ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត តែងតាំង​អភិបាល​ខេត្ត​ថ្មី​ជា​កូន​របស់​មន្រ្តី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច


រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នៅពេលជាលោកជា​នាយករដ្ឋមន្ត្រីតែងតាំង ឈរនៅមុខរដ្ឋសភាជាតិ មុនពេលចូលរួមសម័យប្រជុំដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នៅពេលជាលោកជា​នាយករដ្ឋមន្ត្រីតែងតាំង ឈរនៅមុខរដ្ឋសភាជាតិ មុនពេលចូលរួមសម័យប្រជុំដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

ក្រោយ​ឡើង​កាន់​អំណាច​ចាប់​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​ចាប់​ផ្តើម​តែង​តាំង​មន្រ្តី​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​មាន​រដ្ឋមន្រ្តី ​និង​អភិបាល​ខេត្ត​មួយ​ចំនួន​ ដែល​ជា​កូន​របស់​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ រដ្ឋាភិបាល​អាណត្តិ​ទី៧​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ាណែត​ កូន​ប្រុស​របស់​លោក ​ហ៊ុន សែន​ បាន​រៀបចំ​ឱ្យ​កូនៗ​របស់​រដ្ឋ​មន្រ្តី​ក្នុង​គណ​បក្ស​កាន់​អំណាច​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត ​និង​អភិបាល​រង​មួយ​ចំនួន​ ក្នុង​នោះ​មាន​ខេត្ត​សៀមរាប ស្វាយរៀង ​និង​បន្ទាយ​មានជ័យ​ជា​ដើម។​

នៅ​ក្នុង​ព្រះរាជ​ក្រឹត្យ​មួយ ​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ អភិបាល​រង​ខេត្ត​ស្វាយរៀង ​លោក​ ប៉េង ពោធិ៍សា ​ដែល​ជា​កូន​ប្រុស​របស់​អ្នកស្រី ​ម៉ែន សំអន​ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធ​សភា ​និង​អធិការ​កិច្ច​ ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​មួយ​នេះ។​ ស្វាមី​របស់​អ្នកស្រី ​ម៉ែន សំអន​ គឺ​លោក​ ប៉េង ប៉ាត់​ ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា។​

ចំណែក​កូន​ប្រុស​របស់​អ្នកស្រី ​ម៉ែន សំអន ​ម្នាក់​ទៀត​ គឺ​លោក ប៉េង ពោធិ៍ នា ​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​ជំនួស​លោក​ ស៊ុន ចាន់ ថុល។​

ចំណែក​លោក ​ប្រាក់ សោភ័ណ ​កូន​ប្រុស​របស់​លោក​ ប្រាក់ សុខុន​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ខេត្ត​សៀមរាប​ ជំនួស​លោក ​ទៀ សីហា ​ដែល​ឡើង​កាន់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ ជំនួស​ឪពុក​របស់​លោក​ គឺ​លោក​ ទៀ បាញ់។​

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត និងលោកស្រី ម៉ែន សំអន ចូលរួមសម័យប្រជុំរដ្ឋសភាលើកទី ១ សម្រាប់នីតិកាលទី ៧ នៅរដ្ឋសភា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត និងលោកស្រី ម៉ែន សំអន ចូលរួមសម័យប្រជុំរដ្ឋសភាលើកទី ១ សម្រាប់នីតិកាលទី ៧ នៅរដ្ឋសភា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។

វីអូអេ​បាន​ព្យាយាម​ សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ប្រាក់ សោភ័ណ ​អភិបាល​ខេត្ត​សៀមរាប​តែ​ពុំទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​ទេ។​

កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​សីហា​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត ​ក៏​បាន​ចេញ​អនុ​ក្រឹត្យ​ផ្ទេរ​ភារ​កិច្ច ​លោក ​គឹង វណ្ណៈ ​ពី​អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ ​ឱ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តី​ការ​ក្រសួង​មហា​ផ្ទៃ ​និង​តែង​តាំង​លោក​ កែ សួន​សុភាព ​កូន​ប្រុស​របស់​លោក ​កែ គឹមយ៉ាន ​ជា​អភិបាល​រង​ខេត្ត​បន្ទាយ​មានជ័យ​ជំនួស។ ​លោក ​កែ គឹមយ៉ាន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​និង​ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ។​

ការ​តែងតាំង​កូនៗ​របស់​មន្រ្តី​ជាន់​ខ្ពស់​ឲ្យ​មក​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ ​និង​ខេត្ត​នានា​ ត្រូវ​បាន​មើល​ឃើញ​ថាជា​ការ​ដាក់​សែ​ស្រឡាយ​គណបក្ស​កាន់​អំណាច​ ប៉ុន្តែ​វា​អាច​មាន​ផល​អវិជ្ជមាន​ផង​ដែរ។​
អ្នកវិភាគ​នយោបាយ ​លោក ​មាស នី ​មើល​ឃើញ​ថា​ នេះ​ជា​យុទ្ធសាស្រ្ត​នៃ​ការ​រៀបចំ​ការ​គ្រប់​គ្រង​ប្រទេស ​តាម​រយៈ​ការ​ចាត់​តាំង​សែ​ស្រឡាយ​ក្រុម​គ្រួសារ ​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម​ដែល​លោក​ថា​មិន​សូវ​ជា​មាន​អនុវត្ត​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ឡើយ។​ លោក​បន្ថែម​ថា​ការ​រៀបចំ​យុទ្ធសាស្រ្ត​នេះ​គឺ​ដើម្បី​ផល​ប្រយោជន៍​សម្រាប់​មន្រ្តី​ក្នុង​ជួរ​គណ​បក្ស​កាន់​អំណាច​ ប៉ុន្តែ​លោក​ថា​វា​អាច​នឹង​មាន​ឥទ្ធិពល​អវិជ្ជមាន ​បើ​កាល​ណា​មិន​មាន​ការ​ដឹកនាំ​បាន​ល្អ ​ហើយ​អាច​បង្ក​ជា​ទំនាស់​ផ្ទៃ​ក្នុង​ផង​ដែរ។​

លោក ​មាស នី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ ​«ប្រព័ន្ធ​បែប​នេះ​ច្រើន​តែ​ប្រឈម​ជា​មួយ​ហ្នឹង​ទំនាស់​ផល​ប្រយោជន៍​និង​វា​ឈាន​ចូល​ទៅ​ដល់​ការ​បន្ត​ពង្រីក​នូវ​អំពើ​ពុក​រលួយ​ ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​ វា​កាន់​តែ​លែង​មាន​ដំណើរ​ការ។ ​នេះ​សុទ្ធ​តែ​ជា​ការ​មើល​ឃើញ​នៅ​ក្នុង​គំនរ​ទាញ​ពី​វិធីសាស្រ្ត​នយោបាយ​មក​និយាយ​ទេ ​ប៉ុន្តែ​ជាក់​ស្តែង​វា​អាស្រ័យ​ទៅ​លើ​ សមត្ថ​ភាព​របស់​មេ​ដឹកនាំ​បច្ចុប្បន្ន​ដែរ។​ បើ​សិន​ជា​មេ​ដឹកនាំ​បច្ចុប្បន្ន​អាច​គ្រប់​គ្រង​រឿង​ហានិភ័យ​ទាំង​អស់​នោះ​បាន​[ខ្ញុំ]​គិត​ថា​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ក៏​សប្បាយ​ចិត្ត​ទៅ​តាម​ហ្នឹង​ដែរ ​ប៉ុន្តែ​ហានិភ័យ​គឺ​មាន​ខ្ពស់»។​

នៅ​ក្នុង​វិស័យ​នគរបាល​វិញ​ លោក​ ស ថេត ​អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​ស្នងការ​នគរបាល​ជាតិ​ ជំនួស​លោក ​នេត សាវឿន​ ជា​ក្មួយ​ប្រសា​របស់​លោក​ ហ៊ុន សែន។​ លោក ​ស ថេត ​ជា​បង​ប្អូន​ជី​ដូន​មួយ​របស់​លោក​ ស ខេង ​អតីត​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ៕​

XS
SM
MD
LG