មន្ត្រីសុខាភិបាលនានាកំពុងជំរុញប្រជាពលរដ្ឋទូទៅកុំឲ្យរំពឹងខ្ពស់ពេករឿងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ពួកគេបាននិយាយថា ការបង្កើតវ៉ាក់សាំងមួយដែលមានសុវត្ថិភាព និងប្រសិទ្ធភាពគឺត្រូវការពេលវេលា និងមិនអាចបង្ខំឲ្យលឿនបានទេ។
ក្នុងស្ថានការណ៍បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក WHO រាយការណ៍ថា ដំណើរវិវឌ្ឍគួរឲ្យកត់សម្គាល់កំពុងដំណើរការដើម្បីសម្រេចឲ្យបាននូវគោលបំណងនេះ។ អង្គការនេះបានកត់សម្គាល់ថា កន្លងមក យ៉ាងហោចណាស់មានវ៉ាក់សាំងចំនួន ៦ ទៅ ៩ បានចាប់ផ្ដើមការសាកល្បងដំណាក់កាលទី ៣ ហើយ។
អ្នកនាំពាក្យអង្គការ WHO អ្នកស្រី Margaret Harris និយាយថា មនុស្សរាប់ពាន់នាក់បានចូលរួមនៅក្នុងការសាកល្បងដ៏ផ្ចិតផ្ចង់ និងប្រយ័ត្នប្រយែងទាំងនេះ។
អ្នកស្រីបានបញ្ជាក់ថា វ៉ាក់សាំងត្រូវតែមានការបញ្ជាក់ជាដាច់ខាតថាពិតជាមានសុវត្ថិភាព និងអាចផ្ដល់ការការពារប្រឆាំងនឹងជំងឺកូវីដ១៩ បាន នៅក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសាកល្បងយ៉ាងហោចណាស់ ៥០% មុនពេលដែលវ៉ាក់សាំងនេះអាចត្រូវបានអនុញ្ញាតឲ្យមានការប្រើប្រាស់សម្រាប់សាធារណជនទូទៅ។
អ្នកស្រីលើកឡើងថា សុវត្ថិភាពនៃវ៉ាក់សាំងត្រូវតែមានការតាមដានត្រួតពិនិត្យគ្រប់ដំណាក់កាលស្រាវជ្រាវទាំងអស់ ដែលជាហេតុធ្វើឲ្យដំណើរការបង្កើតវ៉ាក់សាំងត្រូវការពេលវេលាយូរ។
អ្នកស្រី Harris បញ្ជាក់ដូច្នេះថា៖ «ដំណឹងល្អគឺថា ក្រុមហ៊ុនផលិតវ៉ាក់សាំងសង្ឃឹមរួចហើយថាវ៉ាក់សាំងមួយណាទំនងជានឹងក្លាយជាវ៉ាក់សាំងដែលមានសុវត្ថិភាពនោះ។ ពួកគេកំពុងធ្វើការលើវិធីដែលពួកគេអាចបង្កើនការផលិតវ៉ាក់សាំង។ នៅពេលណាដែលយើងដឹងថា វ៉ាក់សាំងមួយណាមានប្រសិទ្ធភាព យើងខ្ញុំនឹងបង្ហាញជាសាធារណៈ។ …ប៉ុន្តែ ទាក់ទិននឹងពេលវេលាជាក់លាក់ យើងពិតជាមិនរំពឹងថានឹងមានវ៉ាក់សាំងសម្រាប់ការប្រើប្រាស់ជាទូទៅនោះទេ រហូតដល់ពាក់កណ្ដាលឆ្នាំក្រោយ»។
អ្នកស្រី Harris បានប្រាប់ VOA ថា អង្គការ WHO មិនបានប្រាប់រដ្ឋាភិបាលណាមួយថា នៅពេលណាដែលវ៉ាក់សាំងជំងឺកូវីដ១៩ គួរអាចប្រើសម្រាប់ស្ថានការណ៍បន្ទាន់ ឬក៏សម្រាប់ការប្រើប្រាស់ទូទៅនោះទេ។ អ្នកស្រីថា នោះគឺជាការសម្រេចចិត្តរបស់ប្រទេសនីមួយៗផ្ទាល់។ ប៉ុន្តែ អ្នកស្រីបានរំឭកកុំឲ្យមានក្ដីសង្ឃឹមមិនត្រឹមត្រូវខ្ពស់ពេកថានឹងមានវ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗខាងមុខនេះនោះ។
អ្នកស្រី Harris ថ្លែងដូច្នេះថា៖ «អ្វីដែលយើងខ្ញុំបានលើកឡើងម្ដងហើយម្ដងទៀតគឺថា យើងមិនគួរអង្គុយរង់ចាំវ៉ាក់សាំងណាមួយឲ្យវាកើតឡើងនោះទេ។ យើងមិនចេះតែអង្គុយគិតនោះទេ អ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺធ្វើរឿងណាដែលយើងដឹងថានឹងបង្ការជំងឺនេះបាន ដែលនោះគឺការលាងដៃ ការរក្សាគម្លាត និងការពាក់ម៉ាស់»។
អ្នកស្រីនិយាយថា អង្គការសុខភាពពិភពលោកជឿថា ប្រទេសទាំងអស់ត្រូវតែធ្វើការជាមួយគ្នាដើម្បីស្វែងរកវ៉ាក់សាំងជំងឺកូវីដ១៩ នេះ។ អ្នកស្រីថា ការចែករំលែក និងការប្រៀបធៀបទិន្នន័យគឺមានសារៈសំខាន់ និងសម្រេចបាននូវវ៉ាក់សាំងមួយដែលអាចការពារមនុស្សគ្រប់រូបបាន។
អ្នកស្រី Harris បានហៅករណីនេះថាជាទង្វើដើម្បីប្រយោជន៍សាធារណៈជាសាកល។ អ្នកស្រីថា វ៉ាក់សាំងមិនត្រឹមតែមានសារៈសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែផ្ដល់ឲ្យដល់គ្រប់កន្លែងទាំងអស់នៅលើពិភពលោក។ អ្នកស្រីបានបន្ថែមថា គ្មាននរណាម្នាក់អាចមានការការពារពីជំងឺកូវីដ១៩ បាននោះទេ ប្រសិនបើពួកគេមិនទទួលបានវ៉ាក់សាំងការពារ៕