ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នគរបាល​អាល្លឺម៉ង់​ស្វែង​រក​សញ្ញា​ប្រាប់​ផ្លូវ​អំពី​ការ​ធ្លាក់​យន្តហោះ​ Germanwings


. អ្នក​បើក​យន្តហោះ​ទី​ពីរ Andreas Lubitz ដែល​បាន​បុក​ទម្លាក់​ យន្តហោះ​ Germanwings ដោយ​បាន​សម្លាប់​ខ្លួន​ឯង​ និង​មនុស្ស​ ១៤៩នាក់​ទៀត។
. អ្នក​បើក​យន្តហោះ​ទី​ពីរ Andreas Lubitz ដែល​បាន​បុក​ទម្លាក់​ យន្តហោះ​ Germanwings ដោយ​បាន​សម្លាប់​ខ្លួន​ឯង​ និង​មនុស្ស​ ១៤៩នាក់​ទៀត។

កង​នគរបាល​ប្រទេស​អាល្លឺម៉ង់​បាន​ឆែក​ផ្ទះ​របស់​អ្នក​បើក​យន្តហោះ​ទី​ពីរ​ អាយុ​ ២៧​ ឆ្នាំ​ ជនជាតិ​អាល្លឺម៉ង់​ ដែល​គេ​ជឿ​ថា​បាន​បើក​យន្តហោះ​ Airbus​ ទៅ​បុក​ភ្នំ​ Alps​ នៃ​ប្រទេស​បារាំង​ ដោយ​ចេតនា​ សម្លាប់​ខ្លួន​ឯង​និង​មនុស្ស​ ១៤៩​ នាក់​ទៀត។​

នៅ​ថ្ងៃ​សុក្រ​នេះ​ ប៉ូលិស​បាន​ចូល​ទៅ​ឆែក​ផ្ទះ​ពីរ​ ដែល​ Andreas​ Lubitz​ រស់​នៅពេល​លោក​មិន​ចេញ​ទៅ​បើក​យន្តហោះ។​ ទី​មួយ​គឺ​ផ្ទះ​ឈ្នួល​ (Apartment​ ) នៅ​ទី​ក្រុង​ Dusseldorf​ នៃ​ប្រទេស​អាល្លឺម៉ង់​ និង​ទី​ពីរ​គឺ​ផ្ទះ​របស់​ឪពុក​ម្តាយ​គាត់​ នៅ​ទី​ក្រុង​តូច​ Montabour។​ ប៉ូលិស​និយាយ​ថា​ គេ​បាន​ចាប់​យក​វត្ថុ​ជា​ច្រើន​ទុក​ជា​ភស្តុតាង​ ហើយ​គេ​រំពឹង​ថា​ព័ត៌មាន​ពិស្តារ​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​រដ្ឋ​អាជ្ញា​បារាំង​ លោក​ Brice Robin​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​តាម​ទូរទស្សន៍​ថា​ Lubitz​ ប្រហែល​ជា​បាន​បើក​យន្តហោះ​ Airbus​ A-320​ ទៅ​បុក​ភ្នំ​ដោយ​ចេតនា​ បន្ទាប់​ពី​បាន​ចាក់សោ​ទ្វារ​បន្ទប់​បើក​បរ​ មិន​ឲ្យ​អ្នក​បើក​ទី​មួយ​អាច​ចូល​បាន។​

លោក​ Robin​ ថ្លែង​ថា​ សម្លេង​ថត​នៅ​ក្នុង​បន្ទប់​បើក​បរ​បាន​បង្ហាញ​ថា​ Lubitz​ បាន​ប្តូរ​ផ្លូវ​ហោះ​ដើម្បី​បញ្ចុះ​ក្បាល​យន្តហោះ​ក្នុង​ពេល​ ៨​ នាទី​ចុង​ក្រោយ​ ក្នុង​ល្បឿន​ ៧០០​ គម​ ក្នុង​មួយ​ម៉ោង។​

មន្រ្តី​និយាយ​ថា​ Lubitz​ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ភេរវកម្ម​ណា​មួយ​ទេ។​ បណ្តាញ​ព័ត៌មាន​ អាល្លឺម៉ង់​បាន​រាយការណ៍​ថា​ Lubitz​ បាន​សុំ​ឈប់​សម្រាក់​ពី​ការងារ​កាល​ពី​ពេល​មុន​ ដោយសារ​«ធ្វើ​ការ​បាក់​កម្លាំង‍»​ ឬ​មាន​ការ​ថយ​កម្លាំង​ចិត្ត។​

លោក​ Mattias​ Gebauer​ អ្នក​រាយការណ៍​ព័ត៌មាន​របស់​កាសែត​អាល្លឺម៉ង់​ Der​ Spiegel​ បាន​ដក​ស្រង់​ពាក្យសម្តី​របស់​អ្នក​រៀន​សាលា​ជា​មួយ​ Lubitz​ ថា​ គាត់​បាន​សុំ​ឈប់​សម្រាក​ ៦​ ខែ​ពី​ការ​ហ្វឹក​ហាត់​បើក​យន្តហោះ​ក្នុង​ឆ្នាំ​ ២០០៩​ ដោយ​«ហត់​នឿយ និង​បាក់​កម្លាំង‍»។​ ហើយ​សារព័ត៌មាន​អាឡឺម៉ង់​ Bild​ បាន​យល់​ស្រប​ជា​មួយ​សេចក្តី​រាយការណ៍​នេះ​ ដោយ​និយាយ​ថា​ Lubitz​ បាន​ទទួល​ជំនួយ​ផ្នែក​ពេទ្យ​សម្រាប់​ការ​ចុះថយ​កម្លាំង​ចិត្ត។​

មន្រ្តី​នៃ​ក្រុមហ៊ុន​ធំ​ Lufthansa​ មិន​បាន​បញ្ជាក់​អំពី​សេចក្តី​រាយការណ៍​ទាំង​នេះ​ទេ​ តែ​លោក​ Carsten​ Spohr​ នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ Lufthansa​ បាន​និយាយ​ថា​ ការ​ធ្វើ​ តេស្ត​ផ្នែក​ពេទ្យ​លើ​ Lubitz​ បាន​បង្ហាញ​ថា​ គាត់​មាន​សុខភាព​ល្អ​ «១០០%​ សម្រាប់​បើក​យន្តហោះ‍»​ដោយ​គ្មាន​ការ​ហាម​ប្រាម​ណា​មួយ​ទេ៕

XS
SM
MD
LG