ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វិជ្ជាមុខ​ម្ហូប​ដ៏​មាន​ឱជា​រស​សម្រាប់​សុខភាព

  • Faiza Elmasry

សៀវភៅ​ថ្មី​មូយនេះ​មាន​ឈ្មោះ​ថា ​«សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ដែល​ប្រឆាំង​នឹង​ការ​រលាក» រៀប​រៀង​ដោយ​លោកស្រី Amanda Haas ។

ចាប់​តាំង​ពី​ការ​ចាប់​កំណើត​នៃ​មនុស្សជាតិ​មក​ មនុស្ស​យើង​បាន​ដឹង​ពីសារៈ​សំខាន់​នៃ​អាហារ ​ក្នុង​ការ​លើក​ស្ទួយ​ឲ្យ​មាន​សុខភាព​ល្អ។ គ្រូពេទ្យ​​ក្រិក​បុរាណ​​ឈ្មោះ ​Hippocrates ​ដែល​ជាបិតា​នៃ​វេជ្ជសាស្រ្ត​លោក​ខាងលិច​​និយាយ​ថា៖ «សូម​ធ្វើ​ឲ្យ​អាហារ​ទៅ​ជា​ឱសថ និ​ង​សូម​ធ្វើ​ឲ្យ​ឱសថ​ក្លាយ​ទៅជា​អាហារ»។ ការស្រាវ​ជ្រាវ​នា​ពេល​បច្ចុប្បន្ន​បាន​បញ្ចាក់​ថា អាហារ​មួយ​ចំនួន​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល ​បង្ការ​ ឬ​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។​ បញ្ហា​ទាំង​នេះ គឺជា​ចំណុច​គោល​ដៅ​នៃ​សៀវភៅ​ថ្មី​មូយ​ដែល​មាន​ឈ្មោះ​ថា ​«សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ដែល​ប្រឆាំង​នឹង​ការ​រលាក» រៀប​រៀង​ដោយ​លោកស្រី Amanda Haas ​ដែល​ជា​ចុងភៅ​អាជីព​មួយ​រូប។

ការរលាក​គឺ​ជាប្រតិកម្ម​ដោយ​ធម្មជាតិ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង។

លោក ​Neil Bernard សាស្រ្តាចារ្យ​ផ្នែក​ឱសថ ​នៅ​សាលា​វេជ្ជសាស្រ្ត​នៃ​សាកល​វិទ្យាល័យ ​George Washington បាន​មាន​ប្រសាសន៍​ថា៖ « នេះ​គឺ​ជា​របៀប​ដែល​រាង​កាយ​របស់​យើង​ទប់​ទល់​នឹង​មេរោគ​ដែល​ជ្រៀត​ជ្រែក​រាងកាយ។ ដូច្នេះ​ប្រសិន​បើ​បាក់​តេរី ​ឬ​វីរុស​ចូល​មក​ក្នុង​រាង​កាយ​យើង ការរលាក​គឺ​ជា​វិធី​មួយ​ក្នុង​ការ​កម្ចាត់​ពួក​វា»។

លោក​បន្ត​ថា ​ការ​រលាក​ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ ដូចជា ​ជំងឺ​ហឺត​ ជំងឺ​រលាក​សន្លាក់ ​ជំងឺ​មហារីក​ និង​ជំងឺ​ទឹកនោម​ផ្អែម​ជាដើម។ ​នៅ​ពេល​ដែល​ការ​រលាក​ក្លាយ​ជា​រ៉ាំរ៉ៃ​ រាង​កាយ​យើង​អាច​ចាប់​ផ្តើម​ប្រឆាំង​នឹង​ជាលិកា​ខ្លួន​ឯង។

លោក​បន្ដ​ថា៖ «បើ​តាម​ជីវវិទ្យា​ វា​ស្មើ​នឹង​ការ​បាញ់​បោះ​មក​លើ​ទ័ព​ខ្លួន​ឯង។ ​ឧទាហរណ៍ ​សម្រាប់​ជំងឺរលាក​សន្លាក់​ឆ្អឹង គឺ​សន្លាក់​របស់​យើង​រលាក​ ដែល​នេះ​មិនមែន​ជា​ការទប់​ទល់​នឹង​បាក់តេរី​ទេ ​ប៉ុន្ដែ​វា​គឺ​ជា​ជំងឺ​ទ្រនាប់​ខាង​ក្នុង​នៃ​សន្លាក់​របស់​យើង។ នេះ​គឺជា​ពេល​ដែលការ​រលាក​បាន​ក្លាយ​ជា​បញ្ហា»។

ជំងឺ​រលាក​សន្លាក់​ឆ្អឹង​គឺ​ជា​ស្ថានភាព​មួយ​ក្នុង​ចំណោម​ស្ថានភាព​ជា​ច្រើន​ដែល​លោក​ស្រី​ Amanda Haas ​បាន​ជួប​ប្រទះ។

លោកស្រី​ Haas និយាយ​ថា៖ «ជំងឺ​ផ្សេងៗ​ដូច​ជា​ ការ​ឆ្អល់​ចុង​ដង្ហើម​រ៉ាំរ៉ៃ​ ការ​ឈឺ​ក្នុង​ក្រពះ ការ​ឈឺខ្នង​ ហើយ​ខ្ញុំ​បាន​ជួប​អ្នក​ជំនាញ​ផ្នែក​រោគ​ប្រតិកម្ម​ម្នាក់​ ដែល​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា Amanda! ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​ទម្រង់​នៃ​ការ​រលាក​ផ្សេងៗ​នៅ​ក្នុងរាង​កាយ​របស់​អ្នក​តែ​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា ​នេះ​គឺ​ជា​លទ្ធផល​នៃ​អ្វី​ដែល​អ្នក​បាន​ទទួល​ទាន។ ដោយ​ហេតុ​ថា អ្នក​ចំអិន​ម្ហូប​អាហារ​ទទួល​ទាន​ដើម្បី​រស់ ម៉េច​ក៏​អ្នកមិន​ស្វែង​រក​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ​ហើយ​ចែក​រំលែក​រឿង​នេះ​ជាមួយ​អ្នកដទៃ​ទៀត​ទៅ?»

លោកស្រី ​Amanda ​Haas ​ដែល​ជា​ចុងភៅ​អាជីព​បាន​ចាប់​ផ្តើម​ពិនិត្យ​មើល​យ៉ាងល្អិត​ល្អន់​ទៅ​លើ​គ្រឿងផ្សំ​ដែល​គាត់​ចំណាំ​ប្រើ​ក្នុង​អាហារ។

លោកស្រី​និយាយ​ថា៖ «ដូច​ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា យើង​មិន​គួរ​ប្រើ​ស្ករ​ចម្រាញ់​ ឬជាតិ​កាហ្វេ​អ៊ីន​ច្រើន​ពេក​ទេ។ មនុស្ស​ជា​ច្រើន​បាន​ដឹង​ថា ប្រសិន​បើ​អ្នក​មាន​បញ្ហា​សន្លាក់​ អ្នក​អាច​នឹង​ងាយ​ប្រតិកម្ម​ជា​មួយ​នឹង​ម្រេច ​ត្រប់​វែង និង​ប៉េង​ប៉ោះ។ ខ្ញុំមាន​រឿងច្រើន​ណាស់​ត្រូវ​ធ្វើ។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​យល់​ថា​ របប​អាហារ​ដែល​ប្រឆាំង​នឹង​ការ​រលាក​ក៏​អាច​មាន​ឱជារស​ដែរ​ គ្រាន់​តែ​ថា​ អ្នក​ត្រូវ​ទទួល​ទាន​អាហារ​បៃតង និង​បន្លែស្លឹក។ ខ្ញុំ​ប្រើ​គ្រឿង​ទេស​ច្រើន​ណាស់ ហើយ​ក៏​មាន​រុក្ខជាតិ​ស្រស់ៗ​ច្រើន​ដែរ។ អ្នកនឹង​បាន​ឃើញ​ខ្ញុំ​ប្រើក្រូច​ឆ្មារ និង​ជាតិ​ផ្អែម​ធម្មជាតិ​ជា​ច្រើន​ដូច​ជា​ទឹកឃ្មុំ​ និង​ទឹក​សេរ៉ូ ​ធ្វើ​ពី​ផ្លែ​ Maple។ អ្នក​នឹង​មិន​ឃើញ​ខ្ញុំប្រើ​ស្ករ​បន្សុទ្ធទេ»។

នៅ​ក្នុង​សៀវភៅ​ធ្វើម្ហូប​ដែល​ប្រឆាំង​នឹង​ការ​រលាក​ លោកស្រី ​Haas ​បាន​ចែក​រំលែក​វិជ្ជាមុខ​ម្ហូប​បួស​ជា​ច្រើន ដែល​ប្រើ​ប្រូតេអ៊ីន​ពី​សត្វ។

លោក​ស្រីនិយាយថា៖ «មនុស្ស​ភាគ​ច្រើន​ដែល​ព្យាយាម​ទទួល​ទាន​អាហារ​ប្រឆាំង​នឹង​ការ​រលាក​ មិន​ទទួល​ទាន​ប្រូតេអ៊ីន​សត្វ​ច្រើន​ទេ។ តែ​ខ្ញុំ​ចង់​ពន្យល់​ថា​ តើ​ពួក​គេ​ត្រូវ​ទិញ​ប្រូតេ​អ៊ីន​ប្រភេទ​ណា ​ហើយ​ហេតុ​អ្វី​បាន​ជា​វា​ផ្តល់​ផល​ល្អ​នៅ​ពេល​យើង​ប្រើ​វា​ក្នុង​បរិមាណ​តិច​នោះ។ ខ្ញុំ​បាន​យល់​ដឹង​ច្រើន​ណាស់​អំពី​សាច់​គោ​ដែល​បាន​មក​ពី​សត្វគោស៊ី​ស្មៅ។ អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​ថា​ ប្រសិន​បើ​សត្វ​គោ​ត្រូវ​បាន​ចិញ្ចឹម​ដោយ​ឲ្យ​ស៊ី​ស្មៅ​ សាច់​របស់​វា​មាន​សារធាតុ​អាស៊ីត​ខ្លាញ់ ​Omega-3​ និង​ Omega-6 ​ដែល​យើង​អាច​រក​បាន​នៅ​ក្នុង​ត្រី​សាម៉ុង ​និង​ត្រី​ផ្សេងៗ​ទៀត​ដែល​មាន​ជាតិ​ខ្លាញ់ ​ហើយ​ដែល​ខ្លាញ់ទាំង​នោះ​គឺល្អ​សម្រាប់​រាងកាយ​យើង។ វេជ្ជបណ្ឌិត​ភាគ​ច្រើន​បាន​មានប្រសាសន៍​ថា​ ការ​ទទួលទាន​សារធាតុ​ខ្លាញ់​ Omega ​ទាំង​នេះ ក្នុង​បរិមាណ ​១១៣ ក្រាម​ឬតិច​ជាង​នេះ​ អាច​ជា​ផ្នែក​មួយ​ដ៏ល្អ​នៃ​របប​អាហារ​ដែល​ប្រឆាំង​នឹង​ការ​រលាក»។

មុខ​ម្ហូប​មួយ​ឈ្មោះ​ថា Country ​Caption’s​ Chicken ​ដែល​មាន​រមៀត ​និង​គ្រឿង​ការី​ច្រើន​ គឺ​ជា​មុខម្ហូប​ចំណូល​ចិត្ត​របស់​អ្នក​និពន្ធ​រូប​នេះ។

«នេះ​ជា​មុខ​ម្ហូប​ដែល​ជីដូន​ខ្ញុំធ្លាប់​ធ្វើ​ឲ្យ​ខ្ញុំ​ញ៉ាំ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង C​harleston ​នៃ​រដ្ឋ South Carolina ​ក្រុង ​Savannah ​នៃ​រដ្ឋ ​Georgia​ និង​មនុស្ស​មក​ពី​ឥណ្ឌា ព្រម​ទាំង​អ្នក​មាន​ដើម​កំណើត​អាស៊ី ​និង​បារាំង​ផង​ដែរ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ចាក់​ប្រេង​អូលីវ​ខ្លះ​ចូល​ទៅ​ក្នុង​ខ្ទះ ​ចម្អិនសាច់​មាន់​អោយ​ឡើង​ក្រហម​ត្នោត​ បន្ទាប់​មក​ស្រង់​សាច់​មាន់​ចេញ​ ហើយ​ដាក់​គ្រឿង​ផ្សំ​ផ្សេងៗ​ចូល​ទាំងអស់ ​ដូចជា​ ខ្ទឹម​បារាំង​ និង​បន្លែ​ដើម​តាំងអោ ​រួច​ចម្អិនឲ្យ​ឆ្អិន។ បន្ទាប់​មក​ទៀត​ដាក់​ម្រេច​ និង​ម្សៅ​ការី​ចូល។​ រឿង​តូច​តាច​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ហើយគួរ​យល់​ដឹង​គឺថា​ រមៀត​គឺជា​គ្រឿងទេស​មួយ​ដែល​ប្រឆាំង​នឹងការ​រលាក ប៉ុន្ដែ​ដើម្បី​បង្កើន​ជីវ​សុពលភាព​របស់​វា​គឺ​ត្រូវ​បន្ថែម​ម្រេច។ ​បន្ទាប់​មក​បន្ថែម​ទឹក​ប៉េងប៉ោះ​ និង​ផ្លែ​ប៉េ​ងប៉ោះ​ខ្លះ​ដែល​មាន​គ្រាប់​ ហើយ​រំងាស់​គ្រឿង​ទាំង​អស់​ចូល​គ្នា។ ដាក់​សាច់​មាន់​ចូល​ក្នុង​ឆ្នាំង​វិញ រួច​ចម្អិន​រយៈ​ពេល​ប្រមាណ​៤៥​នាទី»។

លោកស្រី ​Hass ​បាន​ជ្រើស​រើស​មុខ​ម្ហូប​មួយទៀតឲ្យ​ពួក​យើង​ដឹង​ ដែល​ដក​ស្រង់​ចេញ​ពី​ផ្នែក​បង្អែម​នៅ​ក្នុង​សៀវភៅ​របស់​អ្នក​ស្រី។

«ដោយ​សារ​ទស្សនិកជន​របស់​យើង​មានចំនួន​ច្រើន​និង​មាន​ចំណង់ចំណូល​ចិត្ត​ខុសៗ​គ្នា ខ្ញុំ​គិត​ថា​នឹង​លើក​យក​រូបមន្ត​ធ្វើ​នំ​សូកូឡា​លាយ​ដូង ​ដែល​ជា​ជំរើស​ល្អ។ វា​មាន​ខ្ទិះ​ដូង​ដែល​ជា​ប្រភព​មួយ​នៃ​សារធាតុ​ខ្លាញ់។ យើង​គិត​ថា​ ខ្ទិះ​ដូង​គឺ​មិនល្អ​សម្រាប់​យើង​ទេ ​ប៉ុន្ដែ​វា​មិន​ល្អ​មក​ពីវា​ត្រូវ​បាន​គេ​បន្សុទ្ធ។ ឥឡូវ​នេះ​ យើង​កំពុង​រក​ឃើញ​ថា​ ខ្ទិះ​ដូង​អាច​បញ្ចុះ​ជាតិ​កូឡេ​ស្តេរ៉ុលក្នុង​ខ្លួន​មនុស្ស​យើ​បាន​ច្រើន​ណាស់។ ដូច្នេះ​ វា​គឺ​ នំ​សូកូឡា​ដ៏​អស្ចារ្យ​មួយ​នេះ​ហើយ​ ដែល​មាន​លាយ​សារជាតិ​ដ៏​ល្អ​របស់​ខ្ទិះ​ដូង​នៅ​ក្នុង​នោះ»។

របៀប​ធ្វើ​នំ​សូកូឡា​នឹង​ត្រូវ​ចុះ​ផ្សាយ​នៅ​ក្នុង​គេហ​ទំព័រ​របស់​យើង​ www.voanews.com ​ជាមួយ​នឹង​វិជ្ជា​ធ្វើម្ហូប​ផ្សេងៗ​ទៀត។

លោក​វេជ្ជបណ្ឌិត ​Bernard ​មាន​សេចក្ដី​សោមនស្ស​រីក​រាយ​ណាស់​ដែល​បាន​ឃើញប្រជាពល​រដ្ឋមាន​ការ​យល់ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​ទទួល​ទាន​អាហារដើម្បី​សុខភាព។

លោក​វេជ្ជប​ណ្ឌិត​មាន​ប្រសាសន៍​ថា៖ «យើង​តែង​តែ​ជ្រើស​រើស​យក​របប​អាហារ​បួស​ ឬ​ អាហារដែល​មាន​បន្លែ​ច្រើន។ យើង​ចង់​បញ្ជាក់​ថា​ អាហារ​ដូចជា​គ្រាប់​ធញ្ញជាតិ គឺ​ជា​អាហារ​សុខភាព​ ហើយ​គួរ​តែ​ចៀសវាង​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន។ ជា​អកុសល​ ពិភព​វេជ្ជ​សាស្រ្ត​តែង​តែ​ពឹង​ផ្អែក​លើ​វេជ្ជ​បញ្ជា​ ហើយ​ជួន​កាល​យើង​ភ្លេច​ពី​វិធី​ធម្មជាតិ ​របស់​យើង​ដែល​មាន​សុវត្ថិភាព​រយៈ​ពេល​វែង​ និង​មាន​ប្រសិទ្ធភាព​ជាង»។

សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ដែល​ប្រឆាំង​នឹង​ការ​រលាក គឺ​ជា​បណ្តុំ​មុខ​ម្ហូប​ក្នុង​សតវត្ស​រ៍ទី​២១​ យក​ចេញ​ពី​ដំបូន្មាន​បុរាណ​ដែល​និយាយ​ថា​ «សូម​ធ្វើ​អាហារ​របស់​អ្នក​ឲ្យ​ក្លាយ​ជា​ឱសថ»៕

ប្រែសម្រួលដោយ ស៊ូ រ៉ូហ្សានិច

XS
SM
MD
LG