ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Meta ច្រានចោល​អនុសាសន៍​ដែល​ស្នើ​ឱ្យ​ផ្អាក​ទំព័រ Facebook របស់​លោក ហ៊ុន សែន


រូបឯកសារ៖ ស្លាកសញ្ញា​របស់​ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុន​មេ​របស់​បណ្ដាញ​សង្គម​អនឡាញ Facebook។
រូបឯកសារ៖ ស្លាកសញ្ញា​របស់​ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុន​មេ​របស់​បណ្ដាញ​សង្គម​អនឡាញ Facebook។

ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុន​មេ​របស់​បណ្ដាញ​សង្គម​អនឡាញ Facebook បាន​ច្រានចោល​អនុសាសន៍​របស់​ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​របស់​ខ្លួន​ដែល​ស្នើ​ឱ្យ​ខ្លួន​ផ្អាក​ទំព័រ Facebook របស់​លោក​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា​ លោក​បាន​ប្រើ​ទំព័រ Facebook របស់​ខ្លួន​ដើម្បី​គំរាម​កំហែង​គូ​ប្រជែង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្រុមហ៊ុន Meta បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​កំណត់​ថា «ការ​ផ្អាក​ទំព័រ Facebook ណា​មួយ​ដែល​ហួស​ពី​ក្របខ័ណ្ឌ​អនុវត្ត​ជា​ប្រចាំ​របស់​យើង​គឺ​មិន​ស្រប​ជាមួយ​នឹង​គោលការណ៍​របស់​យើង​នោះ​ទេ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ពិធីការ​របស់​យើង​នៅ​ក្នុង​ការ​ដាក់​កំហិត​លើ​ទំព័រ Facebook របស់​បុគ្គល​សាធារណៈ​ក្នុង​អំឡុង​ពេល​មាន​ភាព​ចលាចល​ស៊ីវិល​ផង​ដែរ»។

ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​នេះ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រុមហ៊ុន Meta ប៉ុន្តែ​ធ្វើ​ប្រតិបត្តិការ​ដោយ​ឯករាជ្យ បាន​ផ្ដល់​យោបល់​កាលពី​ខែ​មិថុនា​ ឱ្យ​ក្រុមហ៊ុន Meta ផ្អាក​ទំព័រ Facebook របស់​លោក ហ៊ុន សែន រយៈពេល ៦ ខែ​ពាក់ព័ន្ធ​នឹង​វីដេអូ​មួយ​ដែល​ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា​បាន​រំលោភ​លើ​គោលការណ៍​ស្ដីពី​ការ​គំរាម​កំហែង​ហិង្សា។

រូបឯកសារ៖ លោក ហ៊ុន សែន ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា ក្រោយ​សភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយក​រដ្ឋមន្ត្រី​។ រូបនេះថតពីអេក្រង់ទូរទស្សន៍ក្នុងបន្ទប់ព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក ហ៊ុន សែន ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា ក្រោយ​សភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយក​រដ្ឋមន្ត្រី​។ រូបនេះថតពីអេក្រង់ទូរទស្សន៍ក្នុងបន្ទប់ព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ ក្រុមហ៊ុន Meta បាន​យល់ព្រម​ដក​ចេញ​នូវ​វីដេអូ​នោះ ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​ឆ្លើយតប​ចំពោះ​សំណើ​របស់​ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​នេះ​ដែល​ស្នើ​ឱ្យ​ផ្អាក​ទំព័រ Facebook របស់​លោក ហ៊ុន សែន បន្ទាប់ពី​ខ្លួន​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​លើ​រឿង​នេះ។

រដ្ឋាភិបាល​កម្ពុជា​បាន​ហាម​ឃាត់សមាជិក​ទាំង​២២ នាក់របស់​ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​នេះ​មិន​ឱ្យ​ចូល​ទឹកដី​ប្រទេស​កម្ពុជា ដោយ​បាន​ប្រកាស​ថា សំណើ​របស់​ក្រុមប្រឹក្សា​នេះ​មាន​លក្ខណៈ «នយោបាយ»។

ករណី​របស់​ក្រុមហ៊ុន Meta នេះ​បាន​កើតឡើង បន្ទាប់ពី​អ្នក​ប្រើប្រាស់ Facebook ជា​ច្រើន​នាក់​បាន​រាយការណ៍​ទៅ​កាន់​ក្រុមហ៊ុន​នេះ​អំពី​វីដេអូ​មួយ​កាល​ពី​ខែ​មករា​ដែល​បង្ហាញ​អំពី​លោក ហ៊ុន សែន និយាយ​ថា អ្នក​ណា​ដែល​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ទិញ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០២២ គួរតែ​ដាក់​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការ​វាយ​ដំ​ពី​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត ៤ ទសវត្សរ៍​រហូត​ដល់​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​របស់​លោក បាន​ឡើង​កាន់​តំណែង​ជំនួស​លោក​កាលពី​សប្ដាហ៍​មុន។ លោក​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​នានា​ចោទ​ប្រកាន់​ថា​បាន​ប្រើ Facebook ដើម្បី​គំរាម​កំហែង​គូ​ប្រជែង​នយោបាយ​ និង​បង្អាក់​ដល់​ការ​រិះគន់​លើ​រដ្ឋាភិបាល​របស់​លោក ដែល​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ច្រានចោល។

លោក ហ៊ុន សែន នៅតែ​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បន្ទាប់ពី​លោក​បាន​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​មក លោក​បាន​សន្យា​ថា​នឹង​នៅ​បន្ត​ធ្វើ​នយោបាយ​យ៉ាង​តិច​មួយ​ទសវត្សរ៍​ទៀត។

ទំព័រ Facebook របស់​លោក ហ៊ុន សែន ដែល​លោក​បាន​ឈប់​ប្រើ​ជា​បណ្ដោះ​អាសន្ន​ក្នុង​ពេល​កន្លង​មក មាន​អ្នក​តាមដាន​ចំនួន ១៤ លាន​នាក់ ដែល​ជា​តួលេខ​ជិត​ស្នើ​នឹង​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កម្ពុជា។ សារ​ថ្មីៗ​បាន​ចាប់ផ្ដើម​លេច​ឡើង​ម្ដង​ទៀត​នៅ​លើ​ទំព័រ Facebook របស់​លោក ដែល​ចាត់ចែង​ដោយ​ក្រុម​ព័ត៌មាន​របស់​លោក គឺ​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ការ​បោះឆ្នោត​ដែល​គ្មាន​វត្តមាន​គណបក្ស​ជំទាស់​ចម្បង​ចូលរួម​បាន​ធ្វើ​ឡើង​កាលពី​ខែ​កក្កដា។

ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន Meta បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នៅតែ​ប្រកាន់​តាម​ការ​សម្រេច​របស់​ខ្លួន និង​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន Meta «ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ទៅ​តាម​សិទ្ធិ​អំណាច​របស់​ខ្លួន​ដើម្បី​រារាំង​បុគ្គល​សាធារណៈ​រូប​ណា​ដែល​កេង​ប្រយោជន៍​ពី​បណ្ដាញ​សង្គម​អនឡាញ​របស់​ខ្លួន​នៅ​ក្នុង​ការ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា»។

ក្រុមប្រឹក្សា​ភិបាល​នេះ​បាន​លើកឡើង​ដូច្នេះ​ថា៖ «ការ​បោះឆ្នោត​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​អនឡាញ​នានា​ត្រូវតែ​ធានា​ថា​បណ្ដាញ​សង្គម​របស់​ខ្លួន​មិន​ត្រូវ​បាន​ប្រើ​ក្នុង​វិធី​មិន​ត្រឹមត្រូវ​ដែល​គំរាម​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ទាំង​នោះ»។
នៅ​លើ​ទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ «បាន​អបអរសាទរ» ក្រុមហ៊ុន Facebook សម្រាប់​ការ​សម្រេច​របស់​ក្រុមហ៊ុន​នេះ និង​បាន​បញ្ជាក់​ជា​ថ្មី​ថា​ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន Meta នៅតែ​មិន​ត្រូវ​បាន​ស្វាគមន៍​នៅ​ក្នុង​ទឹកដី​កម្ពុជា។

ក្រសួង​នេះ​បាន​បញ្ជាក់ក្នុង​ខ្លឹមសារ​ដើម​យ៉ាង​ដូច្នេះ​ថា៖ «[ពួកគេ] បាន​ផ្ដល់​អនុសាសន៍​ដ៏​អាក្រក់ មាន​ចរិត​នយោបាយ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG