លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នឹងទៅទទួលពានរង្វាន់ Ramon Magsaysay ក្នុងទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីននៅសប្ដាហ៍នេះ ចំពោះស្នាដៃរក្សាការចងចាំប្រវត្តិសាស្ត្រសម្រាប់ការសះស្បើយផ្លូវចិត្ត និងយុត្តិធម៌។ នេះបើយោងតាមការប្រកាសរបស់មជ្ឈមណ្ឌលឯកសារតាមសារអេឡិចត្រូនិកដែល VOA ទទួលបានកាលពីថ្ងៃអាទិត្យ។
លោក ឆាំង យុ គឺជាជ័យលាភីម្នាក់មកពីប្រទេសកម្ពុជា ក្នុងចំណោមជ័យលាភី៦នាក់ដែលទទួលបានពានរង្វាន់ ដែលគេចាត់ទុកថាជារង្វាន់សន្តិភាពប្រចាំទ្វីបអាស៊ី ក្នុងឆ្នាំ២០១៨នេះ។ ជ័យលាភី៥នាក់ទៀត គឺមកពីប្រទេសទីម័រខាងកើត វៀតណាម ហ្វីលីពីន និងពីរនាក់ទៀតមកពីប្រទេសឥណ្ឌា។
លោក ឆាំង យុ ក៏ត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញជាសាធារណៈ ក្នុងទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន នៅថ្ងៃទី៣ ខែកញ្ញា ផងដែរ។ នេះបើយោងតាមគណៈកម្មការផ្ដល់ពានរង្វាន់ Ramon Magsaysay នេះ។
លោក ឆាំង យុ បានដឹកនាំកិច្ចការអភិរក្សការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីស្វែងរកយុត្តិធម៌ ការផ្សះផ្សា និងការជាសះស្បើយផ្លូវចិត្តសម្រាប់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានឆក់យកជីវិតប្រជាជនខ្មែរអស់ប្រមាណជិត២លាននាក់នៅចន្លោះឆ្នាំ ១៩៧៥ ដល់១៩៧៩។
លោក ឆាំង យុ ត្រូវបានទទួលស្គាល់ចំពោះ «ការងារដ៏អស្ចារ្យឥតងាករារបស់លោក ក្នុងការអភិរក្សការចងចាំនៃរបបប្រល័យពូជសាសន៍ខ្មែរ ហើយនិងភាពជាអ្នកដឹកនាំនិងទស្សនវិស័យរបស់លោក ក្នុងការផ្លាស់ប្ដូរការចងចាំអំពីភាពដ៏គួរឱ្យរន្ធត់ ទៅជាដំណើរការនៃការទទួលបាននិងការអភិរក្សយុត្តិធម៌ក្នុងប្រទេសរបស់លោកនិងនៅក្នុងពិភពលោក»។ នេះបើផ្នែកតាមគណៈកម្មការផ្ដល់ពានរង្វាន់ Ramon Magsaysay ដដែល៕