ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​រដ្ឋ​អាជ្ញា​បារាំង​​ថា​អ្នក​បើក​ទី​ពីរ​បាន​កាច់​ចង្កូត​យន្តហោះ​​​តម្រង់​​ទៅ​បុក​ភ្នំ​ Alps​ «ដោយ​ចេតនា‍»


រដ្ឋ​អាជ្ញា​ក្រុង Marseille លោក Brice Robin (ខាងឆ្វេង) និយាយ​ទៅ​កាន់​សន្និសីទសារព័ត៌មាននៅ​ព្រលានយន្តហោះ​ Marignane។ លោក​បាន​និយាយ​ថា អ្នក​បើក​ទី​ពីរ​បាន​កាច់​ចង្កូត​យន្តហោះ​ Germanwingsនេះ​តម្រង់​ទៅ​បុក​ភ្នំ​ Alps​ «ដោយ​ចេតនា‍»។

បណ្តាញ​ព័ត៌មាន​រាយការណ៍​ថា​ ក្រុម​អ្នក​ស៊ើប​អង្កេត​អំពី​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​ Germanwings​ កាល​ពី​ថ្ងៃ​អង្គារ​ នៅ​តំបន់​ជួរ​ភ្នំ​ Alps​ នៃ​ប្រទេស​បារាំង​ ជឿ​ថា​អ្នក​បើក​យន្តហោះ​ម្នាក់​មិន​អាច​ចូល​ទៅ​ក្នុង​បន្ទប់​បើក​វិញ​បាន​ នៅ​ពេល​ដែល​យន្តហោះ​នោះ​ធ្លាក់​ ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ទាំង​ ១៥០​ នាក់​នៅ​ក្នុង​នោះ។​

មន្រ្តី​ដែល​ជិត​ស្និទ្ធិ​នឹង​ការ​ស៊ើប​អង្កេត​ បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ថា​ ការ​ថត​សម្លេង​នៃ​ជើង​យន្តហោះ​នោះ​ក្នុង​ពេល​ប៉ុន្មាន​នាទី​ចុង​ក្រោយ​ក្នុង​អាកាស​ ដែល​គេ​បាន​យក​ចេញ​ពី​ប្រអប់​ថត​សម្លេង​ហៅ​ black​ box​ ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​កម្ទេច​យន្តហោះ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ឲ្យ​ដឹង​ថា​អ្នក​បើក​យន្តហោះ​ម្នាក់​បាន​ចេញ​ពី​បន្ទប់​បើក​បរ​ ហើយ​ព្យាយាម​ចូល​ទៅ​ក្នុង​បន្ទប់​នោះ​វិញ​ ពេល​ដែល​យន្តហោះ​បាន​ធ្លាក់។​

ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន​ New​ York​ Times​ អំពី​សម្លេង​ថត​នៅ​ក្នុង​ប្រអប់​ black​ box​ ថា​ អ្នក​បើក​យន្តហោះ​ដែល​ចេញ​ទៅ​ក្រៅ​បាន​គោះ​ទ្វារ​បន្ទប់​បើក​បរ​ដំបូង​ដោយ​ស្រាលៗ​ តែ​មិន​មាន​ការ​ឆ្លើយ​តប​ ហើយ​គាត់​ចាប់​វាយ​ទ្វារ​យ៉ាង​ខ្លាំង​ ក៏​នៅ​តែ​មិន​មាន​ការ​ឆ្លើយ​តប។​

អ្នក​ស៊ើប​អង្កេត​និយាយ​ថា ​អ្វី​ដែល​គេ​ដឹង​ប្រាកដ​គឺ​ថា​ នៅ​ពេល​យន្តហោះ​នោះ​ធ្លាក់​ មាន​តែ​អ្នក​បើក​ម្នាក់​ទេ​នៅ​ក្នុង​បន្ទប់​បើក​បរ​ ហើយ​គាត់​មិន​បាន​បើក​ទ្វារ​ឲ្យ​អ្នក​បើក​ម្នាក់​ទៀត​ចូល​មក​វិញ។

រដ្ឋអាជ្ញា​បារាំង​ម្នាក់​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អ្នក​បើក​យន្តហោះ​ទី​ពីរ​ នៃ​ជើង​យន្តហោះ​ ដឹក​អ្នក​ដំណើរ​ Germanwings​ ដែល​បាន​ធ្លាក់​នៅ​ក្នុង​ជួរ​ភ្នំ​ Alps​ របស់​បារាំង​ ក្នុង​សប្តាហ៍​នេះ​ បាន​«ព្យាយាម​ធ្វើ​ការ​បំផ្លាញ​យន្តហោះ​នេះ​ដោយ​ចេតនា‍»។​

លោក​ Brice Robin​ រដ្ឋអាជ្ញា​ក្រុង​ Marseilles​ ប្រទេស​បារាំង​ បាន​ថ្លែង​ថា​ អ្នក​បើក​ទី​ពីរ​ ដែល​មាន​វ័យ​ ២៨​ ឆ្នាំ​ ឈ្មោះ​ Andreas​ Lubitz​ បាន​បិទ​ទ្វារ​ចាក់​សោ​បន្ទប់​បើក​បរ​ មិន​ឲ្យ​អ្នក​បើក​ទី​មួយ​ចូល​មក​វិញ​បាន​ ហើយ​នៅ​កាច់​ចង្កូត​យន្តហោះ​ Airbus​ A320​ តែ​ម្នាក់​ឯង។​ លោក​រដ្ឋអាជ្ញា​ Robin​ ថ្លែង​ថា​ ក្រោយ​មក​ Lubitz​ (អ្នក​បើក​ទី​ពីរ)​ បាន​«បើក​បញ្ចុះ​ក្បាល​យន្តហោះ​យ៉ាង​លឿន‍»​ប្រហែល​ ៧០០​ គម​ ក្នុង​មួយ​ម៉ោង​តម្រង់​ទៅ​បុក​តំបន់​ជួរភ្នំ​ Alps​ ដាច់​ស្រយាល​ដែល​មាន​ទឹកកក​គ្រប់​ដណ្តប់​ នៅ​ក្នុង​ប្រទេស​ បារាំង​ ភាគ​ខាង​ត្បូង។​

លោក​ Robin​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ «ការ​បើក​យន្តហោះ​បោះ​ពួយ​បញ្ចុះ​ក្បាល​នេះ​ គឺ​អាច​ធ្វើ​បាន​តែ​ដោយ​ចេតនា​ប៉ុណ្ណោះ​ ករណី​ទាំង​អស់​គឺ​បាន​ធ្វើ​ដោយ​ចេតនា​តែ​ម្តង‍»៕

XS
SM
MD
LG