ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិវា​ម៉ាន់ឌែលឡា​បង្ហាញ​ឡើង​​នៅ​លើ​កម្មវិធី​​ទូរស័ព្ទ​ថ្មីមួយ


ក្រុម​កុមារ​ចូលរួម​នៅ​ក្នុង​ការ​លាប​ពណ៌​ស​ ជា​ផ្នែក​មួយ​នៃ​ការ​រួម​ចំណែក​របស់​ពួកគេ​ទៅកាន់​ទិវា​ម៉ាន់ឌែលឡា​នៅ​ក្រុង​ Nomzamo ប្រទេស​អាហ្វ្រិក​ខាងត្បូង។
ក្រុម​កុមារ​ចូលរួម​នៅ​ក្នុង​ការ​លាប​ពណ៌​ស​ ជា​ផ្នែក​មួយ​នៃ​ការ​រួម​ចំណែក​របស់​ពួកគេ​ទៅកាន់​ទិវា​ម៉ាន់ឌែលឡា​នៅ​ក្រុង​ Nomzamo ប្រទេស​អាហ្វ្រិក​ខាងត្បូង។

រយៈ​ពេល​ជិត​២​ឆ្នាំក្រោយ​ពី​បាន​ទទួល​មរណភាព​ ឆាក​ជីវិត​របស់​លោក Nelson Mandela​ ត្រូវ​បាន​គេ​ដាក់​ក្នុង​ទម្រង់​ឌីជីថល​ជាមួយ​នឹង​កម្ម​វិធីទូរស័ព្ទ​មួយ ​ដែល​លើក​ទឹកចិត្ត​ឲ្យអ្នក​ប្រើប្រាស់​ជួយ​គាំទ្រ​ដល់​អង្គការ​សប្បុរសធម៌​ដែល​ជួប​បញ្ហា​ខ្វះ​ខាត។​ កម្មវិធី​ទូរស័ព្ទ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​«Play Your Part» បានប្រមូល​ថវិកា​បរិច្ចាគ​ជា​ច្រើន ហើយ​អ្នក​បង្កើត​កម្មវិធីនោះ​ បាន​និយាយ​ថា​ វា​គឺ​ជា​វិធី​សាស្ត្រ​ថ្មី​មួយ​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​កេរដំណែល​របស់​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​គួរ​ឲ្យ​គោរពរូប​នោះ​នៅ​ថ្ងៃ​ខួបរបស់​លោក​ ដែល​មាន​ឈ្មោះ​ថា​ ទិវាម៉ាន់ឌែលឡា​ (Mandela Day)​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​កន្លង​ទៅ​នេះ។

ទិវា Nelson Mandela​ ឬ ​Nelson Mandela Day​ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​អង្គ​ការ​សហប្រជា​ជាតិ​នៅ​ឆ្នាំ​២០០៩ ​បាន​វិវត្ត​ទៅ​ជា​ទិវា​មួយ​ដើម្បី​ឲ្យ​ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង​ធ្វើ​ការងារ​សប្បុរស​ធម៌​សម្រាប់រយៈ​ពេល​៦៧​នាទី។ ​មូលនិធិ​ Nelson Mandela​ បាន​ឲ្យ​ដឹង​ថា​ នោះ​ជា​ពេល​វេលា​មួយ​នាទីជា​រៀង​រាល់​ឆ្នាំ​ដែល​លោក​ Mandela​ បានបូជាដើម្បី​ទទួល​បានភាព​ស្មើ​គ្នា។

នៅ​ថ្ងៃ​ខួប​កំណើត​លើក​ទី​៩៧​របស់​លោក​ Nelson Mandela ​ទំព័រ​ជីវិត​របស់​លោក​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទម្រង់​ជា​ឌីជីថល​ ដែល​មានកម្មវិធី​មួយ​អាចឲ្យ​ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង​តបស្នង​ដល់​វីរភាព​របស់​លោក។

កម្មវិធី​ថ្មី​មួយ​ឈ្មោះ​ថា «Play Your Part» ​ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន ​Going the Extra Mile ឫ​ GEM​ អនុញ្ញាតឲ្យ​អ្នក​ប្រើ​ប្រាស់​ជនជាតិអាហ្វ្រិក​ខាង​ត្បូង​ អាច​ស្វែង​រក​អង្គការ​សប្បុរស​ធម៌​ដែល​ត្រូវ​ការជំនួយ​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ ហើយ​អាច​បរិច្ចាគ​ដល់​អង្គការ​ទាំង​នោះ។

លោក ​David Shields​ ដែល​ជា​អ្នក​ផលិត​កម្មវិធី​នោះ ​បាន​និយាយ​ថា​ កម្មវិធីទូរស័ព្ទ​របស់​លោកទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ។

«ពួក​យើង​ទទួល​បាន​ការ​ឆ្លើយ​តប​គួរឲ្យ​ភ្ញាក់​ផ្អើល​ពី​សំណាក់​សាធារណជន។ ខ្ញុំ​គិត​ថា​ អ្វី​ដែល​សំខាន់​នោះ​គឺថា មនុស្ស​រាល់​គ្នា​ពិត​ជា​ចង់​ជួយ​ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​អាហ្វ្រិកខាង​ត្បូង​ ដែល​គម្លាតរវាង​អ្នក​មាន​ និង​អ្នក​ក្រ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់។ មនុស្សគ្រប់​គ្នា​ចង់​ចូល​រួមចំណែក ក៏ប៉ុន្តែ​ពីមុន​ពួក​គេ​មិន​ដឹង​ថា​អាច​ធ្វើបាន​ដោយ​របៀប​ណា​ទេ។ ហេតុ​ដូច្នេះ​ហើយ កម្មវិធី​នេះ​អាច​ជួយ​ឲ្យ​ពួក​គេ​ចូលរួម​ចំណែក​បាន»។

អ្នក​ប្រើ​ប្រាស់​កម្មវិធី​នេះ​ ក៏​អាច​សន្សំ​ពិន្ទុ​បាន​ផង​ដែរ​ ដោយ​ការ​ចូលរួម​សកម្មភាព​ស្ម័គ្រ​ចិត្ត​ ដើម្បី​ទទួល​បាន​គណនេយ្យ​ផ្នែក​ចំនួនម៉ោង​ផ្សាយ​ ​ទិន្នន័យ​ និងក្រេឌីត​អគ្គិសនី។ ឫ​ក៏​ពួក​គេ​អាច​បន្ថែមទឹកចិត្ត​សម្រាប់​ការងារ​សប្បុរស​ធម៌ ​ដោយការ​បរិច្ចាគ​ពិន្ទុ​របស់​ពួក​គេ​ទៅ​ឲ្យ​អង្គ​ការ​ណា​ដែល​កំពុង​ត្រូវ​ការ។

លោក ​Shields ​ បាន​និយាយ​ផង​ដែរ​ថា​ កម្មវិធីនេះអាច​នឹងសាយ​ភាយ​ទៅ​ដល់​ប្រទេសជាតិ​ផ្សេង​ទៀត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​ដូច​ជា​ប្រទេស​ម៉ូរីស​ កេនយ៉ា ​និង​នីហ្សេរីយ៉ា។ អ្នក​ប្រើ​បា្រស់​អាច​ស្វែង​រក​ការ​ភ្ជាប់​ទៅ​កាន់កម្មវិធី​នោះ​បាន​ ដោយ​ស្វែងរកពាក្យ​ «GEM Projects» នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​(Facebook) ទ្វីតធឺរ (Twitter) ឬ អ៊ីនស្តាហ្ក្រាម (​Instagram)។

អ្នក​ស្រី​ Sithembile Ntombela ដែល​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន​មួយ​ឈ្មោះ Brand South Africa​ ​បាន​និយាយ​ថា​ កម្មវិធី​ទូរស័ព្ទ​នេះ​ បាន​បំពេញ​តាម​កេរដំណែល​ និង​សេចក្តីប្រាថ្នា​របស់​លោក Mandela។ ដូច​ជន​ជាតិអាហ្វ្រិក​ខាង​ត្បូង​ដទៃ​ទៀត​ដែរ​ នាង​ហៅ​ឈ្មោះ​លោក ​Mandela ថា​ Madiba ដោយ​ប្រើ​តាម​ឈ្មោះកុលសម្ព័ន្ធ​របស់​លោក។

«ពួក​យើងចង់​លើក​ស្ទួយ​វប្បធម៌​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​រាល់​ជនអាហ្វ្រិក​ខាង​ត្បូង​ទាំងអស់​មាន​ឱកាស​ក្នុង​ការ​រស់​នៅ​ក្នុង​កេរ​ដំណែល​របស់​លោក ​Madiba។ ហើយ​ប្រសិន​បើ​មាន​អ្នកណា​ម្នាក់​ចង់​ស្រាយ​មើល​ ថា​តើ​អ្វី​ទៅ​ជា​កេរដំណែល​របស់​លោក​ Madiba​ នោះ ពួក​គេប្រាកដ​ជា​ដឹង​ថា​ នោះ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​តំណាង​ឲ្យ​ការ​អប់​រំ មនុស្ស​ម្នាក់​ដែល​ស្រលាញ់​ក្មេងៗ​ មនុស្ស​ម្នាក់​ដែល​បម្រើ​អ្នក​ដទៃ​ដោយ​មិន​គិត​ពី​ប្រយោជន៍ផ្ទាល់​ខ្លួន​ ដើម្បី​ឲ្យ​ពួក​យើង​ទទួល​បាន​អ្វី​មួយ​ដែល​គេ​ហៅ​ថា​ សេរី​ភាព»។

លោក​ Mandela ​បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​២៧​ឆ្នាំ​ ដោយ​សារ​ការ​ប្រឆាំង​របស់​លោក​ទៅនឹងរបប​ប្រកាន់​ពូជសាសន៍​អាផាថេត (Apartheid)។ លោក​បាន​ចេញ​ពី​ពន្ធនាគារ​នៅ​ឆ្នាំ​១៩៩០​ ហើយ​ បាន​ជាប់​ឆ្នោតជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​របស់​អាហ្វ្រិក​ខាង​ត្បូង​ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ ​និង​ចូលរួម​ដោយ​គ្រប់​ជាតិ​សាសន៍ទាំង​អស់​នៅ​ក្នុង​ឆ្នាំ១៩៩៤។ លោក​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​២០១៣ ក្នុង​អាយុ​៩៥ ឆ្នាំ៕

ប្រែសម្រួល​ដោយ​ ឡេង​ ស្រីនិច

XS
SM
MD
LG