​រយៈ​ពេល​ប្រាំ​មួយ​ខែ​ កណ្តុរ​ពិសេស​នីមួយៗ​ដែល​ប្រហាក់​ប្រហែល​គ្នា​ទទួល​របប​ចំណី​ជាក់​លាក់​មួយ​គឺ៖ មួយ​ប្រភេទ​ទទួល​ចំណី​បែប​បស្ចិម​ ដែល​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន​ មួយ​ប្រភេទ​ទៀត​ត្រូវ​ឲ្យ​របប​ចំណី​នៅ​តំបន់​មេឌីទែរ៉ាណេ មួយ​ទៀត​តាម​អាហារ​ជប៉ុន​ ដែល​មាន​បាយ​ច្រើន​ និង​តែ​បៃតង​ ហើយ​ក្រុម​ចុង​ក្រោយ​ ទទួល​បាន​ចំណី​ដែល​មាន​ជាតិ​ស្ករ​ទាប​ តែ​មាន​ជាតិ​ខ្លាញ់​ច្រើន​ ដែល​គេ​ហៅ​ថា​ Ketogenic។

ក្រុម​កណ្ដុរ​ដែល​នៅ​ក្រោម​ការ​ពិនិត្យ​តាម​ដាន​ បាន​ទទួល​របប​ចំណី​តាម​បទដ្ឋាន​ សម្រាប់​ការ​ប្រៀប​ធៀប។

នៅ​គ្រប់​ករណី​ទាំង​អស់​ ពពួក​សត្វ​កកេរ​ទាំង​នេះ​ ត្រូវ​គេ​ឲ្យ​ស៊ី​ឲ្យ​ច្រើន​តាម​ដែល​វា​ចង់​ នៅ​ខណៈ​ពេល​ដែល​អ្នក​ស្រាវជ្រាវ​ចាំ​តាម​ដាន​ពី​បរិមាណ​ដែល​ពួក​វា​ស៊ី​ និង​លក្ខណៈ​នៃ​សុខភាព​ទូទៅ​ រួម​ទាំង​ សញ្ញា​នៅ​មុន​ពេល​កើត​ទឹក​នោម​ផ្អែម​ មាន​ជំងឺ​ធាត់​ និង​ជំងឺ​ក្តៅ​ខ្លាញ់​រុំ​ថ្លើម។

អ្វី​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញបាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល។​ មាន​កណ្តុរ​មួយ​ប្រភេទ​បាន​ទទួល​រង​ឥទ្ធិពល​យ៉ាង​អាក្រក់​ពី​របប​អាហារ​នៃ​បស្ចិម​ប្រទេស​ ខណៈ​ដែល​របប​អាហារ​នេះ​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ ឬ​គ្មាន​ទាល់​តែ​សោះ​ចំពោះ​កណ្ដុរ​ប្រភេទ​ផ្សេងៗ​ទៀត។

លោក ​Barrington មាន​និយាយ​ថា៖ «មាន​កណ្ដុរ​មួយ​ចំនួន​ដែល​យើង​បាន​ពិសោធ​ឃើញ​ថា​ ចំណី​អ្វី​ក៏​ដោយ​ដែល​ពួក​វា​ស៊ី​ មិន​បាន​ផ្លាស់​ប្តូរ​ស្ថានភាព​សុខភាព​របស់​ពួក​វា​ឡើយ...​ ពួក​វា​ឡើង​ធាត់​បន្តិច​ មិន​ថា​វា​ស៊ី​ចំណី​អ្វី​ទេ។ ដូច្នេះ​ ក្នុង​ករណី​ខ្លះ​ វា​ហាក់​ដូច​ជា​ថា​ ឥទ្ធិពល​នៃ​របប​អាហារ​មិន​សូវ​ប៉ះពាល់​ខ្លាំង​ទេ​ចំពោះ​បុគ្គល​មួយ​ចំនួន»។

របប​អាហារ​តាម​បុគ្គល

លោក​ Barrington បាន​បញ្ជាក់​ថា​ ការ​ឲ្យ​របប​អាហារ​ជាក់​លាក់​មួយ​ទៅ​ឲ្យ​បុគ្គល​មួយ​ចំនួន​ដើម្បី​ទទួល​បាន​លទ្ធផល​ជោគ​ជ័យ​នោះ​ អាច​នឹង​ទៅរួចនៅ​ថ្ងៃ​ណា​មួយ។

«ការ​រក​ឃើញ​នេះ​ ពិត​ជា​ជំរុញ​ឲ្យ​យើង​កំណត់​ពី​កត្តា​ហ្សែន​អ្វី​ដែល​ត្រូវ​នឹង​របប​អាហារ​សម​ស្រប ហើយ​ថា​តើ​យើង​អាច​ព្យាករណ៍​បុគ្គល​ដែល​អាច​ទទួល​លទ្ធផល​ល្អ​ប្រសើរ​ទៅ​នឹង​របប​អាហារ​ខុសៗ​គ្នា​ទាំង​នោះ​ដោយ​វិធី​ណា»។

វា​ជា​ទស្សនៈ​មួយ​ដែល​គេ​ហៅ​ថា​ អាហារូបត្ថម្ភ​ជាក់លាក់​ ដោយ​លើក​ឡើង​ថា​ នៅ​ថ្ងៃ​ណា​មួយ​ ក្រុម​វេជ្ជបណ្ឌិត​នឹង​អាច​ប្រើ​ធ្វើ​តេស្ត​លើ​ហ្សែន​ដើម្បី​បញ្ជាក់​ថា​តើ​អ្វី​ដែល​អ្នក​បរិភោគនឹង​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ និង​មាន​សុខភាព​ល្អ​ឬ​ទេ។

ការ​រក​ឃើញ​នេះ​ ត្រូវ​បាន​បង្ហាញ​នៅ​ស្ថាប័ន​ពន្ធុសាស្រ្ត​អាមេរិក​ (Genetics Society of America)។​

ប្រែ​សម្រួល​ដោយ​ សើ​ សាយ្យាណា

XS
SM
MD
LG