ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កម្ពុជា​វិល​ត្រឡប់​ទៅ​កាន់ Facebook វិញ​បន្ទាប់​ពី​ផ្អាក​អស់​៣​សប្តាហ៍​


រូប​ឯកសារ៖ ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​អ្នក​តាមដាន​ជាង​១៤​លាន​នាក់​ កាល​ពីថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​មុន​ពេល​ទំព័រ​នេះ​ត្រូវ​លោក​សម្រេច​ឱ្យ​លុប​ចោល។
រូប​ឯកសារ៖ ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​អ្នក​តាមដាន​ជាង​១៤​លាន​នាក់​ កាល​ពីថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​មុន​ពេល​ទំព័រ​នេះ​ត្រូវ​លោក​សម្រេច​ឱ្យ​លុប​ចោល។

គណនី​ហ្វេសប៊ុក (Facebook) របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដំណើរ​ការ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ៣​សប្តាហ៍​បន្ទាប់​ពី​លោក​បាន​ប្រកាស​ថា​លោក​បាន​បោះបង់​ចោល​មហា​បណ្តាញ​ព័ត៌មាន​សង្គម​នេះ​ទៅ​ប្រើ​តេឡេក្រាម​ដែល​ជា​ប្រព័ន្ធ appផ្ញើ​សារ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​វិញ។

ការ​វិល​ត្រឡប់​របស់​លោក ហ៊ុន សែន​ ទៅកាន់ Facebook វិញ​ បាន​កើត​មាន​ឡើង​៣​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជាតិ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​លោក​ត្រូវ​បាន​ធានា​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី។

លោក ហ៊ុន សែន​ បាន​និយាយ​កាល​ពី​ចុង​ខែ​មិថុនា​ថា ​លោក​នឹង​បញ្ឈប់​ការ​បង្ហោះ​សារ​ថ្មី​លើ​ទំព័រ Facebookរបស់​លោក ក៏​ប៉ុន្តែ ទុក​គណនី​នេះ​លើ​អនឡាញ។ លោក ហ៊ុន សែន បាន​និយាយ​ទៀត​ថា​លោក​បាន​ប្តូរ​ទៅ​ប្រើ​ប្រព័ន្ធ​តេឡេក្រាម​វិញ ពីព្រោះ​លោក​ជឿ​ថា​ ប្រព័ន្ធ​នេះ ​ផ្តល់​វិធី​ទាក់ទង​គ្នា​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង។

ក៏ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​ឃ្លាំ​មើល Facebook បាន​រិះគន់​ភាសា​នៅ​ក្នុង​វីដេអូ​មួយ​របស់​លោក​ហើយ​បាន​ស្នើ​ឱ្យ​ផ្អាកគណនី​របស់​លោក​នាយក​រដ្ឋមន្ត្រី​រយៈ​ពេល​៦​ខែ លោក ហ៊ុន សែន ​បាន​ដក​ទំព័រ​នោះ​ចោល។

លោក ដួង តារា ដែលគ្រប់គ្រង​គណនី​បណ្តាញ​សង្គម​របស់​មេដឹកនាំ​អាយុ​៧០ឆ្នាំ​រូប​នេះ​បាន​ចុះ​ផ្សាយ​សារ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​និយាយ​ថា​ លោក​បាន​សុំ​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​បើក​ទំព័រ Facebook របស់​លោក​ឡើង​វិញ ​ដើម្បី​ផល​ប្រយោជន៍​ជាតិ។ លោក តារា បាន​និយាយ​ទៀត​ថា​លោក មិន​មែន​លោក​នាយករដ្ឋមន្ត្រី​ទេ​ ដែល​នឹង​ចុះ​ផ្សាយ​មាតិកា​រឿង​ក្នុង​ទំព័រ Facebookនោះ។

លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​៣៨​ឆ្នាំ​នោះ​ បាន​ប្រើ​ Facebookចាប់​តាំង​ពី​ឆ្នាំ​២០១៥ ដើម្បី​ចុះផ្សាយ​រូបថត​ក្រុម​គ្រួសារ ចេញ​ការ​ព្រមាន​ភ្លាមៗ​ដល់​គូ​សត្រូវ​នយោបាយ​របស់​លោក​និង​ផ្សាយ​បន្ត​ផ្ទាល់​សុន្ទរកថា​ដ៏​វែង​អន្លាយនិង​ជា​ញឹកញាប់​របស់​លោក។

ទំព័រ​របស់​លោក​មាន​អ្នក​ចូល​មើល​១៤​លាន​នាក់ ថ្វី​បើ​ពួក​អ្នក​រិះគន់​បាន​និយាយ​ថា​ ចំនួន​អ្នក​ចូល​មើល​មួយ​ចំនួន​ធំ​ជាគណនី​«ខ្មោច»​ដែល​ទិញ​ដើម្បី​ឱ្យ​គេ​ចុច Like ជា​ការ​អះអាង​ដែល​លោក ហ៊ុន សែន បាន​ច្រាន​ចោល​ម្តង​ហើយ​ម្តង​ទៀត។

រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ គណនី​តេឡេក្រាម​របស់​លោក ហ៊ុន សែន មានអ្នក​ចូលរួម​ជិត​៩៨៧.០០០​នាក់​ដែល​កើន​ឡើង​ពី​៨៥៥.០០០​នាក់​ដែល​លោក​មាន​នៅ​ពេល​ដែល​លោក​ប្រកាស​ផ្តាច់​ពី Facebook។

លោក ហ៊ុន សែន​ បាន​ប្រកាស​ពី​បំណង​របស់​លោក​ដើម្បី​បញ្ឈប់​ការ​បង្ហោះ​សារ​នៅ​លើ Facebook មួយ​ថ្ងៃ​មុន​ពេល​ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​ពាក់​កណ្តាល​ឯករាជ្យ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Meta បាន​ស្នើ​ឱ្យ​ព្យួរ​រយៈពេល​៦​ខែ​ទាំង​គណនី Facebookនិង Instagram របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុមប្រឹក្សា​ភិបាល​ត្រួតពិនិត្យ​នោះ​បាន​បញ្ជាក់​ថា​ លោក ហ៊ុន សែន​បាន​ប្រើ​ប្រាស់​ភាសា​ដែល​អាច​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​សុន្ទរថា​មួយ​កាល​ពី​ខែ​មករាដែល​លោក​បាន​រិះគន់​ពួក​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ដែល​បាន​ចោទ​ប្រកាន់​ថា​គណបក្ស​របស់​លោក​បាន​លួច​សន្លឹក​ឆ្នោត។

ក្រុមប្រឹក្សា​ភិបាល​ត្រួត​ពិនិត្យFacebookបាន​និយាយ​ថា ​ខ្លួន​បាន​ផ្តល់​អនុសាសន៍ដែល​មិន​តម្រូវ​ឱ្យ​អនុវត្ត​តាម មួយ​ផ្នែក​បណ្តាល​មក​ពី​«ប្រវត្តិ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​លោក ហ៊ុន សែន ​និង​ការ​បំភិតបំភ័យ​លើ​គូប្រជែង​នយោបាយ​និង​យុទ្ធសាស្ត្រ​របស់​លោក​នៃ​ការប្រើ​បណ្តាញ​ព័ត៌មាន​សង្គម​ដើម្បី​ពង្រីក​ការ​គំរាម​កំហែង​បែប​នេះ»។ ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត ក្រុមប្រឹក្សា​ភិបាល​នេះ​បាន​ច្រានចោល​ការសម្រេច​របស់​ក្រុមហ៊ុន Facebook ដែល​បាន​អនុញ្ញាត​ឱ្យ​បន្ត​បង្ហោះ​វីដេអូ​នោះ​អនឡាញ។ វីដូអូ​នោះ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម Facebook។ ប៉ុន្មាន​ម៉ោង​នៃ​ការ​ធ្វើ​សេចក្តីរាយការណ៍​ជា​សាធារណៈ​របស់​ក្រុម​ប្រឹក្សាភិបាល​ត្រួតពិនិត្យ Facebook មក ទំព័រ​Facebookរបស់​លោក ហ៊ុន សែន​ ត្រូវ​បាន​ដក​ចេញ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG