ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា​ខ្លួន​មាន​ទំនួល​ខុស​ត្រូវ​បន្ថែម​លើ​ទន្លេ​មេគង្គ​ ​មិន​មែន​និយាយ​តែ​មាត់​នោះ​ទេ


មេដឹកនាំ​​​បណ្ដា​​ប្រទេស​​មេគង្គ​​ឡានឆាង​​​ចូលរួម​​កិច្ច​​ប្រជុំ​​ថ្នាក់​​ដឹកនាំ​​កិច្ច​​សហ​ប្រតិបត្តិការ​​មេគង្គ​​ឡាន​ឆាង​​មេគង្គ​​នៅ​​ភ្នំពេញ ​កាល​ពី​ខែមករា ​ឆ្នាំ២០១៨។​ (អូន ឆេងប៉រ/VOA)​
មេដឹកនាំ​​​បណ្ដា​​ប្រទេស​​មេគង្គ​​ឡានឆាង​​​ចូលរួម​​កិច្ច​​ប្រជុំ​​ថ្នាក់​​ដឹកនាំ​​កិច្ច​​សហ​ប្រតិបត្តិការ​​មេគង្គ​​ឡាន​ឆាង​​មេគង្គ​​នៅ​​ភ្នំពេញ ​កាល​ពី​ខែមករា ​ឆ្នាំ២០១៨។​ (អូន ឆេងប៉រ/VOA)​

នាយករដ្ឋ​មន្រ្តី​ចិន​ ​លោក​ ​លី គឺឈាំង​ ​(Li Keqiang)​ ​បាន​ថ្លែង​នៅ​ទីក្រុង​ភ្នំពេញ​ ​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ-ឡាន​ឆាង​លើក​ទីពីរ​ ​(LMC)​ ​ថា​ប្រទេស​ចិន​នឹង​មាន​ទំនួល​ខុសត្រូវ​បន្ថែម​ទៀត​ ​ដើម្បី​ជួយ​ឲ្យ​ប្រទេស​ទាំង​៥​នៃ​ទន្លេ​មេគង្គ​ ​ទទួល​បាន​ផល​ប្រយោជន៍​រួម​ ​ដោយ​សមភាព។​

មេដឹកនាំ​ប្រទេស​ចិន​ ​និង​ប្រទេស​៥​ទៀត​ ​រួម​មាន​ប្រទេស​មីយ៉ាន់ម៉ា​ ​ឡាវ​ ​ថៃ​ ​កម្ពុជា​ ​និង​វៀតណាម​ ​បាន​ជួបជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ ​កាល​ពី​ថ្ងៃ​ពុធ។​

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្តិភាព​ ​នាយក​រដ្ឋ​មន្រ្តី​ចិន​កុម្មុយនីស្ត​ ​លោក​ ​លី គឺឈាំង​ ​ដែល​ជា​ប្រធាន​អចិន្រ្តៃយ៍​នៃ​កិច្ច​ប្រជុំ​នេះ​ ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទន្លេ​មេគង្គ​ថា​ ​ប្រទេស​ចិន​មាន​ទន្លេឡានឆាង​ ​ដែល​ជា​ប្រភព​ទឹក​មក​ទន្លេមេគង្គ​ ​ដូច្នេះ​ភាគី​ទាំង​អស់​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​គ្នា។​ ​លោក​បន្ត​ថា​ ​ប្រទេស​ចិន​ត្រូវ​ការ​បរិយាកាស​នឹង​នរ​ និង​មាន​ស្ថិរភាព​នៅ​ក្នុង​តំបន់​នេះ។​

នាយក​រដ្ឋ​មន្រ្តី​ចិន​បាន​ថ្លែង​ ​ដោយ​មាន​ការ​បកប្រែ​ជាភាសា​ខ្មែរ​ថា៖​

​«រវាង​ចិន និង​បណ្តា​ប្រទេស​មេគង្គ​ទាំង​៥ យើង​មាន​ភាព​បំពេញ​គ្នា​ទៅវិញ​ទៅ​មក ​ហើយ​មាន​អ្វីៗ​ជាច្រើន​ដែល​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​ដូច្នេះ​ហើយ​ទើប​យើង​បាន​ផ្តួចផ្តើម​នូវ​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ឡានឆាង​នេះ»។

លោក​ ​លី គឺឈាំង​ ​បាន​បញ្ជាក់​ទៀតថា​ ​ប្រទេស​ចិន​ត្រូវ​ការ​«សកម្មភាព​ជាក់ស្តែង»​ ​មិន​មែន​និយាយ​តែ​មាត់​នោះ​ទេ។ លោក​បាន​ថ្លែង​បន្ត​ថា៖​

«យើង​ជា​សហប្រធាន​អចិន្ត្រៃយ៍​ ​យើង​ចង់​ផ្តល់​នូវ​ការ​គោរព​ពាក្យ​ពេចន៍​របស់​យើង ហើយ​ទទួល​ខុសត្រូវ​របស់​យើង​ ​ហើយ​ចិន​ត្រៀម​ខ្លួន​ជា​ស្រេច​ ​ដើម្បី​ធ្វើ​ការ​ជាមួយ​បណ្តា​ប្រទេស​ទាំង៥​ ​ដើម្បី​សម្រេច​ការ​អភិវឌ្ឍ​ឈ្នះ-ឈ្នះ»។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖​

«សហប្រតិបត្តិការ​មេគង្គ​ ​ឡាន​ឆាង​ ​មិន​មែន​ជា​កន្លែង​និយាយ​តែ​បបូរ​មាត់​នោះទេ គឺ​យើង​និយាយ​លើគោល​ការណ៍​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ យើង​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ចាត់​ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្មើ​ភាព ដើម្បី​ការ​អភិវឌ្ឍ​រួម»។​

នាយករដ្ឋ​មន្រ្តី​ចិន​បាន​អះអាង​ទៀត​ថា​ ​ប្រទេស​ចិន​ត្រូវ​ការ​គោលការណ៍​សមភាព​ ​ដែល​ត្រូវ​ពិគ្រោះ​គ្នា​ ​និង​គោរព​នូវ​ភាព​ស្មោះត្រង់​ទៅ​វិញ​ទៅ​មក និង​ចាត់​ទុក​គ្នា​ជា​បង​ប្អូន​ក្នុង​គ្រួសារ​តែ​មួយ។​ ​លោក​បាន​សន្យា​ថា​ប្រទេស​ចិន​នឹង​បង្កើន​ការ​នាំចូល​ផលិត​ផល​កសិកម្ម​ពី​ប្រទេស​ទាំង​៥ ដោយសារ​ចិន​ជា​អ្នក​វិនិយោគ​ដ៏ធំ​នៅ​បណ្តា​ប្រទេស​ទាំង​នោះ។​

ក្រោយ​កិច្ចប្រជុំ​កំពូល​នេះ​ ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​៦ បាន​សម្រេច​ជា​ឯកច្ឆន្ទ​នូវ​ឯកសារ​ចំនួន​ពីរ​ ​គឺ​សេចក្តី​ថ្លែង​ការណ៍​ទីក្រុង​ភ្នំពេញ​ ​និង​ផែនការ​សកម្មភាព​៥ឆ្នាំ​ ​(២០១៨-២០២២)​ ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ ​ឡានឆាង។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ប្រមុខ​រដ្ឋាភិបាល​ទាំង​អស់​ ​បាន​លើក​ឡើង​អំពី​កិច្ចសហប្រតិបត្តិ​ការ​លើ​គ្រប់​ផ្នែក ជា​ពិសេស​កិច្ចសហប្រតិបត្តិការ​លើ​សសរ​ស្តម្ភ​ទាំង​៣​នៃ​កិច្ចសហប្រតិបត្តិ​ការ​ដែល​ចិន​បាន​ផ្តួច​ផ្តើម​ចាប់​តាំង​ពី​ឆ្នាំ២០១៥ គឺ​នយោបាយ និង​សន្តិសុខ ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ​និង​ទំនាក់ទំនង​រវាង​ប្រជាជន ​និង​ប្រជាជន។​

​ឯក​សារ​ទាក់ទង​នឹង​ផែនការ​សកម្មភាព​៥​ឆ្នាំ ​មិន​ត្រូវ​បាន​ផ្តល់​ជូន​ដល់​អ្នក​សារព័ត៌មាន​ ​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​នោះ​ទេ។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​បាន​ដឹកនាំ​កិច្ច​ប្រជុំ​នេះ ​បាន​ថ្លែង​ថា​ ​ក្នុង​រយៈ​ពេល​មិន​ដល់​ពីរ​ឆ្នាំ​ផង​ ​ដែល​កម្ពុជា​ធ្វើ​ជា​សហ​ប្រធាន​ជាមួយ​ប្រទេស​ចិន ​ភាគី​ទាំង​អស់​បាន​ជំរុញ​យន្តការ​អនុ​តំបន់​ថ្មី​នេះ​ ​ទៅ​ជា​«គម្រោង​កិច្ចសហប្រតិបត្តិការ​ពេញលេញ​មួយ»។​ ​លោក​បន្ត​ថា​ ​ប្រទេស​ទាំង​៦​ ​បានបង្កើត​លេខាធិការដ្ឋាន​ ​អង្គភាព​សម្រប​សម្រួល​ថ្នាក់ជាតិ​នៅ​ក្នុង​ប្រទេស​ជាសមាជិក​ ​និង​បាន​ជំរុញ​ក្រុម​ការងារ​រួម ​សម្រាប់​វិស័យ​អាទិភាព​សំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិ​នេះ។

លោក ​ហ៊ុន ​សែន ​បន្ត​ថា ​ស្ថាប័ន​មួយ​ចំនួន​ទៀត ​ក៏​នឹង​ត្រូវ​បង្កើត​ឡើង​ផង​ដែរ​ រួម​មាន​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​ធនធាន​ទឹក ​មជ្ឈមណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​បរិស្ថាន​មេគង្គ-​ឡានឆាង​ និង​មជ្ឈ​មណ្ឌល​សិក្សា​ទន្លេ​មេគង្គ​សាកល។

កិច្ចប្រជុំ​កំពូល​នេះ ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «ទន្លេ​របស់​យើង​ ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»។​

លោក​ ​ហ៊ុន សែន​ ​បាន​បញ្ជាក់​ស្មារតី​នៃ​កិច្ច​ប្រជុំ​នេះ គឺ​មាន​ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក​ ​ចំពោះ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​របស់​ប្រទេស​នីមួយៗ និង​ការ​មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គ្នា​ទៅ​វិញ​ទៅ​មក និង​គោលការណ៍​មតិ​ជា​ឯកច្ឆន្ទ​ សមភាព​ ការ​ពិគ្រោះ​យោបល់ និង​ការ​សម្រប​សម្រួល​គ្នា​ទៅ​វិញ​ទៅ​មក ការ​ស្ម័គ្រចិត្ត​ ​ការ​ចូលរួមជាមួយគ្នា និង​ផលប្រយោជន៍​រួម ​ព្រម​ទាំង​ការ​គោរព​ចំពោះ​ធម្មនុញ្ញ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​នានា។​

បើ​តាម​លោក​ ​ហ៊ុន សែន​ ​ជាមួយ​កិច្ចសហ​ប្រតិបត្តិការ​នេះ គម្រោង​ខ្នាត​តូច និង​មធ្យម​ចំនួន​១៣២ នៅ​ក្នុង​បញ្ជី​គម្រោង​ដំណាក់​កាល​ទី​១​ ​សម្រាប់​ឆ្នាំ​២០១៧ ត្រូវ​បាន​អនុវត្ត​ជា​លំដាប់ យ៉ាង​ខ្ជាប់ខ្ជួន ក្រោម​មូលនិធិ​ពិសេស​មេគង្គ​ឡានឆាង។

លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា៖​

«ជា​សរុប​មក យើង​មាន​មោទនភាព​ចំពោះ​រាល់​សមិទ្ធិផល​សម្រេច​បាន​ជាក់ស្តែង ហើយ​ក៏​ទន្ទឹង​មើល​ប្រកប​ដោយ​សុទិដ្ឋិ​និយម​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង​នេះ»។​

កម្ពុជា​ដែល​ជា​សហប្រធាន​រយៈ​ពេល​ពីរ​ឆ្នាំ​ ​បាន​បញ្ចប់​អាណត្តិ​នៅ​ឆ្នាំ​២០១៨​ ​នេះ​ ​ហើយ​ប្រគល់​«ច្រវា»​ទៅ​នាយករដ្ឋមន្រ្តីឡាវ លោក​ Thongloun ​Sisolith ដើម្បី​ធ្វើ​ជា​សហ​ប្រធាន ​ជាមួយ​ប្រទេស​ចិន​នៅ​ពីរ​ឆ្នាំ​បន្ទាប់។​

នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់​ច្រវាកិត្តិយសជូន​នាយក​រដ្ឋ​មន្ត្រី​ឡាវ ជា​និម្មិត​រូប​នៃ​ការ​ផ្លាស់​ប្ដូរ​វេន​ជា​សហ​ប្រធាន​ដល់​ប្រទេស​ឡាវ ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ​ឡានឆាង ​នៅ​វិមាន​សន្តិភាព ​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃទី១០​ ខែមករា ​ឆ្នាំ២០១៨
នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់​ច្រវាកិត្តិយសជូន​នាយក​រដ្ឋ​មន្ត្រី​ឡាវ ជា​និម្មិត​រូប​នៃ​ការ​ផ្លាស់​ប្ដូរ​វេន​ជា​សហ​ប្រធាន​ដល់​ប្រទេស​ឡាវ ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ​ឡានឆាង ​នៅ​វិមាន​សន្តិភាព ​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃទី១០​ ខែមករា ​ឆ្នាំ២០១៨

បើ​តាម​អង្គការ​ទន្លេ​អន្តរជាតិ​ (International ​Rivers)​ ​ប្រទេស​ចិន​បាន​សាងសង់​ទំនប់​វារី​អគ្គិសនី​ចំនួន​៨​នៅ​តំបន់​ខាង​លើ​ និង​គ្រោង​សាង​សង់​ចំនួន​២០​ទៀត។​ ​ចំណែកប្រទេស​ឡាវ​ ​ក៏​កំពុង​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួន​ពីរ​នៅ​លើ​តួទន្លេ​មេគង្គ​ ​គឺ​ទំនប់​សាយ៉ាប៊ូរី ​និង​ដន សាហុង។​ ​ឡាវ​ក៏គ្រោង​នឹង​សាងសង់​ទំនប់​មួយ​ទៀត ​គឺ​ទំនប់​ប៉ាក់បេង ​នៅ​ពេល​ខាង​មុខ។​

​អ្នកស្រី ​Maureen​ Harris ​នាយិកា​ទទួល​បន្ទុក​កម្មវិធី​នៅ​អាស៊ីអាគ្នេយ៍​នៃ​អង្គការ​ទន្លេ​អន្តរជាតិ​ ​បាន​ថ្លែង​ប្រាប់ VOA​ ​តាម​រយៈ​សារ​អេឡិចត្រូនិកឬ​អ៊ីមែល​ថា​ ​អ្នកស្រី​ចង់​ឃើញ​ការ​ប្តេជ្ញា​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​៦​ ​ដើម្បី​ធានា​ថា​មាន​ការ​រៀបចំ​ជា​ចីរភាព​នៃ​ការ​អភិវឌ្ឍ​ទន្លេ​មេគង្គ-ឡានឆាង។​ ​អ្នកស្រី​បញ្ជាក់​ថា​ ​នេះ​មាន​ន័យ​ថា​ ​រដ្ឋាភិបាល​ទាំង​នោះ​ផ្តល់​អាទិភាព​ទៅ​លើ​ការ​ការពារ​បរិស្ថាន​ ​និង​សិទ្ធិមនុស្ស​នៃ​សហគមន៍​នៅ​តាម​ទន្លេ ដោយ​ទទួល​ស្គាល់​តម្លៃ​ជា​សំខាន់​នៃ​ទឹក​ទន្លេ​សម្រាប់​ការ​រស់នៅ​របស់​ពលរដ្ឋ​ ​និង​សន្តិសុខ​អាហារ​សម្រាប់​មនុស្ស​រាប់​លាន​នាក់។​

អ្នកស្រី​ ​Maureen ​Harris​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ ​កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​ទន្លេ​មេគង្គ-ឡានឆាង​ បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​ផល​ប៉ះ​ពាល់​ក៏​ដោយ។​

​អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖«

អំឡុង​ពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ​ទំនប់​នៅ​ផ្នែក​ខាង​លើ ​បាន​ផ្លាស់ប្តូរ​វដ្ត​នៃ​ភាព​រាំងស្ងួត​ ​ទឹក​ជំនន់​ជា​ធម្មជាតិ​នៃ​ទឹក ​និង​បាន​ទប់​លំហូរ​នៃ​ដី​ល្បាប់ ដែល​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ត្រី​នៅ​ខាង​ក្រោម»។​

អ្នកស្រី​ក៏​បាន​លើក​ឡើង​អំពី​កង្វះ​ការ​ចូលរួម​របស់​ចិន​នៅ​ក្នុង​យន្តការ​របស់​គណៈកម្មការ​ទន្លេមេគង្គ(MRC)​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ១៩៩៥ ដែល​មិន​មាន​ភាគី​ចិន​ ​និង​មីយ៉ាន់​ម៉ា ​ចូល​ជា​សមាជិក​នោះ​ទេ គឺ​មាន​តែ​ថៃ​ ឡាវ ​កម្ពុជា ​និង​វៀតណាម។ ​អ្នកស្រី​បញ្ជាក់​ថា ​ដំណើរ​ការ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ ​ក៏​មិន​មាន​ប្រសិទ្ធភាព​ធំ​ធេង ក្នុង​ការ​ធានា​ការ​រៀបចំ​ដោយ​ចីរភាព ​និង​ការ​អភិរក្ស​ទន្លេ​មេគង្គ៕

XS
SM
MD
LG