ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ជឿ​ថា​អំពើ​ហិង្សា​និង​ជំងឺ​ផ្លូវ​ចិត្ត​មាន​ទំនាក់ទំនង​គ្នា​


អ្នក​ជំងឺ​រង់ចាំ​នៅ​ខាងក្រៅ​មន្ទីរ​សុខភាព​ផ្លូវចិត្ត​នៃមន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​កាលពី​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ហោ ស៊ិញហ៊ួរ/VOA)
អ្នក​ជំងឺ​រង់ចាំ​នៅ​ខាងក្រៅ​មន្ទីរ​សុខភាព​ផ្លូវចិត្ត​នៃមន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​កាលពី​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ហោ ស៊ិញហ៊ួរ/VOA)

បើ​តាម​របាយការណ៍​របស់​ប្រទេស​កម្ពុជា​នៃ​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​ ​២០១៤​ ​បង្ហាញ​ថា ​យ៉ាង​ហោច​ណាស់​ប្រជាជន​កម្ពុជា​ ​៤​នាក់​ក្នុង​ចំណោម​ ​១០០​ ​នាក់​មាន​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ​ឬ​ Depression។​

នៅ​ក្នុង​ថ្ងៃ​ធម្មតា​ គ្រួច រដ្ឋា​ ជួយ​ធ្វើ​ការងារ​គ្រួសារ​ជា​ប្រចាំ​ថ្ងៃ​ ​ដូច​ជា​ការ​កាប់គាស់​ ​ភ្ជួរ​ដី​ធ្វើ​ស្រែ​ ​និង​ប្រមូល​ផល​ដំណាំ​របស់​ខ្លួនក្នុង​ខេត្ត​ព្រៃវែង។​ ​ក៏ប៉ុន្តែ​ថ្ងៃ​ខ្លះ​ បុរស​វ័យ​ ២៥ឆ្នាំ​រូប​នេះ​បែរ​ជា​មាន​ការ​រវើរវាយ​ ​និយាយ​សើច​ ​តែ​ម្នាក់​ឯង​ ​និង​ប្រែ​ជា​មាន​សតិ​មិន​នឹងន​ ​ហើយ​ហិង្សា។​

«ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យខ្លាច​ដែរ​ពេល​ដំបូង​ដោយ​សារ​មិនដែល​មាន​សមាជិក​គ្រួសារ​ណា​មួយ​ដែល​កើត​ជំងឺ​បែប​នេះ​ ​ទេ។​ ​ពេល​ជំងឺ​នេះ​ចូល​ដល់​គ្រួសារ​របស់​ខ្ញុំ​ ​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់​ ​និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។​ ​គាត់​ស្រឡាញ់​ម្តាយគាត់​ណាស់។​ ឲ្យ​តែ​ពេល​ណា​ម៉ែ​មក​លេង​ភ្នំពេញ​ ​គាត់​ទទូច​សួរ​ឪពុក​ខ្ញុំ​រហូត​ពេល​ណា​ទើប​ម៉ែ​មកវិញ​ ​»។​ ​នេះ​បើ​តាម​សម្តី​របស់​កញ្ញា​ ​គ្រួច សុភក្តិ​ ​ប្អូនស្រី​បង្កើត​របស់​ ​គ្រួច រដ្ឋា។

ប្រហែល​ជាមួយ​ឆ្នាំ​កន្លះ​មុន​ ​ពេល​ដែល​ម្តាយ​របស់​លោក​ ​គ្រួច រដ្ឋា​ ​ចាក​ចេញ​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​មក​សួរ​សុខ​ទុក្ខ​ប្អូន​ស្រី​របស់​លោក​ ​លោក​ចាប់​ផ្តើម​នឹក​ម្តាយ​យ៉ាង​ខ្លាំង​ ​ហើយ​ត្រូវ​បាន​គ្រូពេទ្យ​នៅ​ទីក្រុង​ភ្នំពេញ​ធ្វើ​កោសល្យវិច្ច័យ​ថា​កើត​ជំងឺ​វិកលចរិត​ដូច​ជា​ការ​រវើ​រវាយ​ ​និយាយ​និង​សើច​តែ​ម្នាក់​ឯង។​

នៅ​ក្នុង​ខែ​ដំបូង​នៃ​ជំងឺ​របស់​លោក​ ​លោក​មិន​គេង​ទាល់​តែ​សោះ​ ​អស់​ជាច្រើន​យប់​ ​ដើរ​រើ​កកាយ​គ្រឿង​យន្ត​របស់​គ្រួសារ។​ ​ពេល​ដែល​ប្អូន​ស្រី​លោក​ ​គឺ​កញ្ញា​ ​គ្រួច សុភក្តិ​ ​ទាមទារ​ឱ្យ​លោក​ដាក់​ឧបករណ៍​មុត​ស្រួច​ទាំង​នោះ​ចុះ​ ​លោក​ក៏​បាន​ប្រែ​ក្លាយ​ជា​ហិង្សា។​

ដោយ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​នៅ​ក្នុង​តំបន់​ចម្ការដូង​ ​រាជធានី​ភ្នំពេញ​ ​សុភក្តិ​បាន​ចំណាច​ប្រាក់​បៀវត្ស​ស្ដួចស្ដើង​របស់​កញ្ញា​ដើម្បី​ទិញ​ថ្នាំ​ពី​ពេទ្យ​មិត្តភាព​កម្ពុជា​សូវៀត​នៅ​ទី​ក្រុង​ភ្នំពេញ​ប្រចាំខែ​ឱ្យ​បងប្រុស​ដែល​មានតម្លៃ​ ​១២.០០០​ ​រៀល​ក្នុង​មួយ​ខែៗ។​ ​ដោយ​សារ​ថ្នាំ​នេះ​លោក​រដ្ឋា​បាន​ជា​សះស្បើយ​បន្តិច​ម្តងៗ​នៅ​ខេត្ត​ព្រៃវែង​ក្រោម​ការ​មើល​ថែ​របស់​ឪពុកម្តាយ។​

បទ​ពិសោធន៍​របស់​រដ្ឋា​គឺ​ជា​ឧទាហរណ៍​មួយ​នៃ​អំពើ​ហិង្សា​ដែល​អាច​កើត​ចេញ​ពី​ជំងឺ​ផ្លូវចិត្ត​ដែល​អ្នក​ជំនាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​មាន​ការ​ព្រួយបារម្ភនឹង​បញ្ចេញ​មតិ​ខុសៗ​គ្នា​ចំពោះ​បញ្ហា​នេះ។​

ប្រជាជន​ដើរ​ចេញ​ពីមន្ទីរពេទ្យមិត្តភាព​ខ្មែរ​សូវៀត​ដែលជា​មន្ទីរពេទ្យ​សាធារណៈ​តែ​មួយគត់​ដែល​មានផ្ដល់​សេវា​សុខភាព​ផ្លូវចិត្ត​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨។ (ហោ ស៊ិញហ៊ួរ/VOA)
ប្រជាជន​ដើរ​ចេញ​ពីមន្ទីរពេទ្យមិត្តភាព​ខ្មែរ​សូវៀត​ដែលជា​មន្ទីរពេទ្យ​សាធារណៈ​តែ​មួយគត់​ដែល​មានផ្ដល់​សេវា​សុខភាព​ផ្លូវចិត្ត​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨។ (ហោ ស៊ិញហ៊ួរ/VOA)

វេជ្ជបណ្ឌិត​ ​យឹម សុបុត្រា​ ​អ្នក​ឯង​ទេស​វិកលវិទ្យា​នៃ​គ្លីនិក​សាន់រ៉ាយ​ ​[Sunrise Clinic]​ ​និយាយ​ប្រាប់​ ​VOA​ ​ថា៖​

«អ្នក​កើត​ជំងឺ​ផ្លូវចិត្ត​ដូច​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ​មេនៀរ​ ​[Mania]​ ​ជំងឺ​បាយប៉ូឡា​ អ្នក​ប្រើប្រាស់​គ្រឿង​ញៀននិង​ គ្រឿងស្រវឹង​ និង​ជំងឺ​វិកលចរិត​អាច​មាន​ការ​ខូចខាត​ដល់​ខួរ​ក្បាល​ដែល​អាច​នាំឲ្យ​ពួក​គេ​អាច​ទៅ​ជា​ហិង្សា។​ ​មូលហេតុ​នេះ​ហើយ​ដែល​ឃើញ​មាន​អ្នក​ដែល​កើត​ជំងឺ​បាក់​ទឹកចិត្ត​ធ្វើ​មនុស្ស​ឃាត​ទៅ​លើ​បងប្អូន​និង​គ្រួសារ​មុន​ពេល​ដែល​គេ​ធ្វើ​អត្តឃាត»។​

មានការ​ស្រាវ​ជ្រាវ​កត់​ត្រា​ទុក​តិចតួច​ណាស់​ទាក់​ទង​នឹង​ចំនួន​មនុស្ស​ដែល​កើត​ជំងឺ​ផ្លូវ​ចិត្ត​និង​អំពើ​ហិង្សា​ដែល​កើត​ចេញ​ពី​ជំងឺ​ផ្លូវ​ចិត្ត​នៅប្រទេស​កម្ពុជា​ដោយសារ​កង្វះ​ខាត​នូវ​ជំរឿន​ទូទាំង​ប្រទេស​តែ​បើ​តាម​របាយការណ៍​របស់​ប្រទេស​កម្ពុជា​នៃ​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​ ​២០១៤​ ​បង្ហាញ​ថា ​យ៉ាង​ហោច​ណាស់​ប្រជាជន​កម្ពុជា​ ​៤​នាក់​ក្នុង​ចំណោម​ ​១០០​ ​នាក់​មាន​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ​ឬ​ Depression។​

បើ​តាម​របាយការណ៍​របស់​វេទិកា​សុខភាព​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផ្នត់​គំនិត​ទាក់ទង​នឹង​បញ្ហា​ផ្លូវ​ចិត្ត​បាន​បង្កើត​នូវ​លទ្ធផល​អវិជ្ជមាន​ដល់​ទាំង​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ ​និង​អ្នក​ជុំវិញ​ខ្លួន​ដូច​ជា​សមាជិក​គ្រួសារ​ជា​ដើម។ អ្នក​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ជំងឺ​ផ្លូវ​ចិត្ត​រង​នូវ​ការ​បដិសេធ​នូវ​ឱកាស​ស្មើ​ភាព​គ្នា​ ការ​បំបិទ​សិទ្ធិ​ចូល​រួម​ក្នុង​គ្រប់​រូបភាព​ជីវិត​ទូទៅ​ ​ភាព​អាម៉ាស់​ ​និង​ភាព​ឯកោ។​

វេជ្ជបណ្ឌិត​ Mohit Varshney​ នៃ​នាយកដ្ឋាន​ចិត្តសាស្ត្រ​និង​មជ្ឈមណ្ឌល​ព្យាបាល​គ្រឿងញៀន​ជាតិ​នៅ​ប្រទេស​ ​ឥណ្ឌាបាន​សរសេរ​ក្នុង​របាយការណ៍​ដដែល​ថា៖​ «ភាព​លម្អៀង​សង្គម​បាន​រួម​ចំណែក​ក្នុង​ការ​បង្កើត​ការ​យល់​ឃើញ​មិន​ល្អ​លើ​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដែល​រួម​ចំណែក​ក្នង​ការណ៍​ដែល​អ្នក​មាន​ជំងឺ​មិន​ហ៊ាន​បង្ហាញ​នូវ​ជំងឺ​ផ្លូវ​ចិត្ត​ខ្លួន​ និង​ការ​ថយ​ចុះក្នុង​ការ​ស្វែង​រក​ការ​ព្យាបាល»។​

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​សង្គម​តែង​តែ​ចោទ​ថា​អ្នក​ដែល​កើត​ជំងឺ​ផ្លូវ​ចិត្ត​ជា​មនុស្ស​ដែល​ហិង្សា​ ​ហើយ​មាន​គំនិត​ថា​ពួក​គេ​ជា​មនុស្ស​គ្រោះ​ថ្នាក់​មិន​គួរ​រាប់​រក​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏​រួម​ចំណែក​មួយ​ក្នុង​ការ​ពង្រឹង​ការ​យល់​ខុស​នេះ​ដែរ​ដោយ​ការ​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​មនុស្ស​ដែល​មាន​ជំងឺ​ផ្លូវចិត្ត​ដោយ​បំភ្លេច​ការពិត​ដែល​ថា​ភាគ​ច្រើន​នៃ​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​ត្រូវ​បាន​បង្ក​ឡើង​ដោយ​មនុស្ស​ដែល​មិន​មាន​បញ្ហា​ផ្លូវ​ចិត្ត​ទៅវិញ​នោះ​ទេ​។​

មន្ទីរ​សុខភាព​ផ្លូវចិត្ត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀតត្រូវ​បាន​ថត​ កាលពី​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។(ហោ ស៊ិញហ៊ួរ/VOA)
មន្ទីរ​សុខភាព​ផ្លូវចិត្ត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀតត្រូវ​បាន​ថត​ កាលពី​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។(ហោ ស៊ិញហ៊ួរ/VOA)

អ្នក​ជំនាញ​ផ្សេង​ទៀត​មិន​សូវ​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ផ្លូវ​ចិត្ត​នោះ​ទេ​ពួក​គេ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​គេ​ចំពោះ​ជន​រង​គ្រោះ​ដោយ​សារ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ទៅ​វិញ​។​

លោកស្រី​ Lisa Goodman សាស្ត្រាចារ្យ​នៃ​ផ្នែក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​និង​អប់រំ​ផ្នែក​ចិត្តវិទ្យា​បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​របស់​លោកស្រី​ដែល​មាន​ចំណង​ជើង​ ​ប្រវត្តិសាស្ត្រ​នៃ​ការ​វាយប្រហារ​លើ​រាង​កាយ​និង​ផ្លូវ​ភេទ​ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ ​«Physical and Sexual Assault History in Women with serious Mental Illness»​ ​ថា​ អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ងាយ​នឹង​ទទួល​រង​នូវ​អំពើ​ហិង្សា​ដោយ​សារ​តែ​ពួក​គេ​មាន​ដំណើរ​ការ​គិត​មិន​ល្អ​ ​មិន​មាន​ការ​ការ​ធ្វើ​ផែនការ​និង​ការ​ដោះស្រាយ​បញ្ហា​មិនល្អ​ដែល​អាច​ធ្វើ​ឱ្យពួក​គេ​ងាយ​ទៅ​ជា​ជនរង​គ្រោះ​នឹង​ហានិភ័យ​ដោយ​សារ​តែ​ការ​បរាជ័យ​ក្នុង​ការយល់​ពី​ហានិភ័យ​ទាំង​នោះ។​

អ្នក​ឯកទេស​ជំនាញ​ផ្សេង​ទៀត​ក៏​យល់ស្រប​ផង​ដែរ​ដូច​ដែល​បាន​ដក​ស្រង់​ក្នុង​ទស្សនាវដ្ដី​រោគ​រាតត្បាត​ និង​សុខភាព​សហគមន៍​ (​Journal of Epidemiology & Community Health)​ ​ថា​បញ្ហា​នេះ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​តិច​ជាង​អាកប្ប​កិរិយា​ហិង្សា​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​ទោះ​បី​ការ​រក​ឃើញ​បាន​បង្ហាញ​ថា៖​ «ជន​រង​គ្រោះ​ហិង្សា​ដែល​ជា​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​កើត​មាន​ញឹក​ញាប់​ជាង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​នៃ​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​»​។​

របាយការណ៍​បណ្ណាល័យ​ជាតិ​វិទ្យាសាស្ត្រ​សហរដ្ឋ​អាមេរិក​នៃ​វិទ្យាស្ថាន​សុខភាព​ជាតិ​ឆ្នាំ​ ​២០១៤​ បាន​បង្ហាញ​ថា​ភាពទូទៅ​នៃ​ជនរងគ្រោះ​ដែល​មាន​ជំងឺ​ផ្លូវចិត្ត​ដោយ​អំពើ​ហិង្សា​មាន​ចន្លោះ​ពី​ ​៧,១​ ​% និង​ ​៥៦%​ ​បើ​ទោះ​បី​ជា​បញ្ហា​នៃ​ការ​ប្រៀបធៀប​រវាង​ការសិក្សា​បាន​កើតឡើង​ក៏ដោយ។​

ប្រវត្តិសាស្ត្រ​ប្រល័យ​ពូជសាសន៍​ដ៏​រន្ធត់​នៅ​កម្ពុជា​បាន​បន្សល់​ទុក​នូវ​ស្នាម​ប្រឡាក់​ដល់​ប្រជាជន​។ ​ប្រជា​ជន​កម្ពុជា​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​ការ​រំលោភ​បំពាន​គ្រឿង​ញៀន​ច្រើន​។​ក្នុង​ករណី​មួយ​ចំនួន​អ្នក​កើត​ជំងឺ​ផ្លូវ​ចិត្ត​ត្រូវ​បាន​គេ​ដាក់​ច្រវាក់​ហើយ​ទុកចោល​ឱ្យ​នៅ​តែម្នាក់​ឯង​ ករណី​ខ្លះ​មាន​អាការៈ​ធ្ងន់​ធ្ងរ​ឡើង​ក្រោយ​ការ​លាក់​ទុក​ក្នុង​រយៈ​ពេល​យូរ​ ​ហើយ​អ្នក​ដទៃ​មួយ​ចំនួន​ទៀត​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ផង​។​

មនុស្ស​ដែល​រស់​នៅ​ជា​មួយ​នឹង​បញ្ហា​ផ្លូវ​ចិត្ត​រង​នៅ​សម្ពាធ​បន្ថែម​ទៀត​ទាក់​ទង​ជាមួយ​នឹង​ផលិតភាព​ទាប​ ​ឬ​ការណ៍​ដែល​មិន​អាច​រក្សា​ការងារ​របស់​ពួក​គេ​បាន​។​ ​កត្តា​ទាំង​ពីរ​នេះ​រួម​ចំណែក​មួយ​ក្នុង​ការ​ទម្លាក់​ពួក​គេ​ឱ្យចូល​ទៅ​ក្នុងវដ្ត​នៃ​ភាព​ក្រីក្រ​ដ៏​សាហាវ​មួយ​ដោយ​សារ​ពួក​គេ​អាច​មាន​លទ្ធភាព​តិចតួច​ណាស់​ក្នុង​ការ​ស្វែង​រក​ជំនួយ​ ​និង​ទិញ​ថ្នាំ​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត​របស់​គេ។​

ការសិក្សា​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​ ​២០១៦​បាន​រក​ឃើញ​ថា​សេដ្ឋកិច្ច​ពិភពលោក​បាន​ខាតបង់​នូវ​ប្រាក់​ចំនួន​ ១​ ពាន់​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ដោះស្រាយ​ ​និង​ព្យាបាល​ជំងឺ​ថប់បារម្ភ​និង​ជំងឺ​ធ្លាក់​ទឹកចិត្ត។​

វេជ្ជបណ្ឌិត ​យឹម ​សុបុត្រា​ ​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការយល់​ដឹង​អំពី​ជំងឺ​ផ្លូវចិត្ត​នីមួយៗ​ឱ្យ​បាន​លឿន​ ​ហើយ​ត្រូវ​ចេះ​ចាត់​វិធាន​ការ​ដោះស្រាយ​វា។​ ​លោក​វេជ្ជបណ្ឌិត​ជឿ​ជាក់​ថា​ ប្រជា​ជន​កម្ពុជា​មិន​សូវ​យល់​អំពី​សុខភាព​ផ្លូវ​ចិត្ត​និង​មិន​អាច​កំណត់​រោគ​សញ្ញា​ជំងឺ​ផ្លូវ​ចិត្ត​នៅ​ឡើយ​ទេ។​ លោក​ថា​ប្រជាជន​កម្ពុជា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ផ្លូវ​ចិត្ត​នីមួយ​ៗ​ហើយ​គួរ​តែ​ទៅ​រក​ជំនួយ​នៅ​ពេល​ពួក​គេ​មាន​បញ្ហា​ផ្លូវចិត្ត។​

លោក​បាន​បន្ថែម​ ​ថា៖​ ​

«យើង​សន្មត​ថា ​អ្នក​កើត​ជំងឺ​ផ្លូវ​ចិត្ត​មាន​ន័យ​ថា​ទាល់​តែ​ក្លាយ​ជា​មនុស្ស​ឆ្កួត​ហើយ​មុន​ពេល​នោះ​យើង​ចេះ​តែ​ទទូច​ថា​យើង​មិន​អី​ទេៗ​ដោយ​សារ​តែ​យើង​មិន​ទាន់​ជា​ឆ្កួត​នៅ​ឡើយ»។

លោក​បន្ថែម​ថា៖​

«យើង​ត្រូវ​ការ​ដឹង​អំពី​ស្ថានភាព​ផ្លូវ​ចិត្ត​របស់​យើង​ ហើយ​យើង​អាច​ជួយ​ខ្លួន​ឯង​បាន​តាម​រយៈ​វិធីសាស្រ្ត​ងាយ​ស្រួល​ជា​ច្រើន​ដូច​ជា​ការ​អនុញ្ញាត​ឱ្យ​ចិត្ត​និង​រាង​កាយ​របស់​យើង​សម្រាក​។​ ប្រជាជន​កម្ពុជា​ប្រឹង​នឹង​ ​ការងារ​ ​និង​ការ​សិក្សា​ខ្លាំង​ពេក​ ​ដល់​ថ្នាក់​ពួក​គេ​ភ្លេច​ពី​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ​ទោះ​បី​ពួក​គេ​ចាំ​ផ្តើម​ចង​ចាំ​ថែរក្សា​សុខភាព​រាងកាយ​ច្រើន​ជាង​មុន​ក៏​ដោយ»។​

លោក​ថា​នៅ​ក្នុង​សង្គម​ដែល​មនុស្ស​រស់​នៅ​ក្នុង​សតិ​អារម្មណ៍​ដោយ​សន្តិភាព​និង​សុភមង្គល​វា​ជា​ការ​ល្អ​សម្រាប់​មនុស្ស​នោះ​ផង​ ​និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ផង​ ​ហើយ​អាច​រស់​នៅ​ប្រកប​ដោយ​ភាព​ចម្រុង​ចម្រើន។​ ​

លោក​បន្ថែម​ថា៖ «យើង​ត្រូវ​ចាំ​ថា​ ​នេះ​មិនមែន​ត្រឹមតែ​ជា​បញ្ហា​បុគ្គល​នោះ​ឡើយ​តែ​វា​ក៏​ជា​បញ្ហា​គ្រួសារ​ ​បញ្ហា​សង្គម​ ​ហើយ​យើង​មិន​អាច​រំលង​រឿង​នេះ​បាន​ទៀត​ទេ»។​

ទោះ​បី​ជា​លោក​ ​គ្រួច​ រដ្ឋា​ ​រង​គ្រោះ​ដោយ​ជំងឺ​ផ្លូវ​ចិត្ត​ក្តី​ក៏​គ្រួសារ​របស់​លោក​នៅ​តែ​មាន​សង្ឃឹម​លើ​លោក​ ហើយ​មិន​បោះ​បង់​លោក​ចោល​ឡើយ។​ ក្រោម​ការ​មើល​ថែ​ទាំ​ ​និង​ព្យាបាល​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ​ គ្រួសារ​លោក​មាន​សង្ឃឹម​ថា ​លោក​នឹង​បាន​សះ​ស្បើយ​ជាង​មុន​ជាក់​ជា​មិន​ខាន​ ហើយ​គ្រួសារ​ប្រជាជន​កម្ពុជា​ដទៃ​ទៀត​ក៏​អាច​ចាប់​ផ្តើម​ស្វែង​យល់​បន្ថែម​អំពី​ភាព​បន្ទាន់​នៃ​បញ្ហា​ផ្លូវ​ចិត្ត​របស់​សមាជិក​គ្រួសារ​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG