សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះខ្លាំងជាលើកដំបូងក្នុងរយៈពេលជិត២០ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។
ទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃពុធដោយការិយាល័យស្ថិតិជាតិរបស់អូស្ត្រាលីបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះដល់៧% ក្នុងត្រីមាសទី២ ពីខែមីនាដល់ខែមិថុនា បន្ទាប់ពីមានការធ្លាក់ចុះចំនួន០,៣%ក្នុងត្រីមាសទី១។
ចំនួនតួលេខសេដ្ឋកិច្ចដែលធ្លាក់ចុះក្នុងត្រីមាសទី២នេះ គឺជាចំនួនធ្លាក់ចុះខ្លាំងបំផុតរបស់សេដ្ឋកិច្ចអូស្ត្រាលីចាប់តាំងពីឆ្នាំ១៩៥៩មក និងធ្ងនធ្ងរជាងការពីការព្យាករណ៍ដែលថាសេដ្ឋកិច្ចរបស់ប្រទេសនេះអាចធ្លាក់ចុះត្រឹមតែ៥.៩% តែប៉ុណ្ណោះ។
នេះជាការចុះថយសេដ្ឋកិច្ចរបស់អូស្ត្រាលីដំបូងចាប់តាំងពីឆ្នាំ១៩៩១មក ដែលកន្លងមកសេដ្ឋកិច្ចរបស់ប្រទេសនេះបានរងសម្ពាធនៃការថមថយរួចទៅហើយ ដោយសារតែភ្លើងឆេះព្រៃដ៏ធំកាលពីដើមឆ្នាំនេះ ដែលបានបំផ្លាញលំនៅដ្ឋានប្រមាណជាង៣០០០ខ្នង និងផ្ទៃដីអស់ជាច្រើនលានហិកតាផងដែរ។
លោក Josh Frydenberg រដ្ឋមន្រ្តីក្រសួងរតនាគារអូស្ត្រាលី បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង Canberra ថា ពេលនេះគណនីជាតិបញ្ជាក់ថា សេដ្ឋកិច្ចរបស់អូស្ត្រាលីទទួលរងការប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩។ កំណត់ត្រានៃកំណើនសេដ្ឋកិច្ចអូស្ត្រាលីដែលកើតមានឡើងក្នុងរយៈពេល២៨ឆ្នាំជាប់ៗគ្នានោះ ឥឡូវនេះបានមកដល់ទីបញ្ចប់ជាផ្លូវការហើយ។
តាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins បង្ហាញថា មកទល់នឹងពេលនេះ អូស្ត្រាលីមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួនជិត២៦.០០០នាក់ ហើយអ្នកស្លាប់៦៦៣នាក់ពីជំងឺកូវីដ១៩៕