ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ការពារ​សិទ្ធិ​មនុស្ស៖​ គំរូ​ល្អ​របស់​លោក​​​ ម៉ាន់ឌែលឡា​កម្រ​មាន​អ្នក​ធ្វើ​តាម​បាន

  • ម៉ែន គឹមសេង

ការ​បញ្ចាំង​រូប​លោក Nelson Mandela នៅ​ក្នុង​ពិធី​បុណ្យ​សព​លោក​ម៉ាន់ឌែលឡា​កាលពី​ថ្ងៃ​អង្គារ​​ទី​១០ ធ្នូ ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

វ៉ាស៊ីនតោន/ភ្នំពេញ៖ អតីត​ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង​នែលសិន ម៉ាន់ឌែលឡា​ (Nelson Mandela) បាន​ធ្វើ​ឱ្យ​រំជួល​ចិត្ត​ដល់​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដោយ​សារ​លោក​បាន​បន្សល់​ទុក​នូវ​គំរូ​ជា​ប្រវត្តិសាស្រ្ត​ជាច្រើន​ក្នុង​នោះ​មាន​ការ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ធំ​ជាង​ការ​ឈឺចាប់​ផ្ទាល់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា។​

លោកស្រី​ពុង ឈីវកេក ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់នៅក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ពិសេស​កាលពី​ថ្ងៃ​អង្គារ​ថា៖ «ការដែល​លោក​តស៊ូ​បាន​ឈ្នះ​ឈប់​មាន​ការ​រើសអើង​ទៅ​លើ​ប្រជាពលរដ្ឋ​ស្បែក​ខ្មៅ​នៅ​ក្នុង​ប្រទេស​លោក​បាន​ជោគជ័យ​ហើយ​ លោក​ដើរ​ចេញ​ដើម្បី​ជួយ​ឱ្យ​ប្រទេស​ជាតិ​លោក​ដើរ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ដោយ​នៅ​ខាង​ក្រៅ​ព្រោះ​នៅ​កាន់​អំណាច​អាច​ធ្វើ​ខុស ដូច្នេះ​លោក​ចេញទៅ​ខាង​ក្រៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែន​ទែន​ គួរ​ឱ្យ​យក​គំរូ​របស់​លោក​មក​ធ្វើ​ជា​គំរូ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពិភពលោក​យើង​។ យើង​មិន​សូវ​ឃើញ​ដូច​លោក​ទេ»។

មាន​មេដឹកនាំ​ពិភព​លោក​ចំនួន​៩១​នាក់​បាន​មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​លោក​ម៉ាន់ឌែលឡា​កាលពី​ថ្ងៃ​អង្គារ​ដែល​បាន​រៀបចំ​ក្នុង​ពហុកីឡាដ្ឋាន​ក្នុង​ទីក្រុង​ចូហាន់​ណេសស្បឺក។ ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង​ជាង​៦០.០០០​នាក់បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រារព្ធ​ពិធី​នៅ ​កីឡាដ្ឋាន​នោះ។​

ក្នុង​ចំណោម​អ្នក​ដែល​ចូលរួម​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​នូវ​ប្រសាសន៍​របស់​លោក​ម៉ាន់ឌែលឡា​មួយ​ឃ្លា​ដែល​បញ្ជាក់ថា​«ការងារ​អ្វី​ក៏​មើល​ទៅ​ដូច​ជា​មិន​អាច​ធ្វើ​បាន​រហូត​ទាល់​តែ​ការងារ​នោះ​ត្រូវ​បាន​បញ្ចប់»។

លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ចូល​រួម​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ដើម្បី​ពន្យល់​ពី​កេរដំណែល​លោក នែលសុន ម៉ាន់ឌែលឡា​ នៅ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​អង្គារ​ ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៣។ (លឹម សុធី/វីអូអេ)
លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ចូល​រួម​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ដើម្បី​ពន្យល់​ពី​កេរដំណែល​លោក នែលសុន ម៉ាន់ឌែលឡា​ នៅ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​អង្គារ​ ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៣។ (លឹម សុធី/វីអូអេ)
លោក​ស្រី​ពុង ឈីវកេក​បញ្ជាក់​ថា​លោក​ម៉ាន់ឌែលឡា​បាន​លះបង់​សេចក្តី​សុខ​ផ្ទាល់​ខ្លួន​និង​របស់​ក្រុម​គ្រួសារ​ដើម្បី​សេរីភាព​ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​ដែល​មាន​ស្បែក​ខ្មៅ​របស់​លោក​ដែលមាន​ភាគច្រើន​ក្នុង​ប្រទេស​ហើយ​ត្រូវ​រើស​អើង ដោយ​ពួកស្បែក​ស​គឺ​ជា​ការ​គួរ​ឱ្យ​គោរព។

លោក​ស្រី​បញ្ជាក់​ថា​ ក្នុង​បរិបទ​កម្ពុជា​ការដែល​ពលរដ្ឋ​កម្ពុជា​ងើបឡើង​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាពនាពេល​បច្ចុប្បន្ន​ក្រោយ​ការ​បោះឆ្នោតខែ​កក្កដា​ឆ្នាំ​២០១៣​នេះ​គឺ​ជា​គំរូ​មួយ​ដែល​គេ​ធ្វើ​ដូច​គ្នា​នឹង​ការតស៊ូ​ទាមទារ​សេរីភាព​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

លោក​ស្រី​បញ្ជាក់​បន្ថែម​ថា​អ្នក​នយោបាយ​ត្រូវ​មាន​ឆន្ទៈ​ក្នុ​ងការ​ធ្វើ​ការ​ជាមួយ​គ្នា​ពិត​ប្រាកដ​ជាជាង​ការគ្រាន់​តែ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ទទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG