ថ្នាក់ដឹកនាំកំពូលនៃប្រទេសនៅតាមដងទន្លេមេគង្គនឹងជួបប្រជុំគ្នានៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា នៅដើមខែមេសានេះ ដែលជាកិច្ចប្រជុំអនុម័តនូវផែនការ៤ឆ្នាំ ខណៈដែលមានការព្រួយបារម្ភលើទំនប់វារីអគ្គិសនីដែលកំពុងត្រូវបានសាងសង់លើតួទន្លេមេគង្គ។
នេះជាកិច្ចប្រជុំលើកទី៣ ដែលធ្វើឡើងជារៀងរាល់៤ឆ្នាំម្តង ហើយលើកទី១ ធ្វើឡើងនៅប្រទេសថៃ កាលពីឆ្នាំ២០១០លើកទី២ ធ្វើឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤ ។ កិច្ចប្រជុំកំពូលដែលធ្វើឡើងក្រោមការរៀបចំដោយគណៈកម្មការទន្លេមេគង្គ (MRC)ដែលមានមូលដ្ឋាននៅប្រទេសឡាវ នឹងត្រូវចូលរួមដោយថ្នាក់ដឹកនាំពីប្រទេសទន្លេមេគង្គ រួមមានប្រទេសថៃ ឡាវ កម្ពុជា វៀតណាម និងមន្រ្តីជាន់ខ្ពស់ពីប្រទេសចិន និងភូមា ឬមីយ៉ាន់ម៉ា ដែលជាដៃគូពិភាក្សា។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គបានបញ្ជាក់ថា៖
«កិច្ចប្រជុំកំពូលទន្លេមេគង្គ ដែលធ្វើឡើង៤ឆ្នាំម្តងនេះ នឹងប្រមូលផ្តុំថ្នាក់ដឹកនាំនយោបាយទាំងអស់ ដើម្បីដោះស្រាយនូវការប្រឈម និងឱកាសនានាដែលកំពុងកើតឡើងនៅលើតួមេទន្លេមេគង្គ។ វាជាឱកាសមួយសម្រាប់ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គទាំង៤ ដើម្បីពិនិត្យឡើងវិញនូវការប្តេជ្ញាដែលធ្វើឡើង៤ឆ្នាំមុន និងយល់ព្រមទៅលើយុទ្ធសាស្រ្តសម្រាប់អនាគត»។
លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានថ្លែងប្រាប់ VOA កាលពីថ្ងៃច័ន្ទថា កិច្ចប្រជុំកំពូលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានគោលបំណងបីធំៗ គឺទីមួយ ដើម្បីរំឭកឡើងវិញនូវការប្តេជ្ញានៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (MRC) លើកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា ស្របតាមកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ទីពីរពិនិត្យមើលសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គបានធ្វើកាលពី៤ឆ្នាំកន្លងទៅ និងទីបីគឺការអនុម័តផែនការ៤ឆ្នាំបន្ទាប់ទៀត។ លោកបន្តថា កន្លងទៅមានការព្រួយបារម្ភអំពីការសាងសង់ទំនប់វារីអគ្គិសនីជាបន្តបន្ទាប់នៅលើទន្លេមេគង្គ ជាពិសេសការសាងសង់ទំនប់របស់ប្រទេសឡាវ។
លោក តែ ណាវុធ បានមានប្រសាសន៍ថា៖
«បញ្ហាជាក់ស្តែងគឺកំណើនប្រជាជន ធ្វើឲ្យតម្រូវការទឹកកើនឡើង។ យើងមានគម្រោងវារីអគ្គិសនីធំៗ នៅក្នុងប្រទេសខ្លះ ដូចជាប្រទេសឡាវអី ប្រទេសចិននៅខាងលើ។ អិចឹងគាត់មានការប្រើប្រាស់ថាមពល ហើយនិងបញ្ហាគម្រោងធារាសាស្រ្តធំៗមួយចំនួន ដែលប្រើប្រាស់ទឹក។ អីចឹងហើយនេះជាការបារម្ភ បញ្ហាប្រឈម ហើយទន្ទឹមនឹងក៏មានការប្រែប្រួលផងដែរនៅក្នុងអាងទន្លេមេគង្គហ្នឹង។ អីចឹងប្រមុខរដ្ឋាភិបាលទាំងបួនជួបគ្នាដើម្បីពិភាក្សា ហើយជជែកគ្នា ផ្លាស់ប្តូរទស្សនៈគ្នាអំពីការគ្រប់គ្រងអាងទន្លេមេគង្គ»។
បើតាមលោក តែ ណាវុធ មុននឹងមានកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលដែលធ្វើឡើងនៅថ្ងៃទី៥ខែមេសានោះ នឹងមានសន្និសីទអន្តរជាតិនៅថ្ងៃទី២ និងទី៣ ខែមេសា ដែលអនុញ្ញាតឲ្យភាគីពាក់ព័ន្ធពិភាក្សា បញ្ចេញយោបល់ និងបង្ហាញការព្រួយបារម្ភនានាអំពីទន្លេមេគង្គ ហើយបន្ទាប់មកនឹងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅថ្ងៃទី៤ ខែមេសា។
នៅពេលបញ្ចប់កិច្ចប្រជុំកំពូលនេះ ប្រទេសទាំងអស់នឹងរួមគ្នាចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប ដែលនឹងមានការប្តេជ្ញាអភិវឌ្ឍទន្លេមេគង្គប្រកបដោយ«ស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។ នេះបើយោងតាមលោក តែ ណាវុធ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum on Cambodia) មានប្រសាសន៍ថា សង្គមស៊ីវិលនៅកម្ពុជារាប់សិបអង្គការនឹងដាក់លិខិតទៅរដ្ឋាភិបាល នៅមុនកិច្ចប្រជុំ ដើម្បីជំរុញឲ្យមានការការពារទឹកទន្លេមេគង្គ និងជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចប្រជុំកំពូលនេះធ្វើឡើងពីរបីខែប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទីពីរ (LMC) ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ កាលពីខែមករា ដោយមានវត្តមានរបស់នាយករដ្ឋមន្រ្តីចិន លោក លី គឺឈាំង (Li Keqiang)។ ថ្នាក់ដឹកនាំនៃប្រទេសទាំងនេះក៏បានអនុម័តផែនការ៥ឆ្នាំនៃការអភិវឌ្ឍទន្លេមេគង្គផងដែរ។
ប្រទេសឡាវកំពុងសាងសង់ទំនប់វារីអគ្គិសនីមួយចំនួននៅលើតួមេទន្លេមេគង្គក្រោម ក្នុងនោះមានទំនប់សាយ៉ាប៊ូរី (Xayaburi) និងដន សាហុង (Don Sahong) ដែលនាំឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់លើធនធានទឹក និងត្រី។ ប្រទេសឡាវក៏មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីមួយទៀត ឈ្មោះប៉ាក់ បេង (Pak Beng) ដែលផ្ដល់ថាមពល៩១២មេហ្គាវ៉ាត់ និងមានតម្លៃប្រមាណ២៣៧២លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ គម្រោងមួយនេះកំពុងស្ថិតនៅក្នុងដំណាក់កាលពិគ្រោះយោបល់ តាមយន្តការរបស់គណៈកម្មការទន្លេមេគង្គ។
លោក ដាវង់ ផនកែវ (Daovong Phonekeo) លេខាអចិន្ត្រៃយ៍នៃក្រសួងថាមពលនិងរ៉ែរបស់ប្រទេសឡាវ បានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា ភាគីឡាវសង្ឃឹមថា ប្រទេសទាំងអស់នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការអភិវឌ្ឍនៅទន្លេមេគង្គ។
លោកបានថ្លែងតាមទូរស័ព្ទថា៖
«ខ្ញុំនឹងរំពឹងថា យើងនឹងបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍតួមេទន្លេមេគង្គបន្តទៀត»។
លោក ដាវង់ ផនកែវ បានថ្លែងការពារថា មិនមានផលប៉ះពាល់ពីទំនប់វារីអគ្គិសនីដែលសាងសង់ដោយប្រទេសឡាវនោះទេ។ លោកមានប្រសាសន៍ថា៖
«ពីមុន គេនិយាយថា ប្រសិនបើទំនប់ដន សាហុងរាំងខ្ទប់ទឹក នោះចំនួនត្រីនឹងមានការធ្លាក់ចុះ។ ប៉ុន្តែឥឡូវនេះទំនប់បានខ្ទប់ទឹកជាង២ឆ្នាំហើយ ប៉ុន្តែមិនមានអ្វីកើតឡើងចំពោះត្រីនោះទេ។ យើងមានការសិក្សា និងមានការរៀបចំការកាត់បន្ថយផលប៉ះពាល់បានត្រឹមត្រូវ»។
ប្រទេសឡាវមានផែនការក្លាយជាអ្នកលក់ថាមពលដ៏ធំមួយនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។ បើតាមមន្រ្តីឡាវ ទំនប់សាយ៉ាប៊ូរី (Xayaburi) ត្រូវបានសាងសង់បានប្រហែល៨០ភាគរយហើយ រីឯទំនប់ដន សាហុង (Don Sahong) សង់បានប្រមាណ៥០ភាគរយ។ មន្រ្តីឡាវបានបញ្ជាក់ថា ទំនប់ទាំងពីរនឹងត្រូវបញ្ចប់ការសាង់សង់នៅពាក់កណ្តាលឆ្នាំ២០១៩។
អ្នកស្រី Maureen Harris នាយិកាទទួលបន្ទុកកម្មវិធីនៅអាស៊ីអាគ្នេយ៍នៃអង្គការទន្លេអន្តរជាតិ (International Rivers) បានថ្លែងប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែលថា សហគមន៍នៅក្នុងប្រទេសថៃ និងឡាវ ត្រូវបានរាយការណ៍ថា រងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីរបស់ឡាវជាច្រើនឆ្នាំមកហើយ ក្នុងនោះមានការប៉ះពាល់ទៅលើលំហូរកំណរល្បាប់ ប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី និងប៉ះពាល់ត្រីនៅផ្នែកខាងក្រោម៕