ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​សារព័ត៌មាន​ពីររូប​នឹង​ឡើង​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្មី


រូបឯកសារ៖ រូបផ្គុំ​នៃ​អតីត​អ្នកកាសែត​ពីរ​នាក់​គឺ​លោក នេត្រ ភក្ត្រា (ឆ្វេង) និង​លោក ប៉ែន បូណា (ស្ដាំ)។ (ស៊ុន ណារិន និង កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ រូបផ្គុំ​នៃ​អតីត​អ្នកកាសែត​ពីរ​នាក់​គឺ​លោក នេត្រ ភក្ត្រា (ឆ្វេង) និង​លោក ប៉ែន បូណា (ស្ដាំ)។ (ស៊ុន ណារិន និង កាន់ វិច្ឆិកា/វីអូអេ)

អតីត​អ្នក​កាសែត​ពីរ​នាក់ ​គឺ​លោក ​នេត្រ ភក្ត្រា និង​លោក ​ប៉ែន បូណា នឹង​អាច​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាលអាណត្តិទី​៧​ដែល​នឹង​ដឹក​នាំ​ដោយ​កូនប្រុស​ច្បង​របស់​លោក ​ហ៊ុន សែន​ ដែល​កំពុង​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​។

លោក ​នេត្រ ភក្ត្រា ​ដែល​បច្ចុប្បន្ន​មានតួនាទី​ជា​រដ្ឋ​លេខា​ធិការ​នៅ​ក្រសួង​បរិស្ថាន​ត្រូវ​បាន​ជ្រើស​តាំងជា​រដ្ឋមន្ត្រីនៅក្រសួង​ព័ត៌មាន​។ ចំណែក​លោក ​ប៉ែន បូណា ដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការនៅ​ក្រសួង​ព័ត៌មាន​ នឹងត្រូវតែង​តាំង​ជា​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​ថ្មី​ក្រោម​ការ​ដឹកនាំរបស់​លោក ហ៊ុន​ ម៉ាណែត​។ នេះ​បើតាមបង្ហើបរបស់​លោក ​ហ៊ុន សែន ក្នុងពិធី​សំណេះ​សំណាល​មួយ​ជាមួយ​អ្នក​សារពត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពីថ្ងៃចន្ទ​ និងប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែលស្និទ្ធ​នឹង​រដ្ឋាភិបាល​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះថា ​បើតាម​ការ​បង្ហើប​របស់​លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន ប្រាកដ​ណាស់​ថា ​លោក ​ប៉ែន បូណា ​នឹង​ក្លាយ​ជាអ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ជំនាន់​ថ្មី ​ព្រោះ​លោក​មាន​បទ​ពិសោធន៍​ក្រាស់ក្រែល​ក្នុង​វិស័យ​សារ​ព័ត៌មាន​។

លោកថ្លែងថា​៖ «ផ្អែក​លើ​សំណូមពរ​ការងារ​ហ្នឹង​ហើយ​ពីព្រោះ​ឯកឧត្តម ផៃ ស៊ីផាន ​លោក​មាន​បញ្ហា​សុខភាព​មួយ​ចំនួន អ៊ីចឹង​វាត្រូវ​ដូរអ្នក​ថ្មី​ហ្នឹង​ហើយ​ ប៉ែន បូណា​គាត់​ក្មេង គាត់​មាន​ពិសោធន៍​ការងារ​ខាង​សារពត៌​មាន​ផង​»។

លោក​បន្ថែម​ថា​ ការ​តែង​តាំង​ជាផ្លូវ​ការ​នឹង​ធ្វើ​ឡើង​ក្រោយ​មាន​ការ​រៀបចំ​រដ្ឋា​ភិបាល​ថ្មី​នៅ​ក្នុង​ខែ​សីហា​នេះ​។

នាយកប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា​ ខេមបូចា លោក ណុប វី
កោត​សរសើរសមត្ថភាព​អនាគត​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ថ្មី លោក ប៉ែន បូណា ដែល​ជាអ្នក​សារ​ពត៌មាន​ជើង​ចាស់​ដ៏ឆ្នើម ហើយ​បទ​ពិសោធន៍​របស់​លោក​ក៏គ្រប់គ្រាន់​ក្នុងការ​ឆ្លើយឆ្លង​ជាមួយ​អ្នក​កាសែត​ក្នុង​ស្ថានភាព​លំបាក​ និង​ចាំបាច់​។

លោក​ថ្លែង​ថា​៖ «លោក ប៉ែន បូណា​ គាត់ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​នៅក្នុង​កិច្ចការ​អ្នក​សារ​ពត៌មាន​ បើតាម​ខ្ញុំស្គាល់​ ខ្ញុំធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​គាត់ គាត់ឆ្លង​កាត់​បទ​ពិសោធន៍​កិច្ច​ការងារ​ច្រើនៅ​ក្នុង​វិស័យ​សារពត៌​មាន អ៊ីចឹង​តិច ឬ​ច្រើន​គឺ​គាត់​យល់​ដឹងអំពី​របៀប​នៃ​ការ​ឆ្លើយ​តប ការ​ធ្វើកិច្ច​ការងារ​របស់​អ្នក​សារ​ពត៌មាន​ក៏​ដូចជា​តម្រូវ​ការចាំបាច់​អ្នក​សារ​ពត៌មាន​»។

លោក​សង្ឈឹម​ថា ​វត្តមានរ​បស់អ្នកនាំ​ពាក្យ​រដ្ឋាភិបាលថ្មី​ និង​រដ្ឋ​មន្រ្ដី​ក្រសួង​ពត៌មាន​ថ្មីនឹង​ធ្វើឱ្យ​មាន​ភាព​ប្រសើរឡើងនូវ​លម្ហក្នុងការ​ទទួល​បាន​ពត៌មាន​ទៅដល់​អ្នក​សារ​ពត៌មាន។

បើតាមវីដេអូឃ្លីប​ បង្ហាញ​ពី​ជំនួប​អ្នក​សារព័ត៌​មាន​ជាមួយ​លោក ហ៊ុន សែន​ គេឃើញ​លោក ប៉ែន បូណា បានស្ថិត​នៅក្នុង​ជំនួប​នោះ ហើយលោក ​ហ៊ុន សែន បានថ្លែងថា លោក ​ប៉ែន បូណា នឹង​បំពេញ​ការងារ​ជាអ្នក​នាំពាក្យ​រដ្ឋាភិបាល​ថ្មី​ក្នុង​អាណត្តិទី​៧ក្រោម​ការ​ដឹកនាំរបស់​លោក ហ៊ុន ម៉ាណែត ​ដែល​នឹង​ចូល​មកកាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រីថ្មី​របស់​កម្ពុជា​ក្នុងពេល​ឆាប់ៗនេះ។

លោកប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា៖​ «យើង​នឹង​មាន​អ្នកនាំ​ពាក្យថ្មី​របស់រាជ​រដ្ឋា​ភិបាល​ដែល ​ហ៊ុន ម៉ាណែត ​គេ​ទទួល​គេ​ធ្វើ​កិច្ច​ការ​ផ្ទាល់​ជាមួយ​លោក ប៉ែន បូណា ដែល​នឹង​ក្លាយ​ជា​អ្នកនាំ​ពាក្យថ្មី​របស់​រដ្ឋាភិ​បាល ខ្ញុំ​មិនឱ្យ​លូកឡំ​ការងារ​គណបក្ស​ និង​ការងារ​របស់​រដ្ឋាភិបាល​ទេ​»។

លោក ​ហ៊ុន សែន មិន​បានលើកឡើងចំៗ​ចំពោះលោក នេត្រ ភក្ត្រា​ ដែល​នឹង​ត្រូវតែ​ង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នោះទេ។ ប៉ុន្តែអង្គភាពព័ត៌មានក្នុងស្រុក​មួយចំនួន​បាន​រាយ​ការណ៍​ថា អតីតអ្នកឆ្លើយឆ្លង​ឱ្យវិទ្យុ​បារំាំង RFI រូបនេះ​ នឹង​កា្លយជារដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ជំនួស​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បច្ចុប្បន្ន ​គឺ​លោក ​ខៀវ កាញារីទ្ធ​។

លោក​ ប៉ែន បូណា​ សុំ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ដោយ​ត្រូវ​រង់​ចាំ​ការ​សម្រេច​ជា​ផ្លូវការ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​។ វីអូអេ​មិន​អាច​សុំការ​អត្ថាធិប្បាយពី​លោក ​នេត្រ ភក្ត្រា​ តាម​ទូរស័​ព្ទបាន​ទេ​នៅថ្ងៃពុធនេះ​។ ​

អ្នក​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីថ្ងៃ​១៤ ​ខែសីហា គឺ​កញ្ញា​ អ៊ុង ច័ន្ទសោភា​ ដែល​ស្ថិត​ក្នុងចំណោម​អ្នកសារព័ត៌មាន​ជាច្រើននាក់​ដែល​បាន​ទទួល​ការ​បំពាក់មេដៃពី​នាយក​រដ្ឋ​មន្ត្រី​ចាំផ្ទះ​លោក ហ៊ុន សែន ប្រាប់វីអូអេ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់​ច្បាស់​ៗ​ថា​ លោក​ ប៉ែន បូណា​ នឹង​ក្លាយ​ជាអ្នក​នាំពាក្យ​រដ្ឋាភិបាល​ថ្មី។

កញ្ញាថ្លែង​ថា៖ «នៅក្នុង​ជំនួប​ជាមួយ​សម្ដេច​ហ្នឹង​បាន​លើកឡើង​បញ្ជាក់​ច្បាស់ៗ​ហើយ គឺពូ ប៉ែន បូណា​ នឹង​ត្រូវ​ក្លាយ​ទៅជា​អ្នកនាំ​ពាក្យ​រាជរដ្ឋា​ភិបាល​ថ្មី​របស់​បង ​ម៉ាណែត ហើយ​បង​ នេត្រ ភត្រ្តា​គឺជា​អនាគត​រដ្ឋមន្រ្ដី​ក្រសួង​ពត៌មាន​ថ្មី»។

កញ្ញា​បន្ថែម​ថា​ ការជ្រើសរើស​លោក​ ប៉ែន បូណា គឺជា​ការគិតគូរ​ត្រឹមត្រូវរបស់​ថ្នាក់ដឹកនាំ​ ព្រោះ​លោក​មាន​បទពិសោធន៍​ឆ្អិន​ឆ្អៅនៅ​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន​៕

XS
SM
MD
LG