ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ខំ​ប្រឹង​ប្រែង​រុក​រក​យន្តហោះ​ធ្លាក់​របស់​ Germanwings បាន​បន្ត


ក្រុម​រុករក​និង​មន្រ្តី​សន្តិសុខ​ការពារ​កន្លែង​ដាក់​សាកសព​បណ្តោះ​អាសន្ន​ ​រៀប​ចំ​ទុក​សម្រាប់​ជន​រងគ្រោះ​១៥០​នាក់​ដែល​ស្លាប់​នៅ​ក្នុង​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Germanwings នៅ​ក្នុង​តំបន់​ភ្នំ ​Alps ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០១៥។

កិច្ច​ខំ​ប្រឹង​ប្រែង​រុករក​បាន​បន្ត​ធ្វើ​ឡើង​នៅ​កន្លែង​ធ្លាក់​យន្តហោះធុន Airbus A320 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Germanwings ​ដែល​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​តំបន់​ភ្នំ Alps ​ហើយ​បាន​សម្លាប់​មនុស្ស​ទាំង​អស់​១៥០​នាក់​នៅ​លើ​យន្តហោះ​នោះ។

ក្រសួង​មហាផ្ទៃ​បារាំង​ប្រាប់​ឲ្យ​ដឹង​ថា ប្រអប់​ខ្មៅ​របស់​ជើង​ហោះ​ហើរ 4U 9525 ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ Germanwings ​ត្រូវ​បាន​គេ​រក​ឃើញ ​ទោះ​បី​ជា​មាន​ការខូច​ខាត​ក៏​ដោយ ​គេ​នឹងវិភាគប្រអប់​ខ្មៅ​នេះ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​រក​សញ្ញា​មូលហេតុ​នៃ​ការ​ធ្លាក់​នេះ។

លោកស្រី​អធិការបតី​ Angela Merkelនៃ​ប្រទេស​អាល្លឺម៉ង់ ​ប្រធានា​ធិបតី​បារាំង លោក​ Francois Hollande ​និង​នាយករដ្ឋ​មន្រ្តី​អេស្ប៉ាញ​លោក Mariano Rajoy ​ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​មើល​ទី​កន្លែង​ធ្លាក់​យន្តហោះ​នោះ​នៅ​ថ្ងៃ​ពុធ​នេះ។

យន្តហោះ​នោះ​បាន​ធ្លាក់​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ដោយ​គ្មាន​ប្រាប់​សញ្ញា​ក្នុង​ភាព​អាសន្ន ​ខណៈ​ដែល​កំពុង​ហោះ​ហើរ​ពី​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​ទៅ​កាន់​ទីក្រុង Dusseldorf ​នៃ​ប្រទេស​អាល្លឺម៉ង់។​ ក្រុម​អ្នក​ដំណើរ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​រួម​មានជន​ជាតិ​អេស្ប៉ាញ​និង​អាល្លឺម៉ង់​ភាគ​ច្រើន​ និង​ពលរដ្ឋ​តួកគី ​ហូឡង់​ និង​អូស្រ្តាលី។

ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ​ត្រូវ​គេ​ជឿ​ជាក់​ថា​មាន​អ្នក​ចម្រៀង Opera ​ជន​ជាតិ​អាល្លឺម៉ង់​២​នាក់​ ហើយ​និង​ក្មេង​ជំទង់​ៗ​ជនជាតិ​អាល្លឺម៉ង់​១៦​នាក់​ដែល​វិល​ត្រឡប់​មក​ការ​សិក្សា។

ក្រុមហ៊ុន​អាកាស​ចរណ៍ Lufthansaដែល​ជា​ក្រុម​ហ៊ុន​មេ​នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍ Germanwings ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​ចាត់​ទុក​ការ​ធ្លាក់​យន្តហោះ​នេះ​ជា​គ្រោះ​ថ្នាក់​នៅ​ពេល​នេះ ​ហើយ​បាន​ព្រមានពី​ការនិយាយ​សំដៅពាក់​ព័ន្ធ​នឹង​ភេរវកម្ម​ ​ដែល​ជាការ​និយាយ​ស្មាន​។​ សេតវិមាន​ក៏​បាន​រាយការណ៍​ដែរ​ថា ​គ្មាន​ការ​ពាក់​ព័ន្ធ​នឹង​ភេរវកម្ម​ទេ។

ក្រុម​ហ៊ុន Germanwings ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន ​បាន​លប់​ចោលគម្រោង​ជើង​ហោះ​ហើរ​នៅ​ថ្ងៃ​ពុធ​នេះ​ ពី​ព្រោះ​តែ​អាកាសយាននិក​ស្នើរ​សុំ​មិន​ធ្វើ​ការ​ហោះ​ហើរ៕

XS
SM
MD
LG