រដ្ឋាភិបាលកម្ពុជាបានសម្រេចមិនឲ្យសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនៃក្រុមហ៊ុន Meta ដែលគ្រប់គ្រងហ្វេសប៊ុក ចូលប្រទេសកម្ពុជា ហើយចាត់ទុកអនុសាសន៍ឲ្យព្យួរគណនីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាមានលក្ខណៈនយោបាយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃអង្គារនេះ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន២២នាក់ ជា«បុគ្គលដែលមិនអាចទទួលយកបាន» ហើយពួកគេត្រូវហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជា ឬមានវត្តមានក្នុងប្រទេសកម្ពុជា។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ការសម្រេចរបស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មានលក្ខណៈនយោបាយ។
ក្រសួងបញ្ជាក់ថា៖ «អនុសាសន៍នេះមានចេតនារារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រនិងពេញចិត្ត»។
នេះជាចំណាត់ការថ្មីមួយទៀត ក្រោយរដ្ឋាភិបាលកម្ពុជាបានបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុនទំនាក់ទំនងជាមួយរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានឈប់ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដោយខ្លួនឯង កាលពីសប្តាហ៍មុន ក្រោយក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta ដែលគ្រប់គ្រងហ្វេសប៊ុកបានអំពាវនាវឱ្យព្យួរគណនីរបស់លោករយៈពេល៦ខែ ពាក់ព័ន្ធនឹងវីដេអូមួយដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលរំលោភវិធានរបស់ក្រុមហ៊ុន Meta ស្តីពីការគំរាមកំហែងហិង្សា។ ក្នុងវីដេអូនោះ លោកនាយករដ្ឋមន្ត្រីបានព្រមានគូប្រជែងនយោបាយរបស់លោកថាជ្រើសរើសរវាង«ប្រព័ន្ធផ្លូវច្បាប់»និង«ដំបង»៕