រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃទី ២៣ ខែមេសាបានចេញវិធានការការពារប្រាក់ថែមម៉ោងសម្រាប់បុគ្គលិកធ្វើការងារប្រាក់បៀវត្សរ៍ចំនួនប្រមាណ ៤ លាននាក់។ វិធានការនេះគឺហួសពីវិធានការសម័យលោកអតីតប្រធានាធិបតី Barack Obama ដែលត្រូវបានតុលាការច្រានចោលទៅទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ច្បាប់ក្រសួងការងារសហរដ្ឋអាមេរិកនឹងតម្រូវឱ្យនិយោជកបង់ប្រាក់ធ្វើការថែមម៉ោងដែលលើសប្រាក់ឈ្នួលធ្វើការម៉ោងធម្មតាដល់អ្នកដែលទទួលបានប្រាក់បៀវត្សរ៍តិចជាង ១.១២៨ ដុល្លារក្នុងមួយសប្តាហ៍ ឬប្រមាណ ៥៨.៦០០ ដុល្លារក្នុងមួយឆ្នាំ នៅពេលពួកគេធ្វើការលើស ៤០ ម៉ោងក្នុងមួយសប្តាហ៍។
កម្រិតប្រាក់បៀវត្សរ៍បច្ចុប្បន្នប្រមាណ ៣៥.៥០០ ដុល្លារក្នុងមួយឆ្នាំត្រូវបានកំណត់ដោយរដ្ឋបាលលោក Trump ក្នុងឆ្នាំ ២០២០ ដែលក្រុមអ្នកតស៊ូមតិនិងសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនថានៅមានកម្រិតទាបខ្លាំង។
ច្បាប់នោះមិនប៉ះពាល់ដល់លក្ខខណ្ឌតម្រូវរឿងធ្វើការថែមម៉ោងរបស់អ្នកដែលទទួលបានប្រាក់បៀវត្សរ៍គិតតាមម៉ោងធ្វើការនោះទេ។
អ្នកស្រី Julie Su ដែលជារដ្ឋមន្ត្រីស្តីទីនៃក្រសួងការងារនិងជាបេក្ខជនដែលលោក Biden ស្នើតែងតាំងសម្រាប់តំណែងនេះ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការនេះធានាថាអ្នកធ្វើការនឹងអាចរកប្រាក់បានច្រើនជាងមុនឬទទួលបានប្រាក់បៀវត្សរ៍ដដែលប៉ុន្តែធ្វើការតិចម៉ោងជាងមុន។
អ្នកស្រី Su ថ្លែងថា៖ «ជាញឹកញយ បុគ្គលិកដែលមានប្រាក់បៀវត្សរ៍តិចធ្វើការដូចគ្នាដូចទៅនឹងអ្នកដែលធ្វើការគិតតាមម៉ោង ប៉ុន្តែបានចំណាយពេលច្រើនជាងនៅឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេដោយមិនទទួលបានប្រាក់បន្ថែម»។
នៅក្រោមច្បាប់នេះ កម្រិតប្រាក់បៀវត្សរ៍ប្រចាំឆ្នាំនឹងកើនដល់ ៤៣.៨៨៨ ដុល្លារនៅថ្ងៃទី ១ ខែកក្កដាខាងមុខ ហើយនឹងកើនដល់ ៥៨.៦៥៦ ដុល្លារនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។ ចាប់ពីឆ្នាំ ២០២៧ ទៅ កម្រិតប្រាក់បៀវត្សរ៍នឹងកើនឡើងជាស្វ័យប្រវត្តិរៀងរាល់ ៣ ឆ្នាំម្តងដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្រែប្រួលនៃប្រាក់បៀវត្សរ៍ជាមធ្យម។
ច្បាប់ប្រាក់បៀវត្សរ៍របស់សហរដ្ឋអាមេរិកតម្រូវឱ្យនិយោជកបង់ប្រាក់ដល់អ្នកធ្វើការណាដែលមានសិទ្ធិធ្វើការថែមម៉ោងចំនួនមួយដងកន្លះនៃអត្រាប្រាក់បៀវត្សរ៍ធម្មតា នៅពេលពួកគេធ្វើការលើសពី ៤០ ម៉ោងក្នុងមួយសប្តាហ៍។
បុគ្គលិកដែលទទួលបានប្រាក់បៀវត្សរ៍លើសកម្រិតប្រាក់បៀវត្សរ៍ដែលកំណត់នោះនឹងនៅតែមានសិទ្ធិទទួលបានប្រាក់បន្ថែមម៉ោង ប្រសិនបើពួកគេមិនធ្វើការពាក់ព័ន្ធនឹងការគ្រប់គ្រង។
ជាទូទៅអ្នកធ្វើការនឹងត្រូវបានលើកលែងដោយស្វ័យប្រវត្តិ ប្រសិនបើពួកគេទទួលបានប្រាក់បៀវត្សរ៍ច្រើនជាង ១០៧.៤៣២ ដុល្លារក្នុងមួយឆ្នាំ។ ច្បាប់ថ្មីនេះនឹងតំឡើងកម្រិតប្រាក់បៀវត្សរ៍នេះឱ្យដល់ចំនួនប្រហែល ១៥១.០០០ ដុល្លារក្នុងមួយឆ្នាំ។
រដ្ឋជាច្រើនដូចជា California និង New York ជាដើម មានកម្រិតប្រាក់បៀវត្សរ៍សម្រាប់កំណត់ថាតើអ្នកណាដែលមានសិទ្ធិអាចទទួលបានប្រាក់ថែមម៉ោងបានខ្ពស់ជាងស្តង់ដារបច្ចុប្បន្នរបស់រដ្ឋាភិបាលអាមេរិក។
កាលពីឆ្នាំ ២០១៦ ក្រសួងការងារអាមេរិកបានបង្កើនកម្រិតកំណត់ប្រាក់បៀវត្សរ៍ទ្វេដងដល់ចំនួនប្រមាណ ៤៧.០០០ ដុល្លារក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០១៧ ចៅក្រមសហព័ន្ធមួយរូបនៅរដ្ឋ Texas បានច្រានចោលកម្រិតកំណត់ប្រាក់បៀវត្សរ៍នេះ ដោយបាននិយាយថាកម្រិតកំណត់នេះខ្ពស់ខ្លាំងពេក ដែលអាចធ្វើឱ្យអ្នកធ្វើការផ្នែកគ្រប់គ្រងដែលត្រូវបានលើកលែងនោះទទួលបានប្រាក់ថែមម៉ោងនេះដែរ។
ច្បាប់ថ្មីនេះទំនងជានឹងប្រឈមនឹងបញ្ហាផ្លូវច្បាប់ដែលអះអាងថា ដូចកាលពីជំនាន់រដ្ឋបាលលោក Obama ច្បាប់នេះបំពានច្បាប់ប្រាក់បៀវត្សរ៍របស់រដ្ឋាភិបាលសហព័ន្ធតាមរយៈការរួមបញ្ចូលនូវអ្នកគ្រប់គ្រងដែលទទួលបានប្រាក់បៀវត្សរ៍ទាបនិងអ្នកធ្វើការវិជ្ជាជីវៈជាច្រើន ដែលជាទូទៅមិនមានសិទ្ធិទទួលបានប្រាក់ថែមម៉ោង។
ក្រុមហ៊ុនធំៗជាច្រើនបានអំពាវនាវឱ្យក្រសួងការងារអាមេរិកពន្យារពេលកែប្រែបទបញ្ញត្តិពាក់ព័ន្ធនឹងប្រាក់ថែមម៉ោង ដោយលើកឡើងអំពីភាពស្រពិចស្រពិលផ្នែកសេដ្ឋកិច្ចនិងកង្វះអ្នកធ្វើការដែលធ្វើឱ្យក្រុមហ៊ុននីមួយៗត្រូវបង្កើនការចំណាយលើផ្នែកប្រតិបត្តិការ។
លោក Michael Layman អនុប្រធានជាន់ខ្ពស់នៃសមាគម International Franchise បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វិធានការនេះ...បានធ្វើឡើងចំពេលដែលសហគ្រិនជាច្រើននៅតែត្រដាបត្រដួសក្នុងស្ថានភាពដាក់កំហិតដែលមិនអាចទាយទុកមុនបាន ដែលប្រឈមនឹងបញ្ហាអតិផរណាដែលកំពុងបន្តមាន បញ្ហាប្រឈមផ្នែកការងារ និងតម្លៃទំនិញខ្ពស់»។
វិធានការនេះអាចប៉ះពាល់ដល់អ្នកធ្វើការដោយជំរុញឱ្យអាជីវកម្មជាច្រើនប្រែក្លាយការងារប្រាក់បៀវត្សរ៍ទៅជាការងារប្រាក់ម៉ោង ដោយបន្ថយប្រាក់បៀវត្សរ៍របស់និយោជិកនិងដកចេញនូវអត្ថប្រយោជន៍មួយចំនួនពីនិយោជិក។ នេះបើយោងតាមការបញ្ជាក់របស់សមាជិករដ្ឋសភាអាមេរិកអ្នកស្រី Virginia Foxx ខាងគណបក្សសាធារណរដ្ឋ ដែលជាប្រធានគណៈកម្មាធិការរដ្ឋសភាទទួលបន្ទុកកិច្ចការការងារ។
អ្នកស្រី Foxx បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រសិនបើរដ្ឋាភិបាលអាមេរិកបង្កើតវិធានការនេះឡើងក្នុងបំណងលើកកម្ពស់ស្ដង់ដារជីវភាពរស់នៅរបស់អ្នកធ្វើការ នោះគោលដៅនេះគឺជាការបរាជ័យយ៉ាងធ្ងន់ធ្ងរ»។
ស្របពេលជាមួយគ្នានេះ សហជីពការងារ ក្រុមតស៊ូមតិការងារ និងសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនបានគាំទ្រវិធានការនេះ។
សហជីពការងារ AFL-CIO ដ៏ធំជាងគេបង្អស់នៅសហរដ្ឋអាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយសរសើរចំណាត់ការរបស់រដ្ឋបាលលោក Biden សម្រាប់ការស្តារឡើងវិញនូវវិធានការការពារប្រាក់ថែមម៉ោងដែលសហជីពការងារនេះថ្លែងថាត្រូវបានបំផ្លាញចោលដោយរដ្ឋបាលលោកអតីតប្រធានាធិបតី Donald Trump៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
វេទិកាបញ្ចេញមតិ