ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​៖ ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​ខ្យល់​ជា​ជម្រើស​សម្រាប់​បណ្ដា​ប្រទេស​​តំបន់​មេគង្គ ជំនួស​ទំនប់​វារីអគ្គិសនី និង​ធ្យូង


រូបឯកសារ៖ នេះ​ជា​រោងចក្រ​សូឡា​ដើរ​ដោយថាមពលព្រះអាទិត្យ ដែល​អាច​ផ្តល់​ថាមពល​១០មេហ្គាវ៉ាត់​នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ២០១៧។ រោងចក្រ​នេះ​អាច​នឹង​ដំណើរ​ការ​នៅ​ចុង​ខែ​សីហា ឆ្នាំ២០១៧នេះ។ (ស៊ុន ណារិន/VOA)

«នេះ​ជា​ពេលវេលា​ដ៏​ល្អ​មួយ ដើម្បី​ធ្វើ​ការ​សញ្ជឹង​គិត។ សារ​របស់​យើង​ មិន​មែន​សម្រាប់​ឲ្យ​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​តំបន់​ទន្លេ​មេគង្គ​ ផ្អាក​ការ​រៀបចំ​ផែនការ​ផ្សេងៗ​សម្រាប់​វិស័យ​ថាមពល​នោះ​ទេ... ប៉ុន្តែ​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ​ពិនិត្យ​មើល​និន្នាការ​ថ្មីៗ​ [នៅ​ក្នុង​វិស័យ​ថាមពល] ទាំង​នេះ»។

បណ្ដា​ប្រទេស​នៅតំបន់​ទន្លេ​មេគង្គ ដូចជា​ប្រទេស​កម្ពុជា គួរ​តែ​ពិចារណា​ឡើង​វិញ​នូវ​គម្រោង​នានា​របស់​ខ្លួន ក្នុង​ការ​ពង្រីក​ទំនប់​វារីអគ្គិសនី​ និង​រោងចក្រ​ដើរ​ដោយ​ធ្យូង ខណៈ​ដែល​តម្លៃ​ថាមពល​ពី​ប្រភព​ផ្សេង​ទៀត​ដូចជា ថាមពល​ពន្លឺ​ព្រះអាទិត្យ កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស និង​ស្រប​ពេល​ដែល​បច្ចេកវិទ្យា​តំណ​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ក្នុង​តំបន់ ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន អាច​ជួយ​សម្រួល​ដល់​តម្រូវការ​ថាមពល​ ដែល​កំពុង​តែ​កើន​ឡើង។ នេះ​បើ​យោង​ទៅ​តាមមជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​មួយ​នៅ​សហរដ្ឋអាមេរិក។

អ្នក​ជំនាញ​នៅ​មជ្ឈមណ្ឌល​ Stimson Center ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​មួយ​នៅ​ខែ​សីហា ដែល​បាន​សិក្សា​លើ​ឱកាស​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ ដើម្បី​លើក​កម្ពស់ និង​ធ្វើ​ចម្រុះ​ភាព​នៃ​វិស័យ​ថាមពល​នៅ​តំបន់​ទន្លេ​មេគង្គ។

លោក Brian Eyler ដែល​ជា​អ្នក​ចងក្រង​មួយ​រូប​នៃ​របាយការណ៍​នេះ បាន​និយាយ​ថា​ រដ្ឋាភិបាល​នៅ​តាម​បណ្ដា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ គួរ​តែ​ផ្ដោត​លើ​ការ​ពិនិត្យ​មើល​ឡើងវិញ​ទៅ​លើ​ផែនការ​វិស័យ​ថាមពល​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​បាត់បង់​ឱកាស​ផ្ដល់​ឲ្យ​ដោយ​បច្ចេកវិទ្យា​ថ្មីៗ ដែល​នឹង​មាន​ផល​ប៉ះពាល់​លើ​ផ្នែក​បរិស្ថាន​ និង​សង្គម​ តិច​ជាង​ទំនប់​វារីអគ្គិសនី​ ដែល​មាន​ទំហំ​ធំ និង​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​នានា។

លោក​បាន​មាន​ប្រសាសន៍​ថា៖

«នេះ​ជា​ពេលវេលា​ដ៏​ល្អ​មួយ ដើម្បី​ធ្វើ​ការ​សញ្ជឹង​គិត។ សារ​របស់​យើង​ មិន​មែន​សម្រាប់​ឲ្យ​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​តំបន់​ទន្លេ​មេគង្គ​ ផ្អាក​ការ​រៀបចំ​ផែនការ​ផ្សេងៗ​សម្រាប់​វិស័យ​ថាមពល​នោះ​ទេ... ប៉ុន្តែ​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ​ពិនិត្យ​មើល​និន្នាការ​ថ្មីៗ​ [នៅ​ក្នុង​វិស័យ​ថាមពល] ទាំង​នេះ»។

រូបឯកសារ៖ ទំនប់វារី​អគ្គិសនី​សាយ៉ាប៊ូរី​របស់​ឡាវ ដែល​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​២០១៩​ខាងមុខ​មុខនេះ។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ទំនប់វារី​អគ្គិសនី​សាយ៉ាប៊ូរី​របស់​ឡាវ ដែល​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​២០១៩​ខាងមុខ​មុខនេះ។ (ស៊ុន ណារិន/VOA)

កញ្ញា Courtney Weatherby ដែល​ជា​អ្នក​ចងក្រង​មួយ​រូប​ទៀត​នៃ​របាយការណ៍​ ដែល​មាន​ឈ្មោះ​ថា «ការ​ប្រែប្រួល​វិស័យ​ថាមពល​នៅ​តំបន់​មេគង្គ៖ និន្នាការ​ថ្មី​នៅ​ក្នុង​វិស័យ​ថាមពល​តំបន់​មេគង្គ» បាន​និយាយ​ថា ការ​ផ្លាស់​ប្ដូរ​ផែនការ​វិស័យ​ថាមពល​នា​ពេល​បច្ចុប្បន្ន​ ក្នុង​ការ​ដាក់​បញ្ចូល​ថាមពល​ខ្យល់ និង​ពន្លឺ​ព្រះអាទិត្យ​បន្ថែម ក៏​ដូចជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ថាមពល​រវាង​ប្រទេស មាន​ហេតុផល​សមស្រប​ក្នុង​បរិបទ​សេដ្ឋកិច្ច។

កញ្ញា​ Weatherby បាន​និយាយ​ថា៖

«មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ ដែល​នឹង​ត្រូវ​កើត​ឡើង​នៅ​ក្នុង​វិស័យ​ថាមពល​ប្រើប្រាស់ ដែល​អាច​បង្ក​ជា​ការ​បង្អាក់​នៅ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​នៅ​រយៈពេល​វែង​ វិស័យ​ថាមពល​នេះ​នឹង​នាំ​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដែល​មាន​លក្ខណៈ​បត់​បែន និង​រឹងមាំ​ជាង​មុន»។

តម្លៃ​វារីអគ្គិសនី​ធៀប​នឹង​តម្លៃ​ថាមពល​ព្រះអាទិត្យ

ទំនប់​វារីអគ្គិសនី​ធំៗ​រាប់​រយ​ កំពុង​ត្រូវ​បាន​សាងសង់ ឬ​រៀបចំ​ដើម្បី​សាងសង់​នៅ​តាម​ទន្លេ​មេគង្គ ឬ​ដៃ​ទន្លេ​នេះ ក៏​ដូចជា ទន្លេ​ដទៃ​ទៀត​ផង​ដែរ នៅ​តំបន់​ទន្លេ​មេគង្គ ដែល​រួម​មាន​ប្រទេស​កម្ពុជា ឡាវ​ ថៃ វៀតណាម មីយ៉ាន់ម៉ា និង​ខេត្ត​យូណាន និង​ខេត្ត​ក្វាងស៊ី​ ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

គម្រោង​ទំនប់វារីអគ្គិសនី ដែល​មួយ​ចំនួន​ត្រូវ​បាន​គ្រោងឡើង​ ជាមួយ​ថវិកា​ផ្គត់ផ្គង់​ពី​វិនិយោគិន​ចិន ថៃ បស្ចិម​ប្រទេស ឬ​ពី​តំបន់​ដទៃ​ទៀត​ ជា​ញឹកញយ​ មាន​ភាព​ចម្រូងចម្រាស ដោយសារ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​សង្គម​ធ្ងន់ធ្ងរ។ គម្រោង​ទំនប់វារីអគ្គិសនី​ទាំង​នោះ ​បាន​ប៉ះពាល់​ទៅ​លើ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក ខណៈ​ពេល​ដែល​ទំនប់​វារីអគ្គិសនី​ខ្លះ​ទៀត ជាពិសេស​នៅ​តាម​ទន្លេ​មេគង្គ​ អាច​ប៉ះពាល់​ទៅ​លើ​ទិន្នផល​ត្រី​នៅ​ក្នុង​តំបន់។

វារីអគ្គិសនី​សរុប​ចំនួន​១១ នៅ​តំបន់​មេគង្គត្រូវ​បាន​រៀបចំ​សាងសង់ ដោយ​មាន​ទំនប់​វារីអគ្គិសនី​ចំនួន​ប្រាំបួន​ស្ថិត​នៅ​ក្នុង​ប្រទេស​ឡាវ ដែល​ក្នុង​នោះ​វារីអគ្គិសនី​ចំនួន​ពីរ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាងសង់ និង​គម្រោង​វារីអគ្គិសនី​ទី​បី ​ត្រូវ​បាន​អនុម័ត​ឡើង ខណៈ​ដែល​គម្រោង​វារីអគ្គិសនី​ចំនួន​ពីរ​ទៀត​ ត្រូវ​បាន​ស្នើ​ឡើង​នៅ​កម្ពុជា។ អង្គការ​គាំពារ​បរិស្ថាន International Rivers បាន​ព្រមាន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា ទំនប់​វារីអគ្គិសនី​ បាន​គំរាមកំហែង​ជីវភាព​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ដែល​ពឹង​ផ្អែក​លើ​ការ​នេសាទ​ត្រី។

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ និង​សកម្មជន​ក្នុង​ស្រុក ក៏ដូចជា បណ្ដា​ប្រទេស​នៅតំបន់​ទន្លេ​មេគង្គ​ក្រោម​ ដូចជា​វៀតណាម​ បាន​ព្យាយាម​បញ្ឈប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នោះ។ ស្រប​ពេល​ដូចគ្នា​នេះ​ដែរ រោង​ចក្រ​ដើរ​ដោយ​ធ្យូងថ្ម ជា​ញឹកញយ​ ត្រូវ​បាន​រង​ការ​តវ៉ា​ប្រឆាំង ដោយសារ​តែ​រោងចក្រ​ទាំង​នោះ ​បង្ក​ឲ្យ​មាន​ការ​បំពុល​ខ្យល់​ធ្ងន់ធ្ងរ ខណៈ​ពេល​បញ្ចេញ​ឧស្ម័ន​កាបូនិច ដែល​បង្ក​ឲ្យ​មាន​ភាព​កាន់​តែ​ដុនដាប​ឡើង ទៅ​លើ​បម្រែបម្រួល​អាកាសធាតុ។

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Stimson Center បាន​និយាយ​ថា បច្ចេកវិទ្យាថាមពល​ខ្យល់ និង​ពន្លឺ​ព្រះអាទិត្យ កំពុង​តែ​មាន​លក្ខណៈ​ថោកជាង​មុន និង​មាន​ប្រសិទ្ធភាពខ្លាំង​ជាង​មុន ស្រប​ពេល​ដូចគ្នា​នេះ​ដែរ បច្ចេកវិទ្យា​ទាំង​នេះ ​ក៏​អាច​ផ្ដល់​ជា​ដំណោះស្រាយ​ក្នុង​វិស័យ​ថាមពល​នៅ​តំបន់​ជនបទ ដែល​មិន​មាន​ការ​ផ្សារភ្ជាប់​បណ្ដាញ​អគ្គិសនី។

ជា​ឧទាហរណ៍ ក្រុម​អ្នក​ជំនាញ​បាន​កត់​សម្គាល់​ឃើញ​ថា តម្លៃ​ជា​មធ្យម​ក្នុង​មួយ​ឯកតា​សម្រាប់ប្រភព​ថាមពល​ទាំង​ពីរ​ខាង​លើ​ នៅ​សហរដ្ឋអាមេរិក បាន​ធ្លាក់​ចុះ​ ៨៥​ភាគរយ​សម្រាប់​ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​៦៥​ភាគរយ​សម្រាប់​ថាមពល​ខ្យល់ រវាង​ឆ្នាំ ២០០៩ និង​២០១៦ ហើយ​និន្នាការ​នេះ​ មាន​ទំនោរ​នឹង​បន្ត​ទៅ​មុខ​ទៀត។

កញ្ញា Weatherby បាន​និយាយ​ថា៖

«ប្រសិន​បើ​អ្នក​មាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្នុង​រយៈពេល​ពីរបី​ឆ្នាំ​ខាង​មុខ​ ក្នុង​តម្លៃ ៦សេន​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ដូចនេះ មិន​មាន​ហេតុផល​សមស្រប​ក្នុង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន ដែល​មាន​លក្ខណៈ​បង្ក​ការ​ខូចខាត​ខ្លាំង​នោះ​ទេ នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​គណនា​ក្នុង​បរិបទ​សេដ្ឋកិច្ច​លើ​ការ​សាងសង់​វារីអគ្គិសនី​ទាំង​នោះ» ស្រប​ពេល​ដែល​ទំនប់វារីអគ្គិសនី​ ដែល​ត្រូវ​បាន​គ្រោង​ឡើង​មួយ​ចំនួន​នៅ​តំបន់​មេគង្គ​ នឹង​លក់​អគ្គិសនី​ក្នុង​តម្លៃ ៨ ឬ ៩​សេន​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។

​អ្នកស្រី​ Courtney Weatherby អ្នកស្រាវជ្រាវ​វិភាគ​កម្មវិធី​តំបន់អាស៊ីអាគ្នេយ៍ (សឿន វឌ្ឍនា/VOA)
​អ្នកស្រី​ Courtney Weatherby អ្នកស្រាវជ្រាវ​វិភាគ​កម្មវិធី​តំបន់អាស៊ីអាគ្នេយ៍ (សឿន វឌ្ឍនា/VOA)

ការ​ពង្រីក​តំណ​ភ្ជាប់​អគ្គិសនី

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​នឹង​ពង្រីក​ប្រភព​អគ្គិសនី​របស់​ខ្លួន និង​បណ្ដាញ​តំណ​ភ្ជាប់​អគ្គិសនី តាមរយៈ​បច្ចេកវិទ្យា​ថ្មី​ និង​ការ​វិនិយោគ ក៏​គេ​ឃើញ​មាន​ឱកាស​នៅ​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាពនៅ​ក្នុង​ការ​បញ្ជូន​អគ្គិសនី ការ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្មថាមពល​អគ្គិសនី​រវាង​ប្រទេស​ និង​ប្រទេស និង​ការ​ពង្រីក​តំណ​ភ្ជាប់​អគ្គិសនី​នៅ​តំបន់​ជនបទ​ផង​ដែរ។ លោក Brian Eyler បាន​មាន​ប្រសាសន៍​ថា៖

«តាម​រយៈ​ការ​ប្រព័ន្ធ​តំណ​ភ្ជាប់​ថ្មី​ ដើម្បី​បញ្ជូន​អគ្គិសនី​ ការ​ធ្វើ​ពាណិជ្ជកម្មថាមពល​អគ្គិសនី​នៅ​ក្នុង​តំបន់ និង​យន្តការ​បញ្ជូន​ថាមពល​អគ្គិសនី​ផ្សេងៗ តំបន់​មេគង្គ​អាច​សម្រេច​បាន​ច្រើន​ជាង​មុន ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អគ្គិសនី​ ដែល​មាន​លក្ខណៈ​ប៉ះពាល់​តិច​ជាង​មុន»។

លោក Brian Eyler ប្រធាន​កម្មវិធី​តំបន់​អាស៊ីអាគ្នេយ៍ (សឿន វឌ្ឍនា/VOA)
លោក Brian Eyler ប្រធាន​កម្មវិធី​តំបន់​អាស៊ីអាគ្នេយ៍ (សឿន វឌ្ឍនា/VOA)

ជាពិសេស ​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ដែល​មិន​ទាន់​បាន​ស្ថាបនាបណ្ដាញ​តំណ​ភ្ជាប់​អគ្គិសនី​ថ្នាក់​ជាតិ​ក្នុង​ទំហំ​ធំ​នៅ​ឡើយ គួរ​តែ​ធ្វើ​ការ​ពង្រីក​តាមរយៈ​បច្ចេកវិទ្យា​គ្រប់គ្រង​ប្រព័ន្ធ​តំណ​ភ្ជាប់​អគ្គិសនី​ថ្មី ដែល​អាច​ដាក់​បញ្ចូល​ប្រព័ន្ធ​ថាមពល​កើត​ឡើង​វិញ ស្រប​ពេល​ដូចគ្នា​នេះ​ដែរ វិនិយោគ​នៅ​ក្នុង​បច្ចេកវិទ្យា​រក្សា​ទុក​ថាមពល​អគ្គិសនី​ ដែល​អាចទប់ទល់​នឹង​ភាព​មិន​ប្រាកដប្រជា​ពី​ការ​ផ្គត់ផ្គង់​ពី​ថាមពល​ខ្យល់ និង​ព្រះអាទិត្យ។

ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​លើកឡើង​ផង​ដែរ​ថា ការ​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ការ​ច្នៃ​ប្រឌិត​នៅ​ក្នុង​វិស័យ​ថាមពល និង​ការ​ពង្រីក​តំណ​ភ្ជាប់​អគ្គិសនី អាច​ទទួល​បាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឬ​ធនាគារ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​របស់​ចិន (AIIB)។

កម្ពុជា​សម្លឹង​ទៅ​រក​ទំនប់​វារីអគ្គិសនី

លោក ​សៅ សុភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​កម្ពុជា បាន​និយាយ​ថា ​ទំនប់​វារីអគ្គិសនី​នៅ​តែ​មាន​ភាព​ទាក់ទាញ​ ខណៈ​លោក​បាន​អះអាង​ថា រដ្ឋាភិបាល ​មាន​សមត្ថភាព​នៅ​ក្នុង​ការ​ធ្វើ​ការ​វាយតម្លៃពេញលេញ​ទៅ​លើ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​សម្រាប់​វារីអគ្គិសនី និង​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ទំនប់វារីអគ្គិសនី​ទាំង​នោះ។

លោក ​សៅ សុភាព បាន​ថ្លែង​ប្រាប់​ VOA ថា៖ «កម្ពុជា​របស់​យើង យើង​នៅ​ត្រូវការ​[ថាមពល]។ ថាម​ពល គឺយើង​អាច​ទាញ​យក​ពី​ប្រភព​ច្រើន។ ហើយ​ថាម​ពល​ដែល​ចេញ​ពី​វារីអគ្គិសនី​នេះ ក៏​ជាថាមពល យើង​គិតថា​ជា​ថាមពល​កកើត​ឡើង​វិញ​មួយ​ដែល​កម្ពុជា​មាន​សក្តានុពល​ដែរ»។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖ «ក្រសួង​បរិស្ថាន​របស់​យើងគឺនឹង​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​ការ​សិក្សា​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន តាម​រយៈ​របាយការណ៍ គឺ​យើង​ធ្វើ​ការ​ត្រួត​ពិនិត្យ វាយ​តម្លៃ​ ហើយ​ផ្ទៀង​ផ្ទាត់ មុន​នឹង​យើង​ផ្តល់​ការ​ឯកភាព​ថា ការ​សិក្សា​វាយ​តម្លៃ​ហ្នឹង​ វា​អាច​ទទួល​យក​បាន ហើយ​ហេតុ​ប៉ះពាល់​បរិស្ថានហ្នឹង​គឺ​យើង​អាច​ធ្វើ​ការ​កាត់​បន្ថយ​ឲ្យបាន​ជា​អតិបរមា ឬ​ក៏​បញ្ចៀស​អី​ចឹង​ទៅ»។

យោង​ទៅ​តាម​តួលេខ​ផ្លូវការ ប្រហែល​ពាក់​កណ្ដាល​នៃ​តម្រូវការ​ថាមពល​នៅ​ប្រទេស​កម្ពុជា ឥឡូវ​នេះ​ ត្រូវ​បាន​បំពេញ​ដោយ​ទំនប់វារីអគ្គិសនី​ ខណៈ​ពេល​ដែល​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​ថាមពល​អគ្គិសនី​ប្រើប្រាស់ ​នៅ​តែ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ជិតខាង។

VOA មិន​អាច​ទាក់ទង​ក្រសួង​រ៉ែ​ និង​ថាមពល​ ដើម្បី​សុំ​សេចក្ដី​អធិប្បាយ​បាន​ទេ។

​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ចុះ​សម្ពោធ​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម​ II ដែល​មាន​ទំហំ​៤០០ មេហ្គាវ៉ាត់​ ស្ថិត​នៅ​លើ​ដៃ​មួយ​នៃ​ទន្លេ​មេគង្គ នៅ​ខេត្ត​ស្ទឹងត្រែង ភាគ​ឦសាន​ប្រទេស។ វារីអគ្គិសនី​ធំជាង​គេ​បង្អស់នៅ​កម្ពុជា​មួយ​នេះ ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន Royal Group និង​ក្រុមហ៊ុន​សាខាមួយ​នៃ​សាជីវកម្ម Huaneng Group របស់ចិន។

នៅ​អំឡុង​ពេល​ពិធី​សម្ពោធ​ទំនប់​វារីអគ្គិសនីនោះ លោក ហ៊ុន សែន​បាន​លើក​ឡើង​ថា ​ការ​ព្រួយបារម្ភ​ ជុំវិញ​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​ ក្នុង​ទំហំ​ប្រាក់​៨០០​លាន​ដុល្លារ​នោះ ទៅ​លើ​ទិន្នផល​ត្រី​ ដោយ​បន្ថែម​ថា ផល​វិបាក​នៃ​ទំនប់​វារីអគ្គិសនី​ដនសាហុង ទំហំ​២៦០​ មេហ្គាវ៉ាត់​នៅ​ក្បែរ​នោះ ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​រដ្ឋាភិបាល​ឡាវ លើ​ដៃ​ទន្លេ​មេគង្គ​ ក្នុង​តំបន់​ដែល​ទន្លេ​បែង​ចែក មាន​តិចតួច​ប៉ុណ្ណោះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុកមួយ​ចំនួន​បាន​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ II អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រមាណ​១០០​គ្រួសារ​បាន​តវ៉ា​ទាមទារ​សំណង​ប្រសើរ​ជាង​មុន។ ប្រជាពលរដ្ឋ​តំបន់​ដៃ​ទន្លេ​ខាង​លើ ចំនួនជិត​៤ម៉ឺន​គ្រួសារ​អាច​ប្រឈម​នឹង​ការ​បាត់បង់​ទិន្នផល​ត្រី​ ដោយសារផ្លូវ​ត្រី​ផ្លាស់ទី​ត្រូវ​បាន​បង្អាក់ ស្រប​ពេល​ដែល​ទិន្នផល​ត្រី​នៅ​តំបន់​ទន្លេ​ក្រោម​ក៏​អាច​រង​ការ​ប៉ះពាល់​ផង​ដែរ​។

តម្លាភាព និង​ហានិភ័យ

ក្រុម​អ្នក​ស្រាវជ្រាវ​នៅមជ្ឈមណ្ឌល​ Stimson Center បាន​និយាយ​ថា សេចក្តី​សម្រេច​នៅ​លើ​គម្រោង​ថាមពល​មិន​ត្រូវ​បាន​ជំរុញ​ពី​ក្រោយដោយ​ហេតុផល​សេដ្ឋកិច្ច​តែ​មួយ​នោះ​ទេ ហើយ​ពួកគេ​បាន​ជំរុញ​ឲ្យ​មាន​តម្លាភាព​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​នេះ​ ក៏ដូចជា​នៅ​ក្នុងការ​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ដល់​អ្នក​កាន់កាប់​គម្រោង​ផង​ដែរ។

កញ្ញា Weatherby បាន​និយាយ​ថា៖

«ការ​ផ្លាស់ប្ដូរ​សំខាន់ៗ គឺ​ត្រូវ​មាន​ការ​ដេញថ្លៃ​លក្ខណៈ​ប្រកួត​ប្រជែង​គ្នា​សម្រាប់​គម្រោង​ផ្សេងៗ​ ដែល​បើក​ឱកាស​ឲ្យ​មាន​ការ​វិភាគ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ កាន់​តែ​ច្រើន​ជាង​មុន​ទៅ​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​គម្រោង​នីមួយៗ [ផ្នែក​ថាមពល]»។

បណ្ដា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ កំពុង​តែ​រង​ការ​ញាំញី​ដោយ​អំពើ​ពុករលួយ និង​ការ​ចោទប្រកាន់​នានា ជុំវិញ​ការ​ផ្ដល់​កិច្ចសន្យា​លើ​គម្រោង​ផ្សេងៗ​ផ្នែក​ថាមពល​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល។

លោក Richard Cronin អ្នក​ជំនាញ​មួយ​រូបទៀត​នៅ​មជ្ឈមណ្ឌល Stimson Center បាន​និយាយ​ថា ការ​វិនិយោគ​នៅ​ក្នុង​គម្រោង​ធំៗ ដូចជា ទំនប់​វារីអគ្គិសនី​ទំហំ​ធំ​ ក៏​បាន​បង្ក​ឲ្យ​មាន​ហានិភ័យ​ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​ផង​ដែរ នៅ​ខណៈ​ដែល​គម្រោង​ទាំង​នោះជាប់​គាំង។ ជា​ឧទាហរណ៍ គម្រោងទំនប់​វារីអគ្គិសនី​ Myitsone Dam ផ្ដល់​ជំនួយ​ថវិកា​ពី​ក្រោយ​ដោយ​ប្រទេស​ចិន នៅ​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​ផ្អាក​ដោយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ាក្នុង​ឆ្នាំ​ ២០១១ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សាធារណជន​ប្រឆាំង​នឹង​ការ​វិនិយោគ​ពី​ប្រទេស​ចិន ដែល​មិន​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស។

លោក​បាន​និយាយ​ថា៖

«ចិន​នៅ​មាន​ការ​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​១,២​ពាន់​លាន​ដុល្លារ ដែល​កំពុង​ជាប់​គាំង​នៅ​ក្នុង​គម្រោង[ទំនប់​វារីអគ្គិសនី]​នោះ។ ហើយ​គម្រោង​នោះ​មិន​មាន​ដំណើរការ​ទៅ​មុខ​ទេ​នា​ពេល​ឥឡូវ​នេះ»។

លោក​ Richard Cronin អ្នក​ជំនាញ​ផ្នែក​កម្មវិធី​តំបន់​អាស៊ីអាគ្នេយ៍ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក​ Richard Cronin អ្នក​ជំនាញ​ផ្នែក​កម្មវិធី​តំបន់​អាស៊ីអាគ្នេយ៍ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ការ​ជំរុញ​នា​ពេល​ថ្មីៗ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​សាងសង់​រោងចក្រ​ដើរ​ដោយ​ធ្យូង​បន្ថែម និង​កាត់​បន្ថយ​ការ​ផលិត​ថាមពល​ពី​ទំនប់​វារីអគ្គិសនី​ ​កំពុង​តែ​ប្រឈម​មុខ​ជាមួយ​ការ​តវ៉ា​ប្រឆាំង​នានា​នៅ​តំបន់​ការដ្ឋាន​គម្រោង​ផ្ទាល់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​មីយ៉ាន់ម៉ា។

រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដំបូង​គេ​នៅ​កម្ពុជា

ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​ផ្ដោត​ទៅ​លើ​ទំនប់​វារីអគ្គិសនី​ក៏ដោយ ក៏​ជម្រើស​គម្រោង​ថាមពល​ដទៃ​ទៀត​កំពុង​តែ​វិវត្ត​ទៅ​មុខ​ជាមួយ​នឹង​ការ​ជ្រោមជ្រែង​ពី​ក្រុម​អ្នក​ផ្ដល់​ជំនួយ​ផង​ដែរ។ កាល​ពី​ថ្ងៃ​ទី០៦ ខែ​កញ្ញា​ រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដំបូង​នៅ​ក្នុង​ប្រទេស ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​១០​មេហ្គាវ៉ាត់ បាន​បង្ហាញ​ខ្លួន​នៅ​ខេត្ត​ស្វាយរៀង ភាគ​ខាង​កើត​ប្រទេស។​ គម្រោង​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ក្នុង​ទឹក​ប្រាក់ ៩,២​លាន​ដុល្លារ​នេះ ត្រូវ​បាន​គ្រោងឡើង​ដោយ​ក្រុមហ៊ុន​ Sunseap Group មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ និង​ទទួល​បាន​ហិរញ្ញប្បទាន​តាមរយៈ​ប្រាក់​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

ក្នុង​ពិធី​បើក​សម្ពោធ​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នោះ លោក​ កែវ រតនៈ អគ្គនាយកអគ្គិសនី​កម្ពុជា(EDC) បាន​សរសើរ​ពី​ថាមពល​ស្អាត ដែល​រោងចក្រ​នោះ​នឹង​ផ្ដល់​ឲ្យ​ ហើយ​លោកបាន​និយាយ​ថា គម្រោង​ស្រដៀង​គ្នា​នេះ​ដែរ អាច​ត្រូវ​បាន​រៀបចំ​ឡើង​ជិត​ក្រុង​ភ្នំពេញ។

​ក្រុម​អ្នក​ជំនាញ​ឯករាជ្យ និង​ក្រុម​សកម្មជន​ និយាយ​ថា ការ​បង្កើត​គម្រោង​ដូចនេះ និង​ការ​បង្កើត​ឲ្យ​មាន​វិស័យ​ថាមពល​ខ្យល់ និង​ព្រះអាទិត្យ​នៅ​កម្ពុជា នឹង​ផ្ដល់​អត្ថប្រយោជន៍​ផ្នែក​បរិស្ថាន និង​សង្គម។ ប៉ុន្តែ​ពួកគេ​ក៏បាន​ព្រមាន​ថា ការ​បង្កើន​ការ​ផ្គត់ផ្គង់ និង​ការ​ធ្វើ​ឲ្យ​វិស័យ​នេះ​ មាន​លក្ខណៈ​ប្រកួត​ប្រជែង​ ផ្នែក​តម្លៃ ត្រូវ​ការ​ការ​សិក្សា​ស្រាវជ្រាវ​ ការ​រៀបចំ​ផែនការ និង​ការ​វិនិយោគ​បន្ថែម​ទៀត។

លោក​ ​តឹក វណ្ណារ៉ា​ ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ (NGOs Forum)​ បាន​ថ្លែង​ថា៖

«បញ្ហា​ប្រឈម​គឺ​តម្លៃ​វា​ថ្លៃ តម្លៃ​ដែល​ល្មម​ផលិត​ចេញ​បាន​ភ្លើង​យក​មក​ប្រើប្រាស់ ថ្លៃ​ដើម​វា​អស់​ថ្លៃ ថ្លៃ​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ហ្នឹង គាត់​ត្រូវ​ទិញ​នៅ​ក្នុង​តម្លៃ​ថ្លៃ​ដែរ។ អញ្ចឹង​វា​ប្រឈម​បញ្ហា​ទាក់ទង​នឹង​ផលិតកម្ម»។

លោក សៀក សុផាត​ នាយក​ដេប៉ាតឺម៉ង់​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធាន​ធម្មជាតិ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​និយាយ​ថា សម្រាប់​ពេលនេះ ទំនប់​វារីអគ្គិសនី​មាន​គុណសម្បត្តិ​ជាង និង​ស្ថិត​នៅ​ជា​ជម្រើស​ល្អ​មួយ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ថា​ទំនប់​វារី​អគ្គិសនី​ក៏​ល្អ គ្រាន់​ថា​សាងសង់​នៅ​កន្លែង​សម​ស្រប ដែល​មិន​ធ្វើ​ប៉ះពាល់​ដល់​ធនធាន ក៏​ដូច​ជា​បរិស្ថាន​ជា​ដើម»។

បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​តាម​ផ្ទះ

ស្រប​ពេល​ដូចគ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ក៏​យល់ដឹង​ពី​បច្ចេកវិទ្យា​បន្ទះ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ ដែល​ពួកគេ​មាន​លទ្ធភាព​ចំណាយ​ទិញ​បាន​ផង​ដែរ។ បន្ទះ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​កាន់​តែ​មាន​ប្រជាប្រិយ​ភាព​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​ជនបទ​បាន​ដាក់​បន្ទះ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ ដើម្បី​ពួកគេ​អាច​សាក​អាគុយ សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ការ​ប្រើប្រាស់​ក្នុង​ផ្ទះ។

ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងសង្កាត់​បាទី ដែល​ប្រើប្រាស់​បន្ទះកញ្ចក់សូឡា​ដើរ​ដោយ​ថាម​ពល​ព្រះអាទិត្យ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)
ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងសង្កាត់​បាទី ដែល​ប្រើប្រាស់​បន្ទះកញ្ចក់សូឡា​ដើរ​ដោយ​ថាម​ពល​ព្រះអាទិត្យ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)

លោក សាន់ សុធា អាយុ ៣៥​ឆ្នាំ​ ជា​អ្នក​លក់ដូរ​មួយ​រូប​នៅ​ភូមិ​ថាញ់ ខេត្ត​ស្វាយរៀង បាន​និយាយ​ថា លោក​បាន​ទិញ​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​កាល​ពី​ឆ្នាំ​មុន​ក្នុង​តម្លៃ​ប្រហែល​៤០០​ដុល្លារ។ លោក​បន្ត​ថា បន្ទះ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​នេះ​អាច​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុងផ្ទះ​របស់​លោក ដើម្បី​ប្រើប្រាស់​ភ្លើង​ និង​កង្ហារ។ លោក​មាន​ប្រសាសន៍​ថា លោក​ត្រូវ​បញ្ឆេះ​ម៉ូទ័រ​ទឹក​សម្រាប់​សេវា​លាង​ម៉ូតូ​នៅ​ផ្ទះ​របស់​លោក។

លោក​មាន​ប្រសាសន៍​ថា៖

«ចង់​សំណូម​ពរ​ឲ្យ​មាន​ភ្លើង​ចូល​មក​ឆាប់ៗ ដូច​ថា​យើង​រក​ស៊ី​លាង​ម៉ូតូ​លាង​អី​អញ្ចឹង យើង​មិន​បាច់​ពិបាក​បញ្ឆេះ​ម៉ាស៊ីន បញ្ឆេះ​អី»។

អ្នក​ភូមិ​មួយ​រូប​ទៀត​ឈ្មោះ អ៊ិន ប៊យ អាយុ​ ៦៥​ឆ្នាំ​បាន​និយាយ​ថា ដោយសារ​រង់​ចាំ​អគ្គិសនី​យូរ​ពេក លោក​ក៏​បាន​ប្រើ​បន្ទះ​ថាមពល​ព្រះអាទិត្យ ដើម្បី​បំភ្លឺ​ផ្ទះ​នា​ពេល​យប់។

លោក​មាន​ប្រសាសន៍​ថា៖

«យើង​រាល់​ថ្ងៃ​នេះ បាន​ន័យ​ថា​យើង​ចាំ​ប្រព័ន្ធ​ភ្លើង​អគ្គិសនី​វា​យូរ។ វា​យូរ​ពេលវេលា អញ្ចឹង​សុខចិត្ត​ចំណាយ​លុយ ជា​លក្ខណៈ​គ្រួសារ​ ប្រើ​ភ្លើង​ផ្ទាំង​សូឡា​នេះ​តែ​ម្ដង»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «វា​ដូច​ជា​ មក​ដល់​ឥឡូវ​ដល់​អត់​ភ្លើង បាន​ន័យ​ថា​ដូច​ធុញ​ថប់ មាន​ការ​តប់​ប្រមល់​ក្នុង​ចិត្ត។ យើង​ឧទាហរណ៍​ចេញ​ដើរ​ផុត​ពី​ហ្នឹង​ ឃើញ​គេ​សុទ្ធ​តែ​ភ្លើង​ព្រោង​ព្រាត​ ដល់​ឯង​ពី​នោះ​មក​ហ្នឹង វា​អត់​មាន​ដែរ យើង​មិន​ដឹង​និយាយ​ថា​ម៉េច»៕

XS
SM
MD
LG