អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយយល់ថា ការតែងតាំងអ្នកសារព័ត៌មានឱ្យធ្វើជាទីប្រឹក្សាក្រសួងព័ត៌មាន និងតាមស្ថាប័នរដ្ឋផ្សេងទៀត នឹងមានផលអវិជ្ជមានដល់ការបំពេញតួនាទីវិជ្ជាជីវៈ និងឯករាជ្យភាព ដោយសារពួកគេនឹងមិនហ៊ានរាយការណ៍ព័ត៌មានអំពីភាពអសកម្មនានាក្នុងសង្គម។
អ្នកជំនាញទាំងនោះលើកឡើងបែបនេះ បន្ទាប់ពីព្រះមហាក្សត្របានតែងតាំងទីប្រឹក្សាក្រសួងព័ត៌មានចំនួន៤១៥នាក់ ដោយក្នុងនោះ បុគ្គលយ៉ាងតិច១០នាក់កំពុងបម្រើការក្នុងស្ថាប័នសារព័ត៌មាន ដែលមកពីស្ថាប័នសារព័ត៌មាន Fresh News ច្រើនជាងគេ។
អ្នកសារព័ត៌មានទាំងនោះមានដូចជា លោក វ៉ាន់ សារ៉ាយ លោក ស៊ន សុភក្រ្ត លោក ងួន ច័ន្ទមុនី លោក គឹម ម៉េង លោក ប៉ា ជេដ្ឋា លោក ពេជ្រ ប៊ុនសាយ លោក សួន សុភ័ក្រ្ត និងលោក ស្រ៊ឺ រិទ្ធីយ៉ា។ ក្រៅពីនេះ ព្រះមហាក្សត្រក៏បានតែងតាំងលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ធ្វើជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ។ លោក មាស រិទ្ធី ដែលកំពុងបម្រើការនៅស្ថាប័នព័ត៌មានហង្សមាស ក៏ត្រូវបានតែងតាំងបន្តឱ្យធ្វើជាទីប្រឹក្សាក្រសួងព័ត៌មានដែរ។ នេះបើតាមព្រះរាជក្រឹត្យតែងតាំងដែលវីអូអេទទួលបាន។
លោក ស៊ឺន សាយ ជាចាងហ្វាង និងជាអគ្គនាយកប្រតិបត្តិសារព័ត៌មានអនឡាញខេមបូណូមីស(Cambonomist) ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានឋានៈស្មើរដ្ឋលេខាធិការ។
ក្នុងតួនាទីជាទីប្រឹក្សារបស់ក្រសួងព័ត៌មាន និងស្ថាប័នផ្សេងទៀតរបស់រដ្ឋាភិបាល អ្នកសារព័ត៌មានទាំងនោះមានឋានៈជា«ឯកឧត្តម»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា ប្រាប់វីអូអេថា ការតែងតាំងអ្នកសារព័ត៌មានធ្វើជាទីប្រឹក្សានេះ នឹងជះផលអវិជ្ជមានច្រើនជាងផលវិជ្ជមាន ព្រោះថា អ្នកសារព័ត៌មានទាំងនោះនឹងមិនអាចរាយការណ៍អំពីភាពអសកម្មក្នុងសង្គម បានទូលំទូលាយ ដូចដែលពួកគេមានតួនាទីបម្រើសាធារណជនទេ។
បើតាមលោក ណុប វី អ្នកសារព័ត៌មានត្រូវតែមានសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញវិជ្ជាជីវៈ និងរាយការណ៍អំពីផលប្រយោជន៍ និងផលអវិជ្ជមានដល់សាធារណជន។ ដូច្នេះលោកថា បើសិនជានៅពេលអ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំអង្គភាពសារព័ត៌មានណាមួយទទួលបានតួនាទីក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាល នោះនឹងប៉ះពាល់ដល់ការរាយការណ៍ព័ត៌មាន។
លោកថ្លែងថា៖ «ហើយសម្រាប់ខ្ញុំ ការធ្វើបែបហ្នឹងវានឹងធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅដល់តម្លាភាពនៅក្នុងសង្គម ហើយនឹងអាចមិនលើកទឹកចិត្តឱ្យមានការចូលរួមចំណែកក្នុងកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលទេ»។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលើកឡើងថា ការតែងតាំងនេះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន ដោយអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល និងសាមីខ្លួនផ្ទាល់។
លោកថ្លែងថា៖ «ប្រសិនបើរាជរដ្ឋាភិបាល ឬក្រសួងមានឆន្ទៈក្នុងការតែងតាំង ដើម្បីទទួលស្តាប់មតិយោបល់របស់គាត់ អាហ្នឹងវាអាចសង្ឃឹមថា អ្នកសារព័ត៌មានគាត់អាចប្រើប្រាស់តួនាទីរបស់គាត់ក្នុងការលើកកម្ពស់ ក៏ប៉ុន្តែអត់មានទេ ហើយអ្នកសារព័ត៌មានខ្លួនឯង អត់មានឆន្ទៈទៀត អាហ្នឹងខ្ញុំគិតថា វាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងន់ដល់ទិដ្ឋភាពវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា»។
លោក ស៊ឺន សាយ ជាចាងហ្វាង និងជាអគ្គនាយកប្រតិបត្តិសារព័ត៌មានខេមបូណូមីសដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា បើទោះបីជាលោកទទួលបានតំណែងជាទីប្រឹក្សានេះក្តី ក៏ប៉ុន្តែលោកនៅតែបំពេញការងារជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងប្រកបដោយឯករាជ្យ ហើយតួនាទីជាទីប្រឹក្សានេះ គឺគ្រាន់តែជាការផ្តល់មតិយោបល់ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិតែប៉ុណ្ណោះ។
បើតាមលោក ស៊ឺន សាយ តួនាទីជាទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រីនេះ គឺលោកមិនដែលនឹកគិត ឬចង់បាននោះទេ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំដូចជាមើលមិនឃើញរូបភាពអាក្រក់អ្វីផង។ អ្វីដែលយើងចង់ចូលរួមចំណែក គឺទិសដៅចង់ចូលរួមផ្តល់យោបល់អ្វីដែលល្អសម្រាប់អភិវឌ្ឍប្រទេសជាតិយើង»។
ចំណែកលោក វ៉ាន់ សារ៉ាយ អ្នកសារព័ត៌មាននៅស្ថាប័នសារព័ត៌មាន Fresh News ដែលតែងតែផ្សព្វផ្សាយកម្មវិធីរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្រាប់វីអូអេថា លោកក៏នៅតែបំពេញការងារជាសារព័ត៌មានដដែល បើទោះលោកទទួលតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន។ ដោយឡែកចំពោះតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន គឺលោកនឹងផ្តល់មតិយោបល់ ទៅតាមអ្វីដែលក្រសួងព័ត៌មានបានកំណត់។
លោកបញ្ជាក់ថា ការទទួលតួនាទីជាទីប្រឹក្សានេះគឺមិនមែនជាការស្នើសុំដោយផ្ទាល់នោះទេ គឺជាការតែងតាំងដោយប្រមុខរដ្ឋាភិបាល ដែលលោកថា មើលឃើញអំពីការបំពេញការងាររបស់លោក។
លោកប្រាប់វីអូអេថា៖ «ខ្ញុំរង់ចាំសេចក្តីណែនាំពីខាងក្រសួងពីការបែងចែក ឬផ្តល់កម្រិតការងាររបស់យើងបែបម៉េច ក្នុងនាមយើងជាប្រឹក្សាហ្នឹង។ អ៊ីចឹងយើងនឹងអនុវត្តទៅតាមការណែនាំរបស់ក្រសួង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ដែលទើបឡើងកាន់តំណែងថ្មីជំនួសលោក ខៀវ កាញារីទ្ធ ដែលឈប់បំពេញការងារ និងបច្ចុប្បន្នក្លាយជាតំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។
ដោយឡែកពាក់ព័ន្ធការតែងតាំងទីប្រឹក្សាក្រសួងព័ត៌មាន ដែលមានចំនួន៤១៥នាក់នោះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ថា ការតែងតាំងបុគ្គលដ៏ច្រើនបែបនេះ អាចជាការខ្ជះខ្ជាយថវិកាជាតិ។ លោកបន្ថែមថា ការតែងតាំងទីប្រឹក្សា លុះត្រាតែក្រសួងខ្វះមន្ត្រី ដែលមានជំនាញក្នុងការបំពេញការងារ ដើម្បីឱ្យទីប្រឹក្សាជួយធ្វើកិច្ចការទាំងនោះ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថា យ៉ាងច្រើន ២ឬ៣នាក់គ្រប់គ្រាន់ហើយសម្រាប់ទីប្រឹក្សាក្រសួង ហើយអាចផ្តល់ប្រឹក្សាបច្ចេកទេសត្រឹមត្រូវ។ ហើយដល់ទីប្រឹក្សា៤០០នាក់ជាង លោករដ្ឋមន្ត្រីធ្វើការជាមួយទីប្រឹក្សាមួយឆ្នាំ ស្ទើរតែអស់ពេលវេលាក្នុងការធ្វើការងារផ្សេង ប្រសិនបើត្រូវជួប ត្រូវពិភាក្សាជាមួយទីប្រឹក្សាទាំងអស់ហ្នឹង។ អ៊ីចឹងខ្ញុំថា អាហ្នឹងជារឿងមួយស្មុគស្មាញណាស់ ហើយណាមួយមិនគួរឱ្យមានទីប្រឹក្សាច្រើនអ៊ីចឹងទេ។ ព័ត៌មាននៅស្រុកគេខ្លះ គេមិនមានក្រសួងផង!»
គួរបញ្ជាក់អ្នកសារព័ត៌មានមួយចំនួន ក៏ត្រូវបានរដ្ឋាភិបាលតែងតាំងឱ្យកាន់តួនាទីក្នុងជួររដ្ឋាភិបាលផងដែរ ដូចជាកញ្ញា អ៊ឹម រចនា អតីតនិពន្ធនាយករងនៃវិទ្យុបារាំងអន្តរជាតិខេមរភាសា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម និងលោក ប៉ែន បូណា និពន្ធនាយកទូរទស្សន៍ PNN ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរដ្ឋាភិបាល។
បច្ចុប្បន្ននេះ អ្នកសារព័ត៌មានដែលកំពុងបំពេញការងារនៅតាមស្ថាប័នសារព័ត៌មានមួយចំនួន ក៏មានតួនាទីក្នុងស្ថាប័នរដ្ឋ និងជាទីប្រឹក្សារបស់ក្រសួងនានាផងដែរ៕
ភ្នំពេញ —