រដ្ឋាភិបាលយោធាប្រទេសម៉ាលីបានផ្អាកបញ្ជូនកងកម្លាំងយោធានិងប៉ូលិសប្តូរវេនទៅចូលរួមក្នុងបេសសកកម្ម អង្គការសហប្រជាជាតិ បន្ទាប់ពីបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសនេះត្រូវបានបន្តអាណត្តិថ្មីកាលពីចុងខែមុន។
រដ្ឋាភិបាលម៉ាលីបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយល័ក្ខណ៍អក្សរថា៖ «ដើម្បីហេតុផលសន្តិសុខជាតិ រាល់ការប្តូរវេនកងកម្លាំងយោធានិងប៉ូលិសទាំងអស់របស់បេសកកម្មពហុខ្នាតរួមគ្នានៃអង្គការសហប្រជាជាតិដើម្បីស្ថិរភាពនៅម៉ាលី (MINUSMA) ដែលរំពឹងទុកនោះ នឹងត្រូវបានផ្អាកគិតពីត្រឹមថ្ងៃព្រហស្បតិ៍នេះទៅ»។
ការផ្អាកនេះធ្វើឡើងបន្ទាប់ពីប្រទេសម៉ាលីបានឃាត់ខ្លួនទាហានចំនួន ៤៩ នាក់ ដែលមកពីប្រទេស កូតឌីវ័រ (Ivory Coast) កាលពីថ្ងៃអាទិត្យ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Farhan Haq បាននិយាយថា កងកម្លាំងទាំងនេះមិនមែនជាកងកម្លាំងផ្លូវការរបស់ បេសកកម្ម MINUSMA ទេ ប៉ុន្តែពួកគេមកចូលរួមជាកម្លាំងទាហានជំនួយត្រៀមបម្រុងរបស់ បេសកកម្ម MINUSMA ដែលលោក Haq បានលើកឡើងថាជា «ការអនុវត្តទូទៅនៃបេសកម្មរក្សាសន្តិភាព»។ រដ្ឋាភិបាលប្រទេសម៉ាលីបានហៅក្រុមនេះថាជា «ក្រុមទាហានស៊ីឈ្នួល»។ប្រទេសកូតឌីវ័រ បានស្នើសុំឲ្យមានការដោះលែងក្រុមទាហានទាំងនោះ។
ការឃាត់ខ្លួនទាហានទាំងនេះមិនត្រូវបានគេលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍អំពីការផ្អាកការប្តូរវេនកងកម្លាំងយោធាអង្គការសហប្រជាជាតិនោះទេ។
ចាប់តាំងពីខែមេសាមក អង្គការសហប្រជាជាតិបានស្វែងរកមធ្យោបាយចូលទៅក្នុងទីប្រជុំជន Moura ដែលប្រជាពលរដ្ឋបានប្រាប់អ្នកស៊ើបអង្កេតសិទ្ធិមនុស្សនិងអ្នកសារព័ត៌មានថាកងទ័ពនិងទាហានស៊ីឈ្នួលរុស្ស៊ីបានធ្វើការសម្លាប់រង្គាលក្នុងរយៈពេល៥ថ្ងៃ។
បេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលីត្រូវបានបន្តអាណត្តិថ្មីក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី ២៩ ខែមិថុនា។
ក្នុងកិច្ចពិភាក្សាពីការបន្តអាណត្តិរបស់អង្គការសហប្រជាជាតិនេះ អ្នកតំណាងអង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី បាននិយាយថា រដ្ឋាភិបាលនឹងមិនអនុញាតឲ្យអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ អំពីការរំលោភបំពានសិទ្ធិមនុស្សដែលជាផ្នែកមួយនៃអាណត្តិថ្មីនេះទេ។
បេសកកម្មអង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលីមានកងកម្លាំងទាហានជិត ១២.០០០ នាក់និងមន្ត្រីប៉ូលិស ១.៧០០ នាក់។ គេមើលឃើញច្បាស់ក្រឡែតថា ទីក្រុងជាច្រើននៅភាគខាងជើងនៃប្រទេសម៉ាលីត្រូវបានគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅក្នុងឆ្នាំ ២០១២ ហើយឃើញមានការកើនឡើងនូវអសន្តិសុខនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីកងទ័ពបារាំងបានដកខ្លួនចេញពីប្រទេសនេះ៕
ប្រែសម្រួលដោយ អ៊ូ ចរិយា