អ្នកស្រី ស្រី លក្ខណ៍ មានជំងឺគ្រុនផ្តាសាយ ដូច្នេះអ្នកស្រីដើរតម្រង់ទៅកាន់ឱសថស្ថានមួយកន្លែងនៅម្តុំផ្សារកណ្តាល និងបានប្រាប់ឱសថាការីឲ្យផ្សំ «ថ្នាំណាដែលឆាប់ជា» ដែលអ្នកស្រីសំដៅទៅលើ«ថ្នាំផ្សះ» ជាពាក្យប្រើប្រាស់ទូទៅក្នុងភាសាខ្មែរសម្រាប់ថ្នាំអង់ទីប៊ីយ្យូទិច (Antibiotics)។
មិនខុសពីប្រជាជនកម្ពុជាភាគច្រើននោះទេ អ្នកស្រីមានទម្លាប់ឲ្យឱសថការីផ្សំថ្នាំនៅ ពេលកើតជំងឺផ្តាសាយ ឬជំងឺផ្សេងទៀត។
តែពីរបីនាទីប៉ុណ្ណោះ ឱសថការីបានឲ្យល្បាយថ្នាំមួយកូនកញ្ចប់ផ្លាស្ទិច រួចជាស្រេច។ អ្នកស្រី ដែលអ្នកទទួលទានថ្នាំទាំងនោះ ពុំបានដឹងនិងបានចាប់អារម្មណ៍ថាជា ថ្នាំអ្វីខ្លះនោះទេ ដោយសារតែវាចេញពីកំប៉ុងថ្នាំធំៗ ឬបំបែកប្រអប់ផ្សេងៗគ្នា។
អ្នកស្រី ស្រី លក្ខណ៍ អាយុ ២៩ឆ្នាំ បានចំណាយលុយពីរដុល្លារ សម្រាប់ថ្នាំមួយកញ្ចប់ដែលឱសថការីផ្សំឲ្យ តែមិនទទួលបានព័ត៌មានអ្វីទាល់តែសោះអំពីថ្នាំ ដែលអ្នកស្រីនឹងលេប។ យ៉ាងណាក្តី អ្នកស្រីនិយាយថា អ្នកស្រីនៅតែអាចទទួលយកបាន។
ស្របពេលកំពុងបីកូនតូចអាយុ ៣ខែ ផ្អឹបនឹងខ្លួនពីខាងមុខ អ្នកស្រីបាននិយាយថា៖
«កន្លែង[ឱសថស្ថាន] ខ្លះក៏[ផ្សំថ្នាំ] ត្រូវដែរ តែភាគច្រើនខ្ញុំទៅកន្លែងគាត់ស្គាល់ខ្ញុំ។ គាត់ [ឱសថការី] សួរទៅ ខ្ញុំប្រាប់ពីអាការៈ ផ្តាសាយយ៉ាងម៉េចៗទៅ គាត់ឲ្យថ្នាំ។ ភាគច្រើនខ្ញុំប្រាប់គាត់ថា លោកគ្រូ [ឱសថការី] ខ្ញុំសុំអាថ្នាំណាល្អៗ ពីរថ្ងៃដាច់ពឹតទៅ កុំឲ្យរ៉ាំរ៉ៃខ្ញុំពិបាក»។
អ្នកស្រីបានឲ្យដឹងទៀតថា អ្នកស្រីពុំមានទម្លាប់ដេញដោលឱសថការីអំពីផលវិបាក (ឬ side effect) នៃថ្នាំដែលអ្នកស្រីត្រូវលេបនោះទេ។
របៀបរបបនៃការលក់ថ្នាំបែបនេះគឺមានជាទូទៅនៅក្នុងប្រទេសកម្ពុជា ខណៈដែលប្រព័ន្ធសុខាភិបាលស្ទើរគ្រប់ផ្នែកភាគច្រើនមិនមានការអនុវត្តច្បាប់តឹងរ៉ឹង។
ប៉ុន្តែនេះក៏ជាការអនុវត្តប្រកបដោយគ្រោះថ្នាក់ផងដែរ ហើយកំពុងតែមានសភាពធ្ងន់ធ្ងរទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសារតែមានការប្រើប្រាស់ថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិចខុស បាក់តេរីដែលស៊ាំទៅនឹងថ្នាំផ្សះទៅហើយ មានសភាពខ្លាំងឡើង ហើយក្លាយជាកត្តាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងទៅលើសុខភាពសាធារណៈ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។ កម្ពុជាកំពុងស្ថិតនៅជួរមុខនៃបញ្ហានេះ ហើយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក៏ប្រឈមដូច្នេះដែរ។
ថ្នាំវេជ្ជសាស្ត្រគឺជា អាវុធមុខពីរ
ថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិចជាឱសថដ៏សំខាន់មួយក្នុងការសម្លាប់បាក់តេរី និងបានសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ចាប់តាំងពីថ្នាំប្រភេទនេះត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៤០។ ប៉ុន្តែនៅពេលប្រើប្រាស់មិនត្រូវ ថ្នាំប្រភេទនេះអាចបង្កផលប៉ះពាល់ទៅវិញ។ បាក់តេរីដែលធ្លាប់ប៉ះជាមួយនឹងថ្នាំផ្សះនៅក្នុងបរិមាណតិចតួច ឬកម្រិតទាប តែងតែវិវត្តទៅជាបាក់តេរីដែលស៊ាំនឹងថ្នាំនេះទៅវិញ ហើយភាពស៊ាំបន្តិចម្តងៗធ្វើឲ្យបាក់តេរីទាំងនោះខ្លាំងឡើងៗ។
ការវិវត្តនេះបង្កឡើងដោយការប្រើប្រាស់ថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិចខុស ការខកខាននៅក្នុងការប្រើប្រាស់ថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិចដោយលេបមិនគ្រប់ចំនួនត្រឹមត្រូវតាមវេជ្ជបញ្ជា ឬការប្រើប្រាស់ថ្នាំផ្សះ ឬអង់ប៊ីយ្យូទិចនៅពេលមិនចាំបាច់។ ឧទាហរណ៍ ជំងឺផ្តាសាយជាជំងឺបង្កឡើងដោយវីរុស មិនមែនដោយបាក់តេរីទេ ដូចនេះការប្រើប្រាស់ថ្នាំផ្សះ ដើម្បីព្យាបាលជំងឺផ្តាសាយគឺជា ការប្រើប្រាស់ខុស។ យ៉ាងណាក្តី ការអនុវត្តរបៀបខាងលើនេះគឺ មានជាទូទៅនៅកម្ពុជា។
កម្ពុជាគឺជា ប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់ ដែលបានបង្កើតគោលនយោបាយពាក់ព័ន្ធនឹងភាពស៊ាំនឹងមីក្រូប (AMR) នៅក្នុងឆ្នាំ ២០១៤។ ដោយមានការជ្រោមជ្រែងពីអង្គការសុខភាពពិភពលោក គោលនយោបាយនេះគឺមានលក្ខណៈពេញលេញ និងមានរួមបញ្ចូលផែនការរយៈពេលបីឆ្នាំសម្រាប់ការអនុវត្ត។ ក៏ប៉ុន្តែ អ្នកជំនាញផ្នែកសុខាភិបាលបានឲ្យដឹងថា ការអនុវត្តពុំបានដើរទៅមុខ ឲ្យដូចអ្វីដែលគ្រោងទុកនោះទេ។
សេចក្តីណែនាំរួមមួយរបស់ដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក WHO នៅឆ្នាំ ២០១៦ បានបញ្ជាឲ្យឱសថការីបញ្ឈប់ការលក់ថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិច ដោយមិនមានវេជ្ជបញ្ជា។ នេះជាវិធានការមូលដ្ឋាន និងជាក់ស្តែងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំផ្សះ។ប៉ុន្តែអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ VOA ថា លោកមិនច្បាស់ថាតើមានឱសថស្ថានណាមួយ ឬមានចំនួនប៉ុន្មាន ដែលត្រូវបានទទួលការពិន័យពីការលក់ថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិច ដោយមិនមានវេជ្ជបញ្ជានោះទេ។
វេជ្ជបណ្ឌិតមួយរូប ដែលធ្វើការជិតដិតជាមួយនឹងរដ្ឋាភិបាលទាក់ទិននឹងការប្រយុទ្ធប្រឆាំងឆ្លើយតបនឹងភាពស៊ាំនឹងថ្នាំ [វេជ្ជសាស្ត្រ] បានឲ្យដឹងថា មិនមានដំណើរការណាមួយអាចទៅមុខបានទេ ពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិច ប្រសិនគ្មានការពង្រឹងច្បាប់ ភ្ជាប់ជាមួយនឹងគោលនយោបាយ។ លោកបានស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារលោកមិនត្រូវផ្តល់សិទ្ធិឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ លោកបានឲ្យដឹងថា៖
«នៅប្រទេសសាំងហ្កាពួរ យើងអត់អាចទៅទិញថ្នាំផ្សះបានសេរីអញ្ចឹងទេ ដោយសារតែវាមិនមែនជាប្រភេទពួក OTC [over the counter ដែលគេអាចលក់បានដោយពុំចាំបាច់មានវេជ្ជបញ្ជា]។ ថ្នាំផ្សះលក់បានទាល់តែមានវេជ្ជបញ្ជា។ តែនៅស្រុកយើងអាចទិញបាន។ អាហ្នឹងហើយជាបញ្ហា។ វាគ្រោះថ្នាក់ណាស់នៅថ្ងៃមុខ»។
លោក អ៊ំ ឆវ័ន្ត អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រមួយរូប ដែលជាសហនិពន្ធទៅលើរបាយការណ៍ស្រាវជ្រាវមួយផ្សព្វផ្សាយឆ្នាំ ២០១៧ អំពីការប្រើប្រាស់ថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិចខុសនៅកម្ពុជា បាននិយាយថា ឱសថការីជាច្រើន មើលរំលងទាំងស្រុងទៅលើ បម្រាមរបស់ក្រសួង ពីព្រោះពួកគេយល់ថា វិធានការនេះពុំមានចងដោយច្បាប់តឹងរ៉ឹង ហើយគ្មាននរណាម្នាក់ត្រួតពិនិត្យពួកគេលើការចែកចាយថ្នាំផ្សះនោះទេ។
លោកបានប្រៀបធៀបគោលនយោបាយ AMR ទៅនឹងគម្រោងផ្ទះមួយខ្នង ដែលមានត្រឹមប្លង់យ៉ាងស្អាតគូរដោយស្ថាបត្យករប៉ុណ្ណោះ។ ទោះបីជា គម្រោងមានច្បាស់យ៉ាងណាក៏ដោយ ក៏គ្មានអ្វីត្រូវបានសាងសង់ឡើងនៅឡើយ។ លោកឆវ័ន្ត បានមានប្រសាសន៍ថា៖
«រាល់ថ្ងៃហ្នឹង ពិតមែនតែមានច្បាប់ តែច្បាប់យើងហ្នឹងអនុវត្តមិនទាន់បាន។ ចង់និយាយថា អត់មានអីហាមឃាត់ទេ តែសមត្ថភាពអនុវត្តច្បាប់ ឬយកអ្វីដែលជាសារាចរណ៍ក្រសួងចេញហ្នឹង យកទៅអនុវត្តអត់ទាន់បាន ដោយសារយើងខ្វះធនធាន ខ្វះអីអញ្ចឹង។ ដំណាក់បន្ទាប់យើងត្រូវអនុវត្តអាហ្នឹង បច្ចេកទេសផង ត្រូវធនធានមនុស្សផង និងថវិកាទៀត»។
រកទិញភ្លាម បានភ្លាម
ស្ថិតក្នុងឯកសណ្ឋានអាវវែង ពណ៌ស ដែលមើលទៅហាក់ដូចជា វេជ្ជបណ្ឌិតម្នាក់ លោក កែវ លីហួរ មមាញឹកក្នុងការច្រកថ្នាំ លក់ជូនអតិថិជននៅផ្សារតាប៉ាង ដែលជាកន្លែងមានឱសថស្ថានត្រូវគេស្គាល់ច្រើននៅជិតផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ។
ឱសថការី កែវ លីហួរ បាននិយាយថា មនុស្សកាន់តែច្រើនបានមកសួរគាត់ ហើយសុំទិញថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិច ហើយលោកតែងតែលក់ទៅតាមតម្រូវការ។ លោកបានឲ្យដឹងដែរថា តាមអ្វីដែលលោកបានសិក្សា ការពន្យល់អ្នកជំងឺអំពីផលប៉ះពាល់នៃថ្នាំអាចធ្វើឲ្យអ្នកជំងឺមិនទុកចិត្តថ្នាំ ដូចនេះ ជាទូទៅលោកតែងលើកទឹកចិត្តឲ្យអ្នកជំងឺលេបថ្នាំ ដោយមានទំនុកចិត្ត និងមិនបារម្ភពីផលប៉ះពាល់។
«ភាគច្រើនយើង មិនមែនប្រាប់គាត់ជាលក្ខណៈ side effect [ផលវិបាកនៃថ្នាំ] ទេ។ បើយើងប្រាប់គាត់ពី side effect ច្រើនពេក ពេលខ្លះគាត់អស់ជំនឿទុកចិត្តលើថ្នាំ ព្រោះប្រើទៅខ្លាច side effect ពេក។ បើយើងគិតតាមចិត្តសាស្ត្រ ពេលរៀនក៏គេគិតដែរ គេថា សំខាន់លើអ្នកជំងឺដែរ ជឿលើថ្នាំហ្នឹងក៏អាចជាជំងឺដែរបាន ៣០% ទៅ៤០%។ បើប្រាប់ side effect គាត់អស់ជំនឿលើថ្នាំហ្នឹង»។
កញ្ញា លួង សុភ័ត ជាឱសថការីមួយរូបទៀតធ្វើការនៅឱសថស្ថាន Help Plus ដែលជា ឱសថស្ថានបែបទំនើបមួយ។ កញ្ញាបានប្រាប់ VOA ថា កញ្ញាបានដឹងថា ភាពស៊ាំនឹងថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិច ជាបញ្ហាធ្ងន់ធ្ងរមួយ ហើយកញ្ញាព្យាយាមសម្របទៅនឹងសេចក្តីណែនាំរបស់រដ្ឋាភិបាល។
ទោះបីយ៉ាងណាក៏ដោយ កញ្ញាបានលើកឡើងថា នាងគ្រាន់តែត្រូវបានផ្តល់ព័ត៌មានពីសេចក្តីណែនាំនោះប៉ុណ្ណោះ ហើយមិនគិតថា មានជាប់ទាក់ទងនឹងច្បាប់ទេ។
ឱសថការីរូបនេះបានបញ្ជាក់ដែរថា អ្វីដែលកញ្ញាបានយល់ដឹងពីការផ្សព្វផ្សាយរបស់ក្រសួងនោះគឺ ការប្រជុំឱសថការី ដែលលើកចុងក្រោយកញ្ញាចូលរួមនោះគឺ ប្រមាណ២ឆ្នាំមុន។ កញ្ញាបាននិយាយថា៖
«ផឹកថ្នាំផ្សះត្រឹមត្រូវទី១ ត្រូវមានវេជ្ជបញ្ជាពីគ្រូពេទ្យ ហើយគ្រូពេទ្យត្រូវសរសេរប្រាប់របៀបប្រើប្រាស់ត្រឹមត្រូវប៉ុណ្ណឹងទៅ ហើយសំខាន់មួយទៀតគឺ ឱសថការី អ្នកឲ្យថ្នាំ»។
កញ្ញា លួង សុភ័ត បាននិយាយទៀតថា ដោយសារតែគ្មានការរឹតបន្តឹងច្បាប់នោះហើយ ទើបសម្ពាធផ្នែកអាជីវកម្ម ដើរតួនាទី ជំរុញឱសថស្ថាននានាបន្តលក់ថ្នាំផ្សះ។
ឱសថការីប្រាំបួននាក់ ដែល VOA បានសាកសួរ បាននិយាយថា ពួកគេមិនទទួលបានសេចក្តីណែនាំជា ក្រដាសស្នាមពីក្រសួងសុខាភិបាលនោះទេ។ ឱសថការីទាំងអស់បាននិយាយថា ពួកគេមិនច្បាស់ថាតើ វាស្របច្បាប់ ឬខុសច្បាប់នោះទេ ប្រសិនបើពួកគេលក់ថ្នាំផ្សះ ឬអង់ទីប៊យ្យូទិច ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងប្រធានក្រុមការងារបច្ចេកទេសប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំ ហៅកាត់ថា AMR បានប្រាប់ VOA នៅក្នុងបទសម្ភាសន៍មួយថា ក្រសួងបានធ្វើបទបញ្ជារួចហើយ តែវាអាស្រ័យលើឱសថស្ថាន និងភាគីដទៃទៀតចូលរួម និងអនុវត្តទៅតាមបញ្ជា។ លោកបានឲ្យដឹងថា៖
«សូមឲ្យអ្នកលក់ឱសថហ្នឹង ព្រមទទួលធ្វើតាមការណែនាំរបស់ក្រសួង។ យើងមានមន្ត្រីយើងតាមឃ្លាំមើល គឺមន្ត្រីយុត្តិធម៌។ ប្រសិនបើយើងពិនិត្យទៅថា គាត់មិនធ្វើតាមការណែនាំទេ គាត់អាចជួបការព្រមាន ឬអាចទៅផ្លូវច្បាប់យើងមានធរមាន។ បើគាត់ធ្វើខុសគោលការណ៍ យើងអាចដកអាជ្ញាបណ្ណគាត់ ដែលប្រកបមុខរបរហ្នឹងបាន»។
ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត លី សុវណ្ណ បាននិយាយថា លោកមិនបានដឹងនោះទេថាតើមកទល់ពេលនេះ មានឱសថស្ថានសរុបប៉ុន្មានហើយដែលត្រូវបានដកហូតអាជ្ញាបណ្ណប្រកបអាជីវកម្ម ដោយសារតែលក់ថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា។
លោកបានអះអាងថា ស្ថានភាពនាពេលនេះគឺ ល្អជាងមុន ប៉ុន្តែលោកមិនមានទិន្នន័យដែលលោកអាចចែករំលែកពាក់ព័ន្ធនឹងបញ្ហានេះនោះទេ។ លោកលី សុវណ្ណបាននិយាយថា៖
«យើងបានណែនាំហើយ ដូច្នេះការងារបន្តមានតែការចូលរួមគ្នាទេ ទាំងប្រជាពលរដ្ឋ។ សំណូមអ្នកសារព័ត៌មានដែរ អាចរាយការណ៍ជូន ហើយប្រជាពលរដ្ឋអាចរាយការណ៍ជូនយើងដែរ។ យើងមានលេខទូរសព្ទសម្រាប់ទាក់ទងមកក្រសួង។ ការខិតខំពីក្រសួងសុខាភិបាល និងមន្ត្រីជំនាញគេខិតខំហើយ តែយើងមិនអាចជោគជ័យ១០០% ទេ បើមិនមានការចូលរួមពីយើងទាំងអស់គ្នា» ។
កាន់តែឆាប់ កាន់តែល្អ?
អ្នកសារព័ត៌មាន VOA បានសាកទៅទិញថ្នាំនៅក្នុងឱសថស្ថានចំនួនបីផ្សេងគ្នានៅតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ និងបានសួរឱសថការីឲ្យផ្តល់ថ្នាំបំបាត់អាការៈផ្តាសាយ ដែលអាការៈផ្តាសាយនេះមិនត្រូវការថ្នាំផ្សះទេ។
ដោយមិនបានសួររកក្រដាសវេជ្ជបញ្ជាពីដំបូងទេ ឱសថការីបានផ្សំថ្នាំតែប្រមាណ ១ទៅ២នាទី ហើយខ្ចប់កញ្ចប់ល្បាយថ្នាំមួយកូនថង់ផ្លាស្ទិច ដែលមានទៅដោយថ្នាំចម្រុះពណ៌គ្នា។
ចំណោមឱសថស្ថានទាំងបី ឱសថការីពីររូបក្នុង បានផ្តល់ឲ្យថ្នាំ cephalosporin ដែលជាថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិច ប្រភេទខ្លាំងមួយ ដែលគួរតែប្រើសម្រាប់ការឆ្លងរោគមួយប្រភេទ ដែលកម្រតែប៉ុណ្ណោះ។
អ្នកសារព័ត៌មាន VOA ក៏បានសួរទៅឱសថការី ថាតើមានបានផ្សំដាក់ថ្នាំផ្សះ នៅក្នុងថង់ថ្នាំនោះដែរ ឬទេ ហើយរយៈពេលនៃការប្រើប្រាស់ថ្នាំផ្សះ ត្រូវប្រើយ៉ាងណាដែរ។
ឱសថការីទាំងពីររូបនោះមានការភ្ញាក់ផ្អើលបន្តិច នៅពេលត្រូវបានសួរច្រើនយ៉ាងដូច្នេះ។ ម្នាក់នៅក្នុងចំណោមពួកគេ បាននិយាយថា «មិនអីទេ» នៅក្នុងការប្រើប្រាស់ថ្នាំផ្សះសម្រាប់រយៈពេលពីរថ្ងៃ ។
«ថែមទៀតយកប្រាំថ្ងៃទៅ។ [...] វាមិនអីទេ[ពីរថ្ងៃ] តែបើមានលុយទិញផឹកថែម ៣ថ្ងៃទៀតទៅ បើបាត់ក្អកញ៉ាំ តែថ្នាំផ្សះតែវាហ្នឹងក៏បាន»។
វាក្លាយជារឿងធម្មតា ដែលនៅតាមឱសថស្ថាននៅកម្ពុជា អ្នកជំងឺកម្រនឹងទទួលបានព័ត៌មានច្បាស់នៅក្នុងការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ។
យោងទៅតាមរបាយការណ៍ស្រាវជ្រាវឆ្នាំ ២០១៧ របស់លោកឆវ័ន្ត ក្រោមប្រធានបទ«ការប្រើប្រាស់ថ្នាំផ្សះមិនត្រឹមត្រូវនៅក្នុងសហគមន៍ប្រជាជនកម្ពុជា» បានឲ្យដឹងថា ថ្នាំផ្សះត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅតាមតំបន់ទីក្រុង និងជនបទដោយមានចាប់ពីគិលានុបដ្ឋាកនាយិកា រហូតដល់គ្រូពេទ្យមិនផ្លូវការ ដែលគេហៅថា «ពេទ្យភូមិ»។ ពេទ្យភូមិជា គ្រូពេទ្យដែលទទួលបានការបណ្ដុះបណ្ដាលតិចតួចប៉ុណ្ណោះ ហើយពេលខ្លះតាំងពីជំនាន់ខ្មែរក្រហមមកម្លេ៉ះ។
លោក ឆវ័ន្ត និងសហនិពន្ធរបស់លោកបានរកឃើញថា «ពេទ្យភូមិ» តែងតែផ្តល់នូវថ្នាំផ្សះប្រភេទខ្លាំងដូចជា ថ្នាំ fluoroquinolones និង cephalosporins ដោយមិនមានហេតុផលត្រឹមត្រូវ។ លោក ឆវ័ន្ត និងក្រុមការងារបានជួបជាមួយនឹងប្រជាជនតាមភូមិ ដែលពួកគេទម្លាប់នឹងរកទិញថ្នាំផ្សះ ដោយពួកគេហៅឈ្មោះកាត់ដូចជា «Pen» សម្រាប់ penicillion, «អាមុក» សម្រាប់ amoxicillin, «អាំពី» សម្រាប់ (ampicillin), «តេត្រា» សម្រាប់ tetracyclineនិង «ខូទ្រីម» សម្រាប់ cotrimoxazole។
ប្រជាជនមួយចំនួនជឿថា ថ្នាំផ្សះគួរតែត្រូវប្រើសម្រាប់រាល់បញ្ហាសុខភាព ដែលរួមមាន បញ្ហារលាកមិនច្បាស់លាស់ ដែលមិនទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។
នៅក្នុងរបាយការណ៍របស់លោកឆវ័ន្ត អ្នកភូមិម្នាក់បាននិយាយប្រាប់ទៅក្រុមអ្នកស្រាវជ្រាវថា «ឧទាហរណ៍៖ថ្នាំ Ampi និងថ្នាំ Amox នៅពេលដែលខ្ញុំតឹងច្រមុះ វាជួយកាត់បន្ថយអាការៈតឹងច្រមុះ»។
លោក ឆវ័ន្ត បានប្រាប់ VOA ថា បញ្ហាគឺ មិនមែនត្រឹមតែជាមួយនឹង «ពេទ្យភូមិ» ប៉ុណ្ណោះទេ ហើយលើសពីទៅទៀត គ្រូពេទ្យដែលមានអាជ្ញាបណ្ណបញ្ជាក់ត្រឹមត្រូវមួយចំនួន តែងតែមិនធ្វើតេស្តជាមុនសិនទេ ដើម្បីកំណត់ថា ជំងឺនោះគឺ ពិតជាបង្កឡើងដោយបាក់តេរីមែន ឬមិនមែន។ លោកឆវ័ន្តបាននិយាយថា៖
«រាល់ថ្ងៃហ្នឹង មន្ទីរពេទ្យខ្លះមាន មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ តែគ្រូពេទ្យយើងអត់ប្រើ។ មានកត្តាច្រើនដែលគាត់មិនប្រើ។ ទី១ ពេទ្យហ្នឹងចេញធ្វើការជាង ២០ ទៅ៣០ ឆ្នាំហើយ គាត់មិនសូវខ្វល់រឿងហ្នឹងទេ។ គាត់ព្យាបាលមើលតែល្មមៗដាក់ថ្នាំផ្សះៗ មិនខ្វល់មេរោគអីជាមេរោគអីទេ។ ហើយគាត់រកថ្នាំផ្សះណា ដែលទូលាយ ដែលដាក់មួយគ្រាប់ទៅអាចគ្រប [សម្លាប់] ១០មេរោគអីហ្មង។ គាត់មិនសូវរវីរវល់ជាមួយមន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រទេ។ ទី២ គាត់ថាចំណាយពេលយូរ»។
ប្រជាជនមួយចំនួនក៏ជឿ (ដោយយល់ច្រឡំ) ថា «ថ្នាំផ្សះ» ឬថ្នាំអង់ទីប៊ីយ៉ូទិចគឺជាប្រភេទថ្នាំ ដែលអាចព្យាបាលបានឆាប់រហ័ស និងមានប្រសិទ្ធភាពជាងថ្នាំដទៃទៀត។
អាស្រ័យហេតុនេះ បានជា អ្នកស្រី ហង់ សំអាង វ័យ៧០ឆ្នាំ និយាយថា លោកស្រីតែងតែឈប់ប្រើប្រាស់ថ្នាំផ្សះ ភ្លាម នៅពេលអ្នកស្រីមានអារម្មណ៍ធូរស្បើយបន្តិច។ អ្នកស្រីបានថ្លែងថា ឱសថការីនៅក្រុងភ្នំពេញបានឲ្យយោបល់អ្នកស្រីថា «ការប្រើប្រាស់ថ្នាំច្រើនពេក» គឺមិនល្អសម្រាប់សុខភាព ហើយការឈប់ប្រើប្រាស់ថ្នាំផ្សះភ្លាមៗ ក្រោយមានអាការៈធូរស្បើយបន្តិច គឺជា រឿងល្អ។
អ្នកស្រី ហង់ សំអាង កាន់កញ្ចប់ផ្លាស្ទិច ដែលមានថ្នាំច្រើនមុខនៅក្នុងដៃ ក្នុងនោះមានទាំងថ្នាំផ្សះបាននិយាយប្រាប់ VOA ក្នុងន័យដើមយ៉ាងដូច្នេះ៖
«មិនដឹងដែរ ផ្តាសាយឈឺលេប អាមុក amoxicillin មួយគ្រាប់ពីរគ្រាប់ទៅបាត់ហើយ។ មិនចូលចិត្តប្រើថ្នាំច្រើន តែរៀងបាត់ឈឺក៏ឈប់លេបហើយ»។
ជាការពិត អ្វីៗដែលជាទម្លាប់ និងជាការយល់ដឹងអំពីថ្នាំផ្សះរបស់ប្រជាជនទូទៅ គឺផ្ទុយស្រលះពីសេចក្តីណែនាំ ដែលត្រឹមត្រូវនៅក្នុងការប្រើប្រាស់ថ្នាំផ្សះ។
អ្នកជំងឺត្រូវតែលេបថ្នាំឲ្យគ្រប់តាមវេជ្ជបញ្ជា ហើយមិនត្រូវឈប់ប្រើឡើយ នៅពេលដែលពួកគេគ្រាន់តែមានអារម្មណ៍ធូរស្បើយភ្លាម។ ការប្រើប្រាស់ថ្នាំផ្សះមិនត្រឹមត្រូវ គឺធ្វើឲ្យថ្នាំផ្សះមិនមានលទ្ធភាពខ្ពស់នៅក្នុងការប្រឆាំងមេរោគ ដោយសារតែបាក់តេរីដែលទន់ខ្សោយអាចងាប់ភ្លាមៗ ប៉ុន្តែបាក់តេរីដែលខ្លាំងអាចនៅរស់ហើយបន្តបង្កើនចំនួនរបស់វា។
ផ្នែកមួយនៃបញ្ហាសាកល
មនុស្សប្រមាណ ៧០ ម៉ឺននាក់ទូទាំងពិភពលោក ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការឆ្លងជំងឺដែលមានមេរោគរបស់វាស៊ាំទៅនឹងថ្នាំផ្សះ ដែលគេប្រើសម្រាប់ព្យាបាលជំងឺ នេះបើយោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក។ អង្គការនេះព្យាករណ៍ថា ចំនួនអ្នកស្លាប់ដោយសារបញ្ហានេះ នឹងកើនឡើងដល់១០លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ ២០៥០ខាងមុខ។ ហើយក្នុងនោះ ការប្រើប្រាស់ថ្នាំផ្សះ ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ រួមចំណែកបង្កឲ្យភាពស៊ាំនឹងថ្នាំផ្សះក្លាយជាវិបត្តិសុខភាពសាកល។
ទិន្នន័យអំពីភាពស៊ាំនឹងថ្នាំផ្សះនៅកម្ពុជានៅមិនទាន់មានគ្រប់ ដែលនៅមានលក្ខណៈខ្សោយនៅឡើយ នេះមានន័យថា កម្ពុជានៅពុំដឹងច្បាស់អំពីទំហំបញ្ហានៃភាពស៊ាំនឹងថ្នាំផ្សះ ដែលបានកើតឡើងនៅក្នុងប្រទេសខ្លួននោះទេ។
កម្មវិធីតាមដានលើភាពស៊ាំនឹងថ្នាំផ្សះ ដែលចាត់ចែង និងអនុវត្តផ្ទាល់ដោយរាជរដ្ឋាភិបាល គឺកំពុងស្ថិតនៅដំណាក់កាលប្រមូលទិន្នន័យលើកដំបូង ហើយគេពុំទាន់មានទិន្នន័យសរុបទេក្នុងឆ្នាំនេះ។ តែទោះជាយ៉ាងក៏ដោយ គេឃើញថាការសិក្សាជាលក្ខណៈបុគ្គល និងដោយឯករាជ្យពីរដ្ឋាភិបាល រួមទាំងការអង្កេតទៅលើករណីកើតឡើងដោយផ្ទាល់នានា បានបង្ហាញជាក់ស្តែងរួចទៅហើយ អំពីស្ថានភាពធ្ងន់ធ្ងរនៃបញ្ហានេះ។
នៅឆ្នាំ ២០១១ មាន១០% នៃករណីជំងឺរបេងនៅកម្ពុជា ត្រូវបានគេរកឃើញថា មានការស៊ាំទៅនឹងថ្នាំផ្សះជាច្រើនមុខ ដែលនេះមានន័យថា គេពិបាករកថ្នាំផ្សះណាមួយ ដែលមានប្រសិទ្ធភាពមកព្យាបាលជំងឺរបេងនេះបាន។ កាលពី ១០ ឆ្នាំមុននេះគឺនៅឆ្នាំ ២០០១ មានតែប្រមាណ ៣,១% ប៉ុណ្ណោះដែលមានករណីស៊ាំនឹងថ្នាំផ្សះព្យាបាលជំងឺរបេង។
ការសិក្សាស្រាវជ្រាវបន្តបន្ទាប់មកទៀតនៅក្នុងឆ្នាំ២០១៥ ដែលតាមដានបន្ថែមលើការស្រាវជ្រាវកាលពីគ្រាមុន គេបានអំពាវនាវឲ្យមានជាបន្ទាន់នូវការបន្តឃ្លាំមើលថ្នាក់ជាតិទៅលើមេរោគរបេង ដែលបានស៊ាំនឹងឱសថនានា ដែលគេប្រើសម្រាប់ព្យាបាលជំងឺនេះ ពីព្រោះថា គេឃើញមាន សញ្ញាណនៃការរាលដាលនៅក្នុងចំណោមប្រជាជនកម្ពុជា។
ការសិក្សាមួយនៅមន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប ដែលធ្វើឡើងរយៈពេល១០ ឆ្នាំ គឺពីឆ្នាំ២០០៧ ទៅឆ្នាំ ២០១៦ និងបានបង្ហាញលទ្ធផលក្នុងខែឧសភាបានឲ្យដឹងថា មាន ៨២% ភាគរយនៃវីរុស E. coli និង K. pneumoniae នៅមន្ទីរពេទ្យកុមារអង្គរនោះបានស៊ាំនឹងថ្នាំជាច្រើនមុខទៅហើយ។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក៏បានបង្ហាញពីការព្រួយបារម្ភផងដែរ តាមរយៈសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះថា ខ្លួនបានរកឃើញកម្រិតខ្ពស់នៃភាពស៊ាំនឹងថ្នាំទៅលើប្រភេទបាក់តេរីមួយចំនួន។
ការស្រាវជ្រាវដែលមានរយៈពេល ៤ ឆ្នាំរបស់វិទ្យាស្ថាននេះ ដែលចាប់ផ្តើមពីឆ្នាំ ២០១២ រកឃើញថា សន្ទុះនៃការកើនឡើងនូវប្រភេទបាក់តេរី Enterobacteria គឺកើនពី 23,8% ដល់ 38,4% នៅក្នុងសំណាក ដែលគេបានធ្វើតេស្តសាកល្បង។ កំណើននេះមានន័យ សន្ទុះនៃភាពស៊ាំនឹងថ្នាំផ្សះដែលគេប្រើសម្រាប់ទប់បាក់តេរីទាំងនោះ កើនឡើងយ៉ាងលឿន ដែលជាបញ្ហាប្រឈមនៃប្រសិទ្ធភាពថ្នាំផ្សះ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ ៨០% ភាគរយនៃស្ត្រីមានផ្ទៃពោះ និង ៤២% នៃ ទារកដែលត្រូវបានធ្វើតេស្ត ដោយវិទ្យាស្ថាននេះ បានផ្ទុកប្រភេទបាក់តេរី Enterobacteria ដែលនៅបណ្តាប្រទេសអឺរ៉ុប គឺមានចំនួនតិចជាង ៥%នៃស្ត្រី និងទារកប៉ុណ្ណោះ នេះបើយោងតាមការប្រៀបធៀបរបស់វិទ្យាស្ថាន។
អ្នកស្រី Alexandra Kerleguer ជីវវិទូនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឲ្យដឹងថាតាមសេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានថា «ការកើនឡើងនៃបាក់តេរី ដែលស៊ាំនឹងថ្នាំទាំងអស់នេះ អាចនាំទៅរកភាពការជាប់គាំងនៃការព្យាបាល»។
ជីវវិទូរូបនេះបន្តទៀតថា នៅពេលគាត់ មកដល់រាជធានីភ្នំពេញជាលើកដំបូង គាត់មានការភ្ញាក់ផ្អើលចំពោះ ទំហំភាពស៊ាំរបស់មេរោគ ប្រឆាំងទៅនឹងថ្នាំផ្សះ ដែលកើតមាននៅប្រទេសកម្ពុជាគឺមានធ្ងន់ធ្ងរជាងនៅប្រទេសបារាំងរបស់គាត់។
លោកវេជ្ជបណ្ឌិត ផែ ថុង នៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម នៅរាជធានីភ្នំពេញបានប្រាប់ VOA ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោកបានឃើញអ្នកជំងឺជាច្រើន ដែលកើតជំងឺឆ្លង ដែលបង្កដោយបាក់តេរី កំពុងប្រឈមនឹងបញ្ហា ដែលថាបាក់តេរីទាំងនោះស៊ាំទៅនឹងថ្នាំ។ ហើយលោកបានកត់សម្គាល់ឃើញថា មានកម្រិតខ្ពស់។
លោកវេជ្ជបណ្ឌិតរូបនេះ បន្តទៀតថា មានករណីខ្លះអ្នកជំងឺស៊ាំនឹងថ្នាំផ្សះស្ទើរតែទាំងអស់ដែលមាននៅកម្ពុជា។ លោកថា លោកពុំដែលជួបករណីយ៉ាងដូច្នេះសោះឡើយមុនឆ្នាំ ២០១៣។
លោកបានមានប្រសាសន៍ថា៖
«នៅទីនេះយើងជួបប្រទះ មេរោគមួយចំនួន ដែលយើងឃើញថា វាស៊ាំទៅនឹងថ្នាំទាំងអស់ ដែលមាននៅក្នុងស្រុកខ្មែរយើង។ អញ្ចឹង យើងអត់មានថ្នាំព្យាបាលគាត់បាន ដែលជាចំណុចពិបាក។ ពីមុនៗ យើងអត់ទាន់ ដែលមានទេ អាចថាមុន ២០១៤ ឬ២០១៣អត់ទាន់មានទេ។ ក្រោយ២០១៤ ឬ ២០១៥អីមក យើងឃើញមានស៊ាំថ្នាំ ដែលអាចពិបាករកថ្នាំ ដើម្បីព្យាបាល»។
ជំងឺរលាកសួត និងជំងឺគ្រុនពោះវៀនជា ប្រភេទជំងឺដែលពិបាកក្នុងការព្យាបាលបំផុតនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយសារតែបាក់តេរីដែលបណ្តាលឲ្យកើតជំងឺទាំងពីរនេះមានភាពស៊ាំខ្លាំងចំពោះថ្នាំផ្សះ ដែលមានស្រាប់ដូចជា ciprofloxacin និង fluoroquinolone។ នេះបើតាមការលើកឡើងរបស់លោក វេជ្ជបណ្ឌិត ផែ ថុង។
បញ្ហានេះទំនងធ្វើឲ្យគ្រូពេទ្យនៅគ្រប់ទីកន្លែងមានភាពលំបាកខ្លាំង។ ហើយនៅកម្ពុជា អ្វីដែលពិបាកមួយកម្រិតទៀតនោះគឺថា ថ្នាំផ្សះជួរទីបី ដែលគេត្រូវការសម្រាប់ប្រឆាំងបាក់តេរីទាំងនោះជារឿយៗមិនអាចរកបាន ឬមានតម្លៃថ្លៃខ្លាំង។ ហើយប្រភេទថ្នាំផ្សះទាំងនោះក៏តម្រូវឱ្យអ្នកជំងឺប្រកាន់ខ្ជាប់នូវការព្យាបាលយ៉ាងម៉ត់ចត់ ដែលតម្រូវឲ្យគាត់សម្រាកនៅមន្ទីរពេទ្យ។ ហានិភ័យនោះគឺថា បាក់តេរីដែលស៊ាំនឹងថ្នាំផ្សះនោះវិវត្ត ហើយស៊ាំនឹងថ្នាំផ្សះ ដែលខ្លាំងបំផុត ដែលចុងក្រោយធ្វើអ្នកជំងឺស្ទើរតែមិនអាចប្រយុទ្ធប្រឆាំងបាន។
លោក វេជ្ជបណ្ឌិត ផែ ថុងបន្តថា៖
«អ្នកមួយចំនួនមានឆ្លងកាត់ការប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិចមួយចំនួនរួចហើយពីសហគមន៍ ឬពីគ្លីនិកតាមខេត្តអីមក។ នៅទីនេះយើងមានការលំបាកក្នុងការជ្រើសរើសថ្នាំអង់ទីប៊ីយូទិចថា ជ្រើសរើសកម្រិតណាមួយ។ ពេលខ្លះមានការពិភាក្សាគ្នាច្រើនពីក្រុមគ្រូពេទ្យយើងហ្នឹងថា គួរប្រើមួយណា»។
តម្រូវការព័ត៌មានយ៉ាងខ្លាំងបំផុត
រាល់ការស្រាវជ្រាវអំពីភាពស៊ាំនឹងថ្នាំផ្សះនៅកម្ពុជាបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការប្រព័ន្ធឃ្លាំមើលថ្នាក់ជាតិ ដែលច្បាស់លាស់ជាបន្ទាន់ ប៉ុន្តែទោះជាយ៉ាងណា ការចាប់ផ្តើមអនុវត្តប្រព័ន្ធឃ្លាំមើលនៅយឺតយ៉ាវនៅឡើយ។
មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម រួមទាំងមន្ទីរពេទ្យចំនួន ៣ផ្សេងទៀតនៅរាជធានីភ្នំពេញ និង៤មន្ទីរពេទ្យទៀតនៅតាមខេត្ត បានចូលរួមអនុវត្តកម្មវិធីរបស់អង្គការសុខភាពពិភពលោកមួយ ដើម្បីតាមដាន និងប្រយុទ្ធប្រឆាំងនឹងភាពស៊ាំ និងថ្នាំផ្សះ ដែលហៅកាត់ថា GLASS។
ទោះបីជាកម្មវិធីនេះត្រូវបានបង្កើតឡើងយូរឆ្នាំមកហើយក៏ដោយ ក៏កម្ពុជាទើបបានចាប់ផ្តើមប្រមូលទិន្នន័យនៅក្នុងខែមករា ឆ្នាំ២០១៨ នេះប៉ុណ្ណោះ។ មកទល់បច្ចុប្បន្ន មានតែមន្ទីរពេទ្យចំនួន៨ ប៉ុណ្ណោះដែលមានបរិក្ខារគ្រប់គ្រាន់សម្រាប់ការធ្វើតេស្តចាំបាច់ ដើម្បីរកបាក់តេរីដែលស៊ាំនឹងថ្នាំផ្សះនេះ បានបង្ហាញអំពីជម្រៅនៃបញ្ហាប្រឈម ដែលមានជាចម្បង។
វេជ្ជបណ្ឌិតដដែល ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានចូលរួមការងារលើការប្រយុទ្ធបញ្ហា ភាពស៊ាំនឹងថ្នាំផ្សះ បានប្រាប់ VOA ថា ល្គិកណាកម្ពុជាគ្មានស្ថិតិច្បាស់លាស់ ដែលអាចបង្ហាញអំពីវិសាលភាពនៃភាពស៊ាំនឹងថ្នាំផ្សះនោះទេ ការបង្កើតផែនការថ្នាក់ជាតិ ដើម្បីគ្រប់គ្រងបញ្ហានេះឲ្យមានប្រសិទ្ធភាពគឺ មិនអាចកើតឡើងនោះទេ។
«នៅទេ អត់មានទេ guideline [មគ្គុទេសព្យាបាលជំងឺដោយប្រើប្រាស់ថ្នាំផ្សះថ្នាក់ជាតិ] ដើម្បីជួយ guide ដល់គ្រូពេទ្យព្យាបាល ថាតើជំងឺអីត្រូវការព្យាបាល ដោយប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិចមួយ។ អត់ទាន់ធ្វើទេ នៅទេ ព្រោះទិន្នន័យយើងអត់ទាន់គ្រប់គ្រាន់។ ទាល់តែយើងប្រមូល data បន្ថែមពីរ បីឆ្នាំថែមទៀត ទើបអាចគ្រប់នឹងបង្កើត guideline»។
លោកបន្តទៀតថា៖ «ការងារហ្នឹងត្រូវការរដ្ឋាភិបាលគាត់ប្រឹងប្រែងណាស់»។
ខណៈដែលកម្ពុជា បានចូលរួមក្លាយជាសមាជិកភាពក្នុងកម្មវិធីមួយ តាមដាននិងប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំផ្សះ ដែលហៅកាត់ថា GLASS របស់អង្គការសុខភាពពិភពលោក ក្រោមការផ្តួចផ្តើមរបស់ប្រទេស ស៊ុយអែត ក៏មានការគាំទ្រផ្នែកបច្ចេកទេស និងជំនាញដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកផងដែរ។
ថ្នាក់ដឹកនាំវិស័យសុខាភិបាល ក្រុមគ្រូពេទ្យ និងអ្នកជំនាញ ដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យនេះគួរតែផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការអនុវត្តក្នុងការព្យាបាល និងផ្សំថ្នាំរបស់ពួកគេឲ្យបានសិន មុនពេលដែលពួកគេរំពឹងថា ឲ្យអ្នកជំងឺផ្លាស់ប្តូរការគិត ឥរិយាបថប្រើប្រាស់ថ្នាំ និងយល់ដឹងលើបញ្ហាភាពស៊ាំនៃថ្នាំផ្សះ។
វេជ្ជបណ្ឌិត ផែ ថុង បានឲ្យដឹងដែរថា៖
«ភាពស៊ាំ នឹងថ្នាំផ្សះ ឬអង់ទីប៊ីយូទិចនេះជាបញ្ហាសាកល។ ប្រទេសខ្លះមានកម្រិតភាពស៊ាំធ្ងន់ធ្ងរ ខ្លះស្រាល។ វាជាបញ្ហាប្រឈមមុខទាំងអស់គ្នា គ្រាន់តែថា នៅស្រុកណា ដែលគេប្រើប្រាស់បានត្រឹមត្រូវ មានច្បាប់ទម្លាប់ប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិចហ្នឹងបានល្អទៅ កម្រិតស៊ាំហ្នឹងអាចតិចជាង។ ឧទាហរណ៍ ដូចនៅបណ្តាប្រទេសអឺរ៉ុប គេមានការគ្រប់គ្រងការប្រើប្រាស់ត្រឹមត្រូវ យើងវា[ប្រឈមមុខ]ខ្ពស់ជាងគេ។ ក្នុងតំបន់ វាប្រហែលជាមិនសូវខុសគ្នាទេ»។
លោក សាន់ រស់ វ័យ ៥១ ឆ្នាំ បានធ្វើដំណើរជាង ២ម៉ោងពីខេត្តកំពង់ចាម មកទីក្រុងភ្នំពេញ ដើម្បីទិញថ្នាំមួយចំនួនដែលលោកពុំអាចរកបាននៅក្នុងភូមិរបស់លោក។ លោកកំពុងឈរចាំឱសថការីរៀបចំថ្នាំសម្រាប់ ដែលលោកមកទិញទុកឲ្យភរិយា។
លោកបានឲ្យដឹងថា ជាធម្មតាពេលណាដែលលោកឈឺ លោកតែងតែផឹកថ្នាំដែលពេទ្យភូមិរបស់លោកប្រាប់ផ្សំឲ្យ។ លោកបន្ថែមទៀតថា លោកពុំបានចាប់អារម្មណ៍ថា ថ្នាំទាំងនោះជាថ្នាំអ្វីខ្លះទេ ហើយជួនកាលពួកគេមិនមានប្រសិទ្ធភាពព្យាបាលជំងឺលោកឲ្យសះស្បើយទេ ក៏ប៉ុន្តែគាត់ជឿថា ពេទ្យភូមិដែលគាត់ស្គាល់គ្នា និងចេះផ្សំថ្នាំ អាចផ្សំថ្នាំ ដែលល្អបំផុតសម្រាប់លោក។
«ខ្ញុំទិញថ្នាំនៅពេទ្យ នៅតាមខេត្ត គេមានពេទ្យភូមិ ពេទ្យឃុំទៅណា។ ខ្ញុំប្រាប់គេថាខ្ញុំឈឺក្បាលវិលមុខអញ្ចឹងទៅ គេផ្សំតាមហ្នឹងឲ្យមក។ បើលេបទៅត្រូវ មិនត្រូវ គឺធម្មតាអញ្ចឹងដែរ ដូចថា ជួនត្រូវ ជួនអត់អញ្ចឹងដែរ»។
មកទល់បច្ចុប្បន្ននេះ ពេទ្យភូមិនៅតែបន្តចែកចាយ និងផ្សំថ្នាំផ្សះ ដែលប្រជាជនទូទៅយល់ថាជា «ថ្នាំខ្លាំង» ដែលឲ្យពួកគេឆាប់ជា។ ប្រជាជនកម្ពុជាជាច្រើនទូទាំងប្រទេសនៅតែបន្តប្រើប្រាស់ថ្នាំផ្សះ ដោយពុំទទួលបានការពន្យល់ពីរបៀបប្រើប្រាស់បានច្បាស់លាស់។ ឯបាក់តេរីវិញនៅតែបន្តវិវត្ត និងបង្កើនភាពស៊ាំរបស់វាខ្លាំងឡើងៗនៅក្នុងរាងកាយប្រជាជនកម្ពុជា៕