ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ការពារ​ការតែងតាំង​កូនប្រុស​របស់​លោក ស ខេង ជា​រដ្ឋមន្រ្តី


លោក​ ស សុខា កូនប្រុសរបស់លោក ស ខេង ត្រូវបានជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃនៃប្រទេសកម្ពុជា។ (ក្រសួងមហាផ្ទៃ Ministry of Interior Cambodia/Facebook).
លោក​ ស សុខា កូនប្រុសរបស់លោក ស ខេង ត្រូវបានជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃនៃប្រទេសកម្ពុជា។ (ក្រសួងមហាផ្ទៃ Ministry of Interior Cambodia/Facebook).

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ចាត់​ទុក​ការ​លើក​ឡើង​ថា ​លោក ​ស ខេង​ អតីត​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​«ផ្ទេរ​អំណាច»​ទៅ​កូន​ប្រុស​ ជា​ការ​មិន​យល់​អំពី​ច្បាប់​កម្ពុជា។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​សីហា ​ឆ្នាំ​២០២៣ ​ដែល​វីអូអេ​ទទួល​បាន។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឆ្លើយ​តប​បែប​នេះ​ទៅ​នឹង​អត្ថបទ​ដែល​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​វិទ្យុ​អាស៊ី​សេរី ​ដែល​ចុះ​ផ្សាយ​ក្រោម​ចំណង​ជើង​ថា​ «អ្នក​ឃ្លាំ​មើល​រិះគន់​ការ​តែង​តាំង​កូន​ចៅ ​និង​សាច់​ញាតិ​លោក ​ស ខេង​ស្អេក​ស្កះ​ក្នុង​ក្រសួង​មហាផ្ទៃ»។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ចាត់​ទុក​ករណី​ផ្សាយ​ថា ​លោក​ ស ខេង​ «ផ្ទេរ​អំណាច​ឱ្យ​កូន​ប្រុស»​ គឺ​ជា​ការ​ផ្សាយ​ដែល​មិន​យល់​ពី​រដ្ឋ​ធម្មនុញ្ញ ​ច្បាប់ ​និង​គោល​ការណ៍​របស់​គណបក្ស​នយោបាយ​នានា​ជុំវិញ​ការ​រៀបចំ ​និង​តែង​តាំង​សមាស​ភាព​រាជ​រដ្ឋាភិបាល។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បន្ថែម​ថា​ ការ​តែង​តាំង​នេះ​ជា​ការ​«ផ្គូផ្គង»​របស់​លោក ​ហ៊ុន ម៉ាណែត ​ដែល​ជា​នាយក​រដ្ឋមន្រ្តី​ថ្មី ​ជា​ការ​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដោយ​រដ្ឋសភា​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត ​និង​ជា​ការ​គោរព​តាម​ព្រះរាជ​ក្រឹត្យ​តែង​តាំង​របស់​ព្រះ​មហា​ក្សត្រ។​

នៅ​ក្នុង​ការ​តែង​តាំង​មួយ​ទៀត ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​ ការ​លើក​ឡើង​ថា​ លោក ​ស ខេង ​តែង​តាំង​លោក​ ស រដ្ឋា ​កូន​ប្រុស​ពៅ​របស់​លោក​ជា​អគ្គស្នង​ការ​រង​នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ គឺ​«កាន់​តែ​ខុស​ធ្ងន់​ទៅ​ទៀត»​ ដោយ​ថា​ នេះ​ជា​ការ​ផ្ទេរ​ពី​អង្គភាព​មួយ​ទៅ​អង្គ​ភាព​មួយ​ចំណុះ​ក្រសួង​មហាផ្ទៃ​តែ​ប៉ុណ្ណោះ។​

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​ លោក​ ស រដ្ឋា ​បាន​បម្រើ​ការងារ​ជា​នគរបាល​ជាតិ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​មហាផ្ទៃ​រយៈ​ពេល​១៨​ឆ្នាំ​មក​ហើយ ​ហើយ​ចុង​ក្រោយ​នេះ​លោក​ជា​អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍។​

ក្រសួង​បញ្ជាក់​ថា​ ការ​ចុះ​ផ្សាយ​ថា ​លោក​ ស ខេង​ តែង​តាំង​កូន​ចៅ​សាច់​ញាតិ​ស្អេក​ស្កះ​ក្នុង​ក្រសួង​មហាផ្ទៃ ​បែប​គ្រួសារ​និយម​ គឺ​ជា​«ការ​ផ្សាយ​ដែល​ពុំ​បាន​ស្វែង​យល់​ពី​គោល​ការណ៍​តែង​តាំង​មន្រ្តី​រាជការ​ ផ្ទុយ​ពី​ភាព​ប្រាកដ​និយម ​និង​មាន​ចេតនា​មួល​បង្កាច់ ​ធ្វើ​ឱ្យ​មតិ​សាធារណ​ជន​យល់​ច្រឡំ​មក​លើ​ភាព​ស្អាត​ស្អំ​របស់​សម្តេច​ក្រឡា​ហោម ​ស ខេង»។​

សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា៖​ «ផ្ទុយ​មក​វិញ ​មាន​មហា​ជន​ជា​សាក្សី ​សម្តេច​ក្រឡា​ហោម​ ស ខេង​ ពុំ​មែន​ជា​បុគ្គល​សួន​តួ​និយម ​គិត​តែ​អំពី​គ្រួសារ​និយម​ ផល​ប្រយោជន៍​ឯកជន​ ដូច​ការ​ផ្សព្វ​ផ្សាយ​នោះ​ឡើយ​ ពោល​គឺ​សម្តេច​ក្រឡា​ហោម ស ខេង ​ពុំ​មែន​ជា​បុគ្គល​ដែល​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ ​គឺ​លោក​តែង​តែ​តម្កល់​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ ​ផល​ប្រយោជន៍​មហាជន ​ផល​ប្រយោជន៍សាធារណៈ និង​ផល​ប្រយោជន៍​ជាតិ​ជា​ធំ»។

ក្រោយ​ឡើង​កាន់​អំណាច​ចាប់​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​ចាប់​ផ្តើម​តែង​តាំង​មន្រ្តី​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​មាន​រដ្ឋមន្រ្តី ​និង​អភិបាល​ខេត្ត​មួយ​ចំនួន​ ដែល​ជា​កូន​របស់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។​

ការ​តែង​តាំង​កូនៗ​របស់​មន្រ្តី​ជាន់​ខ្ពស់​ឱ្យ​មក​គ្រប់​គ្រង​ស្ថាប័ន​រដ្ឋ ​និង​ខេត្ត​នានា​ ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ការ​ដាក់​សែ​ស្រឡាយ​គណបក្ស​កាន់​អំណាច​ ប៉ុន្តែ​វា​អាច​មាន​ផល​អវិជ្ជ​មាន​ផង​ដែរ។

អ្នក​វិភាគ​នយោបាយ ​លោក ​មាស នី ​មើល​ឃើញ​ថា​ នេះ​ជា​យុទ្ធ​សាស្រ្ត​នៃ​ការ​រៀបចំ​ការ​គ្រប់​គ្រង​ប្រទេស ​តាម​រយៈ​ការ​ចាត់​តាំង​សែ​ស្រឡាយ​ក្រុម​គ្រួសារ ​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម​ដែល​លោក​ថា​មិន​សូវ​ជា​មាន​អនុវត្ត​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ឡើយ។​ លោក​បន្ថែមថា​ ការ​រៀបចំ​យុទ្ធ​សាស្រ្ត​នេះ​គឺ​ដើម្បី​ផល​ប្រយោជន៍​សម្រាប់​មន្រ្តី​ក្នុង​ជួរ​គណ​បក្ស​កាន់​អំណាច​ ប៉ុន្តែ​លោក​ថា​ វា​អាច​នឹង​មាន​ឥទ្ធិពល​អវិជ្ជ​មាន ​បើ​កាល​ណា​មិន​មាន​ការ​ដឹកនាំ​បាន​ល្អ ​ហើយ​អាច​បង្ក​ជា​ទំនាស់​ផ្ទៃ​ក្នុង​ផង​ដែរ។

លោក ​មាស នី​ ប្រាប់​វីអូអេ​កាល​ពី​សប្តាហ៍​មុន​ថា៖ ​«ប្រព័ន្ធ​បែប​នេះ​ច្រើន​តែ​ប្រឈម​ជា​មួយ​ហ្នឹង​ទំនាស់​ផល​ប្រយោជន៍​និង​វា​ឈាន​ចូល​ទៅ​ដល់​ការ​បន្ត​ពង្រីក​នូវ​អំពើ​ពុក​រលួយ​ ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​ វា​កាន់​តែ​លែង​មាន​ដំណើរ​ការ។​ នេះ​សុទ្ធ​តែ​ជា​ការ​មើល​ឃើញ​នៅ​ក្នុង​គំនរ​ទាញ​ពី​វិធី​សាស្រ្ត​នយោបាយ​មក​និយាយ​ទេ ​ប៉ុន្តែ​ជាក់​ស្តែង​វា​អាស្រ័យ​ទៅ​លើ​សមត្ថ​ភាព​របស់​មេ​ដឹកនាំ​បច្ចុប្បន្ន​ដែរ។​ បើ​សិន​ជា​មេ​ដឹកនាំ​បច្ចុប្បន្ន​អាច​គ្រប់​គ្រង​រឿង​ហានិភ័យ​ទាំង​អស់​នោះ​បាន​ [ខ្ញុំ]​គិត​ថា ​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ក៏​សប្បាយ​ចិត្ត​ទៅ​តាម​ហ្នឹង​ដែរ ​ប៉ុន្តែ​ហានិភ័យ​គឺ​មាន​ខ្ពស់»។​

នៅ​ក្នុង​ពិធី​សម្ពោធ​សាលា​បឋម​សិក្សា​មួយ​កន្លែង​ក្នុង​ខេត្ត​បាត់ដំបង​ កាល​ពី​ខែកញ្ញា ឆ្នាំ​២០២២ ​លោក​ ស សុខា​ អតីត​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​និង​បច្ចុប្បន្ន​ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​ព្រៃវែង​ផង​ដែរ ​បាន​ថ្លែង​ថា ​ប្រសិន​បើ​បុគ្គល​ម្នាក់​បំពេញ​ការងារ​មួយ​មិន​បាន​ល្អ​ប្រសើរ​ជាង​អ្នក​មុន ​បុគ្គល​នោះ​គួរ​លាលែង​ពី​តំណែង។

លោក​បញ្ជាក់​ថា៖ ​«បើ​ធ្វើ​ការងារ​ថ្ងៃ​ហ្នឹង​ មិន​ខុស​ពី​អ្នក​មុន​ដែល​គាត់​ធ្វើ​ទេ ​ឬ​មួយ​មិន​អាច​កែ​ប្រែ​ឱ្យ​ល្អ​ជាង​អ្នក​មុន​ធ្វើ​ទេ​ ខ្ញុំ​គិត​ថា​មិន​បាច់​[ធ្វើ​ទេ]​ ឈប់​ធ្វើ​ហ្មង​ទៅ​ ឈប់​ធ្វើ​ហើយ​ដើរ​ចេញ​ឱ្យ​អ្នក​ផ្សេង​ធ្វើ​វិញ»។

គួរ​បញ្ជាក់​ថា ​ក្រៅ​ពី​កូន​ប្រុស​របស់​លោក ​ស ខេង​ ដែល​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​ក៏​មាន​កូន​របស់​មន្រ្តី​ជាន់​ខ្ពស់​ផ្សេង​ទៀត ​ដែល​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី​ជំនួស​ឪពុក​ ដូច​ជា​លោក ​ទៀ សីហា ​កូន​ប្រុស​របស់​លោក ​ទៀ បាញ់ ​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​ក៏​បាន​តែង​តាំង​ប្អូន​ប្រុស​របស់​លោក ​គឺ​លោក ​ហ៊ុន ម៉ានី ​ជា​រដ្ឋមន្រ្តី​ក្រសួង​មុខ​ងារ​សាធារណៈ​ផង​ដែរ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG