ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​អាជ្ញា​ថា​អ្នក​បើក​យន្តហោះ​ទម្លាក់​យន្តហោះ​ Germanwings ដោយ​ចេតនា


លោក Brice Robin (រូប​កណ្តាល) រដ្ឋ​អាជ្ញា​នៅ​ក្រុង​ Marseille ជាមួយ​ឧត្តមសេនីយ៍​ David Galtier (រូប​ស្តាំ) បង្កើត​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Marseille ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង​ កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។

រដ្ឋ​អាជ្ញា​បារាំង​និយាយ​ថា ​អ្នក​បើកបរ​យន្តហោះ​រង​របស់​យន្តហោះ​ដឹក​អ្នក​ដំណើរ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Germanwings ​ដែល​បាន​ធ្លាក់​នៅ​ក្នុង​តំបន់​ភ្នំ Alps ​នៃ​ប្រទេស​បារាំង​នៅ​សប្តាហ៍​នេះ ​បានប៉ុនប៉ង​ដោយ​ចេតនា​ដើម្បី​កម្ទេច​យន្តហោះ​នោះ។

​លោក Brice Robin ​រដ្ឋ​អាជ្ញា​ទីក្រុង Merseilles បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា Andreas Lubitz អាយុ​២៨​ឆ្នាំ ជា​អ្នក​បើកបរ​រង​បាន​ចាក់​សោ​ឲ្យ​អ្នក​បើកបរផ្សេង​ទៀត​នៅ​ខាង​ក្រៅ​បន្ទប់​បើក​បរ ​ដោយនៅ​ក្នុង​បន្ទប់​បើក​បរ​យន្តហោះ​តែ​ម្នាក់​នៅ​ក្នុងយន្តហោះ​ធុន Airbus A320។ រដ្ឋ​អាជ្ញា​បាន​និយាយ​ទៀត​ថា បន្ទាប់​មក Lubitz ​បាន​បង្កើន​ល្បឿន​ចុះ​យន្តហោះ ដោយ​ហោះ​ក្នុង​ល្បឿន​៧​រយ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ហើយ​បាន​ធ្លាក់​ចូលក្នុង​តំបន់​ដាច់​ស្រយាល​មួយ​ដែល​ជា​ភ្នំសុទ្ធ​តែ​ទឹកកក​នៅ​ភាគអាគ្នេយ៍​នៃ​ប្រទេស​បារាំង​ ដោយ​បាន​សម្លាប់​មនុស្ស​ទាំងអស់​១៥០​នាក់​នៅ​លើ​យន្តហោះ​នោះ។

​រដ្ឋ​អាជ្ញា Robin ​បាន​ប្រាប់​សន្និសីទ​កាសែត​ថា ការ​ចុះ​ដោយ​ល្បឿន​នេះ ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចេតនា។ ​គ្រប់​កាលៈ​ទេសៈ​ទាំងអស់ ​ការណ៍​នេះ​ធ្វើ​ឡើង​ដោយ​ចេតនា។

នៅ​ក្នុង​ទីក្រុង​ប៊ែឡាំង​វិញ ​លោកស្រី​អធិការបរតី​អាល្លឺម៉ង់ Angela Merkel ​បាន​មាន​ប្រសាសន៍​ថា «បញ្ហា​នេះ​ដូចជា​ទៅ​ហួស​ពី​ការ​នឹក​ស្រម័យ។ នេះ​ជា​បញ្ហា​ដ៏​ធ្ងន់​ធ្ងរសម្រាប់​សាច់​ញាតិ​របស់​ជន​រងគ្រោះ‍»។

​រដ្ឋ​អាជ្ញា Robin និយាយ​ទៀត​ថា «គ្មាន​អ្វី​ប្រាប់​ឲ្យ​ដឹង​ថា​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ទេ ក៏ប៉ុន្តែ ​យើង​នឹង​ឃើញ​ពី​បំណង​របស់​ជន​នោះ‍»៕

XS
SM
MD
LG