ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោម​ការ​ដឹកនាំ​របស់​លោក Biden ​សហរដ្ឋ​អាមេរិក​បាន​រៀបចំ​សម្ពន្ធភាព​អាស៊ី​ឡើង​វិញ​ថា​ជា «របង​ប្រទាក់​ក្រឡា»


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden(កណ្តាល)​ ប្រធានាធិបតី​ហ្វីលីពីនលោក Ferdinand Marcos Jr.(ឆ្វេង)​និង​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida ថតរូប​មុន​កិច្ច​ប្រជុំ​ត្រីភាគី​ក្នុង​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពីថ្ងៃទី​១១ មេសា ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden(កណ្តាល)​ ប្រធានាធិបតី​ហ្វីលីពីនលោក Ferdinand Marcos Jr.(ឆ្វេង)​និង​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida ថតរូប​មុន​កិច្ច​ប្រជុំ​ត្រីភាគី​ក្នុង​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពីថ្ងៃទី​១១ មេសា ឆ្នាំ២០២៤។

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៅ​អាស៊ី​បាន​ពឹងផ្អែក​លើ​អ្វី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ក្រៅ​ផ្លូវការ​ថា​ជា​ប្រព័ន្ធ​ «មជ្ឈមណ្ឌល​រួម និង​កាំ​ព័ទ្ធជុំវិញ» (hub and spokes)​ នៃ​សម្ពន្ធភាព​ទ្វេភាគី។ ប៉ុន្តែ​ថ្មីៗ​នេះ​ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ប្រើ​ន័យធៀប​មួយ​ផ្សេង​ទៀត​ដើម្បី​ពិពណ៌នា​អំពី​ចក្ខុវិស័យ​របស់​ពួកគេ​សម្រាប់​តំបន់​នេះ​នោះ​គឺ៖ ​របង​ប្រទាក់​ក្រឡា (lattice fence)។

វា​អាច​ស្តាប់​ទៅ​ដូចជា​គ្រាន់តែ​ជា​ការកែប្រែ​គំរូ​មួយ​ប៉ុណ្ណោះ​ ប៉ុន្តែ​មន្ត្រី​នៅ​ក្នុង​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden ​បាន​និយាយ​ថា ​វា​អាច​មាន​ផល​ប៉ះពាល់​ធំ​ ខណៈ​ដែល​ពួកគេ​ព្យាយាម​បង្កើត​ផែនការ​យូរអង្វែង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​អំណាច​របស់​ប្រទេស​ចិន។

ក្រោម​ក្របខណ្ឌ​ចាស់ ​សហរដ្ឋ​អាមេរិក​ ដែល​ជា​មហាអំណាច​យោធា​ពិភពលោក​បាន​ដើរតួ​ជា​មជ្ឈមណ្ឌល​រួម​ និង​សម្ពន្ធមិត្ត​អាស៊ី​របស់​ខ្លួន​ ដូចជា​ប្រទេស​ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​ហ្វីលីពីន​ បាន​ធ្វើជា​កាំ​ព័ទ្ធ​ជុំវិញ។

កាំ​ព័ទ្ធ​ជុំវិញ​មិន​ត្រូវ​បាន​ភ្ជាប់​គ្នា​ទៅវិញ​ទៅ​មក​ទេ។ ប៉ុន្តែ​ថាមវន្ត​នោះ​កំពុង​ផ្លាស់ប្តូរ​ ដោយសារ​សម្ពន្ធមិត្ត ​និង​ដៃគូ​សំខាន់ៗ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​បាន​រួមដៃ​គ្នា​ជុំវិញ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ គោល​នយោបាយ​«ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី ​និង​បើកចំហ»។

អ្វី​ដែល​មន្ត្រី​អាមេរិក​ស្រមៃចង់​បាន​គឺ​មិន​មែន​ជា​សម្ព័ន្ធ​សន្ធិសញ្ញា​ពហុភាគី​ដូច​អង្គការ​អូតង់ទេ។ អ្នកវិភាគ​បាន​និយាយ​ជា​យូរ​មក​ហើយ​ថា ​ក្របខណ្ឌ​សន្តិសុខ​បែប​នេះ​គឺ​មិន​អាច​ទៅ​រួច​ទេ​នៅ​អាស៊ី​ ដោយសារ​ផលប្រយោជន៍​ប្រកួត​ប្រជែង​ និង​ជម្លោះ​ប្រវត្តិសាស្ត្រ​ដ៏​ជ្រាលជ្រៅ​ សូម្បីតែ​ក្នុង​ចំណោម​សម្ពន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ក៏ដោយ។

ផ្ទុយទៅវិញ​ គោលដៅ​គឺ​ដើម្បី​ជួយ​បង្កើត​ខ្សែ​ទំនាក់ទំនង​គ្នា​ដែល​ជួយ​ពង្រឹង​គ្នា​ទៅវិញ​ទៅ​មក​កាន់តែ​កើន​ឡើង​រវាង​ប្រទេស​ដែល​មាន​គំនិត​ដូចគ្នា ​ដែល​រួមគ្នា​បង្កើត​ជា​រនាំង​ ឬ​និយាយ​ម្យ៉ាង​ទៀត​ ​ថា​ជា​របង​ប្រទាក់ក្រឡា។​

កិច្ចប្រជុំ​កំពូល​ត្រីភាគី​

យុទ្ធសាស្ត្រ​របង​ប្រទាក់​ក្រឡានេះ​ត្រូវ​បាន​ដាក់​បង្ហាញ​កាលពី​ថ្ងៃទី​១១​ ខែមេសា ​នៅពេល​ដែល​លោក Biden ​ធ្វើជា​ម្ចាស់​ផ្ទះ​ទទួល​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Fumio Kishida ​និង​ប្រធានាធិបតី​ហ្វីលីពីន​ លោក​ Ferdinand Marcos Jr.​ សម្រាប់​កិច្ចប្រជុំ​ត្រីភាគី​ជា​លើក​ដំបូង​ដែល​មិនធ្លាប់​មាន។

ការប្រជុំ​មាន​តម្លៃ​ជា​និមិត្តរូប​ដ៏​សំខាន់។ សេចក្តី​ថ្លែងការណ៍​រួម​មួយ​បាន​បង្ហាញ​ពី​«ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង»​ អំពី​អាកប្ប​កិរិយា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ និង​ខាង​ត្បូង​ ដែល​ចិន​កំពុង​ព្យាយាម​ជំរុញ​ការ​ទាមទារ​ទឹកដី​របស់​ខ្លួន​លើ​ប្រទេស​ជប៉ុន​ និង​ហ្វីលីពីន។

សហរដ្ឋ​អាមេរិក​ និង​ជប៉ុន​ក៏បាន​សន្យា​ផ្តល់​ជំនួយ​បន្ថែម​ទៀត​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទំនើបកម្ម​ផ្នែក​យោធា​របស់​ប្រទេស​ហ្វីលីពីន​ និង​បាន​ប្តេជ្ញា​បន្ត​ពង្រីក​សមយុទ្ធ​យោធា​រួមគ្នា​នៅ​ក្នុង​តំបន់​ ដែល​បាន​ចូលរួម​ដោយ​ដៃគូ​កាន់តែ​ច្រើន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

នៅ​ក្នុង​កិច្ចប្រជុំ​ដាច់​ដោយ​ឡែក​មួយ​រវាង​លោក Biden ​និង​ Kishida ​សហរដ្ឋ​អាមេរិក​ និង​ជប៉ុន​បាន​ប្រកាស​កិច្ចព្រមព្រៀង​ទ្វេភាគី​រាប់​សិប​ដែល​ទាក់ទង​នឹង​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ រួម​ទាំង​ផែនការ​អនុញ្ញាត​ឱ្យ​កងកម្លាំង​អាមេរិក​ និង​ជប៉ុន​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ក្នុង​អំឡុង​ពេល​ជម្លោះ​ដែល​អាច​កើត​មាន។

យោង​តាម​មន្ត្រី​របស់​សហរដ្ឋ​អាមេរិក​ ដែល​បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ឱ្យ​ដឹង​កិច្ចការ​ស៊ីជម្រៅ​បាន​ចាត់​ទុក​ថា​ កិច្ចប្រជុំ​នេះ​គឺ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា ​ផែនការ​អាស៊ី​របស់​លោក Biden ​កំពុង​ដំណើរការ។

មន្ត្រី​នោះ​បាន​ថ្លែង​ថា៖ «ទ្រឹស្តី​របស់​លោក​ Biden​ គឺ​ថា​ ប្រសិន​បើ​សហរដ្ឋ​អាមេរិក​បាន​វិនិយោគ​ឡើងវិញ​នៅ​ក្នុង​សម្ពន្ធភាព​ និង​ភាព​ជាដៃគូ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ... ​សម្ពន្ធមិត្ត​ និង​ដៃគូ​ទាំងនោះ​នឹង​ឈាន​ទៅមុខ​ទន្ទឹម​គ្នា​ដែល​ធ្វើ​ឱ្យ​ពួក​យើង​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ក្នុង​ការសម្រេច​គោលបំណង​របស់​យើង»។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា​ គ្មាន​កន្លែង​ណា​ដែល​ទ្រឹស្ដី​នេះ​បញ្ជាក់​ថា ​បាន​ផល​ប្រសើរ​ជាង​នៅ​ក្នុង​សម្ពន្ធភាព​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ជប៉ុន​ ជាង​ការណ៍​ដែល​លោក​ Kishida «បាន​បង្កើន​ជំហរ​ និង​ឈានជើង​ចូល​ទៅ​ក្នុង​ពិភពលោក​លើស​ពី​អ្វី​ដែល​គ្រប់​គ្នា​អាច​ស្រមៃ​ចង់​បាន»។

ជប៉ុនជា​តួអង្គ​ដ៏​សំខាន់

នៅ​ពេល​ដែល​ជប៉ុន​បន្ធូរបន្ថយ​ការ​រឹតត្បិត​តាម​គោលនយោបាយ​សន្តិភាពនិយម​ដែល​ដាក់​កំហិត​ដោយ​ខ្លួនឯង​ ប្រទេស​នេះ​បាន​ក្លាយ​ទៅជា​តួអង្គ​សំខាន់​ក្នុង​សន្តិសុខ​ក្នុង​តំបន់។ ប្រទេស​ជប៉ុន​បាន​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​យ៉ាង​ខ្លាំង​ ទិញ​មីស៊ីល​ដែល​អាច​វាយប្រហារ​ប្រទេស​ផ្សេង​ទៀត​ និង​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​នាំចេញ​អាវុធ​បាន​កាន់តែ​ងាយ​ស្រួល។

ឥឡូវ​នេះ​ប្រទេស​ជប៉ុន​បាន​ចូលរួម​យ៉ាង​ខ្លាំង​នៅ​ក្នុង​វេទិកា​ជាច្រើន​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ រួម​ទាំង​កិច្ច​សន្ទនា​សន្តិសុខ​ ចតុភាគី​ (Quadrilateral) ដែល​ជា​សម្ព័ន្ធ​ក្រៅ​ផ្លូវការ​ដែល​រួមមាន​អូស្ត្រាលី ​និង​ឥណ្ឌា ​និង​ក្រុម​នៃ​សេដ្ឋកិច្ច​ជឿនលឿន​ចំនួន​ប្រាំពីរ​ ដែល​បាន​ផ្តោត​កាន់តែ​ខ្លាំង​លើ​ប្រទេស​ចិន។

នៅដើម​ខែមេសា ​ចក្រភព​អង់គ្លេស​ សហរដ្ឋ​អាមេរិក ​និង​អូស្ត្រាលី​បាន​ប្រកាស​ថា​ ពួកគេ​កំពុង​ពិចារណា​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ជប៉ុន​ តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិសុខ​ AUKUS ​របស់​ពួកគេ។ អង្គការ​អូតង់​ ដែលជា​សម្ពន្ធមិត្ត​យោធា​អឺរ៉ុប​ ក៏បាន​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ជប៉ុន ​កូរ៉េ​ខាងត្បូង​ អូស្ត្រាលី ​និង​នូវែលសេឡង់​ផងដែរ។

លោក Daniel Russel ​អនុប្រធាន​នៃ​សមាគម​អាស៊ី (Asia Society) ​ និង​ជា​អតីត​មន្ត្រី​កំពូលសម្រាប់​កិច្ចការ​អាស៊ី​នៅ​ក្រសួង​ការបរទេស​បាន​និយាយ​ថា៖ «ប្រទេស​ជប៉ុន​នា​ពេល​បច្ចុប្បន្ន​នេះ​ លែង​ជា​ប្រទេស​ដែល​អៀនប្រៀន​ និង​មើល​តែ​ខាង​ក្នុង​ទៀត​ហើយ​ ដែល​ពឹងផ្អែក​លើ​ការ​ឱប​ក្រសោប​សន្តិភាពនិយម​ និង​ពឹង​លើ​សាច់ដុំ​របស់​អាមេរិក​ ដើម្បី​ការពារ​ខ្លួន​ពី​ការ​គំរាមកំហែង​ពី​ខាងក្រៅ» ។

ការ​អភិវឌ្ឍ​ក្នុង​តំបន់​ដ៏​សំខាន់​បំផុត​មួយ​គឺ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ជប៉ុន-កូរ៉េ​ខាងត្បូង​ ដែល​មាន​ភាព​តានតឹង​ជា​យូរយារ​ណាស់​មក​ហើយ​ ដោយសារ​បញ្ហា​ទាក់ទង​នឹង​ការ​កាន់កាប់​អាណានិគម​របស់​ជប៉ុន​លើ​កូរ៉េ។ ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Yoon Suk Yeol ​ប្រទេស​ទាំងពីរ​ឥឡូវនេះ​តែងតែ​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក។ កាលពី​ឆ្នាំ​មុន ​ប្រទេស​ទាំង​បី​បាន​បង្ហាញ​ប្រព័ន្ធ​ថ្មី​មួយ​សម្រាប់​ការចែក​រំលែក​ទិន្នន័យ​ព្រមាន​មីស៊ីល​កូរ៉េ​ខាងជើង​តាម​ពេល​វេលា​ជាក់ស្តែង។

ប៉ុន្តែ​តើ​យុទ្ធសាស្ត្រនឹង​ដំណើរការ​ទេ?

អ្នក​សង្កេតការណ៍​ភាគ​ច្រើនថា មាន​ការផ្លាស់ប្តូរ​ធំ​កំពុង​កើតឡើង​ នៅពេល​ដែល​ប្រទេស​នានា​ឆ្លើយតប​ទៅនឹង​ប្រទេស​ចិន​ដែល​មាន​អំណាច​ខ្លាំងឡើង។ ប៉ុន្តែ​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ឆ្ពោះ​ទៅ​រក​សហរដ្ឋ​អាមេរិក​គឺ​ទាន់​ដល់​កម្រិត​ជា​ឯកច្ឆន្ទ​ទេ។

លោក Van Jackson ​ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​ Victoria University of Wellington​ របស់​ប្រទេស​នូវែលសេឡង់​បាន​និយាយ​ថា៖​ «រដ្ឋាភិបាល​ភាគច្រើន​នៅ​ក្នុង​តំបន់​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ការពារ​ខ្លួន​ដោយ​បង្កើត​ជម្រើស​ច្រើន (hedging) ​ ​ដោយ​ការ​ទទួលស្គាល់​ការពិត​ថា​ ប្រទេស​ចិន​គឺជា​មាន​លក្ខណៈ​អចិន្ត្រៃយ៍​ និង​នៅ​ចំណុច​កណ្តាល​នៃ​សេដ្ឋកិច្ច​នយោបាយ​អាស៊ី»។

យោង​តាមការស្ទង់​មតិ​ដែល​បាន​ចេញ​ផ្សាយ​នៅដើម​ខែមេសា​នេះ​ដោយ​វិទ្យាស្ថាន​ ISEAS-Yusof Ishak ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ ទស្សនៈនៅ​អាស៊ី​អាគ្នេយ៍​ចំពោះ​សហរដ្ឋ​អាមេរិក​កាន់តែ​អាក្រក់​ជាង​ឆ្នាំ​មុន។

ការស្ទង់មតិ«ស្ថានភាព​របស់​អាស៊ីអាគ្នេយ៍‍» (State of Southeast Asia) សួរ​សំណួរ​ដដែលៗ​ជារៀងរាល់​ឆ្នាំ​ទៅកាន់​ក្រុម​អ្នកជំនាញ ​និង​មន្ត្រី​រដ្ឋាភិបាល។

ជាង​ពាក់​កណ្តាល​គឺមាន​ចំនួន​៥១% ​នៃ​អ្នកឆ្លើយតប​នៅ​អាស៊ី​អាគ្នេយ៍​បាន​និយាយ​ថា​ ពួកគេ​នឹង​ចូល​ខាង​ចិន​ជាង​សហរដ្ឋ​អាមេរិក​ ប្រសិនបើ​ពួកគេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ជ្រើសរើស។ វា​ជា​លើក​ទី​មួយ​ហើយ​ដែល​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ពី​ចំណូល​ចិត្ត​លើប្រទេស​ចិន​ច្រើន​ជាង។

បើ​យោង​ទៅ​តាម​ការស្ទង់​មតិ​ បញ្ហា​ដ៏​សំខាន់​មួយ ​គឺ​ការសង្ស័យ​អំពី​ការចូលរួម​ផ្នែក​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក។ បន្ទាប់ពី​ការដកខ្លួន​របស់​អតីតប្រធានាធិបតី​លោក​ ​Donald Trump ​នៅ​ឆ្នាំ​២០១៧​ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ភាព​ជាដៃគូ​ឆ្លង​សមុទ្រ​ប៉ាស៊ីហ្វិក​ (Trans-Pacific Partnership) មនុស្ស​ជាច្រើន​នៅ​អាស៊ី​បាន​ចោទ​សួរ​ថា​ តើ​សហរដ្ឋ​អាមេរិក​មាន​ការ​ប្តេជ្ញាចិត្ត​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​ចំពោះ​ពាណិជ្ជកម្ម​សេរី​ដែរ​ឬទេ។

មន្ត្រី Biden ​ជំទាស់​នឹង​ការយល់​ឃើញ​នោះ ​ដោយ​លើកឡើង​ពី​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ឬ​ IPEF ​ថា ​ជា​ការ​ប្រឆាំង​ទៅ​នឹង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន។ ​ប៉ុន្តែ IPEF​ ខុស​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​បែប​ប្រពៃណី ​ដោយ​សារ​វា​មិន​ផ្តល់​សិទ្ធិ​ឱ្យ​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​ដ៏​ទូលំ​ទូលាយ​ ឬ​កាត់​បន្ថយ​ពន្ធ​ ដែល​ផ្នែក​នេះ​លែង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សុវត្ថិភាព​ទៀត​ឡើយ​ដោយសារ​តែបរិបទ​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ លោក Trump​ បាន​ប្តេជ្ញា​ថា​នឹង​សម្លាប់​កិច្ចព្រមព្រៀង​ IPEF​ ចោល​ ប្រសិន​បើ​លោក​ឈ្នះ​លោក​ Biden​ ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា។

តាម​គំនិត​របស់​លោក​ Philip Turner ​អតីត​អ្នកការទូត​នូវែលសេឡង់​ គឺ​កិច្ចព្រមព្រៀង ​IPEF​ ហាក់​ដូចជា​បរាជ័យ​ហើយ។

លោក Turner​ ដែល​ទើបតែ​បាន​បម្រើការ​ជា​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​នូវែលសេឡង់​ប្រចាំ​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា៖​ «បណ្តា​ប្រទេស​នៅ​អាស៊ី​ជាច្រើន​ និង​តួអង្គ​ក្នុង​តំបន់​ដូចជា​អូស្ត្រាលី​ និង​នូវែលសេឡង់​បាន​ចង្អុល​បង្ហាញ​ថា​ ការ​បរាជ័យ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្តេជ្ញាចិត្ត​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​កាត់បន្ថយ​តំណែង​ភាព​ជា​អ្នកដឹកនាំ​របស់​ខ្លួន​ក្នុង​តំបន់» ។

លោក​ Turner បាន​បន្ថែម​ថា ​ខណៈ​ពេល​ដែល​មាន​ការ​កើនឡើង​នៃ​ការ​ព្រួយបារម្ភ​ក្នុង​តំបន់​អំពី​ការ​កើនឡើង​អំណាច​ និង​អាកប្បកិរិយា​របស់​ប្រទេស​ចិន​ មាន​ប្រទេសតិច​ណាស់នៅអាស៊ី​នៅ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​កំណើន​របស់​ប្រទេស​ចិន​នោះ។

លោក​បាន​និយាយ​ថា៖ «ពួកគេ​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ថយ​ការ​បង្ខិតបង្ខំ​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​ចិន ​និង​ស្វែងរក​វិធី​បន្ត​ទំនាក់ទំនង​គ្នា​ជា​ជាង​ជម្លោះ»៕



ប្រែសម្រួល​ដោយ លោក ម៉ែន គឹមសេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG