ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​ជាច្រើន​គោរព​វិញ្ញាណខណ្ឌ​ជន​រងគ្រោះ​នៃ​ការ​ធ្លាក់​យន្ត​ Germanwings


ក្រុម​បព្វជិត​ប្រារព្ធ​ពិធី​សាសនា​សម្រាប់​ជន​រងគ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ​ Germanwings នៅ​ក្នុង​ភ្នំ Alps របស់​បារាំង​ ដែល​បាន​សម្លាប់​មនុស្ស​១៥០នាក់ កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ នៅ​វិហារ Notre-Dame-du-bourg ក្នុង​ក្រុង Digne-les-Bains ដែល​នៅ​ក្បែរ​តំបន់​នៃ​ហេតុការណ៍​នោះ។

ពិធី​មួយ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ក្រុង​ Dignes-les-Bains កាលពី​ថ្ងៃសៅរ៍​ដើម្បីរំលឹក​ដល់​វិញ្ញាណខណ្ឌ​ក្រុម​ជន​រងគ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុម​ហ៊ុន​Germanwings នៅ​ក្នុង​តំបន់ភ្នំ​ Alps នៃ​ប្រទេស​បារាំង។

មាន​មនុស្ស​ប្រមាណ​២០០នាក់​ដោយ​មាន​រួម​បញ្ចូល​ក្រុម​គ្រួសារ ញាតិសន្តាន​និង​មិត្តភក្តិ​របស់​ជន​រងគ្រោះ​បាន​ទៅ​ចូល​រួមក្នុង​ពិធី​សូត្រធម៌​ដែល​ដឹកនាំ​ដោយ​បព្វជិត Jean-Philippe Nault នៃក្រុង Digne។​

អ្នក​ស្រុក​ម្នាក់​ក្នុង​មូលដ្ឋាន​បាន​សម្តែង​អារម្មណ៍​របស់​អ្នកស្រី​អំពី​អ្វី​ដែល​បាន​កើត​មាន​ទ្បើង​ដោយ​បាន​និយាយ​ថា​វា​ជា​ហេតុការណ៍​ដ៏ «អាក្រក់» និង​ជា «ការ​រន្ធត់​សម្រាប់​ក្រុម​គ្រួសារ​ជន​រងគ្រោះ»។

ក្រុម​រដ្ឋអាជ្ញា​បារាំង​បាន​និយាយ​ថា​សហ​អ្នកបើកបរ​យន្តហោះ​នោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ Germanwings គឺ​ឈ្មោះ​ Andreas Lubitz អាយុ​២៧ឆ្នាំ​បានបើក​យន្តហោះ​នោះ​ឱ្យ​ធ្លាក់​ក្នុង​តំបន់​ភ្នំ​នោះ​ដោយ​ចេតនា​កាលពី​ថ្ងៃអង្គារ​ក្រោយពី​បាន​ចាក់​សោ​ទ្វារ​បន្ទប់​អ្នក​បើក​យន្តហោះ​ផ្សេង​ទៀត​ដែល​មិន​អាច​ឱ្យ​ពួកគេ​ចូល​ទៅ​ក្នុង​បន្ទប់​នោះ​បាន។ ក្រុម​រដ្ឋអាជ្ញា​អាល្លឺម៉ង់​កំពុង​ខិតខំ​ព្យាយាម​រកបុព្វហេតុ​ដែល​នាំ​ឱ្យ Lubitz ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នាំ​ឱ្យមាន​មហន្តរាយ​នេះ។​

ស្ត្រី​ម្នាក់​ដែល​និយាយ​ថា​ខ្លួន​ជា​អតីត​សង្សារ​របស់​ Lubitz បាន​ត្រូវ​គេ​ដក​ស្រង់​ពាក្យ​សម្តី​នៅ​ក្នុង​កាសែត​អាល្លឺម៉ង់​ប្រចាំ​ថ្ងៃ​ឈ្មោះ​ Bild ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃសៅរ៍​ដោយ​បាន​និយាយ​ថា​សហ​អ្នក​បើកបរ​យន្តហោះ​នេះ​បាន​និយាយ​ប្រាប់​អ្នកស្រី​ថា​គាត់​ទទួល​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត។ ស្ត្រី​នេះ​ក៏​បាន​លាតត្រដាង​ប្រាប់​កាសែត​នោះ​ដែរ​ថា​ Lubitzបាន​និយាយ​ប្រាប់​គាត់​ថា​ខ្លួន​គ្រោង​ធ្វើសកម្មភាព​មួយ​ដែល​មនុស្ស​គ្រាប់គ្នា​នឹង​ចងចាំ៕

XS
SM
MD
LG