លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) ស្ថាបនិកមូលនិធិគន្ធបុបា្ផ ដែលបានកសាង និងដំណើរការមន្ទីរពេទ្យគន្ធបុប្ផាជាង២០ឆ្នាំនៅប្រទេសកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ នៅអាយុ៧១ឆ្នាំ ដោយរោគាពាធ នៅឯប្រទេសស្វ៊ីស។ នេះបើយោងតាមសេចក្តីប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលបានចេញផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា និងគណបក្សកាន់អំណាចនៅក្នុងប្រទេសនេះក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងការសោកស្តាយចំពោះការស្លាប់របស់លោកវេជ្ជបណ្ឌិត រិចឆ្នឺរ ដែលបានជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើនលាននាក់ ចាប់តាំងពីការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ១៩៩២មក។
សេចក្តីប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានបង្ហោះលើគណនីហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត រិចឆ្នឺរ បានបញ្ជាក់ក្នុងន័យដើមថា៖
«លោកវេជ្ជបណ្ឌិត រិចឆ្នឺរ កើតនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៤៧ បានទទួលអនិច្ចកម្ម នៅវេលាម៉ោង២និង៤៥នាទីព្រឹក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងទីក្រុងហ្យុយរិក ប្រទេសស្វីស ក្នុងជន្មាយុ៧១ឆ្នាំ»។
សេចក្តីប្រកាសនេះបានបញ្ជាក់ថា ដោយមានជំងឺធ្ងន់ធ្ងរ លោកវេជ្ជបណ្ឌិត រិចឆ្នឺរ បានចាកចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ដើម្បីវិលត្រឡប់ទៅកាន់ទីក្រុងកំណើតរបស់លោកនៅទីក្រុង Zurich ដែលនៅទីនោះ លោកវេជ្ជបណ្ឌិតបានចំណាយពេលវេលានៃឆ្នាំចុងក្រោយជាមួយក្រុមគ្រួសារ និងញាតិមិត្តរបស់លោក។
មន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងបញ្ជាក់បន្ថែមក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ជាវេជ្ជបណ្ឌិតឯកទេសកុមារ ជាអ្នកមានទេពកោសល្យខាងតន្ត្រីវីយ៉ូឡុងសែល និងជាថ្លុកកំប្លែង«Beatocello» លោកបានមកកាន់ប្រទេសកម្ពុជានាឆ្នាំ១៩៩២ តាមការអញ្ជើញរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានស្នើឲ្យលោកមកជួយជួសជុល សាងសង់ឡើងវិញនូវមន្ទីរពេទ្យកុមារនៅភ្នំពេញ ដែលត្រូវបានបំផ្លិចបំផ្លាញដោយរបបខ្មែរក្រហមដ៏គួរឲ្យភ័យខ្លាច។
សេចក្តីប្រកាសនេះបានសរសេរបន្តក្នុងន័យដើមថា៖
«ក្នុងរយៈពេល២៥ឆ្នាំ វេជ្ជបណ្ឌិតស្វីសម្នាក់នេះបានសាងសង់ និងដឹកនាំមន្ទីរពេទ្យកុមារប្រាំកន្លែងនៅភ្នំពេញ និងនៅខេត្តសៀមរាប ដែលនៅទីនោះហើយ ដែលលោកបានស៊ូធ្វើការទាំងពួងប្រកបដោយជោគជ័យ ដែលកែប្រែរបៀបការងារថ្មីមួយ ដើម្បីជាជំនួយផ្នែកវេជ្ជសាស្ត្រនៅក្នុងបណ្តាប្រទេសក្រីក្រ គឺផ្តល់ការព្យាបាលវេជ្ជសាស្ត្រមួយដែលត្រឹមត្រូវ និងឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា»។
លោកវេជ្ជបណ្ឌិត រិចឆ្នឺរ កើតនៅថ្ងៃទី១៣ ខែមីនាឆ្នាំ១៩៤៧ ក្នុងទីក្រុង Zurich ប្រទេសស្វ៊ីស។ លោកទទួលបានសញ្ញាប័ត្រជំនាញវិជ្ជាពេទ្យកុមារក្នុងឆ្នាំ ១៩៧៣ នៅពេលលោកធ្វើការនៅមន្ទីរពេទ្យកុមារក្រុង Zurich។ នេះបើយោងតាមគេហទំព័រផ្ទាល់ខ្លួនរបស់លោកវេជ្ជបណ្ឌិត រិចឆ្នឺរ។
លោកវេជ្ជបណ្ឌិត រិចឆ្នឺរ ត្រូវបានបញ្ជូនមកធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផា នៅប្រទេសកម្ពុជា ក្នុងចន្លោះឆ្នាំ១៩៧៤ និង១៩៧៥ ដោយកាកបាទក្រហមប្រទេសស្វ៊ីស។ ក្រោយសម័យសង្គ្រាមគឺនៅខែធ្នូឆ្នាំ១៩៩១ រដ្ឋាភិបាលកម្ពុជាស្នើឲ្យលោកកសាងឡើងវិញ និងគ្រប់គ្រងមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាម។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ការស្លាប់របស់លោកវេជ្ជបណ្ឌិតរិចឆ្នឺរ គឺជាការបាត់បង់វីរជនខាងសុខាភិបាលមួយរួប ដែលបានផ្តល់សេវាកម្មព្យាបាលជំងឺកុមារនៅក្នុងប្រទេសកម្ពុជា ដោយមិនគិតប្រាក់កម្រៃ។
«ការស្លាប់របស់គាត់ហ្នឹង គឺជាការបាត់បង់វីរជនមួយនៅក្នុងវិស័យសុខាភិបាល ដែលផ្តល់សេវាកម្មដល់កុមារា កុមារីកម្ពុជា ជាការសោកស្តាយដ៏ធំធេង ដូចមហាគ្រួសារខ្មែរ»។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានចូលរួមសម្តែងការសោកស្តាយចំពោះអនិច្ចកម្មរបស់លោក រិចឆ្នឺរ ដែរ។
«បើយើងផ្អែកទៅលើធម៌ព្រះពុទ្ធ គឺថា ជីវិតវាមិន[ទៀងទាត់] មិនដឹងធ្វើម៉េច។យើងមានការសោកស្តាយ ដែលបានបែកទៅ។ គាត់មានស្នាដៃជាច្រើន។ គាត់ចូលរួមនៅក្នុងការកសាងស្នាដៃ ហើយនឹងសង្គ្រោះកុមារកម្ពុជាច្រើនលើសលុប។ នេះហើយដែលធ្វើឲ្យយើងមានការសោកស្តាយ ហើយយើងជូនពរឲ្យវិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភព បាទ»។
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរកាលពីឆ្នាំ២០១៧ និងបានប្រគល់ការងារដល់លោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានក្រុមប្រឹក្សាមន្ទីរពេទ្យគន្ធបុប្ផា។ លោកវេជ្ជបណ្ឌិត Peter Studer បច្ចុប្បន្នជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម មានប្រសាសន៍ថា សមិទ្ធផលដែលលោកវេជ្ជបណ្ឌិតសញ្ជាតិស្វីសនេះ បានសម្រេចជូនពលរដ្ឋកម្ពុជា គឺជាគុណសម្បតិ្តដ៏ធំធេងមួយ ដែលរដ្ឋាភិបាលកម្ពុជាគួរផ្តួចផ្តើមធ្វើអ្វីម៉្យាង ដើម្បីជាការតបស្នងដល់លោក។
«បើនិយាយអំពីជីវិត[ទាំងឡាយ]ណា ដែលបានត្រូវសង្គ្រោះតាមរយៈការជួយគាំទ្ររបស់គាត់ មន្ទីរពេទ្យគន្ធបុប្ផានេះ វាជាគុណមួយធំធេង ដែលមិនអាចមានអីយកទៅប្រៀបផ្ទឹមបាន ហើយខ្ញុំគិតថា មិនមែនគ្រាន់តែត្រឹមថា ដឹងគុណគាត់ទេ ក៏ប៉ុន្តែគួរតែធ្វើអ្វីមួយអាចជារូបសំណាករបស់គាត់ក្នុងមន្ទីរពេទ្យគន្ធបុប្ផាហ្នឹងក៏បាន ព្រោះអីគាត់ជាអ្នកដែលផ្តួចផ្តើមតាំងពីដើមមក»។
អ្នកវិភាគរូបនេះមិនផ្តល់ការអធិប្បាយចំពោះអនាគតរបស់ប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យសប្បុរសធម៌នេះទេ ក្រោយការស្លាប់របស់លោកវេជ្ជបណ្ឌិត រិចឆ្នឺរ តែលោកថា រដ្ឋាភិបាលកម្ពុជាគួរតែបង្កើនកិច្ចខិតខំជួយដល់មន្ទីរពេទ្យមួយនេះ ឬក៏ពង្រីកបន្ថែមនៃមន្ទីរពេទ្យ តាមបែបផែនមន្ទីរពេទ្យគន្ធបុប្ផាទៅថ្ងៃខាងមុខ។
នៅឯមន្ទីរពេទ្យគន្ធបុប្ផាទីមួយ ក្នុងទីក្រុងភ្នំពេញ មានការរៀបចំពិធីរំឭកដល់វិញ្ញាណក្ខន្ធរបស់លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺ ដែលមិនមានបន្សល់កូនចៅ គឺមានតែបងប្អូនប្រុសស្រីបង្កើត ដែលមិនមាននរណាម្នាក់ចាប់អាជីពជាគ្រូពេទ្យផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាវេជ្ជបណ្ឌិតគី សន្ទី ដែលជាបុគ្គលិករបស់មន្ទីរពេទ្យគន្ធបុប្ផា។
ទាក់ទិននឹងគុណភាពសេវាកម្មរបស់មន្ទីរ នៅពេលលោកវេជ្ជបណ្ឌិត រិចឆ្នឺរ លែងនៅមើលការគ្រប់គ្រងមន្ទីរពេទ្យនោះ លោកវេជ្ជបណ្ឌិត គី សន្ទី បានប្រែសម្រួលការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Denis Laurent ជំនួយការលោកវេជ្ជបណ្ឌិត Richner ដែលបានអះអាងថា មន្ទីរពេទ្យនេះនឹងនៅតែដំណើរការដូចធម្មតា ដោយសារតែសុខភាពហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់មន្ទីរពេទ្យនៅមានភាពប្រសើរនៅឡើយ បើគិតចាប់តាំងពីពេលដែលលោកវេជ្ជបណ្ឌិត Richner ធ្លាក់ខ្លួនឈឺ និងផ្ទេរភារកិច្ចលោកឲ្យទៅក្រុមគ្រូពេទ្យផ្សេងទៀត។
[កេរដំណែល]រក្សានូវបច្ចេកវិទ្យា របៀបរបបធ្វើការ ប្រព័ន្ធការងារឲ្យនៅល្អ ដូចពីកាលលោកបេអាត នៅមានជីវិតគឺវាទាក់ទងទៅនឹងបញ្ហាហិរញ្ញវត្ថុ។ ហិរញ្ញវត្ថុគឺវាមានប្រភពដែលមួយផ្នែកធំ គឺចេញពីមូលនិធិគន្ធបុប្ផាស្វីស។ ប៉ុន្តែមកដល់ពេលនេះ ទោះបីថា មិនមានលោក អវត្តមានលោកជិតពីរឆ្នាំ ឥឡូវនេះមានការបាត់បង់លោកទៀតនោះ មូលនិធិគន្ធបុប្ផាស្វីសមិនទាន់ឃើញសញ្ញាអ្វី ដែលធ្លាក់ចុះនោះទេ ហើយមួយទៀត ដែលសំខាន់គឺប៉ុន្មានឆ្នាំចុងក្រោយនេះ គឺយើងមានការគាំទ្រ ផ្នែកហិរញ្ញវត្ថុ នៅក្នុងស្រុកយើង កម្ពុជាយើង ជាពិសេស គឺរាជរដ្ឋាភិបាល លោកសម្រេចជួយគាំទ្រមូលនិធិហ្នឹងគឺកាន់តែច្រើនឡើងៗកើនឡើងជាបន្តបន្ទាប់»។
យោងតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យគន្ធបុប្ផា សាធារណជនទូទៅអាចចូលរួមសម្តែងមរណទុក្ខ និងសេចក្តីនឹករលឹកដឹងគុណចំពោះលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៃសពដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលព័ត៌មាននៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (ជិតវត្តភ្នំ) និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ក្នុងខេត្តសៀមរាប នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង៣រសៀល ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
កាលពីខែមេសា ឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យដំណើរការ «មូលនិធិគន្ធបុប្ផាកម្ពុជា» ជាផ្លូវការ ដោយសម្រេចដាក់ប្រាក់វិភាគទានដំបូងដែលជាថវិការបស់រដ្ឋចូលមូលនិធិនេះចំនួន១០លានដុល្លារអាមេរិក និងប្រកាសបន្តដាក់ថវិកា៥លានដុល្លារអាមេរិកចូលមូលនិធិនេះជារៀងរាល់ឆ្នាំ ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
កាលពីខែមិនា ឆ្នាំ២០១៦ ព្រះមហាក្សត្រកម្ពុជាសម្តេចព្រះបាទ នរោត្តម សីហមុនី បានតែងតាំងប្រធានមន្ទីរពេទ្យគន្ធបុប្ផា គឺលោកវេជ្ជបណ្ឌិត Beat Richner ជាទីប្រឹក្សាក្រសួងសុខាភិបាលដោយមានឋានៈស្មើរដ្ឋលេខាធិការ។
ក្នុងសេចក្តីប្រកាសចេញផ្សាយកាលពីថ្ងៃអាទិត្យ មន្ទីរពេទ្យគន្ធបុប្ផាអះអាងថា កុមាររាប់ម៉ឺននាក់ត្រូវបានជួយសង្គ្រោះជីវិតពីសេចក្តីស្លាប់ នៅមន្ទីរពេទ្យគន្ធបុបា្ផ ដែលបច្ចុប្បន្ននេះដឹកនាំដំណើរការដោយគ្រូពេទ្យ និងបុគ្គលិកកម្ពុជា ដែលត្រូវបានបណ្តុះបណ្តាលដោយលោកវេជ្ជបណ្ឌិត រិចឆ្នឺរ ផ្ទាល់ និងដោយសាស្ត្រាចារ្យស្វីស៕