ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ ទំនប់​ដន​ ​សាហុង​របស់​ឡាវ​ និង​ ​សេសាន​ក្រោម​ពីរ​ ​មិន​ប៉ះពាល់​ដល់​ទិន្នផល​ត្រី​កម្ពុជា​នោះ​ទេ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ ​ហ៊ុន សែន​ ​ថា​ទំនប់​ដន​ ​សាហុង​របស់​ឡាវ​ និង​ ​សេសាន​ក្រោម​ពីរ​ ​មិន​ប៉ះពាល់​ដល់​ទិន្នផល​ត្រី​កម្ពុជា​នោះ​ទេ នៅពេល​ដែល​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​ ​បាន​បង្ហាញ​ក្តី​បារម្ភ​អំពីរឿង​នេះ។

ទំនប់​វារី​អគ្គិសនី​ដន សាហុង​ ​របស់​ឡាវ​ ​ត្រូវ​បាន​ចាប់​ផ្តើម​សាងសង់​ឡើង​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៦។​ ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​ ​បាន​បង្ហាញ​ក្តី​បារម្ភ​ថា ទំនប់​នេះ​នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ទន្លេ​មេគង្គ​ ​ជា​ពិសេស​ប៉ះពាល់​ដល់​លំហូរ​ត្រី។​ ​នៅ​ថ្ងៃ​នេះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​អះអាង​ថា​ ​ទំនប់​ដន​ សាហុង​ ​មិន​ប៉ះពាល់​ត្រី​នោះ​ទេ។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​អះអាង​ថា​ ​ទំនប់​វារី​អគ្គិសនី ​ដន សាហុង​ ​(Don Sahong)​ របស់​ឡាវ​ ​ដែល​កំពុង​ត្រូវ​បាន​សាងសង់នោះ​ ​មិន​ប៉ះពាល់​ត្រី​នៅ​កម្ពុជា​នោះ​ទេ។​

ក្នុង​ពិធី​បិទ​ទ្វារ​ទឹក​ ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម២​ ​ក្នុង​ស្រុក​សេសាន​ ​ខេត្ត​ស្ទឹងត្រែង​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ច្រាន​ចោល​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​នេះ។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ថ្លែង​ថា៖​

«សូម្បី​តែ​ដន សាហុង ​របស់​ខាង​ឡាវ​ ក៏​វា​មិន​កិន​ត្រី​ងាប់​ដែរ។ ​វា​នៅ​ឃ្លាត​ពី​ព្រំដែន​កម្ពុជា ​និង​ឡាវ ​ត្រឹម​តែ​២​គីឡូ​ម៉ែត្រ​ជាង​តែ​ប៉ុណ្ណោះ។​ ខ្ញុំ​ទៅ​មើល​ផ្ទាល់​ហើយ។ ​ដូច្នេះ វា​មិន​ប៉ះ​ពាល់​ អី​ទេ។​ ប៉ុន្តែ​យើង​រក​វិធី​ធ្វើ​ម៉េច ​ដើម្បី​កាត់​បន្ថយ ​បើ​សិន​ជា​មាន​ប៉ះពាល់ ក៏​ឲ្យ​ប៉ះពាល់​កម្រិត​តិច»។​

ការ​លើក​ឡើង​របស់​លោក​ ​ហ៊ុន សែន​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​គឺ​ជា​ការ​ឆ្លើយ​តប​នឹង​អង្គការ​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ដែល​តែង​តែ​បង្ហាញ​ក្តី​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​បាត់​បង់​ត្រី​នៅ​កម្ពុជា​ ​ដោយសារ​ទំនប់​វារី​អគ្គិសនី​មួយ​នេះ។​

គំរូទំនប់វារីអគ្គិសនី ដន សាហុង
គំរូទំនប់វារីអគ្គិសនី ដន សាហុង

​ទំនប់​វារី​អគ្គិសនី​ដន សាហុង​ ​មាន​កម្រិត​ថាមពល​ចំនួន​២៦០​មេហ្គាវ៉ាត់​ ​ហើយ​ជា​ទំនប់​វារី​អគ្គិសនី​ដែល​កៀក​នឹង​ប្រទេស​កម្ពុជា​បំផុត។​ ការ​ស្រាវជ្រាវ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កន្លង​ទៅ ​បាន​ឲ្យ​ដឹង​ថា​ ​ទំនប់​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​៦​លាន​នាក់​ដែល​រស់​នៅ​ជុំវិញ​អាង​ទន្លេ​មេគង្គ ​និង​ទន្លេសាប។​

ក្រៅ​ពី​ទំនប់​ដន សាហុង​ ​រដ្ឋាភិបាល​ឡាវ​ក៏​កំពុង​ស្ថាបនា​ទំនប់​សាយ៉ាប៊ូរី​នៅ​លើ​តួ​មេ​នៃ​ទន្លេ​មេគង្គ​ដែរ។​ ​រដ្ឋាភិបាល​ឡាវ​ក៏​នឹង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ ​ប៉ាក់ បេង​ ​(Pak Beng)​ មួយ​ទៀត​ ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ​១៥៤០​ ​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា~ឡាវ។​

អង្គការ​ទន្លេ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ (International Rivers)​ ​បាន​លើក​ឡើង​ថា​ ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ ​និង​សេដ្ឋកិច្ច​សង្គម​ ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ ដោយ​សារ​ទំនប់​វារីអគ្គិសនី​ដន សាហុង​ ​មាន​ផល​ប៉ះពាល់​ទៅ​លើ​ជលផល​ត្រី​ក្នុង​ស្រុក ​និង​ក្នុង​តំបន់។​

អង្គការ​បាន​បញ្ជាក់​ថា៖​

«ទន្លេ​ហូសាហុង​ ​គឺ​ជា​ទន្លេ​ និង​ជា​ច្រក​ចេញ​ចូល​ធំ​បំផុត​នៅ​ក្នុង​តំបន់​ស៊ីផាន​ដូន ​ដែល​អនុញ្ញាត​ឲ្យ​ត្រី​ហែល​បាន​ពេញ​មួយ​ឆ្នាំ។​ ​ពូជ​ត្រី​ច្រើន​ជាង​១០០​ប្រភេទ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ ​ធ្វើ​ចរាចរណ៍​តាម​ទន្លេ​សាហុង។​ ​ការ​សង់​ទំនប់​បិទ​ទន្លេ​ហូ សាហុង ​ជា​ការ​គំរាម​កំហែង​ដល់​ការ​ហែល​ឆ្លង​កាត់ ​ការ​រក​ចំណី ​និង​ការ​បង្កើត​កូន​របស់​ត្រី​ចម្រុះ​ ច្រើន​ប្រភេទ​ទាំង​នេះ»។​

អង្គការ​បាន​បញ្ជាក់​បន្ថែម​ថា៖​

«នេះ​ជា​បន្ទុក​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ ​ដែល​ពន្យល់​អំពី​ប្រសិទ្ធភាព​ពី​ការ​បង្កើត​គម្រោង​ និង​វិធាន​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ ​តែ​ថា ​គ្មាន​មូលដ្ឋាន​ភស្តុតាង​វិទ្យា​សាស្រ្ត​ ដែល​មាន​ន័យ​ថា​ ​ភាព​មិន​ច្បាស់លាស់​ជា​ច្រើន​នៅ​តែ​បណ្តាល​ឲ្យ​ជល​ផល​ទន្លេ​មេគង្គ​មាន​ហានិភ័យ»។​

សង្គម​ស៊ីវិល​កម្ពុជា​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​អំពីការ​បាត់​បង់​ផ្សោត​ទឹក​សាប​ផង​ដែរ​ ​ដោយ​សារ​ទំនប់​មួយ​នេះ។​ ​ពួកគេ​ធ្លាប់​បាន​ស្នើ​កុំ​ឲ្យ​មាន​ការ​ស្ថាបនា​ទំនប់​ដន សាហុង។​

លោក​ ​តឹក វណ្ណារ៉ា​ ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ (NGOs Forum)​ បាន​ថ្លែង​ថា​ ជំហរ​របស់​អង្គការ​លោក​ ​គឺ​មិន​ចង់​ឲ្យ​មាន​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នានា​ ​នៅ​លើ​ដង​ទន្លេ​មេគង្គ។​ ​លោក​ថ្លែង​បន្ត​ថា​ ​រដ្ឋាភិបាល​ឡាវ​នឹង​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ផ្សេង​ទៀត​នៅទន្លេ​មេ​គង្គ ដែល​ជា​ការ​ព្រួយ​បារម្ភ​មួយ។​

លោក​ ​តឹក វណ្ណារ៉ា​ ​មាន​ប្រសាសន៍​ថា៖​

«កាល​ណា​ Pak Beng​ ធ្វើ​ទៀត​ ​ឡាវ​វា​ធ្វើ​ត​ទៀត​ ​អត់​ទាន់​ឈប់​ទេ​ ​ធ្វើ​ត​ទៅ​ ធ្វើ​ហើយ​ដូច​ជា​រុញ​ទូក​បណ្តោយ​ទៀត។ ​កម្ពុជា​ក៏​ធ្វើ​ដែរ។​ ​ធ្វើ​នៅ​ស្ទឹង​ត្រែង​ ​ធ្វើទំនប់វារី​អគ្គិ​សនី​សំបូរ​ អីចឹងទន្លេ​មេ​គង្គ​នឹង​មិន​ក្លា​យជា​ទន្លេ​មួយ​សម្រាប់​ផ្តល់​សុខ​មាល​ភាព​ ឬ​មួយ​ក៏​សុខដុម​នីយ​កម្ម​ ​គេ​ហៅ​ថា​ ជា​ទន្លេ​មួយ​ប្រកប​ដោយ​ទំនប់​ ​ហើយ ជា​ទន្លេ​មួយ​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស​ ទំនប់​វារី​អគ្គិ​សនី​ហើយ»។​

ទោះ​ជា​យ៉ាង​ណា​ ​លោក​ ​ដាវង់ ផនកែវ​ ​(Daovong Phonekeo)​ ​លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល​ និង​រ៉ែ​របស់​ប្រទេស​ឡាវ​ ធ្លាប់​បាន​ថ្លែង​ប្រាប់ ​VOAកាល​ពី​កន្លង​ទៅ​ថា ​រដ្ឋាភិបាល​ឡាវ​បាន​សិក្សា​ផល​ប៉ះពាល់បរិស្ថាន​ច្បាស់លាស់​ មុន​នឹង​ស្ថាបនា​ទំបន់​វារី​អគ្គិសនី​នានា។ ​លោក​បន្តថា ​ក្រុមហ៊ុន​ក៏​បាន​ស្ថាបនា​ទំនប់​ ដោយ​បញ្ចៀស​ផល​ប៉ះពាល់​ដែល​អាច​កើត​ឡើង​ចំពោះ​ការ​បម្លាស់​ទី​របស់​ត្រី។​

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ លោក​ ​ហ៊ុន សែន​ ​នាព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​ក៏​បាន​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​ថា​ ​នឹង​មាន​ការ​បាត់​បង់ត្រី​៧០​ភាគ​រយ​ ​ដោយ​សារ​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ប្រកាស​បើក​ទ្វារ​ស្តុក​ទឹក​នៅ​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«មាន​អគ្គ​រដ្ឋទូត​មួយ​បាន​ទៅ​ជួប​ជាមួយ​ខ្ញុំ។​ ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ ​ដែល​អ្នក​ការទូត​របៀប​នេះ​មក​និយាយ​ជាមួយ​យើង​ទៅ​រួច។​ ​គាត់​ថា​ វារី​អគ្គិសនី​សេសាន​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ត្រី​ចំនួន​៧០​ភាគរយ។​ ​គាត់​និយាយ​អស់​ហើយ​ ​បាន​ខ្ញុំ​សួរ​ថា​ ​ជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ ​ព្រោះ​ត្រី​នៅ​ប្រទេស​របស់​យើង​ខ្ញុំ​ ចេះ​ឡើង​ដើម​ឈើ​ ​ហើយ​ចេះ​ឡើង​ភ្នំ?»​

លោក​ ​ហ៊ុន សែន​ ​បាន​អះអាង​បែប​នេះ​ ​ដោយ​លោក​សំដៅ​ថា​ ​តំបន់​ទន្លេ​សេសាន​ ​មិន​សំបូរ​ត្រី​ ​ដូច​នៅ​ទន្លេ​សាប​ ​និង​ទន្លេ​មេគង្គ​នោះ​ទេ។​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍ ​បាន​បន្ត​ថា​ ​តំបន់​ទន្លេ​សេសាន​ក្រោម​ពីរ​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​គម្រោងផ្គត់ផ្គង់​អគ្គិស​នី​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​បាន​គ្រប់​ភូមិ​ទូទាំង​ប្រទេស។​ ​មក​ដល់​ពេល​នេះ​ លោក​ ​ហ៊ុន សែនថា រដ្ឋាភិបាល​លោក​បាន​ផ្គត់ផ្គង់​អគ្គិសនីបាន​ ​ចំនួន​១១ពាន់​ភូមិ​ក្នុង​ចំណោម១៤ពាន់​ភូមិ​ទូទាំង​ប្រទេស​កម្ពុជា​ ​ដែល​ស្មើ​នឹង​ ​៧៩%​ ​ឬ៣លាន​២សែន​ខ្នង​ផ្ទះ៕

XS
SM
MD
LG