ឆ្លើយតបនឹងអនុសាសន៍ឱ្យព្យួរហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋាភិបាលកម្ពុជាបានសម្រេចហាមប្រាមសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta ដែលគ្រប់គ្រងហ្វេសប៊ុកចំនួន២២រូបមិនឱ្យចូលប្រទេស ដែលក្នុងនោះក៏មានអតីតនាយករដ្ឋមន្រ្តីនៃប្រទេសដាណឺម៉ាកផងដែរ។
ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ក្រោយមានភាពចម្រូងចម្រាសលើការចេញអនុសាសន៍ឱ្យក្រុមហ៊ុន Meta ព្យួរហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្តីហិង្សា។ រដ្ឋាភិបាលកម្ពុជាចាត់ទុកអនុសាសន៍នេះមានលក្ខណៈនយោបាយ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឱ្យចូលកម្ពុជា ហើយបើមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួង ការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងបន្ថែមថា៖ «អនុសាសន៍[របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ]នេះមានចេតនារារាំងសេរីភាពសារព័ត៌មានរបស់ ប្រជាពលរដ្ឋកម្ពុជានិងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត»។
ក្នុងចំណោមសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុនMeta ទាំង២២នាក់ ក៏មានអ្នកស្រី Helle Thorning-Schmidt ដែលជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាកដែលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសមួយនេះ ចាប់តាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥។ ចំណែកសមាជិកក្រុមប្រឹក្សាភិបាលម្នាក់ទៀត គឺអ្នកស្រី Tawakkol Karman គឺជាអ្នកសារព័ត៌មាន និងសកម្មជនម្នាក់ដែលឈ្នះពានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ២០១១ ក្នុងការកសាងវប្បធម៌អហិង្សានៅមជ្ឈិមបូព៌ា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta តាមសារអ៊ីមែលបាននៅឡើយទេ។
ក្រុមប្រឹក្សាភិបាលទាំងនេះទទួលបានមូលនិធិពីក្រុមហ៊ុន Meta ប៉ុន្តែប្រតិបត្តិការងារដោយឯករាជ្យ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា រដ្ឋាភិបាលមានសិទ្ធិអំណាចក្នុងការចេញវិធានការទៅលើក្រុមប្រឹក្សាភិបាលត្រួតពិនិត្យទាំងនោះ ប៉ុន្តែការដែលតម្រូវឱ្យចាកចេញពីកម្ពុជាក្នុងរយៈពេលខ្លីត្រឹម៤៨ម៉ោង គឺមិនសមរម្យឡើយ។ លោកបន្ថែមថា គួរតែមានហេតុផលផ្លូវច្បាប់ ជាជាងគ្រាន់តែហេតុផលដែលលោកនាយករដ្ឋមន្រ្តីឈប់ប្រើហ្វេសប៊ុក។
លោកថ្លែងថា៖ «អ្វីដែលអ្នកនយោបាយ លោកនាយករដ្ឋមន្រ្តីឈប់ប្រើហ្វេសប៊ុកហើយមានប្រតិកម្មបន្តបន្ទាប់ហ្នឹង វាអត់ខុសពីការចោទប្រកាន់របស់មតិអន្តរជាតិ និងក្រុមហ៊ុនហ្វេសប៊ុកថា[ជា]ការឆ្លើយតបដោយកំហឹងទល់កំហល់ទេ។ អានេះ បើយើងប្រើគោលការណ៍ច្បាប់គួរតែមានហេតុផលផ្លូវច្បាប់សមរម្យដែរ»។
កាលពីកន្លងទៅ ក្រុមហ៊ុន Meta បានបញ្ជាក់ថាក្រុមហ៊ុនមិនបានព្យួរហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនឡើយ បើទោះមានអនុសាសន៍ពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក៏ដោយ។
លោក ហ៊ុន សែន បានឈប់ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដោយខ្លួនឯង កាលពីសប្តាហ៍មុន ក្រោយក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta បានចេញអនុសាសន៍ឱ្យក្រុមហ៊ុនហ្វេសប៊ុកព្យួរគណនីរបស់លោករយៈពេល៦ខែ ពាក់ព័ន្ធនឹងវីដេអូមួយដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលរំលោភវិធានរបស់ក្រុមហ៊ុន Meta ស្តីពីការគំរាមកំហែងហិង្សា។ ក្នុងវីដេអូនោះ លោកនាយករដ្ឋមន្ត្រីបានព្រមានគូប្រជែងនយោបាយរបស់លោកថាជ្រើសរើសរវាង«ប្រព័ន្ធផ្លូវច្បាប់»និង«ដំបង»។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាក៏បានបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុនទំនាក់ទំនងជាមួយរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅប្រទេសកម្ពុជា៕