នៅក្នុងភូមិ Bharmour ក្នុងតំបន់ដាច់ស្រយាលនៃតំបន់ភ្នំហេមពាន្តក្នុងរដ្ឋHimachal Pradesh គ្មានវេជ្ជបណ្ឌិតខាងកែទម្រង់ឆ្អឹងនិងសន្លាក់ដើម្បីពិនិត្យឆ្អឹងដែលដុះមិនល្អរបស់លោក Ajay Singh ដែលឈឺខ្នងជាប្រចាំនោះទេ។ ដូច្នេះមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងមូលដ្ឋានបានចាត់ចែងការពិគ្រោះតាមអ៊ីនធឺណិតជាមួយអ្នកជំនាញម្នាក់នៅក្នុងក្រុង Chennai ក្នុងប៉ែកខាងត្បូងប្រទេសដែលបានចេញវេជ្ជបញ្ជាតាមអ៊ីនធើណិតឱ្យលោកទិញឱសថដែលពួកបុគ្គលិកពេទ្យក្នុងមូលដ្ឋានជាអ្នកជួយពិនិត្យ។
ដូចលោក Ajay Singh ដែលអ្នកស្រុកច្រើននាក់បានជួបទាក់ទងជាមួយពួកវេជ្ជបណ្ឌិតមានគុណវុឌ្ឍិនៅចម្ងាយរាប់រយគ.ម.ពីភូមិពួកគេតាមរយៈកម្មវិធីជួបពេទ្យតាមអ៊ីនធឺណិតដែលបានចាប់ផ្តើមធ្វើកាលពីខែវិច្ឆិកាឆ្នាំមុន។
ការក្រហាយក្នុងបំពង់ករបស់លោក Sanjay Sharma ជាប្រចាំមានស្ថានភាពប្រសើរជាងមុនចាប់តាំងពីលោកបានចាប់ផ្តើមប្រើឱសថតាមវេជ្ជបញ្ជានៅក្រោយការពិគ្រោះបញ្ហាសុខភាពនេះតាមអ៊ីនធឺណិតជាមួយអ្នកជំនាញម្នាក់។ លោក Sanjay Sharma បាននិយាយជាភាសា Hindi ថា៖
«យើងមានកន្លែងជួបពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតពីចម្ងាយតាមអ៊ីនធឺណិត។ បើគ្មានកន្លែងនេះទេខ្ញុំត្រូវធ្វើដំណើរយ៉ាងតិចណាស់ពី១០ទៅ១៥ម៉ោងទៅកាន់ទីក្រុងដើម្បីពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ខ្ញុំចំណេញទាំងពេលវេលាទាំងប្រាក់កាស»។
ទោះណាជាតំបន់ដាច់ស្រយាលភាគច្រើនក្នុងប្រទេសឥណ្ឌាគ្មានកន្លែងថែទាំសុខភាពសមរម្យក៏ដោយ ក៏ការថែទាំសុខភាពនៅក្នុងភូមិទាំងនេះក្នុងតំបន់ភ្នំហេមពា ន្តមានឧបសគ្ គជាពិសេសគឺ តំបន់ទាំងនេះមានអ្នកស្រុកតិច ហើយអាកាសធាតុមិនល្អនាំឱ្យមានការពិបាកក្នុងការទាក់ទាញពួកបុគ្គលិកពេទ្យឱ្យទៅធ្វើការនៅកន្លែងទាំងនោះ។ ទីក្រុងធំៗនៅជិតបំផុតនៅចម្ងាយ៤០០គ.ម.ពីតំបន់ដាច់ស្រយាលនោះ។ លោក Rajesh Guleri ដែលជាប្រធានមន្ត្រីពេទ្យនៅក្រុង Chambaនិយាយថា៖
«តំបន់នេះបានត្រូវកាត់ផ្តាច់ពីតំបន់ឯទៀតៗនៃពិភពលោកដោយសារមានធ្លាក់ទឹកកកផុសៗច្រើនរយៈពេលភាគច្រើននៃឆ្នាំនីមួយៗ ដែលរារាំងច្រកភ្ជាប់គ្នារវាងកន្លែងទាំងនេះជាមួយផ្នែកឯទៀតៗនៃស្រុកនិងរដ្ឋ។ ដូច្នេះ អ្នកស្រុកគ្មានជម្រើសក្រៅពីត្រូវទទួលការព្យាបាលដែលមាននៅទីនេះ ពីព្រោះបើមិនធ្វើដូច្នេះទេគេត្រូវដឹកអ្នកជំងឺតាមឧទ្ធម្ភាគចក្រដែលភាគច្រើនមានការពិបាកណាស់»។
នៅពេលនេះពួកបុគ្គលិកពេទ្យមូលដ្ឋានក្នុងភូមិពីរគឺភូមិ Bharmour និងភូមិ Pangi បានត្រូវហ្វឹកហ្វឺនឱ្យធ្វើតេស្ត ដូចជាឧបករណ៍សរីរាង្គ ultrasounds និងឧបករណ៍មើលសង្វាក់បេះដូង (electrocardiograms) ហើយពួកអ្នកជំនាញនៅក្នុងមន្ទីរពេទ្យក្នុងក្រុងទទួលរបាយការណ៍តាមអ៊ីនធឺណិត។
បច្ចេកវិទ្យាផ្កាយវិទ្យាសាស្ត្រជួយជម្នះឧបសគ្គឱ្យពួកជនក្រីក្រមានការទាក់ទងជាមួយពួកអ្នកជំនាញវេជ្ជសាស្ត្រក្នុងតំបន់ទាំងនោះ។ លោកRajesh Guleri ដែលជាប្រធានមន្ត្រីពេទ្យនៅក្រុង Chamba និយាយថា៖
«យើងអាចចាត់ចែងការពិគ្រោះជំងឺប្រមាណ៣ពាន់នាក់ផ្នែក OPD គឺអ្នកជំងឺមិនសម្រាកក្នុងមន្ទីរពេទ្យហើយការជួយអ្នកជំងឺអាសន្នតាមអ៊ីនធឺណិតជាង ៦០បានត្រូវធ្វើនៅឯកន្លែងទាំងពីរនេះចាប់តាំងពីមានការចាប់ផ្តើមអនុវត្តកម្មវិធីនេះមក»។
លោក Anil Kumar អ្នកស្រុកតំបន់នេះនិយាយថា ការធ្វើរោគវិនិច្ឆ័យដោយវេជ្ជបណ្ឌិតជំងឺបេះដូងអំពីស្ថានភាពបេះដូងរបស់បងប្រុសលោកបានធ្វើទាន់ពេលដែលត្រូវការការយកចិត្តទុកដាក់ភ្លាមៗ។ លោក Anil Kumar ដែលជាអ្នកស្រុកភូមិ Bharmour បានថ្លែងថា៖
«ពួកវេជ្ជបណ្ឌិតបាននិយាយប្រាប់យើងថា បងប្រុសខ្ញុំមានបញ្ហាបេះដូងគឺមានស្ទះសរសៃឈាមបេះដូង...យើងបានទៅក្រុង Shimla ដែលនៅទីនោះពួកវជ្ជបណ្ឌិតបានដាក់បញ្ចូលទុយោមួយក្នុងសរសៃបេះដូង។ វាបានដោះស្រាយបញ្ហាសុខភាពនេះបាន»។
កម្មវិធីជួបពេទ្យតាមអ៊ីនធឺណិតក៏បានជួយពួកស្ត្រីដែលបញ្ហាសុខភាពនៅក្នុងតំបន់ជនបទដែលមិនបានត្រូវអើពើជាញឹកញយ។ អ្នកស្រី Reeta Devi ដែលជាអ្នកស្រុកភូមិ Bharmour បាននិយាយថា៖
«ពួកវេជ្ជបណ្ឌិតនៅទីនេះបាននិយាយប្រាប់ខ្ញុំឱ្យពិគ្រោះជាមួយអ្នកជំនាញអំពីការឈឺក្បាលជាប្រចាំរបស់ខ្ញុំ។ វេជ្ជបណ្ឌិតបានរកឃើញថា បញ្ហានេះគឺជំងឺប្រកាំង។ ឱសថដែលខ្ញុំទទួលបានកាលពីខែមុនបានជួយច្រើន»។
ការព្រួយបារម្ភអំពីផ្លូវដ៏ពិបាកទាំងនេះកាត់ផ្តាច់ពួកអ្នកស្រុកពីការថែទាំសុខភាពបានធូរស្រាលសម្រាប់ក្រុមអ្នកស្រុកនៅក្នុងភូមិនេះក្នុងតំបន់ភ្នំហេមពាន្ត។
ប្រែសម្រួលដោយលោកឈឹម សុមេធ